ការ​តាំង​សៀវភៅ​​

3 មតិ

null

កាល​ពី​ពេល​កន្លង​ទៅថ្មី​ៗ​នេះ យើង​បាន​យក​សៀវភៅ​ថ្មី​មួយ​ក្បាល ដែល​មាន​ចំណង​ជើង​ថា “​ចង្កៀង​និទាន​រឿង​ខ្មោច” ទៅ​ដាក់​ក្នុង​​សាល​ពិព័ណ៌​នៃ​មជ្ឈមណ្ឌល​វប្បធម៌​បារាំង​នៃ​ឱកាស​បុណ្យ​នៃការ​អាន ដែល​ធ្វើ​ឡើង​រាល់​ឆ្នាំ ។ នេះជា​លើក​ទី​១ហើយ ដែល​យើង​បាន​ប្រញាប់​ប្រញាល់​ ព្រោះ​ចង់​បោះ​ពុម្ព​ឲ្យ​ទាន់​បុណ្យ​នោះ ។ មាន​អី​ទាន់​ដែរ​តើ 😀 ការ​ដាក់​តាំង​នេះ​ផង​ដែរ ពុំ​ទាន់​មាន​លក្ខណៈ​ឯករាជ្យ​នៅ​ឡើយ​ទេ មាន​ន័យ​ថា​ដាក់​តាំង​ជាមួយ​បញ្ជរ​​របស់​សមាគម​អ្នក​សាប​ព្រោះ និង​សមាគម​អក្សរ​សិល្ប៍​នូ ហាច ពី​ព្រោះ​យើង​នៅ​ក្មេង​ខ្ចី​មែន​ទែន ។ ជា​ពិសេស​សូម​អរគុណដល់​បង ខូ តារា​ឫទ្ធិ ដែល​បាន​អនុញ្ញាត​ការណ៍​នេះ​ និង​បាន​ជួយ​ជ្រោម​ជ្រែង​លើក​ទឹក​ចិត្ត​ ក៏​ដូច​ជា​ទី​កន្លែង (​ស្ឌូឌីយ៉ូ ហេហេ) ដល់​អ្នក​និពន្ធ​នៃ​ក្រុម​យើង បាន​បោះ​ពុម្ព​ជា​សៀវភៅ​ឡើង ។

និយាយ​ពី​សៀវភៅ​វិញ មាន​ក្រប​ពណ៌​ខ្មៅ និង​មាន​រូប​ចង្កៀង​មួយ​មាន​ពន្លឺ​ព្រាល​ៗ​នៅ​ចំ​កណ្ដាល ។null អ្នក​មាន​ចំណាប់​អារម្មណ៍​នានា គ្រាន់​តែ​ឃើញ​ភ្លាម “យី! សៀវភៅ​រឿង​ខ្មោច! មិន​ហ៊ាន​អាន​ទេ” ទៅ​ជា​អ៊ីចឹង​ទៅ​វិញ ។ ដោយ​ឡែក​អ្នក​ដែល​បាន​អាន​រឿង​ក្នុង​នោះ​ហើយ ក៏​បែរ​យល់​ថា​សាច់​រឿង​ហាក់​ដូច​ជា​គ្មាន​អ្វី​គួរ​ឲ្យ​ខ្លាច​ផង តែ​កំប្លែង​ទៅ​វិញ ហាហា សូម្បី​ខ្ញុំ​(ណារដ្ឋ) ក៏​អស់​សំណើច​ដែរ ទោះ​បី​បាន​ដឹង​រឿង​ទាំង​នោះ​មុន​អាន​សៀវភៅ​ក៏​ដោយ ។

