ឋានសួគ៌លោកិយ

 

នៅក្នុងសុបិនដ៏វែងឆ្ងាយ… ខ្ញុំកំពុងស្ថិតក្នុងវិការដ្ឋានមួយ ដែល​មាន​ទិដ្ឋភាព​ងងឹត​ដូច​យប់ តែ​មាន​មនុស្ស​យ៉ាង​ច្រើន​កំពុង​ប្រយុទ្ធ​គ្នា ។ អ្នក​ចំបាំង​ទាំង​នោះ​មាន​ទឹក​មុខ​ខ្មៅៗ គ្រាប់ភ្នែក​​ធំ​ក្រឡោត មើល​ចំ​គួរ​ឱ្យ​ខ្លាច។ ពួក​គេ​ប្រើ​អាវុធ​គ្រប់​ប្រភេទ មាន​ដាវ កាំបិត​ធំ​តូច ឬ​ក៏​កាំ​ភ្លើង ដេញ​សម្លាប់​គ្នា​យ៉ាង​ព្រៃ​ផ្សៃ។ ខ្ញុំ​ឃើញ​មាន​សាកសព​ជា​ច្រើន ដេក​ស្លាប់​គរ​គ្នា​លើ​ដី ដោយ​ឈាម​ស្រោច​ពេញ​ខ្លួន។ រាង​កាយ​ឥត​វិញ្ញាណ​ទាំង​ឡាយ ត្រូវ​មនុស្ស​ដែល​កំពុង​ប្រយុទ្ធ​គ្នា រត់​ជាន់​ពី​លើ​ដោយ​គ្មាន​នឹក​ស្រណោះ។

ទិដ្ឋភាពដ៏សាហាវនោះធ្វើឱ្យខ្ញុំងងឹតមុខឈឹង។ ពួកគេ​ចេះ​តែ​ប្រយុទ្ធ​គ្នា​មិន​ព្រម​ឈប់ ហាក់​ដូច​ជា​ចង់​ប្រកួត ដើម្បី​រក​មនុស្ស​ម្នាក់ ដែល​ខ្លាំង​ជាងគេ​បំផុត​អ៊ីចឹង។ មនុស្ស​ស្លាប់​កាន់​តែ​ច្រើន​ទៅៗ ធ្វើ​ឱ្យ​ច្រមុះ​ខ្ញុំ​ធុំ​តែ​ក្លិន​ឈាម។ ពេល​នោះ​ខ្ញុំ​មាន​ព្រះពុទ្ធ​រូប​មួយ​អង្គ​នៅ​ជាប់​នឹង​ដៃ។ ខ្ញុំ​មើល​ឃើញ​ព្រះពុទ្ធ​រូប​ស្រក់​ទឹក​ព្រះនេត្រ​គ្មាន​ឈប់ រហូត​ដល់​ជោក​ពេញ​បាត​ដៃ​ទាំងពីរ​របស់​ខ្ញុំ។ មនុស្ស​កំណាច​ទាំងនោះ​ចេះតែ​ដេញ​កាប់​សម្លាប់​គ្នា សំដៅ​មក​កាន់​ខ្ញុំ រហូត​បាន​ឃើញ​ព្រះពុទ្ធ​រូប​នៅ​ក្នុង​ដៃ​ខ្ញុំ។ ពួកគេ​សម្លឹង​មក​ពុទ្ធ​ប្បដិមា​ដោយ​ក្រសែ​ភ្នែក​លោភៈ រួច​ក៏​រត់​មក​រក​ខ្ញុំ​ព្រម​គ្នា។ ខណៈ​នោះ ទើប​ខ្ញុំ​អាច​កាត់​យល់​​បាន ពី​មូលហេតុ​ដែល​ពួកគេ​កំពុង​សម្លាប់​គ្នា។ តាម​ពិត​មនុស្ស​ទាំងអស់​នោះ ចង់​បាន​ទ្រព្យ​សម្បត្តិ​ពី​ដៃ​របស់​ខ្ញុំ ពោល​គឺ​ព្រះពុទ្ធ​រូប​ធ្វើ​ពី​មាស​សុទ្ធ។

