ថ្ងៃកំណើត(Happy Birthday)

1 មតិ

26 July 2009

[00:00:00]

ទីត! ទីត!!!…

សំឡេង​សារ​ទូរស័ព្ទ​លាន់​ឡើង…

លំអង​ភ្លៀង ប្រញាប់​ស្រវារ​ចាប់​ទូរស័ព្ទ​ដោយ​ក្តី​តក់​ក្រហល់​ ព្រោះ​នាង​ស៊ូ​ទ្រាំ​​អត់​ងងុយ​មិន​ព្រម​ដេក​ដោយទន្ទឹង​ចាំ​មីសេច​នេះ​យូរ​មក​ហើយ។

«រីក​រាយ​ថ្ងៃ​កំណើត​ណ៎ាទេព​ធីតាតូច! ដោយ​ក្តី​ស្រឡាញ់^^!»

« / />.</ /​ »

លំអងភ្លៀង​ គ្រវែង​ទូរស័ព្ទ​ព្រូស​ទៅលើ​តុ។ នាង​ធ្វើ​មុខ​ស្អុយ​ប៉ែហាក់​ធុញ​ទ្រាន់​នឹង​ជីវិត​ នៅ​ពេល​អាន​មីសេច​ក្នុង​ទូរស័ព្ទ​ហើយ។ អ្នក​ដែល​ផ្ញើ​មក​មិនមែន​ជា​នភា សង្សារ​សំណប់​ចិត្ត​​ដែល​នាង​សង្ឃឹម​ថា​ គេ​នឹង​ផ្ញើ​សារ​មក​នាង​មុន​គេ​ ក្នុង​ថ្ងៃ​កំណើត​ឆ្នាំ​នេះ។ តែ​អ្វី​ដែល​នាង​រំពឹង​ទុក​ប្រែ​ជា​ខុស​ស្រឡះ​ទៅវិញ។ មនុស្ស​ទីមួយ​ដែល​ផ្ញើ​សារ​មក​ជូន​ពរ​នាង​ក្នុង​រាត្រី​នេះគឺ​សមុទ្រ បុរស​ក្នុង​ត្រកូល​អភិជន​ដែល​ឪពុក​នាង​កំពុង​ផ្គូរ​ផ្គង​ឲ្យ។

[…]

[06:02:40]

ទីត! ទីត!!!…

«Happy Birthday ស្រីស្អាត! ថ្ងៃ​កំណើត​សុំ​ឲ្យ​ស្វីតៗជាមួយ​សង្សារ​ណ៎ា! ^O^ »

[06:34:05]

ទីត! ទីត!!!…

« Sook Sun Wan Gerd! សុខភាព​ល្អ សំណាង​ល្អ ស្នេហា​ជោគជ័យ! (*O*)/»

[07:04:45]

ទីត!​ ទីត!!!…

« Saengil Chukha Hamnida! o_O សូម​ឲ្យ​សម្រស់​កាន់​តែ​ស្អាត ហើយ​ប្រាថ្នា​អ្វី​ក៏​បាន​សម្រេច!»

[07:10:20]

ទីត!​ ទីត!!!…

« Otanjōbi Omedetō Gozaimasu ^-^;; អាយុ វណ្ណៈ សុខៈ ពលៈ… ទទួល​ពរ​ហើយ​កុំ​ភ្លេច​សាធុណ៎ា!»

ពេញ​មួយ​ព្រឹក លំអង​ភ្លៀង​អង្គុយ​ទទួល​សារ​ជូន​ពរពី​មិត្ត​ភក្តិ​​ ស្ទើរ​តែ​មិន​ឈ្នះ អស់​ពីមួយ​ចូល​មួយ​ មាន​គ្រប់​ភាសា គ្រប់​សព្ទ​សាធុការ។ ប៉ុន្តែ​នាង​ពុំ​ដែល​សោមនស្ស​នឹង​សារ​ទាំង​នោះ​ទេ ព្រោះ​វា​សុទ្ធ​សឹង​ជា​សារ​ដែល​នាង​ពុំ​បាន​ទន្ទឹង​រង់ចាំ។​

[08:00:23]

«អេ៎… មក​ពី​ព្រឹក​ម្ល៉េះ​ថ្ងៃ​នេះ? ថ្ងៃ​កំណើត​ផង​ ម៉េច​មិន​សុំ​ច្បាប់​ឈប់​សម្រាក​មួយ​ថ្ងៃ​ទៅ?»

