រឿង​ខ្លី តំណែង​ស្នេហ៍​រាជិនី

2 មតិ

ចុច​ទី​នេះ ដើម្បី​អាន​រឿង តំណែង​ស្នេហ៍​រាជិនី និពន្ធ​ដោយ​យុវអ្នកនិពន្ធ ហេង ឧត្តម

Advertisements

យុត្តិធម៌

7 មតិ

នេះគឺរឿង «យុត្តិធម៌» ដែលខ្ញុំធ្លាប់ប្រាប់ថានឹងដាក់ជូនអាន! ខ្ញុំសរសេរជាតួអង្គមនុស្សស្រីលើកទីមួយ ហេតុនេះនៅពេលអានចប់សូមជួយបញ្ចេញយោបល់ផងណា៎! ចង់ដឹងថា តើអ្នកទាំងអស់គ្នាយល់យ៉ាងម៉េចដែរ ចំពោះរឿងនេះ?

យុវអ្នកនិពន្ធខ្មែរ ដើម្បីប្រជាជនខ្មែរចូលចិត្តអានសៀវភៅ!

សូមអញ្ជើញអ្នកស្រលាញ់អក្សរសាស្រ្ដទាំងអស់ចូលរួមជាមួយយើងខ្ញុំ!

យុត្តិធម៌

និពន្ធដោយ សុខ ចាន់ផល

អ្នកដឹងទេ ជួនកាលមនុស្សបែរជាខ្លាចយុត្តិធម៌ដែលគេផ្ដល់ឲ្យខ្លួន? យុត្តិធម៌ត្រឡប់ជាធ្វើឲ្យខ្ញុំអាម៉ាស់មុខ និងយល់ថាខ្លួនឯងខ្វះឋានៈក្នុងនាមជាមនុស្សទៅវិញ។

កាលពីមុនខ្ញុំជាកូនស្រីម្នាក់រស់តាមលំអានចាស់ទុំ ខំរៀនរៀបកិរិយា សម្ដីសំដៅឲ្យល្អឥតខ្ចោះ។ បន្ទាប់មកខ្ញុំក្លាយជាភរិយាម្នាក់…

ខ្ញុំប្រហែលចាប់ផ្ដើមស្រលាញ់ស្វាមីខ្ញុំកាលថ្ងៃរៀបការនោះហើយ។ ពួកយើងគឺជាគូស្វាមីភរិយាដ៏ក្មេងខ្ចី ទុកដាក់ដោយអ្នកមានគុណ។ ខ្ញុំលួចសម្លឹងស្នាមញញឹមរបស់ប្ដីខ្ញុំដោយចិត្តរំភើប ព្រោះខ្លួនអាចក្លាយជាមនុស្សស្និទ្ធស្នាលជាងគេរបស់គាត់។ ម្តាយខ្ញុំប្រាប់ខ្ញុំថា ប្ដីខ្ញុំជាសុភាពបុរស មិនធ្លាប់មានសង្សារ មិនចេះដើរលេងល្បែងស្រីស្រា ក៏គឺជាបុរសក្នុងក្ដីស្រម៉ៃរបស់នារីផងទាំងពួង។

ក្រោយពីរៀបការប្ដីប្រពន្ធយើងរស់នៅក្នុងផ្ទះដ៏ប្រណីតមួយ។ ខ្ញុំក្លាយខ្លួនជាមេផ្ទះ និងបានរកឃើញនូវអារម្មណ៍ដ៏មានសុភមង្គលថ្មីមួយ។ កាលណោះពេលវេលាកន្លងទៅជាមួយដួងចិត្តរំភើបជាប់ជានិច្ច។ ការទង្ទឹងចាំផ្លូវប្ដីត្រឡប់មកពីធ្វើការនៅតែជាអារម្មណ៍ដែលខ្ញុំអាល័យ។ ទោះយ៉ាងណាតើមានរឿងល្ខោនណាដែលមិនចេះចប់នោះ? មិនយូរប៉ុន្មានជីវិតខ្ញុំក៏ដើរដល់ផ្លូវបត់មួយទៀត។

