រសៀល​ម៉ោង​ប្រាំ

5 មតិ

រសៀល​ម៉ោង​ប្រាំ​ចាំ​ផ្លូវ​ស្រី អូន​ដើរ​កាត់​ដី​មុខ​ផ្ទះ​បង
នេត្រា​គាប់​ជួន​តែ​មួយ​ដង ក្នុង​ចិត្ត​កួច​ប៉ង​ពៅ​ស្នេហា។
ស្រមៃ​រហូត​ស្ទើរ​នឹង​ឆ្កួត ក្ដី​ស្នេហ៍​រឹតរួត​ណែន​ឱរា
មិន​អាច​រក​ពាក្យ​ថ្លែង​វាចា ត្រឹម​អន្ទះសា​ចង់​ជួប​ភក្ត្រ។
មើល​អូន​រាល់​ថ្ងៃ​ឈ្មោះ​លាក់លៀម ឃើញ​ហើយ​ចិត្ត​រៀម​រែង​ជំពាក់
ជំពប់​លើ​ស្រី​តែ​មួយ​នាក់ ចង់​តែ​បញ្ជាក់​ទាន់​ក្ដៅ​ចិត្ត។
ឃើញ​អូន​តុប​តែង​ល្អែង​ស្រស់​ស្អាត ឫកពា​ឆ្លៀវឆ្លាត​គួរ​កួច​និត្យ
ចង់​ឈ្លេច​សួរ​អូន​ពី​ការ​ពិត តើ​ស្រី​ធ្លាប់​គិត​ដល់​បង​ទេ?
ពុក​អើយ​កុំ​ប្រើ​ទោះ​រវល់ ម៉ែ​អើយ​មិន​យល់​សុំ​កុំ​ជេរ
ម៉ោង​ប្រាំ​ដល់​ហើយ​មិន​ទំនេរ ព្រោះ​កូន​ចាំ​គេ​នៅ​មុខ​ផ្ទះ។
ផុត​ពី​ម៉ោង​ប្រាំ​ចាំ​ពុក​ប្រើ ម៉ែ​ជេរ​ចុះ​បើ​កូន​មានៈ
ព្រោះ​ពន្លក​ស្នេហ៍​កូន​ទើប​រះ កូន​សុំ​សំពះ​ប្រាប់​តាម​ត្រង់។
ថ្ងៃ​នេះ​ម៉ោង​ប្រាំ​ចាំ​មិន​ឃើញ ឬ​មួយ​អូន​ញើញ​អស់​ចិត្ត​ចង់
បើ​ពិត​ចិត្ត​បង​នឹង​ល្អក់​ខ្វង់ មាន​អូន​ស្រោចស្រង់​ទើប​ផុត​ភ័យ។
ស្អែក​នេះ​ជួប​អូន​ឆ្លៀត​រឿង​មួយ ប្រាប់​ឱ្យ​អស់​ព្រួយ​ពី​ហរទ័យ
ជូន​កូន​សំបុត្រ​ខ្លឹម​អត្ថន័យ ថា​អូន​ក្មេង​វ័យ​បង​សុំ​ស្នេហ៍។
ហុច​សំបុត្រ​ឱ្យ​អូន​អៀន​អន់ ស្រី​ធ្វើ​ភ្នែក​ស្លន់​ហាក់​ឆ្ងល់​ដែរ
ស្រី​កញ្ឆក់​យក​ទៅ​ឥត​បែរ បង​អរ​ឡើង​ម៉ែ​គាត់​សួរ​រឿង។
ម៉ែ​អើយ​កុំ​ឆ្ងល់​ចាំ​កូន​ប្រាប់ ម៉ែ​កុំ​ស្រអាប់ ឬ ព្រឿង​ៗ
សូម​ម៉ែ​កុំ​យល់​ថា​ពណ៌​លឿង រឿង​នេះ​គឺ​រឿង​ពណ៌​ផ្កាឈូក។
មួយ​យប់​ខ្ញុំ​ងប់​នឹង​ខ្នើយ​ឱប ថើប​ឱប​ក្រសោប​រមូរ​ពូក
សុបិន​ឃើញ​ថា​បាន​ជិះ​ទូក ខ្ញុំ​ដេក​ដូច​ជ្រូក​ដល់​ម៉ោង​ដប់។
ម៉ោង​ប្រាំ​ថ្ងៃ​នេះ​អរ​លាយ​ភ័យ ព្រោះ​ចាំ​សម្ដី​ស្រី​ត្រឡប់
ស្រឡាញ់​ឬ​ខឹង​កើត​ចិត្ត​ស្អប់ ហើយ​ពៅ​ធុញ​ថប់​តប់​ប្រមល់។
ឃើញ​អូន​ដើរ​មក​ភក្ត្រ​ញញឹម មក​ជិត​ទន្ទឹម​ផ្ទឹម​យោបល់
ស្រី​ថា​មាន​ចិត្ត​ធ្លាប់​គិត​ដល់ តែ​អកុសល​អូន​ជា​ស្រី។
អូន​សួរ​ទូរស័ព្ទ​លេខ​ប៉ុន្មាន? ទុក​វា​គ្រាន់​បាន​ផ្សា​សម្ដី
តែ​អូន​មាន​ចិត្ត​នៅ​ព្រួយ​ភ័យ ខ្លាច​ពាក្យ​ស្រដី​ពាក្យ​ក្រឡៃ។
“Hello darling! How are you? Please tell the true and don’t lie.
If you see it, please reply. Good dream tonight, I miss you.”
វីវរ​ៗ​ស៊យ​ហើយ​ខ្ញុំ អង់គ្លេស​ទាំង​ដុំ​ដាក់​ព្រូ​ៗ
ខ្ញុំ​គេច​តែ​រៀន​មិន​ស្គាល់​គ្រូ តើ​ត្រូវ​គិត​គូរ​តប​ដូច​ម្ដេច?
ម៉ោង​ប្រាំ​ចំណាំ​ស្រី​ទៅ​រៀន ពេល​នេះ​ខ្ញុំ​គ្មាន​ស្ដី​បន្តិច
ស្រី​ថា​ប្រុស​ប្រូ​មាន​កល​ល្បិច ផ្ញើ​សារ​រាប់​ភ្លេច​ម្ដេច​មិន​តប។
ពុទ្ធោ! ខ្ញុំ​អើយ​ឆ្លើយ​យ៉ាង​ណា បើ​អត់​សិក្សា​ការ​ប្រកប
ខ្លួន​គ្មាន​ចំណេះ​ឱ្យ​សម​ស្រប ធ្វើ​មាត់​ម្ហេបម្ហប ចប់​ហើយ​ខ្ញុំ!!!
ភ្នំពេញ, ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០០៧
កើយ ចិត្រា

Testing…

11 មតិ

Test, test, test… but, it will be okay soon. Keep Checkin’ Back!!! Soon! 😉