កំណប់

5 មតិ

កំណប់មាសមួយហិបកប់នៅក្នុងដំបូកក្រោមដើមត្នោតបីដើម…

អានរឿងនេះជាភាសាអង់គ្លេស នៅ អនុស្សាវរីយ៍

 

កំណប់

តើលោកអ្នកជឿសុបិនទេ? សុបិនឃើញគេប្រាប់ឱ្យទៅជីកកំណប់! វាប្រហែលមិនមានទេវតាឯណាមកពន្យល់សប្តិនេះទេ តែប្រហែលជាខ្មោចព្រាយបិសាចអត់មានការងារធ្វើ មកលេងសើចក៏មិនដឹង។

ព្រឹកនេះព្រះសុរិយារះសើចស្ញេញដាក់ខ្ញុំ។ ខ្ញុំយករឿងយល់សប្តិពីយប់មិញមកគិត។ កំណប់មាសមួយហិបកប់នៅក្នុងដំបូកក្រោមដើមត្នោតបីដើម។ ខ្ញុំស្គាល់ទីកន្លែងនោះច្បាស់ដូចថ្ងៃ។ ថាអរក៏មិនអរខ្លាំង ថាមិនចាប់អារម្មណ៍ក៏កុហក។ មែន! ខ្ញុំគិតថាមិនដែលនៅលើលោកនេះមានរឿងព្រេងសំណាងស្រួលៗអាចកើតលើខ្លួនខ្ញុំទេ។ រស់នៅតាំងពីតូចដល់ពេញកំលោះ ខ្ញុំជួបប្រទះតែរឿងស៊យឡើងធុញទ្រាន់ទៅហើយ។ រឿងអីដេកសុខៗគេហៅឱ្យទៅយកកំណប់នោះ? ហើយបើសិនជាខ្ញុំពិតជាបានកំណប់មួយហិបមែន មនុស្សល្ងង់ដូចជាខ្ញុំក៏មិនដឹងយកទៅប្រើជាប្រយោជន៍អីដែរ យ៉ាងច្រើនយកមកដេកស៊ី ក្លាយខ្លួនជាជ្រូកប៉ុណ្ណោះ។

ទោះយ៉ាងណាខ្ញុំនៅតែដើរទៅទីកន្លែងក្នុងសុបិននោះ។ ដើរបណ្តើរ ខ្ញុំឆ្ងល់បណ្តើរ។ ដើមស្មៅនៅតាមផ្លូវថ្ងៃនេះហាក់ត្រូវសត្វគោជាន់ឡើងខ្ទេចខ្ទី ឯដីវិញហាក់ដូចជាត្រូវទ័ពសេះទើបតែរត់កាត់ហើយថ្មីៗ។ ទេ! មិនមែនទ័ពសេះទេ! …គោក៏មិនមែនដែរ! ខ្ញុំឈប់ង៉ក់ រួចឈរចំហមាត់ធ្លុង។ ឱ! អ្នកភូមិទាំងអស់កំពុងប្រមូលផ្តុំគ្នាក្លាយជាសំបុកឃ្មុំ។ សំឡេងរញ៉េចរញ៉ូចរបស់ហ្វូងមនុស្សដែលខំប្រជ្រៀតគ្នានៅម្តុំគល់ត្នោត លាន់ទ្រហឹងអាក្រក់ស្តាប់ជាងសំឡេងចាបចូលសំបុកឆ្ងាយណាស់។ សម្លឹងមើលពីក្បាលខ្មៅដ៏កុះករនោះត្រង់ទៅលើ គឺត្រូវប៉ាច់ចំពីក្រោមដើមត្នោតបីដើមក្នុងសុបិនខ្ញុំ។ ងាប់ហើយ! មកមិនទាន់គេទេខ្ញុំ! ដំបូកក្រោមដើមត្នោតបីដើមនេះប្រាកដជាមានកំណប់មែនហើយ។ តើអ្នកណាទៅហ្ន៎បានជាមកពន្យល់សប្តិប្រាប់មនុស្សមួយភូមិយ៉ាងនេះ?