រយៈពេល​បី​ថ្ងៃ​ចាប់​ពី ២៣​ដល់​២៥ ខែ​តុលា នៃ​ការ​តាំង​សៀវភៅ​បាន​ចប់​ជា​ស្ថាពរ ដែល​ក្នុង​រយៈកាល​នោះ ចាន់ផល​បាន​យក​សៀវភៅ​ទៅ​បោះ​តាម​បណ្ណាគារ​បណ្ដើរ​ៗ ដោយ​ចាត់​ចែង​ឯលិច​ឯកើត​រក​ម៉ូយ​បាន​គួរ​សម​ដែរ ។ ច្នេះ​សូម​ជ្រាប​ថា​ឥឡូវ​នេះ​សៀវភៅ​ទី​មួយ​មាន​មុខ​លើ​ទីផ្សារ​​ហើយ គ្រាន់​តែ​មិន​សូវ​សម្បូណ៌​នៅ​ឡើយ​ទេ ព្រោះ​នេះ​គ្រាន់​ជា​ការ​បោះ​សាក​ល្បង​សិន ដល់​សៀវភៅ​ទី​ពីរ​ប្រតិស្ឋ​ឡើង​ទៀត យើង​នឹង​លៃលក​បោះ​ពុម្ព​រឿង​ចាស់​ជា​លើក​ទី​២​ផង​ក៏​អាច ។

ចំណុច​ដែល​ត្រូវ​កែ​លម្អ

បញ្ចេញមតិ

ប្រហែល​ជា​យូរ​ក្រែល​ដែរ​ហើយ​ដែល blog នេះ​ត្រូវ​បាន​បង្កើត​ឡើង​​ដើម្បី​ឲ្យ​ស្រប​នឹង​បច្ចេកវិទ្យា​សម័យ​ថ្មី ។ ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ិនធើណែត​គឺ​ជា​លក្ខណៈ​ពិសេស​មួយ ដែល​អ្នក​និពន្ធ​បច្ចុប្បន្ន​​តែង​តែ​ចូល​ចិត្ត​ដាក់​ប្រកាស​ស្នាដៃកវីនិពន្ធ​របស់​​ខ្លួន​ជូន​សាធារណៈជន​គ្រាន់​កម្សាន្ត ព្រោះ​បំណង​ធំ​របស់​អ្នក​និពន្ធ​គ្មាន​អ្វី​ធំ​ជាង ការ​ដែល​មាន​ប្រិយ​មិត្រ​បាន​អាន​ស្នាដៃ​នោះ​ឡើយ ឬ​អាច​ថា​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ស្នាដៃ​និពន្ធ​ទាំង​ឡាយ កុំ​ឲ្យ​បាត់​បង់ ។ ផ្ទុយ​មក​វិញ ប្រហែល​ជា​ស្រុក​ខ្មែរ​ពុំ​ទាន់​ដើរ​ដល់​សម័យ​ទំនើប​មួយ​ដូច​គេ ទើប​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​អេឡិច​ត្រូនិច​នៅ​មាន​កម្រិត ច្នោះ​ហើយ​អ្នក​និពន្ធ​មួយ​ចំនួន​គិត​ថា មិន​ជា​ប្រយោជន៍​អ្វី​ដែល​ការ​យក​ស្នាដៃ​របស់​ខ្លួន​មក​ផ្សាយ​ ហ្វ្រ៊ី​ៗ​នោះ​ទេ ។ អាច​ថា​ជា​គំនិត​សួន​តួ ឬ​ជា​ផល​ប្រយោជន៍​របស់​គាត់ ឬ​ភាព​លាក់​លាម​ដោយ​យល់​ថា​ស្នាដៃ​ខ្លួន​នៅ​មាន​កម្រិត​ បើ​ផ្សាយ​ទៅ​អាច​គេ​ចំអក​ក៏​ថា​បាន ។ ពេល​ខ្លះ​គាត់​ក៏​ពុំ​បាន​គិត​ដល់​បញ្ហា​នេះ ឬ​អាច​មក​ពី​គ្មាន​ឱកាស​ក៏​មិន​ដឹង ។

ពី​មុន​មក​ KYW ប្រហែល​ជា​មិន​មាន​អ្នក​គ្រប់​គ្រង blog ដ៏​តូច​មួយ​នេះ​បាន​ជាប់​ចួន ទើប​ធ្វើ​ឲ្យ​រយាល​ដល់​ការ​ផ្សព្វ​ផ្សាយ ។ ដូច​ដែល​បាន​បង្ហាញ​ខាង​លើ​ស្រាប់ មិន​មែន​បាន​ន័យ​ថា​គ្មាន​អ្នក​ចូល​មក​អាន​នោះ​ទេ! មាន​ខ្លះ​ដែរ តែ​មាន​តិច​ណាស់ បើ​ទោះ​ជា​មក៍​ក៏​មិន​មាន​អ្វី​ជា​ដុំ​កំភួន​ដែរ ។ ដើម​ខែ​តុលា​នេះ មាន​អ្នក​ចូល​មក​ទស្សនា​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ។

