អ្នកមិនឯកា

2 មតិ

បទ​នេះ​ខ្ញុំ​តែង​​​ជា​ពិសេស​សម្រាប់​ក្មេង​រង​គ្រោះ​នៅ​អង្គការ​ Afesip កម្ពុជា តែ​ក៏​សម្រាប់​មនុស្ស​គ្រប់​គ្នា​ដែល​កំពុង​អស់​សង្ឃឹម។ បាន​តែង​ចម្រៀង​អត្ថន័យ​បែប​នេះ ខ្ញុំ​រំភើប​ណាស់។ កាល​ណោះ​គឺ​ជិត​ដល់​ថ្ងៃ​ប្រគុំ​តន្រ្តី​ ហង្សមាស Top Music 2010 ទៅ​ហើយ ទើប​ខ្ញុំ​ដឹង​ថា​ត្រូវ​សរសេរ​បទ​ចម្រៀង​មួយ​បទ ដើម្បី​លើក​ទឹក​ចិត្ត​​ដល់​កុមារ​រង​គ្រោះ​ទាំង​ឡាយ។ វា​ប្រថុចញ៉ុច​បន្តិច តែ​វា​ជា​អត្ថន័យ​ដែល​ខ្ញុំ​ប៉ង​សរសេរ។ ខ្ញុំ​ចំណាយ​ពេល​មួយ​ថ្ងៃ​គិតនិង​ព្រៀង​ពាក្យ​ពេចន៍ ហើយ​​នៅ​ទី​បំផុត​ក៏​រក​បាន​ចំណង​ជើង​ថា «អ្នកមិនឯកា»។

…ពេល​មួយ​នោះ ខ្ញុំ​កើត​ទុក្ខ​ខ្លាំង​ណាស់ ហើយ​ក៏​នឹក​ឃើញ​ចម្រៀង​នេះ រួច​ក៏​ធ្វើ​ឱ្យ​ចិត្ត​ខ្ញុំ​បាន​ធូរ​ស្រាល​។ ខ្ញុំ​តែង​និពន្ធ​ដើម្បី​បង្ហាញ​អារម្មណ៍​ខ្លួន​ឯង និង​បំពេញ​អារម្មណ៍​ខ្លួន​ឯង។ «អ្នក​មិន​ឯកា» ពេល​​កើត​ទុក្ខ ខ្ញុំ​សង្ឃឹម​ថា​មាន​មនុស្ស​ម្នាក់​និយាយ​ប្រាប់​ខ្ញុំ​ថា ខ្ញុំមិន​ឯកា ខ្ញុំ​មាន​មនុស្ស​ជា​ច្រើន​នៅ​ក្បែរ​ខ្លួន។​ អ្វី​ដែល​ខ្ញុំ​ស្រម៉ៃ​ចង់​បាន ខ្ញុំ​ក៏​បាន​សរសេរ​ក្នុង​បទ​ចម្រៀង​នេះ។

សៀវភៅកម្រងរឿងខ្លី «ចង្កៀងនិទានរឿងខ្មោច»

2 មតិ

រឿងខ្លី «ខ្សែជីវិត»

12 មតិ

ខ្ញុំ​សរសេរ​វា​យូរ​ណាស់​ហើយ តែ​ទើប​នឹង​​អាន​ម្ដង​ទៀត​មិញ​នេះ…​ អាន​​រួច​ក៏​ចង់​ចែក​បង​ប្អូន​ដែល​គាំទ្រ​ប្លក​យុវអ្នកនិពន្ធ​ខ្មែរ​នេះ​អាន​ដែរ។ តាម​ពិត​ទៅ ​ខ្ញុំ​កំពុងចង់​ចេញ​ផ្សាយ​​​សៀវភៅ​រឿង​ខ្លី​មួយ​ក្បាល ជា​ហេតុ​ឱ្យ​​​នឹក​ឃើញ​អាន​រឿង​​មួយ​នេះ ក្រែង​អាច​ដាក់​បញ្ចូល​​ក្នុង​សៀវភៅ​នោះ​បាន។

 

ខ្សែជីវិត

និពន្ធដោយ សុខ ចាន់ផល

 


…មុននឹងឃ្លាតទៅ ប្រពន្ធខ្ញុំ​និយាយ​ថា «តើ​ជីវិត​គឺ​ជា​ការ​យល់​សប្តិ​មែន​ទេ? អ៊ីចឹង​ពេលនេះ​អូន​គ្រាន់​តែ​ជិត​ភ្ញាក់​ពី​ការ​យល់​សប្តិ​ប៉ុណ្ណោះ…! កុំ​យំ​ព្រោះ​អូន​អី!  បើ​ទោះ​ជា​នៅ​ក្នុង​សុបិន​របស់​បង​គ្មាន​រូប​អូន​ទៀត​ក៏​ដោយ តែ​បង​នៅ​មាន​កូន​ប្រុស​របស់​ពួក​យើង​ម្នាក់​ទៀត… បង​មិន​ត្រូវ​ឆាប់​ភ្ញាក់​ដូច​អូន​ទេ…! បង​នៅ​មាន​ភារកិច្ច​ចិញ្ចឹម​កូន​យើង… សូម​បង​សន្យា​នឹង​អូន​មក ថា​បង​មិន​អស់​សង្ឃឹម​ មិន​ចុះ​ចាញ់​ជីវិត​ឡើយ… បង​ត្រូវ​តែ​តស៊ូ…!»