ខ្ញុំគិតតែពីរត់… រត់ទាំងគ្មានដឹងគោលដៅ។  ពួក​គេ​ចេះ​តែ​រត់​តាម​ខ្ញុំ​កៀក​បង្កើយ តែ​មិន​ដឹង​ហេតុអ្វី ទើប​ពួកគេ​ធ្វើ​អី​ខ្ញុំ​មិន​បាន​សោះ។ ទោះ​ជា​យ៉ាងណា ខ្ញុំ​ភ័យ​ស្ទើរ​តែ​បាត់​ព្រលឹង​ពី​ក្នុង​ខ្លួន​ទៅ​ហើយ។ ខ្ញុំ​បន្ត​រត់​ក្នុង​ពិភព​ងងឹត រហូត​មក​ដល់​មាត់​សមុទ្រ​មួយ ដែល​មាន​ជម្រៅ​សែន​ជ្រៅ មើល​​ទៅ​​ស្រៀវ​ឆ្អឹង។ គ្មាន​ផ្លូវ​រត់​ទៅ​មុខ​ទៀត ខ្ញុំ​ក៏​ឈប់ ហើយ​បែរ​ខ្លួន​ប្រឈម​នឹង​ពួក​គេ ទាំង​បេះដូង​លោត​ស្ទើរ​ចេញ​ពី​ទ្រូង។ មនុស្ស​ទាំង​នោះ​ក៏​ស្រែក​សំឡុត ឱ្យ​ប្រគល់​ព្រះពុទ្ធ​រូប​មាស​ទៅ​ពួក​គេ។ ពេល​នោះ​ខ្ញុំ​គិត​ក្នុង​ចិត្ត​ថា បើ​ទោះ​ជា​ព្រម​ប្រគល់​ព្រះពុទ្ធ​រូប​មាស​ឱ្យ ក៏​ពួក​គេ​សម្លាប់​ខ្ញុំ​ដែរ។ គិត​ហើយ ខ្ញុំ​ក៏​លោត​ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ​ដ៏​ជ្រៅ​នោះ។

ពេល​ខ្លួន​ខ្ញុំ​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ ខ្ញុំ​នៅ​តែ​ដឹង​ស្មារតី​ដដែល។ រំពេច​នោះ​ភ្លៀង​ស្រាប់​តែ​ធ្លាក់​មក​ស្រោច​ស្រព​ពី​លើ​ក្បាល​របស់​ខ្ញុំ ប៉ុន្តែ​ទឹក​ភ្លៀង​នោះ​គឺ​ជា​ទឹក​ដ៏​កក់​ក្តៅ ជួយ​ឱ្យ​ខ្ញុំ​បាត់​រងា​ក្នុង​ទឹក​សមុទ្រ​ដ៏​សែន​ត្រជាក់។ មិន​តែ​ប៉ុណ្ណោះ​ខ្ញុំ​មាន​​អារម្មណ៍​​ថា​​ខ្លួន​​ឯង​​មាន​កម្លាំង​ចម្លែក។ ខ្ញុំ​បាន​​ហែល​ក្នុង​ទឹក​សមុទ្រ​យ៉ាង​យូរ ហើយ​ក៏​ស្រាប់​​តែ​​ភ្ញាក់​ខ្លួន​ថា ខ្ញុំ​បាត់​ពុទ្ធប្បដិមា​ពី​ដៃ​ទៅ​ហើយ។ ខ្ញុំ​ភិត​ភ័យ​ខ្លាំង​ណាស់ ប៉ុន្តែ​ពេល​ងាក​ទៅ​ក្រោយ ក៏​ឃើញ​បដិមា​ព្រះពុទ្ធ​កំពុង​អណ្តែត​តាម​ខ្ញុំ​រហូត។ ខ្ញុំ​ក៏​លែង​ភ័យ ហើយ​ហែល​ទៅ​ចាប់​ស្រវា​ព្រះពុទ្ធ​អង្គ។ កាល​ដែល​ខ្ញុំ​បាន​ប៉ះ​ព្រះកាយ​ព្រះពុទ្ធ​ភ្លាម ស្រាប់​តែ​មាន​ផ្កា​ឈូក​ដ៏​ធំ​មួយ​ផុស​ចេញ​មក​ជួយ​ទ្រ​ខ្ញុំ​ឡើង​ផុត​ពី​ ក្នុង​ទឹក​សមុទ្រ។ ខ្ញុំ​រំភើប​ចិត្ត​ណាស់។ ខ្ញុំ​​ឱប​​ព្រះពុទ្ធ​​ប្បដិមា​ជាប់​ទ្រូង​របស់​ខ្ញុំ។

ផ្កាឈូកដ៏ធំនោះចេះតែរសាត់នាំរូបខ្ញុំ រហូត​ទៅ​ដល់​មាត់​ឆ្នេរ​មួយ។ ចម្លែក​ណាស់! ទីនោះ​មាន​ពន្លឺ​ព្រះអាទិត្យ​រះ​ចិញ្ចែង​ចិញ្ចាច ខុស​ស្រឡះ​ពី​ទី​ឃាតកម្ម​អម្បាញ់មិញ។ ខ្ញុំ​ចុះ​ពី​លើ​ផ្កា​ឈូក ដើរ​ទៅ​លើ​ឆ្នេរ រួច​ផ្កា​ឈូក​នោះ​ក៏​រលាយ​បាត់​ក្នុង​សមុទ្រ​វិញ។ ខ្ញុំ​ដក​ដង្ហើម​ស្រូប​យក​ខ្យល់​ដ៏​បរិសុទ្ធ​លើ​បរម​ស្ថាន រួច​ដើរ​ចេញ​ពី​ឆ្នេរ​សមុទ្រ​នោះ ហើយ​បាន​ប្រទះ​នឹង​ទីក្រុង​ដ៏​ស្រស់​ប្រណីត​មួយ។

“ទីក្រុងអ្វីស្អាតម៉្លេះ! តើនេះជាទីក្រុងសួនឧទ្យានឬ?”