«ខ្ជិល​ណាស់​បង! ឆ្នាំ​នេះ​ខ្ញុំ​គិត​ថា​មិន​ធ្វើ​អី​ឲ្យ​ធំដុំ​ទេ គ្រាន់​តែ​ក្រោក​ដាក់​បាត្រ​លោក​ពី​ព្រឹក​មិញ​នេះ​ គិត​ថា​គ្រប់​គ្រាន់​ហើយ!»

«(_ _^)​ នែ៎! នែ៎!!… កុំ​កុហក​បង​ណ៎ា! បើ​លំអង​ឯង​ចង់​ទៅឆ្លង​ឯណាតែពីរនាក់​សង្សារ​ ក៏​ប្រាប់​បង​តាម​ត្រង់​មក​ណា​ មិន​ចាំ​បាច់​លាក់​លៀម​ទេ! ​បង​ដឹង​អស់​ហើយ!^^»

«បង​និយាយ​បាន​ន័យ​ថាម៉េច? O[]O?»

«មើល​ចុះ នៅ​ធ្វើ​ពើ​ទៀត! ណ្ហើយ​បើមិន​ចង់​ប្រាប់​ក៏​មិន​អី​ដែរ បង​ទៅ​ធ្វើ​ការ​ហើយ​ណ៎ា!»

«ឈប់​សិន​បង! ចុះ​ព្រឹក​នេះ​ម៉េច​មិន​ឃើញ​បង​និមល​មក​ធ្វើ​ការ​អ៊ីចឹង?»

«អូ៎! និមល​ហ៎? ម៉ោង​៩​ទើប​គេ​មក ព្រោះ​ព្រឹក​នេះ​គេ​ជាប់​រវល់​ទៅ​មើល​ម៉ាក់​គេ​ឈឺ​នៅ​មន្ទីរ​ពេទ្យ។»

[09:35:21]

«25 July 2009 [17:26:09] ល្ងាចម៉ោង​៥​ថ្ងៃ​ស្អែក​ កុំ​ភ្លេច​មក​ជួប​បង​​នៅ​សួន​ច្បារ​មុខ​វត្តបទុម​ណ៎ា ទេពធីតាតូច!^^»

«ស្មាន​ថា​ភ្លេច​ហើយ​តើ មនុស្ស​ស្អី​គ្មាន​បេះ​ដូង​សោះអ៊ីចឹង! -_-^»

លំអង​ភ្លៀង​ញញឹម​ចុង​មាត់​ នៅ​ពេល​បើក​អ៊ីមែល​ឃើញ​នភា​ផ្ញើ​មក​ណាត់​ជួប​នាង​ នៅ​ល្ងាច​ថ្ងៃ​នេះ​ មុខ​វត្ត​បទុម។

«អេ៎នាង​តូច អង្គុយ​រអ៊ូ​អី​តែ​ម្នាក់​ឯង​ហ្នឹង!??»

«អ្ហូ៎! បង​និមល​ទេ?! ម៉េច​ក៏​យឺត​ម្ល៉េះ​ព្រឹក​នេះ ម៉ោង​៩កន្លះ​ហើយ​ណ៎ា!??»

និមល​ស្ទាក់​ស្ទើរ​មិន​ចង់​ឆ្លើយ…

«អឺ… គឺ… ថា… បង​ទៅ​… ទៅ​មើល​ម៉ាក់​បង​ឈឺ​នៅ​មន្ទីរ​ពេទ្យ… ហើយ​… ក៏​… ក៏​បាន… ជ… ជួប…»

«បាន​ជួប​អី​បង​ ម៉េច​ក៏​និយាយ​តតាក់​តតុប​ម្ល៉េះ?»

«អឺ… អត់​អី​ទេ! កុំ​ខ្វល់​នឹង​រឿង​អត់​បាន​ការ​អី នាំ​គ្នា​ធ្វើ​ការ​ល្អ​ជាង!»