មនុស្សតស៊ូដើម្បីអ្វី? តស៊ូ​ដើម្បី​ស្លាប់​ឬ​ក៏​តស៊ូ​រង់​ចាំ​ថ្ងៃ​ស្លាប់? តើ​ប្រពន្ធ​របស់​ខ្ញុំ​នាង​គ្មាន​ទឹក​ចិត្ត​តស៊ូ​ទេ​អី? តើ​នេះ​ឬ​គឺ​ជា​លទ្ធផល​នៃ​ការ​តស៊ូ​របស់​នាង​នោះ? បទ​ចម្រៀង​របស់​លោក​ ស៊ីន ស៊ីសាមុត មួយ​បទ “ខ្សែជីវិត” ច្រៀង​ថា​ជីវិត​របស់​គាត់​ងងឹត​ខ្លាំង​ណាស់! វា​ប្រហែល​ជា​ងងឹត​ដូច​ជីវិត​របស់​ខ្ញុំ​អ៊ីចឹង! …ជីវិត​សម្បូរ​ហូរ​ហៀរ​ដោយ​ទុក្ខ​វេទនា ឧបសគ្គ​បន្ត​កន្ទុយ​គ្នា​មិន​ចេះ​ចប់… ជីវិត​ដែល​កើត​មក​សម្រាប់​តែ​ទទួល​កម្មពៀរ ហើយ​ខំ​ប្រឹង​ត្រដរ​ស្រែក​ថា​ជីវិត​ត្រូវ​តែ​តស៊ូ។

ជីវិតខ្ញុំ​ចាប់​ផ្ដើម​ពី​ពាក្យ «ឯកោ» និង «ឥតន័យ» គឺ​សាលារៀន​ជីវិត​បង្រៀន​ខ្ញុំ តែ​ដល់​ថ្ងៃ​មួយ​ដែល​ខ្ញុំ​បាន​​ជួប​​ប្រពន្ធ​​ខ្ញុំ ​ពាក្យ «ឯកោ» ក៏​​​រលុប​​បាត់​បណ្ដុះ​អាសន្ន។  នាង​ធ្វើ​ឱ្យ​ខ្ញុំ​​មាន​កម្លាំង​ចិត្ត​​​រក​​ន័យ​​ឱ្យ​​ជីវិត។ នាង​ឈ្មោះ​ កល្យាណ រូប​រាង​ស្អាត ជា​កូន​ស្រី​តែ​ម្នាក់​គត់​នៅ​ក្នុង​គ្រួសារ​អ្នក​មាន តែ​បែរ​ជា​មក​ស្រលាញ់​ខ្ញុំ​ជា​អ្នក​ក្រ​រហាម។ ​ចិត្ត​គំនិត​ពួក​យើង​ស្រដៀង​គ្នា​ណាស់។ កល្យាណ ​​ប្រឆាំង​នឹង​ឋានៈ​សង្គម​​ដែល​​ក្រុម​គ្រួសារ​នាង​ខំ​​ឱ្យ​តម្លៃ ហើយ​រត់​តាម​ខ្ញុំ​ដោយ​គ្មាន​ការ​សោក​ស្ដាយ។ ការ​លះបង់​មួយ​នេះ ពួក​យើង​គិត​​ថា​​គឺ​​ជា​​ការ​​ស្វែង​រក​​ន័យ​ឱ្យ​​ជីវិត​​ពួក​​យើង។