ទីក្រុងមួយនោះតូចច្រឡឹង លម្អដោយផ្ទះថ្មគ្រប់ពណ៌ស្ថិតនៅជិតៗគ្នា។ ផ្លូវ​ថ្នល់​រលោង​ស្រិល អម​ដោយ​សួន​ឧទ្យាន​ដ៏​ស្រស់​បំព្រង មាន​រុក្ខា​ខ្ពស់​ទាប​ប្រកប​ដោយ​ផ្លែ​ផ្កា​ពេញ​ទាំង​ដើម។ ក្រៅ​ពី​នេះ ខ្ញុំ​ឃើញ​មាន​សត្វ​បក្សា​បក្សី​ជា​ច្រើន ខ្លះ​ហើរ​ខ្លះ​​ដើរ ហាក់​មិន​បារម្ភ​ខ្លាច​មនុស្ស​ប៉ង​ចាប់​ធ្វើ​បាប​ឡើយ។

កំពុងតែស្លុងអារម្មណ៍នឹងទិដ្ឋភាពដែលមិនដែលជួបប្រទះនោះ ស្រាប់​តែ​មាន​ក្មេង​ប្រុស​ម្នាក់ ជា​មួយ​សត្វ​សារិកា​ទំ​ពី​លើ​ស្មា​ផង បាន​ដើរ​មក​រក​ខ្ញុំ​ដោយ​ស្រដី «សួស្ដីបងប្រុស! តើចង់ញ៉ាំផ្លែឈើទេ? ខ្ញុំទៅបេះមកអង្គុយញ៉ាំជាមួយបង។»

ឮសំនួននេះ ខ្ញុំភ្ញាក់ផ្អើលណាស់។  យើងមិនដែលស្គាល់គ្នាផង ហេតុអ្វី​ក៏​កុមារា​នោះ​ចិត្ត​ល្អ​នឹង​ខ្ញុំ​ម៉្លេះ?

«អូហ៍! សួស្តីប្អូនតូច! តើយើងអាចបេះផ្លែឈើទាំងនេះមកញ៉ាំបាន មែនទេ?»

«បាទ!»

ឆ្លើយតែប៉ុណ្ណោះ ក្មេងប្រុសនោះក៏ដើរទៅបេះផ្លែឈើទាបៗ ស្មើ​នឹង​កំពស់​របស់​គេ រីឯ​សត្វ​សារិកា​ក៏​ហើរ​ទៅ​លើ​ដើម​ខ្ពស់ ពាំ​ផ្លែ​ឈើ​បាន​មួយ​ចង្កោម រួច​ទើប​នាំ​គ្នា​ត្រឡប់​មក​កាន់​ខ្ញុំ​វិញ។

«បងប្រុសអញ្ជើញពិសាជាមួយគ្នា!»

ខ្ញុំបកផ្លែឈើនោះទទួលទានដោយឃ្លានខ្លាំង។ “ផ្អែមឆ្ងាញ់ម៉្លេះ! តើផ្លែឈើអ្វីទៅ?” ខ្ញុំ​ទទួល​ទាន​មួយ​ផ្លែ​ហើយ​មួយ​ផ្លែ​ទៀត លែង​នឹក​អៀន​ក្មេង ហើយ​​ឆ្លៀត​​សួរ​​គេ​​ថា «ប្អូនដើរលេងតែម្នាក់ឯងទេឬ?»

«បាទ! គឺជាមួយសារិការបស់ខ្ញុំ។»

«ឃើញហើយម៉េចចាំបាច់សួរ?» សារិកានិយាយ។

ខ្ញុំមើលទៅសារិកានោះទាំងហួសចិត្ត ព្រោះមិនបានដឹង​ថា​វា​ចេះ​និយាយ។

«ចុះតើប្អូនមិនខ្លាចទេឬអី?» ខ្ញុំសួរគេទៀត។

ក្មេងប្រុសនោះក៏មើលមុខខ្ញុំ ធ្វើហាក់ដូចជាឆ្ងល់ ហើយគេសួរត្រឡប់មកខ្ញុំវិញ «តើខ្លាចអី?»

«គឺខ្លាចមានមនុស្សខូចចាប់ធ្វើបាបណា៎! តើ​ម៉ាក់ប៉ា​ប្អូន​មិន​ដែល​ប្រាប់​ទេ​អ្ហេះ?»

«ទេ! ពួកគាត់មិនដែលប្រាប់ខ្ញុំផង។ ប៉ុន្តែខ្ញុំដឹងថា ទីកន្លែងនេះ​គ្មាន​មនុស្ស​ខូច​ទេ។ តើ​កន្លែង​របស់​បង​មាន​មនុស្ស​ខូច​មែន​ទេ?»

