ជ្រកភ្លៀង


…ស្ត្រីចំណាស់ម្នាក់ដើរញ៉ែងញ៉ងយួរស្បោងសំរាម មក​ដាក់​ចោល​នៅ​មុខ​ផ្ទះ​ល្វែង​របស់​គាត់ ប្រៀប​ដូចជា​គាត់​ធ្វើ​អំណោយ​ដល់​សត្វ​ឆ្កែ​មួយ​ក្បាល ដែល​ដើរ​លបៗ​មក​ហិត​វត្ថុ​សំណល់​នោះ។ សត្វ​ឆ្កែ​ប្រើ​មាត់​របស់​វា​ឈ្មុស​ចូល​ក្នុង​ស្បោង​សំរាម រួច​ពាំ​បាន​នំ​មួយ​ថង់​មក​ខាំ​ស៊ី​ខាង​ក្រៅ​ដោយ​ត្រេក​អរ ប៉ុន្តែ​ភ្លាម​នោះ​ស្រាប់​តែ​លេច​រូប​កូន​ក្មេង​ពីរ​នាក់​ចេញ​មក​រំខាន​ក្តី​សុខ​របស់​វា។ អាក្មេង​ទាំង​ពីរ​នាក់​នោះ បណ្តេញ​សត្វ​ឆ្កែ​ឱ្យ​រត់​ចេញ​ជាមួយ​ឫកពា​យ៉ាង​ក្អេង​ក្អាង។ ខ្ញុំ​ទៅ​ជា​ឆ្ងល់​មិន​ដឹង​ថា​ពួក​វា​ចង់​ធ្វើ​អី? តាម​មើល​ទៅ ក្មេង​ទាំងពីរ​នាក់​នោះ​ប្រហែល​ជា​បង​ប្អូន​បង្កើត​ហើយ។ ពួក​វា​មាន​សម្លៀក​បំពាក់​កញ្ចាស់​ដូច​ខាន​បោក​ប្រាំ​ពីរ​ថ្ងៃ ឯ​សាច់​ស្បែក​ប្រលាក់​ក្អែ​ដូច​ស្បែក​ក្របី សោត​ឯ​សក់​ក្បាល​នោះ​ហៅ​មហា​រញ៉េ​រញ៉ៃ។ ម្នាក់​ជា​ក្មេង​ស្រី​មាន​រាង​តូច​ច្រម៉ក់ អាយុ​ប្រហែល​ជា​ប្រាំ​ឆ្នាំ កំពុង​តែ​យក​ម្រាម​ដៃ​ដ៏​តូច​របស់​វា​ចាប់​ខ្វារ​រើស​នំ​ពី​លើ​ដី ដែល​អំបាញ់​មិញ​សត្វ​ឆ្កែ​ធ្វើ​ឱ្យ​ជ្រុះ។ ម្នាក់​ទៀត​ជា​ក្មេង​ប្រុស អាយុ​ប្រហែល​ជា​បង​ក្មេង​ស្រី​នោះ​មួយ​ឆ្នាំ​ឬ​ពីរ​ឆ្នាំ កំពុង​តែ​យក​ដៃ​របស់​វា​កកាយ​មើល​ស្បោង​សំរាម ធ្វើ​កាយ​វិការ​ស្រដៀង​គ្នា​នឹង​សត្វ​ឆ្កែ​ធ្វើ​ដែរ តែ​ដូចជា​រក​មិន​ឃើញ​អ្វី​ដែល​វា​ចង់​បាន​ទេ ទើប​វា​ងាក​ទៅ​រក​ប្អូន​ស្រី​របស់​វា ហើយ​យក​នំ​ដែល​រើស​ពី​ដី​នោះ​មក​ចែក​គ្នា​ស៊ី។

ពួកអាកូនក្មេងទាំងពីរនាក់នេះ មក​ដណ្តើម​ការងារ​របស់​ឆ្កែ​តើ! អស្ចារ្យ​របស់​វា​ដែរ … អត់​របប​ចំណាប់! នំ​ដែល​ពួកវា​ដណ្តើម​ពី​ឆ្កែ​មក​ស៊ី​នោះ បើ​មិន​ផ្អូម​ក៏​ដុះ​ផ្សិត​ដែរ។ ពិត​ជា​គួរ​ឱ្យ​ស្ងើច​នឹង​ក្រពះ​របស់​ពួក​វា​ណាស់ ហេតុអី​ក៏​ធានា​គុណ​ភាព​ម៉្លេះ? …ជីវិត​របស់​ពួក​អាក្មេង​អនាថា​នេះ ធ្វើ​ឱ្យ​ខួរ​ក្បាល​របស់​ខ្ញុំ​មាន​ការងារ​ធ្វើ​មួយ​ភ្លែត​ទៅ!   យី…​អាក្មេង​ចង្រៃ​ពីរ​នាក់​នេះ!  គ្រាន់​តែ​ខ្ញុំ​ដើរ​មក​ឃើញ​ពួក​វា ទឹក​ភ្នែក​របស់​ខ្ញុំ​ក៏​ស្រក់ បណ្តាល​ឱ្យ​មាន​មនុស្ស​សម្លឹង​មើល​មុខ​ខ្ញុំ។ សង្ស័យ​តែ​ពួក​គេ​គិត​ថា ខ្ញុំ​ស្រក់​ទឹក​ភ្នែក​ព្រោះ​អាណិត​ពួក​អាក្មេង​នោះ​ហើយ។ ចិត្ត​ខ្ញុំ​គិត​អី ពួក​គេ​មិន​ដឹង​មែន! ពួក​អាក្មេង​ឥតប្រយោជន៍​ពីរ​នាក់​នោះ មាន​អ្វី​ទាក់​ទង​នឹង​ខ្ញុំ? ហាស ហាស…! ការពិត​ខ្ញុំ​កំពុង​តែ​អាណិត​ខ្លួន​ឯង​ទៅ​វិញ​ទេ!