ពីរនាក់បានចាប់ផ្ដើមជីវិតគូដ៏ឯកា… ន័យ​ជីវិត​​ដែល​​យើង​​ធ្លាប់​​រំពឹង​​ប្រែ​​ជា​​ស្នាម​ញញឹម​ដ៏​សោះ​កក្រោះ។ ពេល​នោះ​ទើប​ខ្ញុំ​ដឹង​ខ្លួន​ថា ខ្ញុំ​បាន​នាំ​យក​ស្រី​ដ៏​ល្អ​ម្នាក់​មក​រួម​ទុក្ខ​វេទនា​ជាមួយ​ខ្ញុំ ហើយ​ពួក​យើង​ថែម​ទាំង​បង្កើត​ជីវិត​ថ្មី​ដែល​គ្មាន​កំហុស​មួយ ចូល​រួម​ជីវិត​គ្មាន​ន័យ​ជាមួយ​ពួកយើង​ទៀត។ រាល់​ថ្ងៃ​ប្រពន្ធ​ខ្ញុំ​ខំ​សើច​លាក់​បាំង​ដួងចិត្ត​ស្វិត​ស្រពោន​របស់​នាង សោត​ឯ​សំឡេង​យំ​របស់​កូន​ប្រុស​ខ្ញុំ​ហាក់​ឆ្លើយ​ផ្គើន​តប​ទៅ​រក​នាង​វិញ។ តន្ត្រី​ប្រចាំ​គ្រួសារ​របស់​ខ្ញុំ​នៅ​តែ​ប្រគំ​បទ​កម្សត់ ហើយ​បន្ត​ពី​បទ​កម្សត់​នោះ​ក៏​ដល់​បទ​ក្លង​ខែក គឺ​បទ​ភ្លេង​ដែល​ខ្ញុំ​ខ្លាច​បំផុត​នៅ​ក្នុង​ជីវិត។ ប្រពន្ធ​របស់​ខ្ញុំ​មាន​ជំងឺ​ស្លាប់​ចោល​រូប​ខ្ញុំ​ហើយ! បទ​ភ្លេង​ដ៏​សែន​សាហាវ​នោះ ត្រូវ​បាន​គេ​ចាក់​កំដរ​ក្បួន​ហែរ​ខ្មោច​នាង​​យក​ទៅ​កប់​ក្នុង​ព្រៃ ដើម្បី​សង​រូប​កាយ​នាង​ទៅ​ឱ្យ​ផែនដី​វិញ។

កល្យាណ​រស់​នៅ​លើ​ផែនដី​នេះ​ហាក់​ត្រឹម​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ។ ខ្ញុំ​ពិតជា​នឹក​ស្រមោល​នាង​ខ្លាំង​ណាស់! ខ្ញុំ​ដេក​ស្រក់​ទឹក​ភ្នែក​រាល់​យប់ ស្រក់​រហូត​ទាល់​តែ​មិន​ដឹង​ថា​ត្រូវ​ស្រក់​ព្រោះ​រឿង​អ្វី? ក្រែង​ខ្ញុំ​ធ្លាប់​ដឹង​ហើយ​ថា​ជីវិត​គឺ​បែប​ហ្នឹង! ប្រពន្ធ​ខ្ញុំ​នាង​គ្រាន់​តែ​ទៅ​មុន​ខ្ញុំ​បន្តិច​ទេ​តើ! មនុស្ស​ស្លាប់​តើ​មាន​អ្វី​ចម្លែក? ប៉ុន្តែ​អ្នក​នៅ​រស់​ទៅ​វិញ​ទេ ដែល​ត្រូវ​ត្រៀម​ខ្លួន​ស្លាប់​ដែរ។

គិត​មក​ដល់​ត្រឹម​នេះ​ខ្ញុំ​នឹក​អាណិត​អាកូន​កម្សត់​របស់​ខ្ញុំ​ណាស់! វា​ឈ្មោះ​អាតូច មាន​អាយុ​ប្រាំបី​ឆ្នាំ​ហើយ តែ​អត់​បាន​ចូល​រៀន​សាលា​អី​នឹង​គេ​ទេ មួយ​ថ្ងៃៗ​ស្ពាយ​តែ​ថង់​ដើរ​រើស​អេប​ចាយ​ឱ្យ​តត្រុក​តាម​គំនរ​សំរាម។ កូន​ខ្ញុំ​ជា​ក្មេង​ចេះ​គិត​ណាស់! ថ្ងៃ​មួយ​នោះ​ខ្ញុំ​ឈឺ វា​ក៏​ទៅ​សុំ​ច្បាប់​នៅ​ការដ្ឋាន​សំណង់​ឱ្យ​ខ្ញុំ ហើយ​ដល់​ពេល​មក​ផ្ទះ​វិញ​នៅ​ចេះ​ទិញ​ថ្នាំ​មក​ឱ្យ​ខ្ញុំ​លេប​ទៀត។ មិន​តែ​ប៉ុណ្ណោះ មិន​ដឹង​ជា​វា​បាន​មាន់​ងាប់​មួយ​មក​ពី​ណា​ទេ យក​មក​ញញឹម​ញញែម​បង្អួត​ខ្ញុំ។

«ពុកអើយ! ថ្ងៃនេះ​យើង​បាន​ហូប​សាច់​មាន់​ហើយ!» ឮ​កូន​និយាយ​បែបនេះ ខ្ញុំ​នឹក​អាណិត​វា​ខ្លោច​ចិត្ត ព្រោះ​ជា​យូរ​មក​ហើយ​វា​មិន​ដែល​បាន​ហូប​សាច់​មាន់​ទេ។