កុមារានោះឆ្លាតណាស់។ គេអាចដឹងថា ខ្ញុំមកពីកន្លែងផ្សេង ហើយ​មើល​ទៅ​កន្លែង​របស់​គេ ប្រហែល​ជា​គ្មាន​មនុស្ស​អាក្រក់ ដូច​ពាក្យ​គេ​និយាយ​ហើយ។

«ពិតមែនហើយ! កន្លែងដែលបងរស់នៅមានមនុស្សខូចៗ​ច្រើន​ណាស់។ គេ​ចាប់​ក្មេង​តូចៗ​ដូច​ប្អូន​អ៊ីចឹង​ធ្វើ​បាប​ទៀត​ផង។»

«គួរឱ្យខ្លាចណាស់!»

ក្មេងប្រុសនោះលាន់មាត់ ដូចមិនធ្លាប់បានដឹងរឿងអ្វីឡើយ។ ខ្ញុំ​ក៏​​ឈប់​​និយាយ​​ពី​​រឿង​​នេះ ហើយ​បង្វែរ​​មក​​សួរ​​ពី​​ឪពុក​​ម្តាយ​​របស់​​គេ​​ម្តង​ «ចុះ​តើ​ពេល​នេះ ម៉ាក់​ប៉ា​ប្អូន​នៅ​ឯណា?»

«ពួកគាត់ទៅវត្តតាំងពីព្រឹក ព្រោះថ្ងៃនេះគឺជាថ្ងៃសីល។»

«តើវត្តនោះនៅឯណា? ឆ្ងាយទេ?»

«មិនឆ្ងាយទេ! ដើរតែបន្តិចដល់ហើយ។ បងចង់ទៅមែនទេ? ចាំខ្ញុំជូនទៅ។»

ពោលរួច ក្មេងប្រុសក៏ប្រមូលសំបកផ្លៃឈើ យក​ទៅ​ដាក់​ក្នុង​ធុង​សំរាម​នៅ​ក្បែរ​នោះ ទាល់​​តែ​ស្អាត។ ខ្ញុំ​តាម​មើល​គេ លាយ​ដោយ​ចិត្ត​សរសើរ​ជាប់។ កុមារា​នោះ​ពិត​ជា​គួរ​ឱ្យ​ស្រលាញ់​ណាស់ ហើយ​មាន​ចិត្ត​ល្អ​ថែម​ទៀត។

ខ្ញុំដើរតាមគេកាត់ក្នុងទីក្រុង ហើយប្រទះតែក្មេងៗប៉ុណ្ណោះ អត់​ឃើញ​មាន​មនុស្ស​ពេញវ័យ​​ម្នាក់​សោះ។

«តើមនុស្សធំ​សុទ្ធតែទៅវត្តទាំងអស់មែនទេ?» ខ្ញុំសួរគេ។

«បាទ! ក្មេងៗខ្លះក៏ទៅវត្តដែរ។ ប៉ុន្តែក្មេងៗដែលនៅទីនេះ ព្រោះ​ចាំ​ទទួល​មនុស្ស​ប្លែកៗ ដែល​មាន​និស្ស័យ​មក​ដល់។»

“ពិតជាភ័ព្វនិស្ស័យរបស់ខ្ញុំមែន ដែលបានមកដល់បរមឋាននេះ!” ខ្ញុំគិតក្នុងចិត្ត។

តាមផ្លូវទៅកាន់វត្តនោះ មានស្រះទឹកថ្លាឆ្វង់ មាន​ដើម​ឈូក​ផ្កា​ក្រហម​ស​ស្រស់​បំព្រង ហើយ​ថែម​ទាំង​ឃើញ​ត្រី​ហែល​លេង​ពេញ​ស្រះ​នោះ​ទៀត​ផង។