“អ៊ើ! អាអ្នកជីក! ជីកយូរហើយ ឃើញកំណប់នៅហ្អា៎?” សំឡេងនេះ បន្លឺចេញពីមាត់មនុស្សដែលឈរនៅខាងក្រៅ ចូលទៅជីកកំណប់មិនបាន។

“ប្រូស!” កុំច្រឡំ! មិនមែនផ្លែត្នោតទុំជ្រុះធ្លាក់ត្រូវក្បាលហ្វូងមនុស្សទេ។ គឺសំឡេងបុរសពីរនាក់ដាល់គ្នាដួលច្រងាប់ច្រងិល។ ឱ! ផ្លែត្នោតអើយ ធ្លាក់ត្រូវក្បាលអាពីរនាក់ហ្នឹងឱ្យបែកអំពិលអំពែកទៅមើល៍!

“នែ៎! ឈប់វ៉ៃតប់គ្នាទៅអារំបល់យក៍! ពួកអ្ហែងប្រយ័ត្នកាប់គ្នាងាប់ ខានបានកំណប់។” ឮអ៊ំស្រីម្នាក់ដាស់តឿន ទើបអាពីរនាក់នោះឈប់វ៉ៃគ្នា រួចត្រឡប់ទៅច្របូកច្របល់នឹងគេឯងបន្តទៀត។

“ផាំង!” កូនក្មេងស្រែកយំចាច។ មនុស្សគ្រប់គ្នាងាកទៅមើលទិសដៅមួយ។ គឺនគរបាលម្នាក់ធ្វើឫកសឿងសម្បើមណាស់ ដៃកាន់កាំភ្លើងបាញ់ទៅឋានលើក្ឌាំង រួចឱនមុខសន្លឹមៗ វាត់គ្រាប់ភ្នែកវ៉េវទៅគ្រាប់ភ្នែករាប់មិនអស់ ហើយបោះដឹងសម្តីយ៉ាងឈ្លើយថា “ឆាប់ចេញពីដំបូកនេះឱ្យអស់ភ្លាម!…”

“ខ្យល់គរ!” សំឡេងអ្នកភូមិផ្អើលឆរទៅមើលយាយចាស់ម្នាក់ដែលដួលសន្លប់។

“ផាំង!” ស្នូរកាំភ្លើងលាន់ម្តងទៀត។ អ្នកភូមិធ្វើភ្នែកឡេមឡាមដាក់គ្នា។ អានគរបាលនោះក៏ស្រែកចំទាល “កុំរញ៉េចរញ៉កទៀត! នាំគ្នាយកយាយខ្យល់គរទៅផ្ទះគាត់ទៅ! មនុស្សជិតងាប់ហើយ មិនព្រមជួយគ្នាទេ! ហើយកូនចៅអាណាស្រែកយំឱ្យទ្រហឹងហ្នឹង ឆាប់យកទៅឱ្យបៅឱ្យអីទៅ! យី! ជ្រើមនោះជ្រើម! កំណប់ស្អីមកនៅកណ្តាលវាលស្រែហ្នឹង? ឆាប់ទៅផ្ទះឱ្យអស់ភ្លាម!”

“មិនភ្លើទៅទេ! ម៉េចប្រុងយកកំណប់តែម្នាក់ឯងអេះ?” សំឡេងយុវជនក្លាហានម្នាក់។

“ផាំង!” យុវជនក្លាហានឡើងស្វាយបបូរមាត់។ នគរបាលអាងកាំភ្លើង ស្រែកឮឡូងៗទៀត “អ្ហែងអាងអីថាឱ្យអញ? នេះជាបញ្ជារបស់លោកមេឃុំ! ឥឡូវយើងប្រាប់ជាចុងក្រោយ ប្រញាប់ទៅផ្ទះឱ្យអស់។ មានកំណប់ឬគ្មាន ទុកឱ្យក្រុមការងារឃុំសង្កាត់គេធ្វើការ។ វាមិនមែនជារឿងដែលអ្នកភូមិគ្រប់គ្នា មកជីកដណ្តើមគ្នាអ៊ីចឹងទេ។ បើមានកំណប់មែន លោកមេឃុំប្រាកដជាយកទៅរាយការណ៍ដល់ថ្នាក់លើបន្ត ព្រោះវាជាទ្រព្យសម្បត្តិជាតិ ហើយក៏គង់តែយកមកអភិវឌ្ឍភូមិឃុំដដែលទេ។”