ខ្ញុំគឺជានិស្សិតដ៏អស់សង្ឃឹមម្នាក់ ដែល​កំពុង​តែ​រស់​នៅ​ក្នុង​ពិភពលោក​ដ៏​សែន​សប្បាយ​ស្ទើរ​ស្លាប់​នេះ! ក្តី​ស្រមៃ​របស់​ខ្ញុំ គឺ​ចង់​កសាង​ពិភពលោក​នេះ​ឱ្យ​ធំ​ទូលាយ តែ​ពេល​នេះ​នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ ពិភពលោក​នេះ​ប្រែ​ជា​កាន់​តែ​ចង្អៀត កាន់​តែ​រួម​តូច​ហើយ។ ថ្ងៃ​នេះ​ខ្ញុំ​ដើរ​ទាត់​ខ្យល់​តត្រុក​តាម​ផ្លូវ ព្រោះ​ដើម្បី​ឱ្យ​ឃើញ​ថា ពិភពលោក​ប្រាកដ​ជា​ធំ​ទូលាយ ប៉ុន្តែ​ក៏​ទៅ​ជា​មាន​គំនិត​ថា ពិភពលោក​នេះ​ធំ​ជ្រុល រក​កន្លែង​ណា​ទៅ​មិន​បាន​ទៅ​វិញ។

ខ្លួនខ្ញុំនេះរៀនដល់ឆ្នាំទីបីនៅសាកលវិទ្យាល័យ​ទៅ​ហើយ តែ​អកុសល​ផ្លូវ​ជីវិត​របស់​ខ្ញុំ​ប្រែ​ជា​កាន់​តែ​ងងឹត​រក​ពន្លឺ​មិន​ឃើញ​សោះ។ យី​អ៊ើ! គ្រាន់​តែ​គិត​ពី​ភាព​ងងឹត​ភ្លាម ស្រាប់​តែ​ផ្លូវ​ដែល​ខ្ញុំ​កំពុង​ដើរ​នោះ​ក៏​ក្លាយ​ទៅ​ជា​ស្រទុំ​ភ្លាម​ដែរ។ ខ្ញុំ​ខំ​ងើយ​ក្បាល​សម្លឹង​មើល​មេឃ ទើប​ប្រទះ​ភ្នែក​នូវ​ផ្ទាំង​ពពក​ខ្មៅ​កំពុង​រសាត់​បាំង​ពន្លឺ​ថ្ងៃ​សន្សឹមៗ ប៉ុន្តែ​ដំណាល​គ្នា​នោះ សូរ​ខ្យល់​បក់​វូ​ខំ​កួច​បំប៉ើង​ផង់​ធូលី ជះ​មក​លើ​រូប​កាយ​របស់​ខ្ញុំ​ស្ទើរ​សព្វ​កន្លែង ធ្វើ​ឱ្យ​ខ្ញុំ​យក​ដៃ​ខ្ទប់​ភ្នែក​ខាន​មើល​ទិដ្ឋភាព​ក្នុង​អាកាស​នោះ​រលីង។ ខ្ញុំ​ខឹង​អា​ចង្រៃ​ខ្យល់​នេះ​ឡើង​ក្តៅ​ស្លឹក​ត្រចៀក ព្រោះ​បើ​កុំ​តែ​ដោយសារ​វា ខ្ញុំ​ច្បាស់​ជា​អាច​សង្កេត​ភាព​វឹក​វរ​មុន​ពេល​ភ្លៀង​ធ្លាក់​បាន​តាម​សម្រួល​មិន​ខាន។