មិត្តក្មេងរបស់ខ្ញុំបានចង្អុលប្រាប់ខ្ញុំ ឱ្យ​ឃើញ​ដំបូល​ព្រះវិហារ​របស់​វត្ត​នោះ​ពី​ចម្ងាយ ដែល​ប្រតិដ្ឋ​ឡើង​នៅ​កណ្តាល​ចុង​ព្រឹក្សា។ នៅ​ក្នុង​ព្រៃ​ព្រឹក្សា​នោះ​ដែរ ពេល​បាន​ចូល​ទៅ​ដល់​ក៏​ឃើញ​ថា ជា​ទី​ជម្រក​ដ៏​ត្រជាក់​ត្រជំ​របស់​សត្វ​ព្រៃ​គ្រប់​ប្រភេទ។ កូន​ក្តាន់​គួរ​ឱ្យ​ស្រលាញ់​មួយ​បាន​ដើរ​តាម​ពី​ក្រោយ​ពួក​យើង។ ខ្ញុំ​ស្ទាប​​អង្អែល​ក្បាល​វា​ថ្នមៗ។ កុមារា​មិត្ត​ថ្មី​បាន​ប្រាប់​ខ្ញុំ​ថា កុំ​ឱ្យ​លេង​ជាមួយ​វា​ទៀត ឱ្យ​វា​ទៅ​រក​មេ​របស់​វា​វិញ​ទៅ ខ្លាច​វា​វង្វេង​មេ។ ខ្ញុំ​ស្ទើរ​តែ​ភ្លេច​ថា​ខ្លួន​ឯង​កំពុង​តែ​ដើរ​ទៅ​វត្ត​ទៅ​ហើយ ព្រោះ​ក្នុង​ចិត្ត​ចង់​តែ​ប្រឡែង​លេង​ជាមួយ​កូន​សត្វ​តូចៗ​ទាំង​ឡាយ។ ខណៈ​នោះ ខ្ញុំ​កាន់​តែ​ដឹង​ច្បាស់​ថា មិន​ត្រឹម​តែ​បក្សា​បក្សី​ទេ ដែល​មិន​ខ្លាច​មនុស្ស សូម្បី​តែ​មច្ឆា ឬ​ក៏​សត្វ​ចតុប្បាទ​ផ្សេងៗ ក៏​សុទ្ធ​តែ​ជា​មិត្ត​របស់​មនុស្ស​ដែរ។ ខ្ញុំ​នឹក​តែ​ក្នុង​ចិត្ត​ថា មនុស្ស​នៅ​ទី​ក្រុង​នេះ ប្រហែល​ជា​គ្មាន​អ្នក​ណា​បរិភោគ​សាច់​សត្វ​ឡើយ តែ​ខ្ញុំ​មិន​ហ៊ាន​សួរ​កុមារា​ទៀត​ទេ ព្រោះ​ខ្លាច​គេ​ភ្ញាក់​ផ្អើល។

ក្រោយមកពួកយើងក៏បានទៅដល់ទីអារាមមួយដ៏ធំល្វឹងល្វើយ។ កាល​នោះ​គឺ​ស្រប​ពេល​ដែល​ពួក​បរិស័ទ​ទាំងអស់ កំពុង​ចុះ​ពី​សាលា​ឆាន់​ដ៏​សែន​ធំ ល្មម​អាច​ផ្ទុក​បាន​បរិស័ទ​ទាំងអស់​ក្នុង​ក្រុង​មួយ​នេះ។ បរិស័ទ​ទាំងឡាយ​ពាក់​អាវ​ពណ៌​សក្បុស​ដូច​ពពក និង​មាន​ទឹក​មុខ​ញញឹម​ញញែម លុះ​ដោយ​សីលធម៌​ខ្ពង់​ខ្ពស់។ ស្វាមី​ភរិយា​ក្មេង​ចាស់​ដើរ​បណ្តើរ​គ្នា​ត្រសង ហាក់​គ្មាន​ទុក្ខ​ព្រួយ​រឿង​អ្វី។ ពួកគេ​និយាយ​ទន់ភ្លន់​ដាក់​គ្នា សំគាល់​ថា​ពួកគេ​ប្រហែល​មិន​ធ្លាប់​មាន​រឿង​ឈ្លោះ​ប្រកែក​រកាំ​រកូស​អ្វី​ ឡើយ។ ក្រៅ​ពី​នេះ បរិស័ទ​ដែល​ស្ថិត​ក្នុង​វ័យ​កម្លោះ​ក្រមុំ ដើរ​ជុំៗ​គ្នា​កំប្លែង​សើច​ខ្ញៀវ​ខ្ញារ និង​មាន​យុវជន​ខ្លះ​កំពុង​ដើរ​ជួយ​គ្រា​ហ៍តា​យាយ​ជរា ដោយ​កាយ​វិការ​ឱន​លំទោន។

មិត្ត​កុមារាក៏បាននាំខ្ញុំ​ទៅកាន់កុដិមួយ ដែលមានឪពុកម្តាយ​របស់​គេ​នៅ​ទី​នោះ។ ខ្ញុំ​ជម្រាប​សួរ​ចាស់​ទុំ​ទាំង​ពីរ​នាក់ ហើយ​ពួក​គាត់​បាន​គំនាប់​តប​មក​ខ្ញុំ​វិញ ប្រកប​ដោយ​អធ្យាស្រ័យ​ថ្លៃ​ថ្នូរ​គួរ​ឱ្យ​ស្ញប់​ស្ញែង។ បន្ត​ទៅ​ទៀត ខ្ញុំ​ក៏​ចូល​ទៅ​ថ្វាយ​បង្គំ​ព្រះសង្ឃ​មួយ​អង្គ មាន​ព្រះជន្ម​ដំណាល​គ្នា​នឹង​ខ្ញុំ ដែល​ត្រូវ​ជា​បង​ប្រុស​​របស់​មិត្ត​ក្មេង​របស់​ខ្ញុំ។ ក្នុង​កាលៈ​ទេសៈ​នោះ ខ្ញុំ​រំភើប​ពេក រក​នឹក​អ្វី​នឹង​បង្គំ​សួរ​លោក​ក៏​គ្មាន។ ប៉ុន្តែ​ព្រះសង្ឃ​ក្នុង​ព្រះជន្ម​ក្មេង​នោះ ក៏​មាន​សង្ឃ​ដីកា​មក​កាន់​ខ្ញុំ​មុន។