រៀបការបានប្រាំឆ្នាំហើយ ខ្ញុំនៅតែមិនទាន់មានកូនម្នាក់។ ម្ដាយខ្ញុំប្រាប់ខ្ញុំជារឿយៗថា ឲ្យខ្ញុំប្រញាប់មានកូន ព្រោះមានតែកូនប៉ុណ្ណោះទើបអាចចងជើងប្ដីបាន។ ខ្ញុំប្រាប់គាត់វិញថា ប្ដីខ្ញុំមិនដូចគេទេ។ រួចខ្ញុំសើច។ បន្ទាប់មកខ្ញុំយកសម្ដីគាត់មកគិតម្ដងទៀត។ មនុស្សពីរនាក់គេងលើគ្រែជាមួយគ្នារាល់ថ្ងៃ ហេតុអ្វីត្រូវរកមធ្យោបាយចងជើងគ្នាទៀត?

សម្ដីម្ដាយខ្ញុំផ្ដេសផ្ដាសមែន ប៉ុន្តែពេលមួយនោះមកដល់ខ្ញុំក្លាយជាមានអារម្មណ៍ផ្ដេសផ្ដាសជាងសម្ដីនោះទៅ​ទៀត។ ថ្ងៃមួយប្ដីខ្ញុំត្រឡប់មកផ្ទះយឺត។ គាត់សម្លឹងមុខខ្ញុំយ៉ាងមុត រួចក៏បែរខ្នងនិយាយថា «បងចង់លែង គ្នាជាមួយអូន…»

ខ្ញុំមិនធ្លាប់ឮប្ដីខ្ញុំចេះនិយាយលេងទេ តែខ្ញុំបែរជាគិតថា គាត់និយាយលេងជាមួយខ្ញុំ។ និយាយពាក្យឆ្កួតនោះរួច គាត់ដើរចេញពីផ្ទះ ហើយបើកឡានចេញទៅក្រៅបាត់។ ពេញមួយយប់ខ្ញុំនៅក្នុងផ្ទះម្នាក់ឯង ទាំងដេកគិតរហូត ថាខ្លួនឯងកំពុងតែយល់សប្តិ។ យ៉ាងណាទោះជាពេលថ្ងៃរះហើយក៏ខ្ញុំនៅតែយល់សប្តិមិនភ្ញាក់។ ថ្ងៃនោះព្រះអាទិត្យរះបានមួយភ្លែត មេឃក៏ស្រាប់តែធ្លាក់ភ្លៀង។ ភ្លៀងរលឹមដល់ពេលបាយថ្ងៃត្រង់ទើបឈប់។ ខ្ញុំមើលទៅ​ព្រះអាទិត្យដ៏ភ្លឺថ្លា រង់ចាំប្ដីខ្ញុំមកពិសាបាយថ្ងៃត្រង់។ ប៉ុន្តែមិនឃើញគាត់មកសោះ។

មួយថ្ងៃត្រូវបានកន្លងផុតទៅទៀត តែខ្ញុំនៅតែមានអារម្មណ៍ដូចសុបិន។ ខ្ញុំនៅតែរៀបចំម្ហូបបាយរង់ចាំប្ដីខ្ញុំដដែល ហើយពេលបាយថ្ងៃត្រង់ក៏ឃើញគាត់មកដល់មែន។ ខ្ញុំរត់ទៅទទួលគាត់តាមទម្លាប់ រួចដើរតាមគាត់ចូលទៅក្នុងផ្ទះ។​ គាត់អត់មាននិយាយអ្វីរកខ្ញុំទេ រួចក៏ស្រាប់តែហុចសឺមីមួយឲ្យមកខ្ញុំ។ ខ្ញុំដកក្រដាសពីក្នុងសឺមីនោះ​មកមើល រួចរអិលខ្លួនដួលទៅលើឥដ្ឋ របូតក្រដាសពីដៃ…

«សូមអូនជួយចុះហេត្ថលេខាលើក្រដាសនេះទៅ!‍»

ផែនទ្រូងខ្ញុំញ័ររញ្ជួយ ខ្លួនអង្គុយធ្មឹងដូចមនុស្សខូចសតិ។ ប្ដីខ្ញុំនិយាយមកខ្ញុំតិចៗថា «សូមទោស! បើអូនមានសំណូមពរអ្វី ប្រាប់បងមក៍! អ្វីក៏ដោយ បើបងមានលទ្ធភាព បងនឹងធ្វើឲ្យអូន!»