ខ្ញុំឈរទ្រឹងបិទភ្នែកជិត រហូត​ទាល់​តែ​ធូលី​ត្រូវ​ជំនួស​ដោយ​តំណក់​ទឹក​តូចៗ​វិញ។ តំណក់​ទឹក​ភ្លៀង​ចាប់​ផ្តើម​រុះ​រោយ​ចេញ​ពី​ផ្ទាំង​ពពក​ពណ៌​ខ្មៅ គឺ​ធ្លាក់​ចុះ​ពី​លើ​មេឃ​ដ៏​ខ្ពស់​មក​រក​ផែនដី ដោយ​នាំ​ទាំង​ក្តី​រីករាយ និង​ក្តី​ជ្រួល​ច្របល់​ដល់​មនុស្ស​លោក។ ខ្ញុំ​នេះ​ពិត​ជា​ឆ្គួត​ជិត​ស៊ប់​មែន! ភ្លៀង​ស្រោច​ឡើង​ស្ទើរ​ជោក​ខ្លួន​ទៅ​ហើយ នៅ​តែ​ធ្វើ​អ្នក​វិភាគ​ពី​វា​ទៀត។ ដោយ​នៅ​ជិត​នោះ​មាន​សំយាប​ផ្ទះ​មួយ ឃើញ​មាន​មនុស្ស​កំពុង​តែ​ជ្រក​ភ្លៀង ខ្ញុំ​ក៏​រត់​ចូល​ទៅ​ជ្រក​ជាមួយ​ពួក​គេ។

ថ្ងៃនេះមិនដឹងជាថ្ងៃឆ្គួតអី! មនុស្ស​នៅ​កន្លែង​ដែល​ខ្ញុំ​រត់​ចូល​មក​ជ្រក​ភ្លៀង​នោះ មើល​ទៅ​គឺ​សុទ្ធ​តែ​អ្នក​សុំទាន។ វា​​ជា​រឿង​រង្កៀស​ចិត្ត​ណាស់ ការ​ដែល​ខ្លួន​ត្រូវ​មក​នៅ​ក្បែរ​ពួក​មនុស្ស​បាត​សង្គម​បែប​នេះ។ ខ្ញុំ​មាន​តែ​ព្យាយាម​ធ្វើ​មិន​ឃើញ​ពួក​មនុស្ស​ទាំង​នោះ ដោយ​ខំ​ផ្ចង់​អារម្មណ៍​សម្លឹង​ទៅ​រក​ភាព​ស្រងេះ​ស្រងោច​នៃ​ទិដ្ឋភាព​ទឹក​ភ្លៀង​ជំនួស​វិញ។

សំឡេងរណ្តំនៃតំណក់ទឹកភ្លៀង​គឺ​ជា​តន្ត្រី​ធម្មជាតិ​ដ៏​ពីរោះ​ និង​ប្រកប​ដោយ​អត្ថន័យ​មហិមា។ មាន​មនុស្ស​តិច​ណាស់ ដែល​អាច​ស្តាប់​យល់​ពី​ន័យ​របស់​តន្ត្រី​ពិសេស​មួយ​នេះ។ តើ​អ្នក​ដែល​អាច​ស្តាប់​យល់​នោះ គេ​ជា​មនុស្ស​មាន​មនោសញ្ចោតនា​កម្រិត​ណា​ទៅ? សម្តី​នេះ​គឺ​ខ្ញុំ​និយាយ​តាម​មនុស្ស​ស្រី​ម្នាក់ ដែល​ទឹក​ដម​សំឡេង​របស់​នាង​ពីរោះ​រងំ ឧបមា​នឹង​សំឡេង​នៃ​ទឹក​ភ្លៀង​យ៉ាង​អ៊ីចឹង។ កាលណោះ​ខ្ញុំ​មិន​យល់​ពី​អ្វី​ដែល​នាង​និយាយ​នោះ​ទេ ហើយ​រឹត​តែ​មិន​ចេះ​ស្តាប់​ភាសា​របស់​តំណក់​ទឹក​ភ្លៀង​ទៀត។ ខ្ញុំ​គ្រាន់​តែ​ដឹង​ថា ខ្ញុំ​ចូល​ចិត្ត​ស្តាប់​នាង​និយាយ​ណាស់ ហើយ​ទោះ​ជា​ខ្ញុំ​ស្តាប់​មិន​យល់ ក៏​វា​នៅ​តែ​មាន​ន័យ​ពេញ​ដែន​បេះដូង​ដែរ។

