និយាយពីការប្រជុំឱ្យស្ដាប់

7 មតិ

កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ សមាជិកយុវអ្នកនិពន្ធខ្មែរជាច្រើនរូបបានមកជួបប្រជុំគ្នា ក្នុងបរិយាកាសដ៏សប្បាយរីករាយ មហាសប្បាយ មហាមិត្តភាព។ នាថ្ងៃនោះដែរ យើងក៏បានបន្ថែមសមាជិកចំនួនពីររូបទៀត គឺ ក្មេងតូច មកពីខេត្តបន្ទាយមានជ័យ និង អ្នកនិពន្ធស្រីកំពុងល្បីឈ្មោះ នួន ពេជ្រសូដែននី។ ទោះយ៉ាងណា ដោយសារអវត្ថមានសមាជិកសំខាន់ៗដូចជា កើយ ចិត្រា និង ច័ន្ទ មល្លិកា ចំពោះរឿងឡូហ្ហូក្រុម គឺត្រូវព្យួរទុកជាបណ្ដោះអាសន្នសិន! ឃើញថាពេលប្រជុំ អ្នកណាក៏សើចដែរ ហើយពួកយើងក៏បានបញ្ចប់ការប្រជុំត្រឹមម៉ោង ៥ ល្ងាច ប៉ុន្តែនៅមានអ្នកបន្តជជែកពិភាក្សាដល់យប់ក៏មាន។

យុវអ្នកនិពន្ធខ្មែរ នៅតែជួបជុំគ្នារីករាយ! ស៊ូ ទាំងអស់គ្នា!

សេចក្ដីជូនដំណឹង

9 មតិ

ឃើញថា ក្រុម យុវអ្នកនិពន្ធខ្មែរ មួយរយៈនេះមានការរីកចម្រើនគួរឱ្យគត់សម្គាល់ ខុសពីកាលមុនស្ងាត់ច្រៀប…  បើនិយាយពីប្លកយើងវិញ គឺបានក្លាយជាប្លកក្ដៅគគុកមួយ ដែលជាមោទនភាពព្រោះពួកយើងបានធ្វើឱ្យអ្នកប្រើអ៊ីនធើណេតទាំងឡាយចាប់អារម្មណ៍! ទាំងនេះគឺបានមកពីការខិតខំប្រឹងប្រែងរបស់សមាជិកចាស់ថ្មីទាំងអស់គ្នា។ ហេតុនេះ សូមអរគុណ! និងក៏សូមអរគុណដល់ប្រិយមិត្តរបស់ ប្លកយុវអ្នកនិពន្ធខ្មែរ ផងដែរ។

យល់ថា ការប្រជុំលើកមុនមានលទ្ធផលជាផ្លែផ្កាមិនទាន់ជាទីពេញចិត្ត​នៅឡើយ ហេតុនេះខ្ញុំបាទសូមប្រកាសថា ក្រុមយុវអ្នកនិពន្ធខ្មែរ នឹងមានការប្រជុំមួយទៀត នាថ្ងៃអាទិត្យ ទី ២០ ធ្នូ ២០០៩ នេះ វេលាម៉ោង ២ រសៀល នៅមុខសមាគមអ្នកនិពន្ធខ្មែរ។

ដឹងថា ក្រុមយើងមិនទាន់ឯកភាពក្នុងការជ្រើសរើស កញ្ញា ច័ន្ទ មល្លិកា ជាប្រធានក្រុមនៅឡើយ ប៉ុន្តែយ៉ាងណាក្រុមមួយត្រូវតែមានរចនាសម្ព័ន និងមានប្រធានម្នាក់ជាអ្នកលះបង់កម្លាំងកាយចិត្តបម្រើក្រុម ហេតុនេះ៖

១-ក្រុមត្រូវពិភាក្សាជ្រើសរើសប្រធានម្នាក់ឱ្យខាងតែបាន (បោះឆ្នោតរើស)

២-ពិភាក្សារូបសញ្ញាក្រុម (សមាជិកទាំងអស់គួរតែមានគំនិតធ្វើឡូហ្កូរៀងខ្លួន ហើយបង្ហាញទៅគ្រប់គ្នាជាមួយនឹងអត្ថន័យដែលខ្លួនយល់ថា សក្តិសមនឹងជ្រើសយកជាឡូហ្កូរបស់ យុវអ្នកនិពន្ធខ្មែរ។

៣-សមាជិកចាស់ថ្មីទាំងអស់ត្រូវមានប្រវត្តិសង្ខេបផ្ទាល់មួយច្បាស់ សម្រាប់តម្កល់ឱ្យប្រធានក្រុម ដើម្បីបែងចែងរចនាសម្ព័ន។

៤-បើមានអ្វីបន្ថែម ដែលត្រូវលើកឡើងក្នុងថ្ងៃប្រជុំ សមាជិកទាំងអស់អាចបន្ថែមនៅក្នុងវិចារបាន។

អរគុណ!