យើង​សម្រេច​ចិត្ត​ហើយ​ ថា​នឹង​​ចូល​រួម​បង្កើន​វប្បធម៌​អាន​ក្នុង​ស្រុក​ខ្មែរ​តាម​តែ​លទ្ធភាព ។ នៅ​ប្រទេស​យើង​មិន​ខ្វះ​ទេ​អ្នក​និពន្ធ ហើយ​ក៏​មិន​ខ្វះ​ដែរ​អ្នក​ចូល​ចិត្ត​អំណាន ដូច​អ្នក​កំពុង​អាន​ពេល​នេះ​អ៊ីចឹង ។ យើង​នឹង​បង្កើត​អត្ថបទ​ជា​ទម្រង់​ប្លែក​ៗ​ពី​​គ្នា​តាម​ជំហរ​​របស់​អ្នក​និពន្ធ​ម្នាក់ៗ ជាពិសេស​សៀវភៅ​ជា​ច្រើន​នឹង​ត្រូវ​បោះពុម្ព​ជា​បន្ត​បន្ទាប់ ។

បន្ថែម យុវអ្នក​និពន្ធ​ជំនាន់​ថ្មី ដែល​នៅ​គ្រប់​ទិស​ទី​ទាំង​ខេត្ត ទាំង​ក្រុងសូម​ជ្រាប! សូម​អភ័យ​ទោស​ចំពោះ​ការណ៍​ (យឺតយ៉ាវ) មិន​ទាន់​ទាក់ទង​ទៅ​វិញ​ឲ្យ​បាន​ឆាប់ ព្រោះ​បច្ចុប្បន្ន​នេះ​ទម្រង់​របស់​ក្រុម​យុវអ្នកនិពន្ធ មិន​នៅ​មួយ​កន្លែង​ឡើយ មាន​ន័យ​ថា​ពួក​យើង​បាន​យក​ពេល​វេលា​តិច​តួច ឬពេល​វេលា​ក្រៅ​ពី​ការ​សិក្សា និង​ធ្វើ​ការ​ដោយ​ឡែក​ៗ​ពី​គ្នា ដើម្បី​ឆ្លៀតនិង​​ជួយ​លើក​តម្កើង​វិស័យ​អក្សរសិល្ប៍ និង​អក្សរសាស្ត្រ​ខ្មែរ​ ។ អ្វី​ដែល​យើង​ធ្វើ​ឡើង​ពេល​នេះ អាច​ថា​ជា​ការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​សម្រាប់​អនាគត​ដ៏​វែង​ឆ្ងាយ…

សណរ

ទូរស័ព្ទនិម្មិត

10 មតិ

លោក​អ្នក​ធ្លាប់​ទទួល​អា​រម្មណ៍​ថា​ឯកោ​ទេ? នៅ​ពេល​​ដែល​ជុំ​វិញ​ខ្លួន​អ្នក មា្នក់​ៗ​សុទ្ធ​តែ​មាន​មិត្តភក្តិ​ជជែក​លេង​ តែ​ខ្លួន​​អ្នក​បែរ​ជា​ត្រូវមក​​អង្គុយ ​ស្ងាត់​ស្ងៀម​តែ​ម្នាក់​ឯង​ទៅ​វិញ តើ​អ្នក​នឹង​ទទួល​អា​រម្មណ៍​យ៉ាង​ណា?