ឥឡូវ​នេះ​ខ្ញុំ​នៅតែ​មិន​អាច​ស្តាប់​យល់​ន័យ​របស់​សំឡេង​ទឹក​ភ្លៀង​បាន ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ទឹកភ្លៀង​បាន​ផ្តល់​អារម្មណ៍​ដ៏​ចម្លែក​មួយ​ដល់​ខ្ញុំ។ ប្រហែល​មក​ពី​ខ្ញុំ​ជា​មនុស្ស​មាន​ទុក្ខ​ព្រោះ​ព្រាត់​ប្រាស​ស្នេហា​ហើយ ទើប​សំឡេង​ទឹក​ភ្លៀង​មាន​ន័យ​ដូចជា​ចម្រៀង​ដួងចិត្ត ទួញ​សោក​ស្រណោះ​ស្រណោក​ស្ទើរ​ស្លាប់​ស្ទើរ​រស់​យ៉ាង​នេះ។ ពេល​បាន​ឃើញ​តំណក់​ទឹក​ភ្លៀង និង​បាន​ឮ​សំឡេង​របស់​វា ខ្ញុំ​តែង​នឹក​នារី​ម្នាក់​ខ្លាំង​បំផុត រួច​ក៏​ឈឺចាប់​ខ្លាំង​បំផុត​ដែរ។ សុធាវី នារី​តែ​ម្នាក់​គត់​ដែល​ជា​កម្លាំង​ចិត្ត​ក្នុង​ជីវិត​ខ្ញុំ​អស់​រយៈ​ពេល​បី​ឆ្នាំ ហើយ​ជា​នារី​ដែល​ខ្ញុំ​តែង​នឹក​អស់​រយៈ​ពេល​បី​ឆ្នាំ​ដែរ​នោះ ស្រាប់​តែ​ពេល​នេះ ពាក្យ​មួយ​ឃ្លា​ដែល​ខ្ញុំ​ធ្លាប់​តែ​និយាយ​ប្រាប់​ខ្លួន​ឯង​ថា ខ្ញុំ​នឹក​នាង​នោះ ក៏​ប្រែ​ជា​ពាក្យ​មួយ​ឃ្លា​ដ៏​ពិស​ពុល… ជា​ពាក្យ​មួយ​ឃ្លា​ដែល​ខ្ញុំ​គ្មាន​សមត្ថភាព​នឹង​និយាយ​តទៅ​ទៀត​បាន…។

បរិយាកាសក្នុងខណៈនេះស្រដៀងនឹងពេលវេលា ដែល​សុធាវី​ និង​ខ្ញុំ​ធ្លាប់​អង្គុយ​សាសង​គ្នា​អ្វី​ម៉្លេះ! ខ្ញុំ​ស្រមៃ​រូបរាង​ដែល​នាង​ស្លៀក​សម្លៀក​បំពាក់​ជា​សិស្ស​សាលា​អង្គុយ​នៅ​ក្បែរ​ខ្ញុំ។ ខ្ញុំ​យល់​ថា សម្លៀក​បំពាក់​នោះ​មិន​បាន​លើក​សម្រស់​នាង​ឱ្យ​ស្រស់​បាន​ទេ ប៉ុន្តែ​គឺ​រូប​រាង​នាង​ទៅ​វិញ​ទេ ដែល​បាន​លើក​សភាព​របស់​សម្លៀក​បំពាក់​នោះ​ឱ្យ​ក្លាយ​ជា​សម​សួន​វិញ។ នៅ​ក្នុង​បរិយាកាស​ភ្លៀង​ធ្លាក់​ដ៏​ត្រជាក់​ស្រេង​កាល​គ្រា​នោះ សម្រស់​របស់​សុធាវី​ស្រស់​ណាស់ …ស្រស់​មិន​អាច​នឹង​ពណ៌នា​ឱ្យ​ស្មើ​បាន។ សម្បុរ​ស្បែក​របស់​នាង​មាន​ពណ៌​ដូច​មាស​ទឹក​ដប់ រង្វង់​ភក្ត្រ​រំលេច​ដោយ​នេត្រា​ដ៏​ភ្លឺ​ស្រទន់​សក្តិសម​នឹង​ចរិយា​ស្រគត់​ស្រគំ​នៃ​នារី​ខ្មែរ។ ពាក្យ​ពេចន៍​ដ៏​ទន់ភ្លន់​របស់​នាង ដែល​ខ្ញុំ​បាន​កត់​ត្រា​ទុក​ដោយ​ដួង​​ចិត្ត​សង្ឃឹម​មាន​សេចក្តី​ថាៈ

«ជាតិជាស្រីម្នាក់ អនាគត​នឹង​ល្អ​ឬ​អាក្រក់​គឺ​អាស្រ័យ​លើ​ប្រុស​ជា​ប្តី… ព្រហ្មលិខិត​ធ្វើ​ឱ្យ​ខ្ញុំ​បាន​ស្គាល់​រូប​បង​គឺ​ជា​ភ័ព្វ​ព្រេង​ដ៏​ល្អ​របស់​ខ្ញុំ។ បង​ដឹង​ទេ? ថ្ងៃ​នេះ​ខ្ញុំ​ស្លៀក​ពាក់​ឯក​សណ្ឋាន​សិស្ស​មក​ជួប​បង ព្រោះ​ខ្ញុំ​ចង់​ប្រាប់​បង​ថា ខ្ញុំ​ស្រលាញ់​ការ​សិក្សា​ខ្លាំង​ណាស់…! …ក្នុង​ជាតិ​នេះ​ខ្ញុំ​មិន​អាច​ផ្សារ​ភ្ជាប់ ជីវិត​ទៅ​នឹង​ការ​សិក្សា​បាន​វែង​ឆ្ងាយ តែ​ខ្ញុំ​នៅ​មាន​ក្តី​ស្រមៃ​មួយ​ទៀត គឺ​ចង់​បាន​ស្វាមី​ជា​បុរស​ដែល​មាន​កម្រិត​នៃ​ការ​សិក្សា​ខ្ពស់។ ថ្ងៃ​ស្អែក​បង​នឹង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ភ្នំពេញ​ ដើម្បី​បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ ហើយ​ពេល​នោះ​បង​នឹង​ទទួល​ឈ្មោះ​ជា​និស្សិត​ខ្មែរ​ម្នាក់។ សូម​បង​ខិត​ខំ​រៀន​សូត្រ​ដើម្បី​អនាគត​របស់​ពួក​យើង​ទាំង​ពីរ​នាក់… រូប​ខ្ញុំ​នៅ​ស្រុក​រង់​ចាំ​បង!»