«រួចតើកូនបានមាន់ហ្នឹងពីណា?» ខ្ញុំ​​សួរ​​កូន។

អាតូចនិយាយសើចបណ្តើរ «ពុក​ឯង​មើល៍ វា​ពិត​ជា​គួរ​ឱ្យ​ចង់​សើច​ណាស់! ខ្ញុំ​ដើរៗ​ស្រាប់តែ​ឃើញ​ពូ​ម្នាក់​យក​ចប​កាប់​ដី កប់​មាន់​នេះ ខ្ញុំ​ក៏​ពួន​ចាំ​ទាល់​តែ​គាត់​កប់​រួច​ដើរ​ចេញ​បាត់ ទើប​ខ្ញុំ​ទៅ​កកាយ​យក​វា​មក។ ខ្ញុំ​ហួស​ចិត្ត​ណាស់! មាន់​ងាប់​យក​ទៅ​កប់​មើល​តែ​មនុស្សដែរ! ក្រែង​សាច់​មាន់​ជា​អាហារ​ឆ្ញាញ់​របស់​មនុស្ស​ទេ​តើ! គិត​ទៅ ប្រហែល​ជា​គាត់​អាណិត​មាន់​គាត់​ពេក មិន​ដាច់​ចិត្ត​ហូប​ហើយ ទើប​​សំណាង​ធ្លាក់​មក​លើ​យើង​វិញ​អ៊ីចឹង​នោះ…!»

ខ្ញុំ​សម្លឹង​មើល​ទឹក​មុខ​រីករាយ​នឹង​ជីវិត​ក្រ​លំបាក​របស់​​កូន​ប្រុស​ខ្ញុំ។ គ្រាន់​តែ​បាន​បរិភោគ​សាច់​មាន់​ក៏​ធ្វើ​ឱ្យ​វា​សប្បាយ​ចិត្ត​ដល់​ថ្នាក់​នេះ! អាតូច​វា​មិន​ចេះ​តូចចិត្ត​នឹង​ខ្លួន​វា ដែល​មិន​អាច​ហូប​អាហារ​ឆ្ញាញ់ៗ​ដូច​កូន​អ្នកមាន​សោះ។ តើ​កូន​ខ្ញុំ​រក​ឃើញ​ជីវិត​មាន​ន័យ​របស់​វា​ហើយ​មែន​ទេ? ប៉ុន្តែ​ប្រសិន​បើ​ខ្ញុំ​ក្លាយ​ជា​អ្នក​មាន ហើយ​អាតូច​ក្លាយ​ទៅ​ជា​កូន​អ្នក​មាន វា​ប្រាកដ​ជា​ប្រែ​ក្លាយ​ជា​ក្មេង​ម្នាក់​រើស​អើង​អាហារ ហើយ​វា​នឹង​ឈប់​ចូល​ចិត្ត​ហូប​សាច់​មាន់ ឬ​ក៏​យល់​ថា​សាច់​មាន់​ស្វិត​ពិបាក​ហូប​មិន​ខាន។ អាហារ​ឆ្ញាញ់​ក៏​មិន​ឋិត​ថេរ​ដែរ… នៅ​លើ​លោក​នេះ​គ្មាន​អ្វី​ពិត​ប្រាកដ​នោះ​ទេ! ក្តី​សប្បាយ​រីករាយ​ក៏​គ្រាន់​តែ​ជា​រឿង​បោក​បញ្ឆោត​មួយ​ភ្លែត​ប៉ុណ្ណោះ គ្រា​ចុង​ក្រោយ​ម្នាក់​ណា​ក៏​ត្រូវ​តែ​យំ​ដែរ។

ជីវិតគួរឱ្យធុញទ្រាន់ណាស់! ថ្ងៃ​ហើយ​យប់ យប់​ហើយ​ថ្ងៃ មួយ​ខែ​ហើយ​មួយ​ឆ្នាំ មួយ​ឆ្នាំ​ហើយ​មួយ​ឆ្នាំ​ទៀត គឺ​ដដែលៗ​មិន​ខុស​គ្នា​សោះ! មនុស្ស​រស់​នៅ​រាល់​ថ្ងៃ​មិន​ដឹង​បាន​ប្រយោជន៍​អ្វី? មនុស្ស​ដេក​ហើយ​ក្រោក ដល់​ងងុយ​ដេក​ក៏​ដេក​ម្តង​ទៀត។ មនុស្ស​ស៊ី​ហើយ​ឆ្អែត រួច​ពី​ឆ្អែត​ឃ្លាន​វិញ ហើយ​ក៏​ត្រូវ​ស៊ី​ម្តង​ទៀត។ មនុស្ស​ទៅ​ធ្វើការ​ហើយ​មក​ផ្ទះ រួច​ក៏​ត្រូវ​ទៅ​ធ្វើការ​វិញ… រាល់​ថ្ងៃ​ធ្វើ​តែ​រឿង​ដដែលៗ​វិល​ចុះ​វិល​ឡើង​រហូត​ដល់​ចាស់​ស្លាប់។ ខ្ញុំ​ធុញ​ទ្រាន់​នឹង​ជីវិត​បែបនេះ​ណាស់! តើ​មនុស្ស​គ្រប់​គ្នា​គេ​មិន​ធុញ​ទ្រាន់​ដូច​ខ្ញុំ​ទេ​ឬ​អី?