«ចុះ​ម៉ាក់​បង​បាន​ធូរ​គ្រាន់​បើ​ហើយ​មែន​ទេ? ខ្ញុំ​គិត​ថា​ ចេញ​ពី​ធ្វើ​ការ​ព្រឹក​នេះ​នឹង​ឆៀង​ចូល​ទៅ​មើល​គាត់​ដែរ។»

«អរគុណណ៎ា! តែ​ព្រឹក​មិញ​ប្អូន​បង​បាន​នាំ​គាត់​ ទៅ​សម្រាក​ព្យាបាល​នៅ​ឯផ្ទះ​វិញ​ហើយ ព្រោះ​នៅ​ផ្ទះ​មាន​អ្នក​មើល​ថែ​បាន​ដិត​ដល់​ជាង។»

[16:35:22]

លំអង​ភ្លៀង​ មក​អង្គុយ​ចាំ​​នភា​នៅ​មុខ​វត្ត​បទុមតាំង​ពី​ម៉ោង​៤កន្លះ។ នាង​ពាក់​អាវ​យឺត​ដៃ​វែង​ពណ៌​​ផ្កា​ឈូក​ ​មាន​ជីពកយ៉ាង​ស្រស់​ស្អាត​ សម​នឹងខោ​ខូវ​បយ​រឹប​រាង​តូច​ច្រឡឹង​សម​ឥត​ខ្ចោះ។ នាង​អង្គុយ​លើ​វាល​ស្មៅ​ក្រោម​ដើម​ពោធិ ដៃ​កាន់​ទូរស័ព្ទញញឹម​សម្លឹង​ទៅឆ្ងាយ ហាក់​លួច​សង្ឃឹម​ក្នុងចិត្ត​ចំពោះ​រឿងអ្វី​មួយ។

[​17:00:00]

ទីត! ទីត!!!…

សំឡេង​មីសេច​មួយ​លាន់​ឡើង ធ្វើ​ឲ្យ​លំអង​ភ្លៀង​ភ្ញាក់​អារម្មណ៍​ពី​ការ​ស្រមើស្រមៃ។ នាង​ប្រញាប់​ចុច​ទូរស័ព្ទ​បើក​មើល…

«^^ ​ទៅស្វីត​ជាមួយ​គ្នា​ដល់ណា​ហើយហ្នឹង? កិកិកិ… សុំ​ឲ្យ​មាន​សេច​ក្តី​សុខណ៎ា!»

«(^_^)»

លំអងភ្លៀង​ញញឹម… គឺ​បង​ស្រី​និពន្ធ​នាយក​នៅ​កន្លែង​ធ្វើ​ការ​ផ្ញើ​សារ​មក​នាង។ ក្រោយ​ពី​មើល​មីសេច​ហើយ នាង​ក៏ដឹង​ថា​ម៉ោង​៥​បាន​ចូល​មក​ដល់​ហើយ តែ​ម្តេច​ក៏​នៅ​មិន​ឃើញ​នភា​មក​តាម​ណាត់​អ៊ីចឹង? នភា​ជា​មនុស្ស​គោរពសន្យា គោរព​​ការ​ណាត់​ និង​គោរព​ពេល​វេលា​ណាស់ គេ​មិន​ដែល​ខក​ខាន​ការ​ណាត់ ឬមក​យឺត​ខុស​ពេល​​ម្តង​ណា​ទេ។

[17:45:32]

លំអង​ភ្លៀង​ចាប់​ផ្តើម​ខ្វាយ​ខ្វល់… ម៉ោង​ជិត​៦​ហើយ​នៅ​មិន​ទាន់​ឃើញ​ នភា​មក​ជួប​តាម​ការ​ណាត់​ទៀត។ នាង​ចុច​ទូរស័ព្ទ​ទៅ​គេ​ជា​ច្រើន​ដង តែ​មិន​អាច​ធ្វើការ​ទាក់​ទង​បានសោះ។ នាង​ក្រោក​ដើរ​ចុះ​ដើរ​ឡើងដោយ​ក្តី​តក់​ក្រហល់ ហេតុ​អី​ក៏​គេ​ធ្វើ​បែប​នេះ​ដាក់​នាង? (>.<)

[19:05:00]