ជួបគ្នានាចុងសប្ដាហ៍នេះ! កុំភ្លេចណ៎ា! បើភ្លេចមានន័យថាមិនយកចិត្តទុកដាក់!

ខ្មែរត្រូវថែកេរ

2 មតិ

ស្មារតីកូនខ្មែរ   តាំងចិត្តកូនម៉ែ   កម្លាំងកូនឪ

រួបរួមសាមគា   ការពារលំនៅ   កម្ចាត់សត្រូវ

កុំនៅអល់អែក។

ដៃកាន់អាវុធ   តាំងចិត្តមោះមុត   វាយលត់ពួកក្អែក

កាប់គាស់ចូងចាំង   ខ្លាំងដូចជាដែក   នាំគ្នាបំបែក

ខ្មាំងជាជំរាក។

សូត្រមន្តអាគម   លោកគ្រូចារផ្លុំ   បាលីគ្រប់ពាក្យ

ព្រលឹងដូនតា   មហាគុននាគ   សណ្ឋិតកិតកៀក

ការពារកូនចៅ។

ដីកេរម្លប់ត្នោត   ខ្មែរមិនត្រូវឆោត   ឱ្យយួនសៀមនៅ

វាយយកមកវិញ   ទាំងត្រជាក់ក្តៅ   អាចោរថ្លើមខ្មៅ

ត្រូវតែអន្តរាយ។

ដីខ្មែរៗម្ចាស់   អាទមិឡគ្មានសាសន៍   ត្រូវតែខ្វាត់ខ្ចាយ

កុំចង់ឈ្លានពាន   ខ្មែរហ៊ានបង់កាយ   ជីវិតមិនស្តាយ

ថែកេរដូនតា។

ខ្មែរត្រូវស្រួលស្រុះ   នាំគ្នាដាំដុះ   គំនិតស្នេហា

ទឹកដីព្រៃភ្នំ   ប្រាសាទសិលា   ជាតិនិងសាសនា

ព្រះមហាក្សត្រ។

កើយ-ចិត្រា

ប៉ះស្រីយួន

5 មតិ

នាមាត់ទន្លេម៉ោងប្រាំមួយ           ជាមួយយានយន្តម៉ាកល្បីៗ

ខ្ញុំគេសុទ្ធតែយុវវ័យ                       ប្រុសស្រីកកកុញមាត់អឺងកង ។

អ្នកខ្លះអត់គូរអ៊ូខ្សឹប                      ចេញវ៉ឹបតាមញ៉ែក្បែររបង

អ្នកខ្លះគូគេដឹកត្រសង                 អូនបងមិនដាច់មានហូរហែ ។

ចំណែកខ្ញុំវិញចេញតាមគេ         ទំនេរដួងចិត្តគិតមានស្នេហ៍

ឃើញស្រីម្នាក់នោះគួរសមដែរ តាមញ៉ែជាប់ៗជិតសង្ឃឹម ។

លេងមុខចាយរាងដៀងយូរៗ   ខ្ញុំស៊ូតាមកៀងដូចកូនក្រឹម

សាច់ឈាមអាស៊ីប៉ែកបស្ចឹម     ញញឹមញយៗចង់ញ៉ាក់សាច់ ។

សួស្តីស្រីស្អាតស្រស់ហ្មត់ហ្មង  រូបបងខំតាមមិនឱ្យដាច់

ចង់ដឹងសាសន៍អីពៅបណ្តាច់   ទើបសាច់ឈាមស្រីខ្ចីល្អម៉្លេះ ។

នាងឆ្លើយមកវិញមិនចំខ្មែរ        កូរ៉េ ឬក៏បារាំងសេស

ប៉ៃឡាំៗដូចយ៉ាងចែស              នាងចេះវៀតណាមពេញទាំងខ្លួន ។

អ៊ីយ៉ូយៗ!លាសិនហើយ           មិនឡើយសមសោះប៉ះស្រីយួន

ចំអាស៊ីមែនរាងដូចនួន              ស្រីយួនខ្លួនខ្ញុំសុំថយហើយ ។

កើយ-ចិត្រា

ផឹកស្រានឹកស្រីជីកដីដប់ក្អួត

2 មតិ

(បទពាក្យស្រវឹង)