«តើជាសុបិនមែនទេ?» ខ្ញុំនិយាយទាំងមិនហ៊ានមើលមុខគាត់។

«ជាពេលដែលយើងភ្ញាក់ពីសុបិនទៅវិញទេ! យើងសុបិនធ្វើជាប្ដីប្រពន្ធអស់ប្រាំឆ្នាំហើយ…​ ពេលនេះយើងភ្ញាក់ហើយ! យើងបានចំណាយពេលប្រាំឆ្នាំដោយគ្មានន័យ…»

ហេតុអ្វីចំណាយពេលប្រាំឆ្នាំដោយគ្មានន័យ? ខ្ញុំចាប់ផ្ដើមស្រក់ទឹកភ្នែកដូចទឹកភ្លៀង។ ហេតុអ្វី? ខ្ញុំខំរកនឹករឿងរ៉ាវប្រាំឆ្នាំកន្លង គិតថាហេតុអ្វីក៏គ្មានន័យ។ ខ្ញុំសួរប្ដីខ្ញុំថា «តើព្រោះអូនគ្មានកូនមែនទេ?»

គាត់គ្រវីក្បាល ហើយឆ្លើយថា «យើងមិនអាចមានកូនបានទេ ព្រោះយើងគ្មានស្នេហាជាមួយគ្នា។»

«ហេតុអ្វី? ហេតុអ្វីយើងត្រូវលែងគ្នា​ បងប្រាប់ខ្ញុំផង!» ខ្ញុំទទូចសួរគាត់។

នៅទ្រឹងមួយស្របក់ ទើបគាត់ឆ្លើយថា​ «កន្លងមកខ្ញុំមិនដែលស្រលាញ់នាងទេ។ មង្គលការរបស់ពួកយើងគឺរៀបចំដោយចាស់ទុំ។ ខ្ញុំដឹងថានាងក៏ដូចខ្ញុំ។​ ពួកយើងគឺជាកូនដែលស្ដាប់បង្គាប់ និងគឺជាមនុស្សរស់ក្នុងដួងចិត្តអ្នកដទៃ។ ធាតុពិតពិភពលោកនេះធំណាស់ សោតឯជីវិតមនុស្សបែរជាខ្លី…​ ពេលនេះខ្ញុំចង់ដើរក្នុងពិភពលោកដ៏ធំនេះ ដោយពាក់ស្បែកជើងដែលទិញដោយខ្លួនឯង។ យើងមិនអាចធ្វើឲ្យមនុស្សគ្រប់គ្នាពេញចិត្តយើងនោះទេ ហេតុអ្វីក៏យើង​មិនធ្វើដើម្បីខ្លួនឯង?»

ប្ដីខ្ញុំបានដើរចេញពីជីវិតខ្ញុំដោយគ្មានថ្ងៃត្រឡប់។ ខ្ញុំយំ… យំរហូតថ្ងៃនិងយប់កន្លងផុតទៅ ក៏ខ្ញុំនៅតែយំ។ ប្ដីខ្ញុំមិនធ្លាប់ស្រលាញ់ខ្ញុំ តែខ្ញុំបែរជាស្រលាញ់គាត់ខ្លាំងហួសថ្លែង។ ជីវិតប្ដីប្រពន្ធប្រាំឆ្នាំគឺជាអនុស្សាវរីយ៍របស់ខ្ញុំតែម្នាក់ប៉ុណ្ណោះ។​ តើស្នាមញញឹមដែលគាត់ធ្លាប់ផ្ដល់ឲ្យខ្ញុំកន្លងមកគឺជាទុក្ខព្រួយរបស់គាត់ឬ? ខ្លួនប្រាណដែលធ្លាប់តែស្និទ្ធស្នាលនឹងគ្នា តើមិនមែនជាខ្លួនប្រាណរបស់គាត់ទេមែនទេ?