«បងប្រុសប្រហែលជាកំពុងនឹកមន្ទិល ពីបុរីនេះជាប្រាកដ។ មនុស្ស​ដែល​រស់​នៅ​ក្នុង​បុរី​នេះ សុទ្ធ​តែ​ជា​ព្រះពុទ្ធ​សាសនិក។ ពួក​គេ​រក្សា​និច្ច​សីល តាម​ឱវាទ​របស់​ព្រះពុទ្ធ​បរម​គ្រូ​គ្មាន​ល្អៀង។ ពួក​គេ​មិន​ចេះ​រក​ចំណេញ គេង​ប្រវ័ញ្ជ​គ្នា ឬ​ក៏​មាន​ចិត្ត​លោភលន់​ឡើយ ប៉ុន្តែ​តែង​តែ​ចែក​រំលែក​អ្វីៗ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ទង្វើ​នេះ​គឺ​ជា​ប្រពៃណី​មួយ នាំ​ឱ្យ​គ្រប់​គ្នា​ស្រលាញ់​សាមគ្គីភាព។ ពេល​ធ្វើ​ការ​អ្វី​ក៏​ដោយ ប្រជារាស្ត្រ​ទាំងអស់​តែង​ទៅ​ចូល​រួម​ជួយ​គ្នា​ជា​ដរាប។ ពួក​គេ​សុទ្ធ​តែ​ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម ប្រកប​របរ​កសិកម្ម ដាំ​ដំណាំ​គ្រប់​ប្រភេទ រី​ឯ​ជីវភាព​របស់​ពួក​គេ ក៏​ស្គាល់​តែ​ភាព​សំបូរ​សប្បាយ គ្មាន​ទុក្ខ​កង្វល់។»

ស្តាប់​ដល់​ត្រឹម​នេះ ខ្ញុំ​ក៏​ទូល​សួរ​​​ព្រះសង្ឃ​អង្គ​នោះ​ថា «ទី​ស្ថាន​នេះ​ខុស​ឆ្ងាយ​ពី​ទី​ស្ថាន​កំណើត​របស់​ខ្ញុំ​កូរណា។ តើ​ព្រះ​គុណ​ម្ចាស់​អាច​ប្រាប់​ខ្ញុំ​កូរណា​បាន​ទេ? តើ​អ្នក​ណា​ជា​អ្នក​ដឹក​នាំ​បុរី​នេះ?»

ព្រះសង្ឃក្មេងពេញដោយបញ្ញា បាន​មាន​សង្ឃដីកា​ទន់​ត្រជាក់​តប​មក​ចម្ងល់​របស់​ខ្ញុំ​វិញ «នៅ​ក្នុង​នគរ​នេះ ប្រហែល​ជា​គ្មាន​អ្នក​ដឹក​នាំ​ដូច​ជា​ប្រទេស​របស់​បង​ប្រុស​ទេ។ ប៉ុន្តែ​នគរ​នេះ​ប្រាកដ​ជា​មាន​​អ្នក​ដឹក​នាំ​ជាក់​ណាស់។ អ្នក​ដឹក​នាំ​របស់​យើង​ជា​បុគ្គល​មួយ​រូប ដែល​មនុស្ស​ទាំង​អស់​ទទួល​ស្គាល់​ថា លោក​គឺ​ជា​សព្វញ្ញូ​ជន។ លោក​ស្ថិត​នៅ​តែ​ក្នុង​ចិត្ត​គំនិត​របស់​យើង​ប៉ុណ្ណោះ តែ​ទ្រឹស្តី​ទូន្មាន​ប្រៀន​ប្រដៅ​ដ៏​ច្រើន​លើស​លប់​របស់​លោក ត្រូវ​បាន​អ្នក​នគរ​នេះ​ទទួល​យក​ធ្វើ​ជា​ច្បាប់​រស់​នៅ។ ពួក​គេ​បាន​ប្រព្រឹត្ត​តាម​ឱវាទ​របស់​លោក ដើម្បី​ដឹក​នាំ​ខ្លួន​ឯង គ្រួសារ និង​សង្គម​ជាតិ។​ អាត្មា​បាន​ប្រាប់​បង​ប្រុស​រួច​ហើយ ថា​ប្រជារាស្ត្រ​ទាំងអស់​នៅ​ក្នុង​បុរី​នេះ សុទ្ធ​តែ​ជា​ព្រះពុទ្ធ​សាសនិកជន។ តើ​បង​អាច​ដឹង​បាន​ឬ​នៅ ថា​អ្នក​ណា​គឺ​ជា​អ្នក​ដឹក​នាំ​ទី​ស្ថាន​នេះ​នោះ?