ចិន្តនា សិស្ស​វិទ្យាល័យ​ទី១១ នាង​គ្មាន​មិត្ត​សូម្បី​តែ​ម្នាក់។ មិត្ត​រួម​ថ្នាក់​គ្រប់​រូប​ មាន​ទូរស័ព្ទ​ប្រើ​គ្រប់​ដៃ តែ​នាង​បែរ​ជា​បាន​ត្រឹម​អង្គុយ​ស្រមៃ ចង់​បាន​វា​ទៅវិញ។

នៅ​សុខៗ​ស្រាប់​តែ​ ទូរស័ព្ទ​តូច​ច្រឡឹង​មួយ​ បាន​លេច​ប្រាកដ​ឡើង​ នៅ​ក្នុង​មនោគតិ​របស់​នាង។ តើ​លោក​អ្នក​ជឿ​ទេ​ បើ​នាង​អាច​ប្រើ​ទូរស័ព្ទ​នោះ ទាក់ទង​ជាមួយ​អ្នក​ដទៃ​បាន?

ចេតសិក បុរស​ក្នុង​អតីត​កាល ជា​មនុស្ស​ទី​មួយ​ ដែល​បាន​ទូរស័ព្ទ​ មក​និយាយ​ជាមួយ​នាង។ ចេតនា នារី​ក្នុង​អនាគត​ បាន​ប្រាប់​នាង​ពី​អាថ៌កំបាំង ​នៃ​ទូរស័ព្ទ​ចម្លែក​នេះ។

អ្នក​ទាំង​បី នឹង​នាំ​លោក​អ្នក​ ទៅ​ជួប​ពិភព​អាថ៌កំបាំង​មួយ…

 

ចេញ​ផ្សាយ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ… 

(សុំបើកវង់ក្រចកបន្តិចៈ នេះគឺរូបឡូហ្គូថ្មីមួយទៀត ដែលខ្ញុំទើបតែទទួលបានពីចាន់ផល)

(សុំបើកវង់ក្រចកបន្តិចៈ នេះគឺរូបឡូហ្គូថ្មីមួយទៀត ដែលខ្ញុំទើបតែទទួលបានពីចាន់ផល)

សៀវភៅ​មួយ​នឹង​អាច​ចេញ​ក្នុង​ខែ​នេះ?

2 មតិ

ដំណឹង​​ក្រៅ​ផ្លូវ​ការ​មួយ​របស់​ក្រុម​យុវ​អ្នក​និពន្ធ បាន​ឲ្យ​ដឹង​ថា​​ប្រហែល​ជា​​​ចុងខែ​តុលា​នេះ សៀវភៅ​​ឥន្ទធនូ​​អាច​នឹង​ចេញ​រូបរាង​ដំបូង នៅ​ក្នុង​កម្មវិធី​មួយ​នា​ថ្ងៃ​ទី ២៣ ខែ​តុលា ។ តែ​ទាំង​នេះ​គ្រាន់​តែ​ជា​ការ​រំពឹង​ទុក​ប៉ុណ្ណោះ ព្រោះ​គម្រោង​​ផលិត​សៀវភៅ​កំពុង​រៀប​ចំ​បណ្ដើរ​ៗ​ហើយ អ្វី​ដែល​ប្រញាប់​នោះ​គឺ ផ្លាក​សញ្ញា​ឥន្ទធនូ (សម្គាល់​សៀវភៅ​ឥន្ទធនូ) មិន​ទាន់​ធ្វើ​ហើយ​ឬ​សម្រេច​យក​នៅ​ឡើយ ទៀត​សោត​ក្រប​សៀវភៅ​ធ្វើ​មិន​ទាន់​ហើយ​ផង (Cover & Back) ។

ដំណឹង​បន្ថែម​យ៉ាង​ណា​នឹង​ជម្រាប​ជូន​ពេល​ក្រោយ ព្រោះ​ពេល​នេះ​ពួក​យើង​កំពុង​ពិភាក្សា​គ្នា​សិន សូមសមាជិក​​គ្រប់​ទិសទី​ជ្រាប ហេហេ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា សៀវភៅ​នេះ​មិន​ទាក់​ទង​នឹង​សៀវភៅ​យុវអ្នក​និពន្ធ​ខ្មែរ​ (ដែល​ប្រើ​ពេល​យូរ) ដែល​និយាយ​កាល​ពី​លើក​មុន​នោះ​ទេ ។