ខ្ញុំដេកគិតហូរទឹកភ្នែកអស់បីថ្ងៃ ក៏សម្រេចចិត្តទៅផ្ទះឪពុកម្តាយក្មេករបស់ខ្ញុំ។​ បីថ្ងៃនេះខ្ញុំដឹងថាខ្លួនឯងមិនអាចរស់ដោយគ្មានប្ដីខ្ញុំបានឡើយ។ ខ្ញុំសង្ឃឹមថាឪពុកម្ដាយក្មេកខ្ញុំអាចជួយខ្ញុំបាន។ លុះទៅដល់ក៏ឃើញ​ឡានប្ដីខ្ញុំចតនៅទីនោះដែរ។ ខ្ញុំដើរចូលទៅក្នុងផ្ទះទាំងភ័យផងអរផង។ ឮសំឡេងឪពុកក្មេកខ្ញុំខ្លាំងៗ កំពុងខឹង​ច្រឡោតប្ដីខ្ញុំ ព្រោះគាត់បានយករឿងសុំខ្ញុំលែងគ្នាទៅជម្រាប។ ខ្ញុំឈរស្ដាប់ពីក្រៅ «អ្ហែងកំពុងឆ្កួតមែនទេ? ម៉េចក៏អ្ហែងក្លាយជា​អ៊ីចឹង?»

ប្ដីខ្ញុំមិនធ្លាប់តមាត់ឪពុកទេ តែពេលនោះគាត់ផ្លាស់ប្ដូរអស់​​ «ខ្ញុំគិតរួចហើយ​ ថាប៉ាម៉ាក់និងញាតិមិត្តគ្រប់គ្នាប្រាកដជាថាខ្ញុំឆ្កួត…​ តាំងពីតូចមក៍ក្នុងភ្នែកអ្នកទាំងអស់គ្នាយល់ថាខ្ញុំគឺជាកូនដ៏ស្ដាប់បង្គាប់ ជាមនុស្សដ៏ចេះដឹង។ ខ្ញុំធ្វើ​កូនល្អ ធ្វើមនុស្សចេះដឹងយូរហើយ។ ហេតុអីខ្ញុំត្រូវរស់នៅដើម្បីអ្នកទាំងអស់គ្នា? ខ្ញុំតែងតែធ្វើឲ្យប៉ាម៉ាក់សប្បាយចិត្ត ហេតុអ្វីប៉ាម៉ាក់មិនធ្វើឲ្យខ្ញុំសប្បាយចិត្តផង?»

«អ្ហែងប្រាប់អញមក៍ ហេតុអីអ្ហែងចង់លែងប្រពន្ធ?» ឪពុកក្មេកខ្ញុំសម្លុតសួរគាត់។

«តើពេលប៉ាទៅដណ្ដឹងប្រពន្ធឲ្យខ្ញុំ ប៉ាមានសួរចិត្តខ្ញុំទេ? ខ្ញុំរៀបការជាមួយមនុស្សស្រីដែលប៉ាម៉ាក់ស្រលាញ់ មិនមែនខ្ញុំស្រលាញ់ទេ។ យ៉ាងណាខ្ញុំនៅតែខំកសាងគ្រួសារមួយ ដើម្បីឲ្យប៉ាម៉ាក់សប្បាយចិត្ត។ ពេលវេលាកន្លងមកល្មមគ្រប់គ្រាន់ហើយ…​ ពេលនេះខ្ញុំចង់មានជីវិតថ្មី… គឺខ្ញុំបានស្គាល់នារីម្នាក់ ដែលជាអ្នកប្រាប់ឲ្យខ្ញុំភ្ញាក់ខ្លួនថា គ្រប់យ៉ាងដែលខ្ញុំធ្លាប់ធ្វើគឺសម្ដែងល្ខោន…»

ឮសម្ដីនេះទើបខ្ញុំដឹងពីមូលហេតុដែលគាត់ចង់លែងលះខ្ញុំពិតប្រាកដ។ ឪពុកក្មេកខ្ញុំស្រែកឲ្យគាត់ថា «អាចង្រៃ! តាមពិតអ្ហែងមានស្រី! ហេតុអីអញមានកូនបែបនេះ?»