ព្រះសង្ឃ​បញ្ចប់​ឃ្លា​សំនួរ​នេះ ដោយ​សម្លឹង​មក​ចំ​ព្រះពុទ្ធ​ប្បដិមា ដែល​ខ្ញុំ​កាន់​ជាប់​នៅ​ដៃ។ ខ្ញុំ​ក៏​ទូល​តប​ទៅ​លោក «ខ្ញុំ​កូរណា​បាន​ស្គាល់​ហើយ ក៏​ប៉ុន្តែ​សូម​ព្រះអង្គ​​មេត្តា​ប្រាប់​ខ្ញុំ​កូរណា​ផង ថា​តើ​ព្រះពុទ្ធ​សាសនា​​អាច​ដឹក​នាំ​សង្គម​ជាតិ​បាន​ដោយ​របៀប​ណា?»

«ព្រះពុទ្ធមានព្រះបន្ទូលថា៖ “ទោះបី​លទ្ធិណា​ក៏​ដោយ បើ​ដឹក​នាំ​ទៅ​រក​តណ្ហា មិន​ដឹក​នាំ​ទៅ​រក​សន្តិភាព បើ​ដឹក​នាំ​ទៅ​រក​ការ​ឆ្មើង​ឆ្មៃ មិន​ដឹក​នាំ​ទៅ​រក​ភាព​រាបសា បើ​ដឹក​នាំ​ទៅ​រក​ការ​ពង្រីក​ការ​ប្រាថ្នា មិន​ដឹក​នាំ​ទៅ​រក​ការ​សន្តោស បើ​ដឹក​នាំ​ទៅ​រក​ការ​ឃោរឃៅ មិន​ដឹក​នាំ​ទៅ​រក​គំនិត​​ស្ងប់ លទ្ធិ​នោះ​មិន​មែន​ជា​លទ្ធិ​ត្រឹម​ត្រូវ​ទេ មិន​មែន​ជា​វិន័យ​ទេ មិន​មែន​ជា​ការ​ប្រៀប​ប្រដៅ​ទេ”។ តើ​នៅ​ក្នុង​ប្រទេស​របស់​បង​មាន​ប្រជាជន​ប៉ុន្មាន​នាក់​ហើយ ដែល​បាន​យល់​ពី​អត្ថន័យ​នៃ​ទ្រឹស្តី​ព្រះពុទ្ធ? ប្រទេស​ជាតិ​មួយ​រីក​ចម្រើន គឺ​អាស្រ័យ​លើ​ធនធាន​មនុស្ស។ ព្រះពុទ្ធ​សាសនា​បាន​បង្រៀន​មនុស្ស​ឱ្យ​មាន​ចំណោះ​ដឹង​ជ្រៅ​ជ្រះ សីលធម៌​ខ្ពង់ខ្ពស់ ស្គាល់​ខុស​ស្គាល់​ត្រូវ ស្រលាញ់​អ្នក​ដទៃ ប្រាថ្នា​រស់​នៅ​ក្នុង​សន្តិភាព។ ប្រទេស​មួយ​ដែល​មាន​តែ​អ្នក​ចេះ​ដឹង នឹង​​ក្លាយ​ទៅ​ជា​ប្រទេស​រីក​ចម្រើន​ជា​ប្រាកដ។ ឆ្លើយ​ត្រឹម​ប៉ុណ្ណេះ តើ​បង​នៅ​មាន​ពិភាល់​អ្វី​ទៀត​ឬ​ទេ?

បានស្តាប់សង្ឃដីការរបស់ព្រះសង្ឃអង្គនោះរួច ចិត្ត​របស់​ខ្ញុំ​ក្លាយ​ទៅ​ជា​ត្រជាក់​ស្រេង បាត់​អស់​មន្ទិល​សៅហ្មង ហើយ​យល់​ថា​ពិភព​លោក​នេះ ពិត​ជា​គួរ​ឱ្យ​ចង់​រស់​នៅ​ខ្លាំង​ណាស់។

ខ្ញុំក៏បានទូលពិតលោកពីអារម្មណ៍ដែលខ្លួនកំពុងតែគិតថា «បរមស្ថានបែប​នេះ​ហើយ​គឺ​ជា​កន្លែង​ដែល​ឋិត​ក្នុង​ក្តី​ស្រមៃ​របស់​ខ្ញុំ​ កូរណា។ ដូច​នេះ​សូម​ព្រះអង្គ​​មេត្តា​អនុញ្ញាត​ឱ្យ​រូប​ខ្ញុំ​កូរណា អាច​រួម​រស់​ជា​ប្រជារាស្ត្រ​នៅ​ក្នុង​ទី​ស្ថាន​នេះ​ផង។