…គិត​ចុះ​គិត​ឡើង​ខ្ញុំ​ក៏​បិទ​ភ្នែក​លង់​លក់​អស់​មួយ​ស្រលេត រួច​ក៏​យល់​សប្តិ​ឃើញ​សាច់​មាន់​អាំង​ដ៏​ឈ្ងុយ​ឆ្ងាញ់ ហើយ​ឮ​សំឡេង​អាតូច​ស្រែក​ហៅ​ខ្ញុំ​ល្វើយៗ «ពុក​ហ្អា៎! ពិសា​បបរ​ជាមួយ​សាច់​មាន់​អាំង…»

ខ្ញុំ​បើក​ភ្នែក​ឡើង​ទើប​ដឹង​ថា វា​មិន​មែន​ជា​ការ​យល់​សប្តិ​​ទេ។ កូន​ប្រុស​ខ្ញុំ​វា​កំពុង​ហៅ​ខ្ញុំ​មែន ហើយ​ថែម​ទាំង​ដូស​បបរ និង​សាច់​មាន់​អាំង​នោះ​មក​ដាក់​ក្បែរ​ខ្លួន​ខ្ញុំ​រួច​ជា​ស្រេច​ទៀត។

«ពុកភ្លក្សរសជាតិមាន់អាំងនេះមើល៍…ឆ្ញាញ់​ណាស់​ណា៎!»

ខ្ញុំ​ដឹង​ថា​អាតូច​ពិត​ជា​ចូល​ចិត្ត​សាច់​មាន់​អាំង​របស់​វា​នោះ​ណាស់ ទើប​ខ្ញុំ​ប្រាប់​វា​ថា «កូន​យក​អំបិល​ឱ្យ​ពុក​បាន​ហើយ ព្រោះ​ពុក​ឈឺ​អ៊ីចឹង​ហូប​សាច់​មាន់​នេះ​មិន​ចូល​ទេ! កូន​ហូប​តែ​ម្នាក់​ឯង​ចុះ…!

ឮ​សម្ដី​ខ្ញុំ វា​ក៏​តប​ថា «អ៊ីចឹង​ចាំ​ពុក​ជា​វិញ ចាំ​ហូប​ទាំង​អស់​គ្នា!»

«មិនបាច់ទេ! បើ​យក​ទៅ​ទុក​វា​លែង​ឆ្ញាញ់​ហើយ! កូន​ហូប​តែ​ម្នាក់​ឯង​ទៅ​ណា៎! ទោះ​ជា​ពុក​មិន​ឈឺ​ក៏​ពុក​មិន​សូវ​ចូល​ចិត្ត​សាច់​មាន់​អាំង​ដែរ…!»

អាតូច​ក៏​ដើរ​ទៅ​យក​អំបិល​តាម​ពាក្យ​ខ្ញុំ​ប្រាប់ រួច​ត្រឡប់​មក​អង្គុយ​ហូប​បបរ​ជាមួយ​សាច់​មាន់​អាំង​របស់​វា​ទល់​មុខ​ខ្ញុំ។ ខ្ញុំ​សម្លឹង​មើល​កូន​ទាំង​​ឆ្ងល់​​ថា តើ​វា​ធ្លាប់​គិត​ពី​ថ្ងៃ​អនាគត​របស់​វា​ដែរ​ទេ?

«អាតូច! តើ​កូន​ចង់​ទៅ​រៀន​នៅ​សាលា​ទេ?»

អាតូចធ្វើមុខញឹមៗ ឆ្លើយ​មក​ខ្ញុំ «បាទ! ខ្ញុំចង់…»

កូនម្នាក់នេះវាឆ្លាតណាស់! ខ្ញុំក៏ចង់ដឹង​ពី​គំនិត​របស់​វា ថា​តើ​ហេតុអ្វី​បាន​ជា​វា​ចង់​ទៅ​រៀន «តើ​ហេតុ​អី​កូន​ឯង​ចង់​ទៅ​រៀន?»