ប្ដីខ្ញុំតបថា «ចាប់ពីពេលនេះទៅ ខ្ញុំសូមរស់នៅដើម្បីខ្លួនឯងម្ដង តើបានទេ?»

ខ្ញុំរឹតតែស្រណោះខ្លួនខ្លាំង ពេលឮឪពុកក្មេកខ្ញុំស្ដីឲ្យប្ដីខ្ញុំថា «ចុះប្រពន្ធអ្ហែងនាងធ្វើអីខុស? នាងស្រលាញ់អ្ហែងខ្លាំងប៉ុណ្ណា អ្ហែងក៏ដឹង… នៅសុខៗអ្ហែងបែរជាសុំលែងនាង តើនាងមានអារម្មណ៍យ៉ាងណា? ប្រពន្ធអ្ហែងគឺជាកុលស្រ្តីពិត​ ហេតុអីបែរជាមកជួបប្តីដូចជាអ្ហែង? បើអ្ហែងទុកអញជាឪពុក ត្រូវតែឈប់ទាក់ទងជាមួយស្រីនោះ ហើយទៅសុំទោសប្រពន្ធអ្ហែងវិញ! អ្ហែងត្រូវផ្ដល់យុត្តិធម៌ឲ្យនាង»

«ហេតុអី្វខ្ញុំត្រូវផ្តល់យុត្តិធម៌ឲ្យនាង?»

ស្តាប់ដល់ពាក្យយុត្តិធម៌នេះ ខ្ញុំក៏យកដៃជូតទឹកភ្នែក រួចរត់ទៅផ្ទះខ្ញុំវិញ។ តើស្ថិតក្នុងស្ថានភាពដូចជាខ្ញុំនេះ អាចមានយុត្តិធម៌ដែរទេ?

សូមជួយឆ្លើយសំណួររបស់នាងផង!

 

តែងនៅថ្ងៃទី ២១ មិថុនា ២០០៨ 

ជូនដំណឹងដល់ យុវអ្នកនិពន្ធខ្មែរ

25 មតិ

កាលពីប៉ុន្មាននាទីមុននេះ… (ធ្វើឱ្យផ្លូវការបន្តិច) ខ្ញុំមានអារម្មណ៍ហេលហាលខ្លាំងណាស់ មិនដឹងធ្វើអ្នកនិពន្ធធ្វើអីទេ តែក្រោយមកខ្ញុំក៏ជជែកលេងជាមួយ កញ្ញា ច័ន្ទ មល្លិកា ដែលគាត់បានលើកយកគំនិតចង់ធ្វើសៀវភៅជាមួយក្រុមយុវអ្នកនិពន្ធខ្មែរយើងមកនិយាយ។ មែនហើយ! អារម្មណ៍ហេលហាលរបស់ខ្ញុំអាចកើតមកពីមិនបានធ្វើអីមានប្រយោជន៍ នាពេលកន្លងមកនេះ។ ហេតុនេះខ្ញុំក៏ជជែកវែកញែកពីគោលបំណងរបស់ក្រុមយុវអ្នកនិពន្ធខ្មែរពួកយើងជាមួយគាត់ ហើយគាត់ក៏សួរថា តើពួកយើងពេលនេះមានប៉ុន្មាននាក់។

សេចក្ដីជូនដំណឹងមួយនេះ គឺខ្ញុំចង់ជម្រាបដល់សមាជិកយើងទាំងអស់ថា ពួកយើងដែលរវល់ជាមួយការងាររៀងៗខ្លួន គួរតែលៃពេលវេលារៀបចំក្រុមមួយនេះជាថ្មីម្ដងទៀត ហើយបើឯកភាពក៏សុំបញ្ចេញវិចារប្រាប់ផង ក៏ដូចជាសមាជិកថ្មីៗទាំងអស់ ក៏ដូចជាកូនខ្មែរដែលស្រលាញ់អក្សរសាស្រ្តជាតិយើងទាំងអស់ សូមអញ្ជើញមកចូលរួមក្រុមពួកយើង ដើម្បីអាចធ្វើការងាររួមគ្នាលើវិស័យដែលយើងស្រលាញ់នេះ។

ប្រសិនបើមានការគាំទ្រពីបងប្អូនទាំងអស់គ្នា ខ្ញុំជាមួយនឹង កញ្ញា ច័ន្ទ មល្លិកា នឹងរៀបចំការប្រជុំមួយនាពេលឆាប់ៗនេះ!

