បទ​នេះ​ខ្ញុំ​តែង​​​ជា​ពិសេស​សម្រាប់​ក្មេង​រង​គ្រោះ​នៅ​អង្គការ​ Afesip កម្ពុជា តែ​ក៏​សម្រាប់​មនុស្ស​គ្រប់​គ្នា​ដែល​កំពុង​អស់​សង្ឃឹម។ បាន​តែង​ចម្រៀង​អត្ថន័យ​បែប​នេះ ខ្ញុំ​រំភើប​ណាស់។ កាល​ណោះ​គឺ​ជិត​ដល់​ថ្ងៃ​ប្រគុំ​តន្រ្តី​ ហង្សមាស Top Music 2010 ទៅ​ហើយ ទើប​ខ្ញុំ​ដឹង​ថា​ត្រូវ​សរសេរ​បទ​ចម្រៀង​មួយ​បទ ដើម្បី​លើក​ទឹក​ចិត្ត​​ដល់​កុមារ​រង​គ្រោះ​ទាំង​ឡាយ។ វា​ប្រថុចញ៉ុច​បន្តិច តែ​វា​ជា​អត្ថន័យ​ដែល​ខ្ញុំ​ប៉ង​សរសេរ។ ខ្ញុំ​ចំណាយ​ពេល​មួយ​ថ្ងៃ​គិតនិង​ព្រៀង​ពាក្យ​ពេចន៍ ហើយ​​នៅ​ទី​បំផុត​ក៏​រក​បាន​ចំណង​ជើង​ថា «អ្នកមិនឯកា»។

…ពេល​មួយ​នោះ ខ្ញុំ​កើត​ទុក្ខ​ខ្លាំង​ណាស់ ហើយ​ក៏​នឹក​ឃើញ​ចម្រៀង​នេះ រួច​ក៏​ធ្វើ​ឱ្យ​ចិត្ត​ខ្ញុំ​បាន​ធូរ​ស្រាល​។ ខ្ញុំ​តែង​និពន្ធ​ដើម្បី​បង្ហាញ​អារម្មណ៍​ខ្លួន​ឯង និង​បំពេញ​អារម្មណ៍​ខ្លួន​ឯង។ «អ្នក​មិន​ឯកា» ពេល​​កើត​ទុក្ខ ខ្ញុំ​សង្ឃឹម​ថា​មាន​មនុស្ស​ម្នាក់​និយាយ​ប្រាប់​ខ្ញុំ​ថា ខ្ញុំមិន​ឯកា ខ្ញុំ​មាន​មនុស្ស​ជា​ច្រើន​នៅ​ក្បែរ​ខ្លួន។​ អ្វី​ដែល​ខ្ញុំ​ស្រម៉ៃ​ចង់​បាន ខ្ញុំ​ក៏​បាន​សរសេរ​ក្នុង​បទ​ចម្រៀង​នេះ។