វាគិតបន្តិច​ទើប​ឆ្លើយ​ថា ​«ទៅ​រៀន​គឺ​ចេះ​ដឹង… ទៅ​ថ្ងៃ​ក្រោយ​ក្លាយ​ទៅ​ជា​អ្នក​មាន។»

អាតូច​គិត​ដូច​មនុស្ស​ទូទៅ​ណាស់ គឺ​វា​ចង់​ក្លាយ​ទៅ​ជា​អ្នក​មាន។

«នៅមានទៀត…»

តើ​កូន​ក្មេង​ដែល​មិន​ទាន់​ស្គាល់​អត្ថន័យ​ជីវិត​សោះ​នោះ វា​មាន​គំនិត​អ្វី​ខ្លះ​បាន​ជា​វា​ចង់​រស់​ម៉្លេះ?

«អ្វីទៀតទៅកូន?»

«គឺ​ខ្ញុំ​ចង់​ចិញ្ចឹម​ពុក​ឱ្យ​រស់​នៅ​ស្រួល​មិន​បាច់​ទៅ​ធ្វើ​ការ​ធ្ងន់ៗ​ដូច​រាល់​ថ្ងៃ​ទៀត…»

អាតូចជាកូនកត្តញ្ញូមែន! តាមពិត​គំនិត​ដែល​វា​ចង់​រស់​ក៏​ទាក់​ទង​នឹង​រូប​ខ្ញុំ​ដែរ​តើ! …មាន​ន័យ​ថា​វា​ចង់​សង​គុណ​ខ្ញុំ ចង់​ឱ្យ​ខ្ញុំ​រស់​ស្គាល់​ក្តី​សុខ​សាន្ត។ កូន​អើយ! ក្តី​សុខ​សាន្ត​នោះ​វា​មិន​ឋិត​ថេរ​ទេ និង​ថែម​ទាំង​មាន​រយៈពេល​ខ្លី​ទៀត ហើយ​ទម្រាំ​ដល់​ពេល​កូន​ក្លាយ​ទៅ​ជា​អ្នក​មាន​អាច​ចិញ្ចឹម​ពុក​បាន​នោះ ពុក​ប្រហែល​ជា​ដល់​ពេល​ស្លាប់​លែង​បាន​ឃើញ​មុខ​កូន ឬ​ក៏​ដេក​ស៊ី​សំណាង​កូន​ផង​មើល៍​ទៅ។

«នៅមានទៀត… ខ្ញុំ​ចង់​រៀន​ឱ្យ​ចេះ​ដឹង​ដើម្បី​ធ្វើ​ការ​ឱ្យ​ប្រទេស​យើង​ក្លាយ​ទៅ​ជា​ប្រទេស​អ្នក​មាន កុំ​ឱ្យ​មាន​អ្នក​ក្រ​លំបាក​ដូច​ពួក​យើង​ទៀត!»

ខ្ញុំបើកភ្នែកធំៗព្រោះតែសម្ដី​ចុងក្រោយ​របស់​អាតូច​នេះ។ កូន​របស់​ខ្ញុំ​គ្រាន់​បើ​ជាង​ខ្ញុំ! វា​ដឹង​ថា​ជីវិត​របស់​វា​រស់​នៅ​ដើម្បី​អ្វី… ជា​សំណួរ​របស់​ខ្ញុំ​តែង​សួរ​ខ្លួន​ឯង។ ឥឡូវ​កូន​ខ្ញុំ​ឆ្លើយ​ចម្លើយ​នេះ​សម​ណាស់ សម​ជា​មនុស្ស​មាន​ឧត្តម​គតិ មិន​មែន​ជា​មនុស្ស​រស់​រង់​ចាំ​ថ្ងៃ​ស្លាប់​ដូច​ខ្លួន​ខ្ញុំ​ឡើយ។

បាន​ឮ​គំនិត​អាតូច​លើក​នេះ ខ្ញុំ​ច្បាស់​ក្នុង​ចិត្ត​ថា ទៅ​ថ្ងៃ​ក្រោយ​វា​ប្រាកដ​ជា​ចេះ​រស់​នៅ​លើ​ផែន​ដី​នេះ​ដោយ​មាន​ន័យ ហើយ​គំនិត​របស់​វា​នោះ​ថែម​ទាំង​ប្រាប់​ឱ្យ​ខ្ញុំ​ដឹង​ទៀត​ថា ជីវិត​មនុស្ស​បើ​រស់​នៅ​ចេះ​តែ​គិត​ពី​ខ្លួន​ឯង ជីវិត​នោះ​គ្មាន​ន័យ​ទេ ព្រោះ​អនាគត​ខ្លួន​ឯង​នឹង​ស្លាប់ ប៉ុន្តែ​ជីវិត​មិន​មែន​គ្មាន​ន័យ​នោះ​ទេ បើ​មនុស្ស​រស់​នៅ​ចេះ​គិត​ពី​អ្នក​នៅ​ជុំ​វិញ​ខ្លួន គិត​ពី​​សង្គម ពី​ប្រទេស​ជាតិ ឬ​ពី​ពិភពលោក។ សម្ដី​អាតូច ធ្វើ​ឱ្យ​ខ្ញុំ​មាន​ក្ដី​សង្ឃឹម​ហើយ!