បញ្ជាក់៖ ខ្ញុំចង់ដំណើរការការងារនេះឆាប់ៗ ហេតុនេះសូមបង្ហាញចំណាប់អារម្មណ៍របស់លោកអ្នកដល់ខ្ញុំឆាប់ៗផង នឹងអាលខ្ញុំគិតគូរជាមួយ កញ្ញា ច័ន្ទ មល្លិកា បន្ត ប៉ុន្តែបើជូនដំណឹងហើយ ស្ងាត់បាត់ជ្រាប ព្រោះគ្មានអ្នកណាចាប់អារម្មណ៍ ខ្ញុំមានតែខ្មាសគេហើយ។ នេះគឺអាសដ្ឋានម៉ែលរបស់ខ្ញុំ chanphalsok@yahoo.com មិនមែនប្រកាសរាប់អានមិត្តអីទេ គឺបើលោកអ្នកចង់ចូលរួមក្នុងក្រុម យុវអ្នកនិពន្ធខ្មែរ អាចវិចារនៅក្នុងប្រកាសនេះក៏បាន ឬក៏អាចផ្ញើម៉ែលប្រាប់ខ្ញុំក៏បាន។

សូមអរគុណជាអនេក!

តំណែង​ស្នេហ៍​រាជិនី

5 មតិ

សេចក្តីស្រឡាញ់ជាអ្វី?(១) ជាស្នេហាឬ? ជាការលះបង់? លះបង់អ្វី? ពេលវេលា និងអាយុជីវិត?… ជួនកាលយើងស្រឡាញ់គេ តែគេមិនស្រឡាញ់យើងវិញ មានពេលខ្លះគេស្រឡាញ់យើង ប៉ុន្តែយើងពុំស្រឡាញ់គេវិញក៏មាន។ សេចក្តីស្រឡាញ់គឺចង់ឱ្យមនុស្សដែលយើងស្រឡាញ់ទទួលបាននូវសេចក្តីសុខ ទោះបីជាគេមានក្តីសុខជាមួយបុគ្គលទី៣ ក៏យើងនៅតែស្រឡាញ់គេដែរ… បើយើងស្រឡាញ់គេពពិតប្រាកដមែន យើងគ្មានសិទ្ធិបៀតបៀនគេថែមទៀត… បើមិនដូច្នេះមានន័យថាយើងពុំស្រឡាញ់គេពិតនោះទេ។ គ្រប់អ្វីទាំងអស់របស់មនុស្សដែលយើងស្រឡាញ់ គឺជាទីស្រឡាញ់របស់យើង។ អំពើល្អរបស់គេគួរឱ្យសរសើរ គោរពស្រឡាញ់ ឯអំពីអាក្រក់របស់គេនោះគឺគួរឱ្យអាណិតអាសូរ និងចង់ជួយកែប្រែ។ យើងស្រឡាញ់នរណាម្នាក់មិនសង្ឃឹមរំពឹងថាចង់បានអ្វីពីគេមកវិញ ឬចង់ផ្តល់អ្វីឱ្យគេនោះក៏ទេដែរ គឺចង់មានន័យថាបន្ទាប់ពីយើងទាំងពីរជួបជុំគ្នា អ្វីៗត្រូវបានផ្លាស់ប្តូរ ចំណុចទន់ខ្សោយខ្វះខាត នឹងត្រូវបានកែប្រែនិងបំពេញឱ្យបានល្អប្រសើរឡើង។ ជីវិតរបស់អ្នករស់នៅមិនយូរប៉ុន្មានទេ ចូរស្រឡាញ់មនុស្សដែលស្រឡាញ់អ្នក។ សូមចងចាំថា ជីវិតរបស់អ្នកមិនប៉ុន្មានយូរនោះទេ តើអ្នកមានពេលវេលាឯណាទៅស្រឡាញ់មនុស្សដែលមិនស្រឡាញ់អ្នកនោះ?…