លំអង​ភ្លៀង ​អង្គុយ​យំ​យ៉ាងខ្សឹក​ខ្សួល​ម្នាក់​ឯ​ង​ក្រោម​ដើម​ពោធិ។ មិន​គួរ​ណា​នភា​ធ្វើ​បែប​នេះ​ដាក់​នាង​សោះ។ ពីរ​ម៉ោងហើយ​ដែល​នាង​បាន​រង់​ចាំគេ នាង​មិន​ហត់​នឿយ​នឹង​ការ​រង់​ចាំ​ទេ នាង​នឹង​ចាំ​ ចាំ​គេ​រហូត​ដល់​នាង​ប្រាកដ​ក្នុង​ចិត្ត​ថា​ គេ​នឹង​មិន​មកតាម​ការ​ណាត់​​ទេ។ ស្រប​ពេល​នឹង​ទឹក​ភ្នែក​នាង​ស្រក់​ ភ្លៀង​ក៏​បាន​បង្អុរ​ចុះ​មក​យ៉ាង​ជោគជាំ។ លំអង​ភ្លៀង​មិន​បាន​រត់​រក​កន្លែង​ជ្រក​ទេ នាង​ចង់​ឲ្យ​ទឹក​ភ្លៀង​ជួយ​លុប​បំបាត់​ទុក្ខ​សោក​ទាំង​ពួង​របស់​នាង និង​ជា​ពិសេស​ចង់​ឲ្យ​ទឹក​ភ្លៀង​ជួយ​ហូរ​យក​ទឹក​ភ្នែក​របស់​នាង​ទៅ​ជាមួយផង។ នាង​ចូលចិត្ត​ជ្រក​នៅ​ក្រោម​តំណក់​ភ្លៀងបែប​នេះជា​រឿយៗ ព្រោះ​នឹង​គ្មាន​នរណា​ម្នាក់​ដឹងទេ​​ថា​ នាង​កំពុង​តែ​យំ។​ TT_TT

[20:00:01]

ម៉ោង​៨ ភ្លៀងរាំង​ ទឹក​ភ្នែក​លំអង​ភ្លៀង​ក៏​ចាប់​ផ្តើម​ស្ងួត។ នាង​ខាំ​បបូរ​មាត់​យ៉ាងមាំ​ ហើយ​បើក​ឡាន​យ៉ាង​លឿន​សំដៅ​ផ្ទះ។ នាង​អស់​ចិត្ត​នឹង​រង់​ចាំគេ​ទៀត​ហើយ! ប្រុស​គ្មាន​បេះ​ដូង! ប្រុស​អី​ក៏​ចិត្ត​អាក្រក់​បែប​​នេះ??? បើ​ជាប់​រវល់​មក​ជួប​មិន​បាន​ ក៏គួរ​ណាស់​តែ​តេ​ប្រាប់​បន្តិច​ដែរ តែ​នេះ​ឲ្យ​គេ​មក​ចាំ​អស់​៣​ម៉ោងហើយ​ នៅ​មិន​ឃើញ​ស្រមោល​អើត​មក​ទៀត!!! T__T

[20:25:05]

​មក​ដល់​ផ្ទះ​ លំអង​ភ្លៀង​ឃើញ​ប្រអប់​នំខួប​កំណើត​ និង​កម្រង​ផ្កា​ម្លិះមួយ​ភួង​ធំទុក​នៅ​លើ​តុ​ទទួល​ភ្ញៀវ​។ នាង​ចាប់​ភួង​ម្លិះ​មក​ថើបអង្អែល​ថ្នមៗ​​ដោយ​ក្តី​សោមនស្ស។

«កូន​ទើប​មក​ពីណា? ហេតុ​អី​ថ្មើរ​នេះ​ហើយ​ ទើប​មក​ដល់​ផ្ទះ? ដឹង​ទេ​ក្មួយ​សមុទ្រ​គេ​មក​ចាំ​កូន​រាប់​ម៉ោង​ហើយ​ណ៎ា!»

«កូន​មិន​បាន​ប្រាប់​គេ​ឲ្យ​មក​ចាំ​កូន​ឯណា លោក​ប៉ា? មិន​មែន​ជា​កំហុស​កូន​ទេ ទោះ​គេ​នៅ​ចាំ​ទល់​ភ្លឺ​ក៏​កូន​មិន​ឈឺ​ក្បាល​ដែរ!»

«កូន​នេះ​ក្បាល​រឹង​ឥត​កែទេ! ក្មួយ​សមុទ្រ​គេ​មាន​សន្តាន​ចិត្ត ដឹង​ថា​ថ្ងៃ​នេះ​ជា​ថ្ងៃ​កំណើត​របស់​កូន​ ទើប​គេ​ខំ​ទិញ​ផ្កា​និងនំ​ខួប​កំណើត​​នេះ​យក​មក​ផ្ញើ​កូន តែ​កូន​បែរ​ជា​បាត់​ខ្លួន​ទល់​ថ្មើរ​នេះ​ទើប​មក​​ដល់​។»

«សមុទ្រ​ទៀត​ហើយ​ហេ៎? ហើយ​គេ​ដឹង​មក​ពី​ណា​ ថា​ថ្ងៃ​នេះ​ជា​ថ្ងៃ​កំណើត​កូន? ហើយ​នរណា​ប្រាប់​គេ​ថា​កូន​ចូលចិត្ត​ផ្កា​ម្លិះ? ម៉េច​ក៏​គេ​ចូលចិត្ត​តាម​ឆាឆៅ​ជីវិត​កូន​បែប​នេះ???»