ប៉ុន្តែ​ទេវតា​លេង​សើច​នឹង​ខ្ញុំ​ទៀត​ហើយ! ថ្ងៃ​មុន​ខ្ញុំ​ឈឺ តែ​ថ្ងៃ​នេះ​អា​តូច​ស្រាប់​តែ​ឈឺ​ម្តង។ ជំងឺ​ស្អប់​ជីវិត​មនុស្ស​របស់​ខ្ញុំ​ក៏​ចាប់​ផ្តើម​រើ​ឡើង​ម្តង​ទៀត។ ខ្ញុំ​សែន​ស្អប់​ជីវិត​ដែល​រស់​តាម​តែ​ក្រឡា​អុក​របស់​ទេវតា​នេះ​ណាស់! បើ​ជីវិត​ពិត​ជា​ទេវតា​បាន​កំណត់​រួច​ហើយ តើ​ជីវិត​បែប​នេះ​មាន​ន័យ​ស្អី​ទៅ? អាតូច​ឈឺ​ម្តង​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​គិត​អ្វី​មិន​ចេញ​ទេ។ នេះ​មិន​មែន​ជា​ជំងឺ​គ្រុន​ក្តៅ​ធម្មតា​ឡើយ ព្រោះ​ខ្ញុំ​បាន​ទិញ​ថ្នាំ​ឱ្យ​វា​លេប​ពីរ​បី​ថ្ងៃ​ហើយ នៅ​តែ​មិន​មាន​ធូរ​ស្រាល​សោះ លើស​ពី​នេះ​ស្រាប់​តែ​ក្អក និង​ហៀរ​សំបោរ ហើយ​ចេះ​តែ​ដក​ដង្ហើម​ថប់ៗ​ទៀត…

…អ្នកដឹងទេ? រឿង​មួយ​នេះ​គឺ​ខ្ញុំ​សរសេរ​នៅ​ក្នុង​សៀវភៅ ដែល​ខ្ញុំ​បាន​ទិញ​ប្រុង​ឱ្យ​អាតូច​យក​ទៅ​រៀន​អក្សរ​នៅ​សាលា ប៉ុន្តែ​កូន​ខ្ញុំ​គ្មាន​សំណាង…​បាន​សរសេរ​នៅ​លើ​ក្រដាស​សៀវភៅ​នេះ​ទេ…!  អាតូច​កូន​មាស​ឪពុក! ហេតុអ្វី​ក៏​កូន​កើត​មក​ជា​កូន​អ្នក​ក្រ​ដូច​រូប​ពុក…? បើ​មិន​ដូច្នោះ​កូន​ប្រាកដ​ជា​អាច​សម្រេច​ឧត្តមគតិ​ដ៏​ថ្លៃ​ថ្លា​របស់​កូន​បាន។

កូនខ្ញុំ​ស្លាប់​ព្រោះ​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី ស្លាប់​ព្រោះ​ឆ្លង​ពី​ភាព​ក្រី​ក្រ​និង​ភាព​ស្រេក​ឃ្លាន និង​ព្រោះ​ភាព​ល្ងង់​ខ្លៅ​​របស់​​ខ្ញុំ។

 

ធ្នូ ២០០៦

 

សៀវភៅ​ថ្មី ខែ​រងា

1 មតិ

បង​ធំ ចេញ​សៀវភៅ​ទៀត​ហើយ! 😀 មែន​ហើយ.. បើ​បង​ចាន់​មិន​ចេញ​សៀវភៅ នរណា​នឹង​ស្គាល់​យុវអ្នក​និពន្ធ​យើង​នេះ? ^^ ប្រលោមលោក​ចាស់​ដែល​ទើប​នឹង​បោះពុម្ព​ថ្មី​នេះ​មាន​ចំណង​ជើង​ថា ខែ​រងា។ គ្រាន់​តែ​ស្ដាប់​ចំណង​ជើង​ក៏​គួរ​ឱ្យ​ចង់​អាន​ទៅ​ហើយ.. ខែ​រងា ពេល​វេលា​នៃ​អនុស្សាវរីយ៍.. ខែ​រងា​ដែល​នាំ​មនុស្ស​ពីរ​នាក់​ឱ្យ​ស្រឡាញ់​គ្នា.. អេហ៍ ស្នេហា​នេះចំ​ជា​ចម្លែក​មែន! យ៉ាង​ណា​ៗ​ក៏​សូម​អបអរ​សាទរ​បង​ចាន់​ណា៎! ចេញ​សៀវភៅ​ថ្មី​ហើយ​សូម​ឱ្យ​លក់​ដាច់… បោះ​ច្រើន​ផង! 😛 អាច​រក​ទិញ​បាន​ហើយ​ណា៎! តាម​បណ្ណាគារ និង​តាម​កន្លែង​លក់​សៀវភៅ​នានា.. អូខេៗ! ឈប់​និយាយ​ច្រើន​ហើយ! ទៅ​ស្ដាប់ អ្នក​និពន្ធ​និយាយ​ពី​សៀវភៅ​ថ្មី ល្អ​ជាង! 😀