ពេលវេលាចេះតែរសាត់ទៅមុខ ដោយ​ទុក​តែ​ស្នាម​អនុស្សាវរីយ៍​រាប់​មិន​អស់​នៅ​ក្នុង​ដួង​ចិត្ត​មនុស្ស។ ខ្ញុំ​សែន​ស្រណោះ​ពេល​វេលា​ដែល​ខ្ញុំ​ស្រលាញ់​សុធាវី… ស្រណោះ​ពេល​វេលា​ស្នេហា​ដ៏​មាន​សង្ឃឹម​របស់​ពួក​យើង។ ប៉ុន្តែ​ខ្ញុំ​សែន​ខ្លាច​ពេល​វេលា​ដែល​ខ្ញុំ​ត្រូវ​បំភ្លេច​សុធាវី… ខ្លាច​ពេល​វេលា​ដែល​ខ្ញុំ​លែង​មាន​ស្នេហា​ដ៏​បរិសុទ្ធ​បន្ត​ទៀត…!

ទឹកភ្នែករបស់ខ្ញុំក៏ស្រក់ចុះនៅពីមុខព្រះភិរុណ ដែល​ជា​សាក្សី​ធ្លាប់​បាន​ដឹង​រឿង​រ៉ាវ​ស្នេហា​របស់​ខ្ញុំ។ ឱ! តំណក់​ទឹក​ភ្លៀង! ខ្ញុំ​ដឹង​ថា​សុធាវី​មិន​ដែល​ភ្លេច​ពាក្យ​សម្តី​ដែល​នាង​បាន​និយាយ​ប្រាប់​ខ្ញុំ​នោះ​ឡើយ… តើ​រូប​នាង​កំពុង​ឈឺ​ចាប់​ប៉ុណ្ណា បើ​ពេល​នេះ​នាង​មិន​អាច​រក្សា​ពាក្យ​សន្យា​របស់​នាង ចំពោះ​រូប​ខ្ញុំ​បាន​នោះ? ភ្លៀង​ធ្លាក់​នៅ​ក្នុង​ថ្ងៃ​រៀបការ​របស់​នាង​បែប​នេះ តើ​ចិត្ត​នាង​នឹក​រឭក​ដល់​ខ្ញុំ​យ៉ាង​ណា​ទៅ?

សុធាវី​មាន​ឱកាស​រស់​នៅ​ស្រុក​ខ្មែរ​មិន​យូរ​ទៀត​ឡើយ។ ប៉ុន្មាន​ថ្ងៃ​ទៀត​នាង​នឹង​ត្រូវ​ចាក​ចេញ​ពី​ស្រុក​កំណើត​ដ៏​កក់ក្តៅ​នេះ ទៅ​រស់​នៅ​ឯ​ស្រុក​មួយ​ដែល​មាន​តែ​មនុស្ស​និយាយ​ភាសា​ដែល​នាង​ស្តាប់​មិន​យល់។ ខ្ញុំ​សែន​ស្អប់​ខ្លួន​ឯង​ដែល​ក្រីក្រ​ជាង​ជាតិ​បរទេស គ្មាន​សមត្ថភាព​ដណ្តើម​មនុស្ស​ស្រី ដែល​ខ្លួន​ស្រលាញ់​បាន។ តើ​អនាគត​របស់​សុធាវី​នឹង​ក្លាយ​ទៅ​ជា​យ៉ាងណា?

ទឹកចិត្តអស់សង្ឃឹមរបស់ខ្ញុំ ប្រៀប​បាន​ទៅ​នឹង​តំណក់​ទឹក​ភ្លៀង​ដែល​កំពុង​តែ​ព្រួត​គ្នា​ស្រក់​ចុះ រក​កម្រិត​អប្បបរមា​​របស់​​ខ្លួន។ តើ​តំណក់​ទឹក​ភ្លៀង​ទាំង​នោះ​អាច​វិល​ទៅ​លើ​មេឃ​ក្លាយ​ជា​ដុំ​ពពក​ម្តង​ទៀត​បាន​ដោយ​របៀប​ណា​ទៅ? ក្លិន​នៃ​សុភមង្គល​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​ត្រូវ​បាន​បន្សាត់ ដោយ​ព្យុះ​ភ្លៀង​ដ៏​សែន​កំណាច​បាត់​អស់​ទៅ​ហើយ។ នៅ​ពេល​ថ្ងៃ​រះ​មាន​ពន្លឺ​វិញ តើ​ខ្ញុំ​អាច​ញញឹម​ស្រស់​បាន​ឬ​ទេ?