ថ្ងៃនេះស្រវឹងស្ទើរមិនដឹងខ្លួន             នឹកតែងពាក្យជួនចេញពីបេះដូង

រឿងអស់សង្ឃឹមព្រាត់នឹមបេះដូង     សព្វថ្ងៃបេះដូងវាឈឺផ្សាណាស់។

ឆ្នាំនេះថ្ងៃនេះអាកាសខ្យល់ធ្លាក់        រងភាពត្រជាក់រងាខ្លាំងណាស់

នឹកប្រពន្ធគេវាសែនខុសណាស់      នឹកណាស់ស្តាយណាស់ណាសង្សារខ្ញុំ។

សុំជល់កែវមួយជាមួយសម្លាញ់        ម្ហូបក្លែមសុទ្ធឆ្ងាញ់យ៉ាងម៉េចទេខ្ញុំ

ផឹករេដឡាប៊ិលមិត្តលាយឱ្យខ្ញុំ          អង្គរជាតិខ្ញុំទុកជល់ក្រោយគេ។

បើជ្រុលបើផឹកៗឱ្យចេញក្អួត             ផឹកឱ្យអស់អួតផឹកឱ្យខុសគេ

ផឹកដល់ដេកលក់មិនរំខានគេ           ផឹកខ្ញុំផឹកគេផឹកមិនសមសោះ។

ខ្ញុំស្រវឹងហើយថាមិនស្រវឹង               ប្រើពាក្យម្លឹងៗមិនដឹងអីសោះ

ផឹកស្រានឹកស្រីគឺអញ្ជឹងសោះ            មិនដឹងក្រសោះរាល់ង៉ៃនឹងនោះ។

កើយ-ចិត្រា

លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​អាស្រូវ!!!

7 មតិ

សេចក្តី​ជូនដំណឹង

ទោះ​បី​ជា​ខ្ញុំ​ដែល​គេ​ស្គាល់​ច្រើន​ក្នុង​នាម​អាចម៍​ផ្កាយ ហើយ​ពេល​នេះ​បាន​ដូរ​ឈ្មោះ​មក​ជា​ផ្កាយNoVeLs(ព្រោះ​ចង់​បំភ្លេច​រឿង​អាក្រក់​ៗ​ចោល​ឲ្យ​អស់!!) ​មិន​មែន​ជា​អ្នក​ផ្តួច​ផ្តើម​គំនិត​ក្នុង​ការ​បង្កើត​ក្រុម​យុវអ្នក​និពន្ធ​ខ្មែរ​នេះ​ក៏​ដោយ តែ​ខ្ញុំ​ក៏ជា​ម្នាក់​ដែល​ជា​សមាជិក​ដំបូង​បំផុត​របស់​ក្រុម​នេះ​ដែរ។ មក​ដល់​ពេល​នេះ​​រលក​មុខ​ខ្ញុំ​ ប្រហែល​ជា​ដល់​ពេល​ដែល​រលក​ក្រោយ​ត្រូវ​រុញ​ច្រាន​​​ឲ្យ​ចាកចេញ​ពី​ក្រុម​នេះ​ហើយ។

ចាប់​ពី​ថ្ងៃ​នេះ​ វិនាទី​នេះ​តទៅ ខ្ញុំ​សូម​ប្រកាស​ដល់​អ្នក​ទាំង​អស់​គ្នា​ថា ឈ្មោះ​ខ្ញុំ​ម្នាក់​នេះ​គ្មាន​អ្វី​ពាក់​ព័ន្ទ​នឹង​ក្រុម​ទៀត​ទេ។ ខ្ញុំ​សុំ​លុ​ប​ឈ្មោះ​ខ្លួន​ឯង​ចេញ​ពី​សមាជិ​ក​របស់​ក្រុម ហើយ​បើ​មាន​រឿង​រ៉ាវ​ណា​មួយ​កើត​ឡើងជាមួយ​ខ្ញុំ មិន​ថា​ដោយ​​ហេតុផល​ឬ​លក្ខខណ្ឌ​ណា​ក៏​ដោយ​ ខ្ញុំ​ខ្លួន​ឯង​ផ្ទាល់​ជាអ្នក​ទទួល​ខុស​ត្រូវ ក្រុម​យុវអ្នក​និពន្ធ​ខ្មែរគ្មាន​ការ​ពាក់​ព័ន្ធ​អ្វី​ទាំង​អស់។

