ប្រហែល​ជា​យូរ​ក្រែល​ដែរ​ហើយ​ដែល blog នេះ​ត្រូវ​បាន​បង្កើត​ឡើង​​ដើម្បី​ឲ្យ​ស្រប​នឹង​បច្ចេកវិទ្យា​សម័យ​ថ្មី ។ ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ិនធើណែត​គឺ​ជា​លក្ខណៈ​ពិសេស​មួយ ដែល​អ្នក​និពន្ធ​បច្ចុប្បន្ន​​តែង​តែ​ចូល​ចិត្ត​ដាក់​ប្រកាស​ស្នាដៃកវីនិពន្ធ​របស់​​ខ្លួន​ជូន​សាធារណៈជន​គ្រាន់​កម្សាន្ត ព្រោះ​បំណង​ធំ​របស់​អ្នក​និពន្ធ​គ្មាន​អ្វី​ធំ​ជាង ការ​ដែល​មាន​ប្រិយ​មិត្រ​បាន​អាន​ស្នាដៃ​នោះ​ឡើយ ឬ​អាច​ថា​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ស្នាដៃ​និពន្ធ​ទាំង​ឡាយ កុំ​ឲ្យ​បាត់​បង់ ។ ផ្ទុយ​មក​វិញ ប្រហែល​ជា​ស្រុក​ខ្មែរ​ពុំ​ទាន់​ដើរ​ដល់​សម័យ​ទំនើប​មួយ​ដូច​គេ ទើប​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​អេឡិច​ត្រូនិច​នៅ​មាន​កម្រិត ច្នោះ​ហើយ​អ្នក​និពន្ធ​មួយ​ចំនួន​គិត​ថា មិន​ជា​ប្រយោជន៍​អ្វី​ដែល​ការ​យក​ស្នាដៃ​របស់​ខ្លួន​មក​ផ្សាយ​ ហ្វ្រ៊ី​ៗ​នោះ​ទេ ។ អាច​ថា​ជា​គំនិត​សួន​តួ ឬ​ជា​ផល​ប្រយោជន៍​របស់​គាត់ ឬ​ភាព​លាក់​លាម​ដោយ​យល់​ថា​ស្នាដៃ​ខ្លួន​នៅ​មាន​កម្រិត​ បើ​ផ្សាយ​ទៅ​អាច​គេ​ចំអក​ក៏​ថា​បាន ។ ពេល​ខ្លះ​គាត់​ក៏​ពុំ​បាន​គិត​ដល់​បញ្ហា​នេះ ឬ​អាច​មក​ពី​គ្មាន​ឱកាស​ក៏​មិន​ដឹង ។

ពី​មុន​មក​ KYW ប្រហែល​ជា​មិន​មាន​អ្នក​គ្រប់​គ្រង blog ដ៏​តូច​មួយ​នេះ​បាន​ជាប់​ចួន ទើប​ធ្វើ​ឲ្យ​រយាល​ដល់​ការ​ផ្សព្វ​ផ្សាយ ។ ដូច​ដែល​បាន​បង្ហាញ​ខាង​លើ​ស្រាប់ មិន​មែន​បាន​ន័យ​ថា​គ្មាន​អ្នក​ចូល​មក​អាន​នោះ​ទេ! មាន​ខ្លះ​ដែរ តែ​មាន​តិច​ណាស់ បើ​ទោះ​ជា​មក៍​ក៏​មិន​មាន​អ្វី​ជា​ដុំ​កំភួន​ដែរ ។ ដើម​ខែ​តុលា​នេះ មាន​អ្នក​ចូល​មក​ទស្សនា​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ។

យើង​សម្រេច​ចិត្ត​ហើយ​ ថា​នឹង​​ចូល​រួម​បង្កើន​វប្បធម៌​អាន​ក្នុង​ស្រុក​ខ្មែរ​តាម​តែ​លទ្ធភាព ។ នៅ​ប្រទេស​យើង​មិន​ខ្វះ​ទេ​អ្នក​និពន្ធ ហើយ​ក៏​មិន​ខ្វះ​ដែរ​អ្នក​ចូល​ចិត្ត​អំណាន ដូច​អ្នក​កំពុង​អាន​ពេល​នេះ​អ៊ីចឹង ។ យើង​នឹង​បង្កើត​អត្ថបទ​ជា​ទម្រង់​ប្លែក​ៗ​ពី​​គ្នា​តាម​ជំហរ​​របស់​អ្នក​និពន្ធ​ម្នាក់ៗ ជាពិសេស​សៀវភៅ​ជា​ច្រើន​នឹង​ត្រូវ​បោះពុម្ព​ជា​បន្ត​បន្ទាប់ ។

បន្ថែម យុវអ្នក​និពន្ធ​ជំនាន់​ថ្មី ដែល​នៅ​គ្រប់​ទិស​ទី​ទាំង​ខេត្ត ទាំង​ក្រុងសូម​ជ្រាប! សូម​អភ័យ​ទោស​ចំពោះ​ការណ៍​ (យឺតយ៉ាវ) មិន​ទាន់​ទាក់ទង​ទៅ​វិញ​ឲ្យ​បាន​ឆាប់ ព្រោះ​បច្ចុប្បន្ន​នេះ​ទម្រង់​របស់​ក្រុម​យុវអ្នកនិពន្ធ មិន​នៅ​មួយ​កន្លែង​ឡើយ មាន​ន័យ​ថា​ពួក​យើង​បាន​យក​ពេល​វេលា​តិច​តួច ឬពេល​វេលា​ក្រៅ​ពី​ការ​សិក្សា និង​ធ្វើ​ការ​ដោយ​ឡែក​ៗ​ពី​គ្នា ដើម្បី​ឆ្លៀតនិង​​ជួយ​លើក​តម្កើង​វិស័យ​អក្សរសិល្ប៍ និង​អក្សរសាស្ត្រ​ខ្មែរ​ ។ អ្វី​ដែល​យើង​ធ្វើ​ឡើង​ពេល​នេះ អាច​ថា​ជា​ការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​សម្រាប់​អនាគត​ដ៏​វែង​ឆ្ងាយ…

សណរ

Advertisements