សំឡេងផ្គរក្អិលៗលាន់រងំក្បែរត្រចៀករបស់ខ្ញុំ! …ឆ្គួត​មែន! នេះ​មិន​មែន​ជា​សំឡេង​ផ្គរ​ទេ គឺ​ជា​សំឡេង​របស់​មនុស្ស​ប្រុស​ម្នាក់​អាយុ​ស្របាលៗ​នឹង​ខ្ញុំ ពាក់​អាវ​ក្រឡា​ល្អិត​ដៃ​វែង ស្លៀក​ខោ​មូល​ជើង​ទាំង​សង​ខាង និង​ពាក់​ស្បែក​ជើង​ផ្ទាត់​កញ្ចាស់​ដុះ​ស្នឹម។ សភាព​របស់​គាត់​នេះ​គឺ​ចាញ់​រូប​ខ្ញុំ​បន្តិច ព្រោះ​ប្រហែល​ដោយ​សារ​គាត់​មក​ពី​ស្រែ​ក្រោយ​ខ្ញុំ។ បើ​មើល​ទៅ​មុខ​មាត់​របស់​គាត់​វិញ​រាង​សុភាព​គួរ​សម​ដែរ ប៉ុន្តែ​អន់​ត្រង់​សក់​ក្បាល​ខ្វះ​សណ្តាប់​ធ្នាប់ បែប​មក​ពី​គាត់​ភ្លេច​ក្រាស​សិត​សក់​នៅ​ឯ​ស្រែ​ហើយ។ អាគាត់​នេះ​មក​រំខាន​ខ្ញុំ​មិន​ឱ្យ​ស្រមៃ​រឿង​រ៉ាវ​ស្នេហា​កម្សត់​ជូរ​ចត់​ព្រាត់​ប្រាស​បន្ត​ទៀត សម​តែ​ខ្ញុំ​ជេរ​ទើប​ត្រូវ តែ​នឹក​ឃើញ​ថា​ខ្លួន​ជា​និស្សិត​ម្នាក់​ដែរ ទើប​ខ្ញុំ​ខំ​ទប់​ចិត្ត​ដោយ​សួរ​ជំនួស​វិញ។

«មានការអីជាមួយខ្ញុំអ្ហេះ?»

កំលោះមកពីស្រុកស្រែនោះស្រាប់តែលើក​ដៃ​សំពះ​ខ្ញុំ «ខ្ញុំ​សុំ​លុយ​បង​ទិញ​បាយ​ហូប​ផង ព្រោះ​ខ្ញុំ​អត់​បាយ​មួយ​ថ្ងៃ​ហើយ។»

ខ្ញុំយកដៃមួលស្លឹកត្រចៀករបស់ខ្ញុំបន្តិចក្រែង​លោ​វា​ស្តាប់​ច្រឡំ រួច​សម្លឹង​មើល​មុខ​គាត់​នោះ​ម្តង​ទៀត ឃើញ​ថា​ពិត​ជា​គួរ​ឱ្យ​អាណិត​មែន! ប៉ុន្តែ​សម្តី​របស់​គាត់​ថា​អត់​បាយ​ហូប​នោះ ប្រាកដ​ជា​បោក​ខ្ញុំ​ហើយ។ ខ្ញុំ​មិន​ភ្លើ​ទៅ​ជឿ​ទេ ព្រោះ​មាឌ​របស់​គាត់​មាំ​ជាង​ខ្ញុំ​ផង។

«តើបងជាអ្នកសុំទានឬ? មើលទៅដូចជាមិនទំនង!»

គាត់នោះក៏ឆ្លើយរង៉ូវៗមកខ្ញុំ «បង​អើយ! ខ្ញុំ​អ្នក​ដើរ​សំលៀង​កាំបិត​ទេ តែ​ថ្ងៃនេះ​រក​លុយ​មិន​បាន ទើប​ហ៊ាន​លើក​ដៃ​សំពះ​សុំ​លុយ​បង​អ៊ីចឹង។ អាណិត​ខ្ញុំ​កូន​អ្នក​ស្រែ​មិន​ចេះ​អក្សរ ដាក់​ទាន​ឱ្យ​ខ្ញុំ​ផង! ប៉ុន្មាន​ក៏​បាន​ដែរ តាម​សទ្ធា​របស់​បង​ទេ…!»

ខ្ញុំយកដៃអេះក្បាលគិតបន្តិចថាគួរធ្វើយ៉ាងម៉េច?

«ចៅអើយ! ឱ្យយាយសុំលុយទិញបាយហូបផង…!»