ប៉ុន្តែសំណូមពររបស់ខ្ញុំនេះ ត្រូវបានព្រះសង្ឃនោះ​ប្រកែក​ថា «ពុំ​ប្រពៃ​ទេ​បង​ប្រុស! អាត្មា​មិន​អនុញ្ញាត​ទេ! បង​បាន​ប្រាប់​ថា ទី​ស្ថាន​កំណើត​របស់​បង ខុស​គ្នា​ឆ្ងាយ​ពី​ទី​ស្ថាន​អាត្មា​នេះ។ បង​ឃើញ​ទីស្ថាន​នេះ​ល្អ បង​ប្រាថ្នា​មក​រស់​នៅ​ទី​នេះ ដោយ​គ្មាន​នឹក​នា​ដល់​បង​ប្អូន​សាច់​ញាតិ​របស់​បង គឺ​ពិត​ជា​មិន​គប្បី​សោះ។ តើ​បង​អាច​រស់​នៅ​ស្ងប់​សុខ​ម្នាក់​ឯង​បាន​ទេ បើ​ដឹង​ថា​ពួក​គេ​កំពុង​តែ​វេទនា​នោះ? ព្រះពុទ្ធ​សុខ​ចិត្ត​លះបង់​អ្វី​គ្រប់​យ៉ាង ដើម្បី​ផល​ប្រយោជន៍​មនុស្ស​ជាតិ។ ចុះ​បង? បង​ក៏​មាន​ភារកិច្ច​កសាង​ប្រយោជន៍​ចំពោះ​ជាតិ​មាតុភូមិ​របស់​បង​ដែរ។

«តែខ្ញុំកូរណាអាចនឹងស្លាប់ ព្រោះតែមនុស្សឃោរឃៅសម្លាប់។»

«មិនអីទេ! បងមិនស្លាប់ទាំងខ្លួនក្មេងបែបនេះទេ ព្រោះ​បង​នៅ​សល់​កិច្ចការ​សំខាន់​ដែល​ត្រូវ​ធ្វើ​ច្រើន​ទៀត។ បង​ត្រូវ​ប្រែ​ចិត្ត​ឃាតករ​ដែល​តាម​សម្លាប់​បង ឱ្យ​ពួក​គេ​ព្រម​ទម្លាក់​អាវុធ​ចុះ។ សូម​បង​ពន្យល់​ពួក​គេ​ឱ្យ​ដឹង​ថា តើ​អ្វី​គឺ​ជា​សុភមង្គល​ពិត​ប្រាកដ  ដែល​មនុស្ស​ប្រាថ្នា​ចង់​បាន?

ភ្លាម​នោះ​ខ្ញុំ​ហាក់​ភ្ញាក់​រឭក យល់​ពី​កាតព្វ​កិច្ច​ដ៏​សំខាន់​របស់​ខ្លួន។ ខ្ញុំ​មិន​កំសាក​ខ្លាច​ស្លាប់​ដូច​ពេល​មុន​ទេ។ ខ្ញុំ​នឹង​តស៊ូ​ដើម្បី​ឃើញ​ប្រទេស​ជាតិ​របស់​ខ្ញុំ បាន​ស្គាល់​តែ​សន្តិភាព និង​វឌ្ឍនភាព។

គិតឃើញសព្វគ្រប់ហើយ ខ្ញុំក៏ក្រាបថ្វាយបង្គំ​លា​ព្រះសង្ឃ ជម្រាប​លា​មនុស្ស​ចំណាស់​ទាំង​ពីរ​នាក់ ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ខ្ញុំ​វិញ ដោយ​មាន​កុមារា​ជា​កល្យាណ​មិត្ត​បាន​ជូន​ដំណើរ។ មួយ​ប៉ប្រិច​ភ្នែក​សោះ ពួក​យើង​ក៏​ទៅ​ដល់​មាត់​សមុទ្រ។ ដៃ​របស់​ខ្ញុំ​មិន​ភ្លេច​កាន់​ព្រះពុទ្ធ​ប្បដិមា​ទេ។ ខ្ញុំ​សម្លឹង​រេរា រក​ផ្កាឈូក​ដែល​បាន​ជូន​ដំណើរ​ខ្ញុំ​មក​ដល់​ទី​ស្ថាន​នោះ រួច​ក៏​ឃើញ​ផ្កាឈូក​នោះ​ផុស​ចេញ​ពី​ក្នុង​ទឹក​ដូច​បំណង​មែន។ ខ្ញុំបាន​​ងាក​មើល​ទី​ក្រុង​នោះ​ជា​ចុង​ក្រោយ ព្រម​ទាំង​ពោល​ពាក្យ​លា​មិត្ត​កុមារា និង​សារិកា​ផង។ ខ្ញុំ​បាន​ឡើង​អង្គុយ​លើ​ផ្កា​ឈូក… រួច​​ក៏​ភ្ញាក់​​ពី​សុបិន​ត្រឹម​នោះ។

ដោយ សុខ ចាន់ផល

មិថុនា ២០០៦