អ្នកភូមិស្ងាត់ជ្រាបលែងមាត់ក រួចបើកផ្លូវឱ្យក្រុមការងារប្រទេសជាតិ ដើរចូលទៅជីកដំបូកតាមក្បាលចិត្ត។ លោកមេឃុំនិងប្រពន្ធធ្វើមុខឆ្លេឆ្លាដូចមេខ្លាឃ្លោក។ ឯមេភូមិវិញខំដើរទៅញញឹមញញែមដាក់ថ្នាក់លើ “កុំតែបានលោកមេឃុំមកទេ! បើឱ្យអ្នកភូមិប្រជ្រៀតគ្នាគ្មានដឹងខ្យល់អ៊ីចឹង មិនដឹងថា គិតបែងចែកកំណប់យ៉ាងម៉េចកើតឡើយ។”

“អើ! បើមានកំណប់មែន ចាំខ្ញុំចែកឱ្យលោកឯង។ ប៉ុន្តែតើពិតជាមានកំណប់មែនអេះ?”

“បាទ! ប្រាកដណាស់! អ្នកភូមិទាំងអស់សុទ្ធតែយល់សប្តិឃើញដូចគ្នា ហើយខ្ញុំ ប្រពន្ធខ្ញុំ កូនខ្ញុំបីនាក់ទៀតក៏សុទ្ធតែយល់សប្តិឃើញគេប្រាប់កំណប់នេះដែរ។ បើសិនជាលោកមេឃុំរស់នៅភូមិនេះ ក៏ច្បាស់ជាបានយល់សប្តិនឹងគេឯងដែរមិនខាន។ តែឆ្ងល់ដែរ! បើប្រាប់កំណប់ ម៉េចចាំបាច់ប្រាប់មនុស្ស មួយភូមិអ៊ីចឹង?”

អូ! អ្នកភូមិទាំងឡាយមិនទាន់នាំគ្នាទៅផ្ទះវិញទេ នៅតែឈររេរាៗ ក្រឡឹងអ្នកជីកកំណប់ហ្នឹងដដែល។ ពួកគេប្រហែលជាគិតរៀងៗខ្លួនថា វាគ្មានអាណាសម្បូរគ្រាប់កាំភ្លើងបាញ់សម្លាប់មនុស្សគ្រប់គ្នាទេ ហើយបើទុកជាបាញ់ ក៏បាញ់អ្នកដទៃមុនខ្លួនដែរ។ ចំណែកខ្ញុំឯណេះអស់ពីឈរមើលគេភ្លឹកភ្លាំងមួយសន្ទុះ ក៏ល្មមអស់ចិត្តទៅផ្ទះវិញដែរ ស្រាប់តែ “ឃើញហិបដែកមួយហើយ!”

ឮសំឡេងនេះ មេឃុំក៏ស្រែកបញ្ជាយ៉ាងរំភើប “ឆាប់លើកមក៍! ទុកឱ្យអញបើកដោយផ្ទាល់ដៃ!”

អ្នកភូមិជ្រួលជ្រើមរត់ទៅមើលមេឃុំបើកហឹប។ ខ្ញុំគិតថា កំណប់ស្អីក៏កំណប់ទៅ! មនុស្សច្រើនយ៉ាងនេះវាគ្មានសល់ចំណែកខ្ញុំទេ។ ខ្ញុំដើរត្រឡប់ទៅផ្ទះវិញធ្វើមិនដឹង… បានប្រមាណបីនាទី…

“គ្រាំង!!!” មិនមែនស្នូរគ្រាប់កាំភ្លើងទេ! ឱនត្រចៀកមកខ្ញុំខ្សឹបប្រាប់ “…គឺ…កំណប់…មីន!”