ខែរងា ប្រលោមលោក ថ្មី ពី លោក សុខ ចាន់ផល

ពេលវេលា

2 មតិ

ពេលវេលាបណ្ដាលឱ្យយើងជួបគ្នា ហើយពេលវេលាបណ្ដាលឱ្យយើងស្រលាញ់គ្នា ប៉ុន្តែពេលវេលាដែលយើងនៅក្បែរគ្នាមានកំណត់…

មនុស្សតែងតែនិយាយពី«ពេលវេលា» ហើយខ្ញុំ​ក៏​បាន​យកពាក្យនេះ​​មក​ធ្វើ​ជា​ប្រធាន​បទ​សរសេរ​ចម្រៀង។

កម្មវិធីក្រោមដំបូលតែមួយ

3 មតិ

នេះ​ជា​ការងារ​ក្រុម​លើក​ដំបូង ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​​ខ្លាំង។ តាម​ពិត​គួរ​តែ​សរសេរ​ប្រកាស​ជម្រាប​បង​ប្អូន​យូរ​ហើយ តែ​ម្នាក់ៗ​រវល់​​ពេក ស្ទើរ​តែ​ភ្លេច​ដក​ដង្ហើម​ទៅ​ហើយ ហេហេ… សូម​អញ្ជើញ​អាន​ប៉ុស្ទ័រ​ខាង​ក្រោម​នេះ ដើម្បី​ជ្រាប​ពី​កម្មវិធី​ដែល​ក្រុម​យើង​កំពុង​តែ​រៀប​ចំ… ថ្ងៃ​នោះ​ពួក​យើង​ក៏​បាន​អញ្ជើញ​អ្នក​និពន្ធ​ជើង​ចាស់​មក​ចូល​រួម​ផង​ដែរ ហើយ​ពួក​គាត់​នឹង​ដាក់​បង្ហាញ​ស្នាដៃ​នៅ​ទី​នោះ។ សង្ឃឹម​ថា​នឹង​​បាន​ជួប​បង​ប្អូន​ណ៎ា ហើយ​ចង់​បញ្ជាក់​មួយ​ថា សំបុត្រ​មួយ​តម្លៃ​៥​ដុល្លារ​នេះ នឹង​កាត់​៣០​ភាគរយ​ចូល​រួម​ក្នុង​ការងារ​មនុស្ស​ធម៌ ដែល​ពួក​យើង​នឹង​ជម្រាប​នៅ​ពេល​ក្រោយ​ទៀត។

បេះដូងខ្មែរ

32 មតិ

សួស្ដី​! នេះ​គឺ​ជា​បទ​ចម្រៀង​មួយ​បទ ដែល​និពន្ធ​បទ​ភ្លេង​ដោយ លោក ម៉ម សុគន្ធា និង​និពន្ធ​ទំនុក​ច្រៀង​ដោយ​ខ្ញុំ។ ចម្រៀង​ខ្មែរ​សម័យ​នេះ មិន​មែន​សុទ្ធ​តែ​ចម្លង​គេ​ទេ ហើយ​អត្ថន័យ​ក៏​មិន​មែន​សុទ្ធ​តែ​​​និយាយពី​​រឿង​ស្នេហា​អូន​បង​ដែរ។ ខ្ញុំ​និយាយ​បែប​នេះ ព្រោះ​ខ្ញុំ​តែង​ឮ​បង​ប្អូន​មួយ​ចំនួន​និយាយ​រិះ​គន់​ដៀល​សិល្បៈ​ខ្មែរ​បច្ចុប្បន្ន​ពេក ហើយ​ខ្ញុំ​ចង់​ប្រាប់​ថា បើ​យើង​ព្យាយាម​យល់​ និង​វិភាគ​ពី​បញ្ហា​នេះ យើង​នឹង​ដឹង​ថា ម៉េច​បាន​អ៊ីចឹង ហើយ​យើង​ក៏​​ប្រហែល​ជា​លែង​និយាយ​អ្វី​ឱ្យ​អ្នក​សិល្បៈ​ខូច​ចិត្ត​ទៀត​ដែរ។

Older Entries