ពុទ្ធោ! ខ្ញុំភ្ញាក់លើកដៃសំពះតបទៅវិញដោយស្វ័យប្រវត្តិ។ នេះ​គឺ​ជា​សំឡេង​របស់​ដូន​ចាស់​ម្នាក់​ស្តី​មក​រក​ខ្ញុំ។ សភាព​របស់​គាត់​គឺ​យ៉ាប់​នោះ​យ៉ាប់… គាត់​ស្លៀក​ពាក់​កញ្ចាស់ ហើយ​ធ្វើ​កិរិយា​ឱន​លំទោន​មក​រក​ខ្ញុំ គួប​ផ្សំ​នឹង​រាង​កាយ​ដ៏​ស្គម​គ្រប​ដណ្តប់​ដោយ​ស្បែក​ដ៏​ជ្រីវ​ជ្រួញ មើល​ទៅ​ហៅ​សែន​អនិច្ចា! ឱ!​អនិច្ចា​វដ្ត​សង្សារ កើត ចាស់ ឈឺ ស្លាប់…! យាយ​គេ​យាយ​ខ្ញុំ ពិត​ជា​គួរ​ឱ្យ​សង្វេគ​អាណិត​ណាស់!

ពេលនោះខ្ញុំរាងផ្អើលៗ។ ភ្នែក​ខំ​ងាក​សម្លឹង​នៅ​ម្តុំ​នោះ​ឱ្យ​អស់​ ថា​​តើ​នៅ​សល់​អ្នក​សុំទាន​ប៉ុន្មាន​នាក់​ទៀត? អូ! ពិត​ជា​នៅ​មាន​មែន! ពូ​ម្នាក់​នោះ​កំបុត​ជើង​ម្ខាង​អង្គុយ​ផ្ទាល់​នឹង​ដី​គ្មាន​អនាម័យ​សោះ ហើយ​ភ្នែក​របស់​គាត់​សម្លឹង​មក​រក​ខ្ញុំ​ភ្លឹះៗ​ហាក់​សុំ​ក្តី​ករុណា​ពី​ខ្ញុំ។ ខ្ញុំ​ក៏​ងាក​មុខ​ចេញ​វឹង រួច​ប្រទះ​តា​ចាស់​ខ្វាក់​ភ្នែក​ម្នាក់​ឈរ​ស្ងៀម​ដូច​កំពុង​តាំង​សមាធិ​ទៅ​រក​និព្វាន។ សំណាង​ដែរ​ដែល​តា​ចាស់​នោះ​គ្មាន​ភ្នែក​សម្លឹង​ខ្ញុំ​បាន ប៉ុន្តែ​ដល់​ពេល​មើល​ចុះ​ក្រោម​តែ​បន្តិច ក៏​​ឃើញ​​ភ្នែក​ក្រឡោតៗ របស់​ក្មេង​ស្រី​ម្នាក់​កំពុង​អង្គុយ​ចោង​ហោង​សម្លក់​មក​រក​ខ្ញុំ ដោយ​ធ្វើ​មុខ​ដូច​ជា​ចង់​ទាម​ទារ​បំណល់​អ្វី​ពី​ខ្ញុំ​យ៉ាង​អ៊ីចឹង។

អូយ! …កណ្តុំឆែប! ពន្លឺផ្លេកបន្ទោរ​បាន​ជះ​រស្មី​មក​លើ​ទឹក​មុខ​របស់​ពួក​អ្នក​សុំទាន​ទាំង​នោះ ធ្វើ​ឱ្យ​ខ្ញុំ​ព្រឺ​ក្បាល​ខ្ញាក។ ស្នូរ​​រន្ទះ​បាញ់​ផាំង​ខ្ទ័រ​ញ័រ​ស្លឹក​ត្រចៀក​របស់​ខ្ញុំ ជំរុញ​អារម្មណ៍​ខ្ញុំ​ឱ្យ​រឹត​តែ​តក់​ស្លុត។ រាសី​របស់​ខ្ញុំ​ប្រាកដ​ជា​កំពុង​ស្រុត​ចុះ​ខ្លាំង​ហើយ បាន​ជា​រូប​ខ្ញុំ​មក​ជួប​នឹង​ស្ថានភាព​បែបនេះ។ ខ្ញុំ​កំពុង​តែ​អស់​សង្ឃឹម​ស្រាប់​ផង តិច​ស្ថានភាព​នេះ​ជា​ប្រផ្នូល​ប្រាប់​ខ្ញុំ​ថា ថ្ងៃ​ក្រោយ​ខ្ញុំ​នឹង​ក្លាយ​ទៅ​ជា​ដូច​ពួក​មនុស្ស​ទាំង​នេះ​ទៅ។ ព្រឺ​ក្បាល​ណាស់! ពួក​​អ្នក​មាន​​ខ្លះ​​និយាយ​ថា នៅ​ក្បែរ​អ្នក​សុំទាន​បែប​នេះ វា​អាច​ឆ្លង​ស៊យ​ដល់​ខ្លួន​ទៀត​ផង។ ងាប់​ហើយ​ខ្ញុំ! ពេល​នេះ​ខ្ញុំ​ប្រហែល​ជា​ឆ្លង​ពី​អ្នក​សុំទាន​ទាំង​នេះ​ខ្ទេច​ខ្ទី​គ្មាន​សល់​ទេ! ចង្រៃ​មក​ពី​ភ្លៀង​ហ្នឹង បាន​ទៅ​ជា​អ៊ីចឹង! តើ​ពេល​ណា​បាន​ភ្លៀង​រាំង…?