 

កក្កដា ២០០៧

ដោយ សុខ ចាន់ផល

ព្រោះ​យើង​ជា​មិត្ត

19 មតិ

វាជារឿងអស្ចារ្យណាស់ នៅពេល​មនុស្សពីរនាក់​ដែល​មិន​មែន​ជា​សាច់ញាតិ​នឹង​គ្នា​សោះ អាច​ស្រលាញ់​រាប់អាន​គ្នា នឹកគ្នា គិតគ្នាបែបនេះ…

ប៉ុន្តែ​ហេតុ​អ្វី​ក៏​មិត្ត​ភក្តិ​ដែល​ធ្លាប់​តែ​ស្រលាញ់​​រាប់​អាន​គ្នា​ខ្លះ ​អាចក្លាយ​ជា​​ស្អប់​គ្នា​វិញ? បើ​ជា​មិត្ត​ភាព​ពិត ខ្ញុំ​គិត​ថា​អ្វី​ក៏​អាច​អត់​ឱន​ឱ្យ​គ្នា​ដែរ ព្រោះ​​ទំនាស់​​ខ្លះ​គ្រាន់​តែ​ជា​ការយល់​ច្រឡំ​ប៉ុណ្ណោះ ​បើ​អ្នក​អត់​ឱន​ឱ្យ​មិត្ត​ល្អ​របស់​អ្នក​មិន​បាន​ វា​ជា​រឿង​សោកស្ដាយ​បំផុត…

សូម​ឱ្យ​មិត្ត​ភាព​របស់​អ្នក​ស្ថិត​ស្ថេរ​ជា​រៀង​រហូត… សង្ឃឹម​ថា ​ចម្រៀង​មួយ​បទ​នេះ​ធ្វើ​ឱ្យ​អ្នក​នឹក​ដល់​មិត្ត​ល្អ​របស់​អ្នក!

វេលារសាត់ទៅ ពួកយើង​ក៏​ឃ្លាត​គ្នា អ្នកជាមនុស្ស​ស្និទ្ធស្នាល ជាទីប្រឹក្សាខ្ញុំ ជួនកាលពេលស្ដាប់ចម្រៀង ធ្វើឱ្យខ្ញុំយំ ព្រោះខ្ញុំនឹកមិត្ត…

ព្រោះខ្ញុំនឹកមិត្ត

ទោះបីជានៅទីណា សង្ឃឹមអ្នកបានសុខ អ្នកគឺជាមនុស្សសំខាន់ ជាផ្នែកនៃជីវិត ម៉ោងពេលពួកយើងខុសគ្នា ប៉ុន្តែនៅដូចដួងចិត្ត ព្រោះខ្ញុំគិតមិត្ត…

ព្រោះខ្ញុំគិតមិត្ត

ដង្ហើមខ្ញុំគិតដល់អ្នក អ្នកជាកម្លាំងចិត្ត ធ្លាប់ប្រាប់ខ្ញុំឱ្យសម្លឹងពិភពលោក ឱ្យសង្ឃឹមដូចពន្លឺព្រះអាទិត្យលើមេឃា

ពិភពលោកមានព្យុះភ្លៀង ស្ដាប់ចម្រៀងលាងដួងចិត្ត កុំចុះចាញ់វាសនា​ គ្រប់ពេលវេលាអ្នកគឺជាមិត្តល្អរបស់ខ្ញុំ

នៅតែមានរូបអ្នកនៅក្បែរ នៅតែនឹកបារម្ភពីអ្នក សូមអ្នកថែរក្សាខ្លួនឯងកុំឱ្យឈឺជំនួសខ្ញុំ ដែលមិនអាចថែអ្នក បើសិនមិត្តមានបញ្ហាអ្វីសូមចិត្តកុំលាក់ ត្រូវដឹងថានៅមានមិត្តម្នាក់ចាំជួយដោះស្រាយ

នៅតែមានរូបអ្នកនៅក្បែរ នៅតែអាចញញឹមព្រោះអ្នក មិត្តយល់ចិត្តទោះមានតែម្នាក់ តែអាចប្រាប់រឿងក្នុងចិត្តឱ្យរសាយ អ្នកស្គាល់ខ្ញុំជាងខ្ញុំខ្លួនឯងទោះបីឃ្លាតឆ្ងាយ អរគុណអ្នកតែងតែជឿជាក់មិនធ្លាប់ជិនណាយ

ព្រោះយើងជាមិត្ត

 

ព្រោះយើងជាមិត្ត (CD RHM Vol.407)

អត្ថបទចម្រៀងៈ សុខ ចាន់ផល

សម្រួលតន្ដ្រីៈ ម៉ម សុគន្ធា

ច្រៀងដោយៈ ណុប បាយ៉ារិទ្ធ & ឆន សុវណ្ណរាជ