សូម​សមាជិក​ដែល​ជា​រលក​ក្រោយ​ទាំង​អស់ បន្ត​ធ្វើ​ការ​ងារ​របស់​ខ្លួន​បន្ត​ទៀត​ប្រកប​ដោយ​ជោគ​ជ័យ ខ្ញុំ​រលក​មុខ​សូម​ជម្រាបលា…​

ផ្កាយNoVeLs

ប្រជុំ​ក្រុម

11 មតិ

ការ​ប្រជុំ​ក្រុម​ម្សិលមិញ បើ​ទោះ​បី​ជា​វា​មិន​ជា​រលូន​ប៉ុន្មាន​ក៏​ឃើញ​ថា​យើង​ទទួល​បាន​នូវ​លទ្ធផល​គួរ​កត់​សម្គាល់។ សមាជិក​ក្រុម​ទាំង​អស់​បាន​ឯកភាព​គ្នា​លើ​គំរូ​ឡូហ្គូ​ក្រុម​ដែល បង​ចិត្រា ធ្វើ​ឡើង ដែល​ដំបូង​ឡើយ​យើង​បាន​ពិភាក្សា​គ្នា​លើ​ពណ៌​របស់​ឡូហ្គូ​ហើយ​ក៏​សម្រេច​ជ្រើស​យក​គំរូ​ដូច​ខាង​ក្រោម៖

អត្ថន័យ នៃ ឡូហ្គូ ជា រួមគឺ រលក ក្រោយ ច្រាន រលក មុខ

សម្រាប់​បញ្ហា​ដែល​យើង​បាន​ជួប​ពិគ្រោះ​ជាមួយ​កញ្ញា ច័ន្ទ មល្លិកា ភាគ​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ការ​រួម​គ្នា​ដែល​គាត់​ទាមទារ​ឱ្យ​រាល់​សមាជិក​ក្នុង​ក្រុម​មាន​ភាព​ស្មោះ​ត្រង់​នឹង​គ្នា បូក​រួម​នឹង​ការ​ស្មគ្រ​ចិត្ត​ផង។ ក្រុម​ចាំ​បាច់​ត្រូវ​មាន​រចនាសម្ព័ន្ធ​មួយ​ច្បាស់​លាស់ ហើយ​សមាជិក​ម្នាក់​ៗ​ក៏​តម្រូវ​ឱ្យ​មាន​ប្រវត្តិរូប​តម្កល់​ទុក​ដើម្បី​ឱ្យ​ប្រធាន​ក្រុម​ដឹង​ថា​នរណា​ធ្លាប់​ធ្វើ​ការ​នៅ​ឯណា? មាន​ចំណុច​ខ្លាំង​ត្រង់​ណា? ចំណុច​ខ្សោយ​ត្រង់​ណា​? បែប​ហ្នឹង​ក្រុម​នឹង​​ងាយ​ស្រួល​ធ្វើ​ការ​រួម​គ្នា​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ។ យើង​ក៏​បាន​ពិភាក្សា​គ្នា​​ផង​ដែរ​លើ​ការ​ធ្វើ​សៀវភៅ​ប្រលោមលោក​បែប​រូបភាព​ដែល​ទីផ្សារ​ធំ​របស់​សៀវភៅ​នេះ​គឺ​យុវវ័យ។ គំ​និត​ដែល​យើង​លើក​ឡើង​គឺ​ថ្មី ប៉ុន្តែ​បង​មល្លិកា​មិន​ទាន់​ថា​អី​ថា​វ៉ាន់​ទេ គាត់​សុំ​ទៅ​គិត​មើល​សិន! 😀

សមាជិក​នៅ​ទី​នេះ​មាន​អីឆ្ងល់ ឬ​យល់​យ៉ាង​ណា​ដែរ? ចង់​និយាយ​អី​ក៏​អញ្ជើញ យើង​អាច​ពិភាក្សា​នៅ​ទី​នេះ​បន្ត​ទៀត! ^^

ដោយ​ក្ដី​ស្រឡាញ់

រចនា 😛

Older Entries