«ចៅ…! ឱ្យយាយសុំលុយមួយរយពីររយមក!»

ខួរក្បាលកំពុងតែវិលវល់ផង ខ្ញុំ​ក៏​ស្រែក​ឡើង​ទាំង​ធុញ​ថប់ «គ្មានទេ…!»

នឹកស្មានមិនដល់សោះ ថា​យាយ​ចាស់​សុំ​ទាន​នោះ​បែរ​ជា​តប​មក​ខ្ញុំ​វិញ «កុំ​ថា​គ្មាន​អ៊ីចឹង​ចៅ ប្រយ័ត្ន​បាប​គ្មាន​លុយ​មែន!»

សម្តីរបស់យាយនោះធ្វើឱ្យ​ចង្វាក់​បេះដូង​របស់​ខ្ញុំ​លោត​ឌុក​ឌាក់។ ខ្ញុំ​យក​ដៃ​ស្ទាប​ប្រាក់​ប៉ុន្មាន​ពាន់​រៀល​នៅ​ក្នុង​ហោប៉ៅ​​ខោ​ខ្ញុំ ដោយ​គិត​បណ្តើរ​ថា តើ​គួរ​តែ​ឱ្យ​ប្រាក់​ទៅ​គាត់​ឬ​អត់? ព្រោះ​ខ្ញុំ​ពិត​ជា​ខ្លាច​បាប​ដូច​ពាក្យ​យាយ​ចាស់​នោះ​និយាយ​ណាស់! ប៉ុន្តែ​បើ​សិន​ជា​ខ្ញុំ​ព្រម​ឱ្យ​ទាន​ព្រោះ​តែ​ពាក្យ​បណ្តាសា​បែប​នេះ អ្នក​សុំទាន​ផ្សេង​ទៀត​នឹង​ធ្វើ​ត្រាប់​តាម​យាយ​សុំទាន​ម្នាក់​នោះ ដើម្បី​ឱ្យ​ខ្ញុំ​ឱ្យ​ទាន​ពួក​គេ​គ្រប់​គ្នា​មិន​ខាន ហើយ​តើ​ទាន​បែប​នេះ​វា​បាន​បុណ្យ​ស្អី? ណា​មួយ​អ្នក​សុំទាន​នៅ​ទី​កន្លែង​នេះ​មាន​ប៉ុន្មាន​នាក់​ដែរ ឃើញ​ថា​វា​ធ្វើ​ឱ្យ​យ៉ាប់​ដល់​សេដ្ឋកិច្ច​របស់​ខ្ញុំ​ទៀត ហើយ​អ្នក​សុំទាន​ក៏​មាន​នៅ​កន្លែង​ផ្សេង​ទៀត បើ​ឱ្យ​ទាន​តែ​ពួក​ប៉ុន្មាន​នាក់​នេះ វា​ដូច​ជា​មិន​ដាច់​ចិត្ត​នឹង​អ្នក​ដែល​មិន​បាន។ កំពុង​តែ​គិត​មិន​ទាន់​ដាច់​ស្រេច​ផង ស្រាប់​តែ​ជន​សំលៀង​កាំបិត​ស្រែក​មក​ខ្ញុំ​ថា «បើ​គ្មាន​លុយ​មែន តើ​ហ៊ាន​ស្បថ​ទេ?»

យី! អាជន​សំលៀង​កាំបិត​សំរែ​នេះ​បែរ​ជា​ហ៊ាន​មក​និយាយ​ញុះ​ញង់​ឱ្យ​ខ្ញុំ​ស្បថ​ស្បែ​ជាមួយ​វា​ទាំង​ខែ​ភ្លៀង​ផង! ខ្ញុំ​ក្លាយ​ទៅ​ជា​ខឹង​ឆេវ ប្រុង​ត​មាត់​ទៅ​វា​វិញ​ទៅ​ហើយ ប៉ុន្តែ​ចេះ​នឹក​ឃើញ​ទាន់​ថា បើ​យ៉ាងម៉េចៗ​ទៅ ពួក​អ្នក​សុំទាន​នេះ​មាន​គ្នា​ច្រើន​ជាង​ខ្ញុំ ឱ្យ​តែ​ពួក​ហ្នឹង​ព្រួត​គ្នា​វាយ​ខ្ញុំ តើ​ឱ្យ​ខ្ញុំ​ទប់​ទល់​ម៉េច​នឹង​រួច? ចៃដន្យ​ដែរ​ពេល​នោះ​ភ្លៀង​ក៏​ហាក់​ដូចជា​ដាច់​គ្រាប់​តិចៗ  ទើប​ខ្ញុំ​អាច​រត់​ចេញ​ពី​កន្លែង​អ្នក​សុំទាន​នោះ​លែង​ងាក​ក្រោយ។

 

វិច្ឆិកា ២០០៦

ដោយ សុខ ចាន់ផល