លំអង​ភ្លៀងសម្តែង​អាការ​ខឹង​ក្រេវ​ក្រោធ ហើយ​គ្រវែង​ភួង​ផ្កា​ម្លិះនិង​ប្រអប់​នំ​​នោះ​ចោល​ទៅ​លើ​ឥដ្ឋ។ ប្រអប់​នំ​បែក​ខ្ចាត់​ខ្ចាយ ខ្ទាត​គ្រាប់​ផ្កាយ​ក្រដាស​តូច​ៗ​រមៀល​ចេញ​មក។ លំអង​ភ្លៀង​ស្រឡាំង​​កាំង​​ នាង​អង្គុយ​ចុះ​យឺត​ៗ​ចាប់​គ្រាប់​ផ្កាយ​ពណ៌លឿង​តូចៗ​ ម្តង​មួយ​គ្រាប់ៗ​រហូត​អស់​ពី​ប្រអប់​នំ។ ផ្កាយ​មាន​ទាំង​អស់​១៧គ្រាប់ គឺ​ស្រប​គ្នា​នឹង​ថ្ងៃ​នេះ​ដែល​ជា​ថ្ងៃ​គម្រប់​ខួប​កំណើត​១៧​ឆ្នាំ​របស់​នាង។

លំអង​ភ្លៀង​ភាន់​ភាំង តើ​សមុទ្រ​បាន​ផ្កាយ​តូចៗ​នេះ​មក​ពី​ណា? នាង​ចាំ​បាន​ថា​ផ្កាយ​តូចៗ​ទាំង​នេះ​គឺ​នាងជា​អ្នក​​បត់​ឲ្យ​នភា ពេល​នាង​លួច​ស្រឡាញ់​គេ​ដំបូង។ នាង​បត់​ក្តី​ស្រឡាញ់​របស់​នាង​តាម​រយៈ​ផ្កាយ​នេះ​ផ្ញើ​មក​ឲ្យ​នភា ហើយ​ខ្ចប់​ទាំង​បេះ​ដូង​បរិសុទ្ធ​​របស់​ខ្លួន​ភ្ជាប់​មក​ជាមួយ​ផង។

[21:05:55]

លំអង​ភ្លៀង​ ក្រឡេក​ទៅ​មើល​នំ​ដែល​ប្រេះ​បែក​ជា​ពីរ តែ​នៅ​អាច​មើល​ឃើញ​អក្សរ​ដែល​ឆ្លាក់​នៅ​លើ​នោះ​យ៉ា​ង​ច្បាស់​ក្រឡែត។ «រីក​រាយ​ថ្ងៃ​កំណើត​ទេព​ធីតាតូច! ដោយ​ក្តី​ស្រឡាញ់^^​!​​»… លំអង​​​ភ្លៀង​ស្ទើរ​តែ​គាំង​បេះ​ដូង​សន្លប់ តើ​រឿង​វាយ៉ាង​ម៉េច??? ក្រែង​របស់​ទាំង​នេះ​សមុទ្រ​ជា​អ្នក​ជូន​នាងឬ? ចុះ​ម៉េច​ក៏​មាន​​ផ្កាយតូចៗ​​ទាំង​នេះ​​ទៅវិញ??? នាង​រលីង​រលោង​ទឹក​ភ្នែក​ ងាក​ទៅ​សួរបញ្ជាក់​ពី​​ប៉ា​របស់​នាង​ ដែល​កំពុង​មុខ​ក្រហម​នឹង​ទង្វើ​របស់​កូន​ស្រី។

«លោក​ប៉ា… ក្រែង​ប៉ា​ប្រាប់កូន​ថា នំ​និង​ផ្កា​នេះ​ លោក​សមុទ្រ​ជា​អ្នក​ជូន​កូន​មែនទេ?»

«មែនហើយ! បើមិន​មែន​គេ​មា​ននរណា​ទៀត? បើ​គេ​ជាអ្នក​យក​មក​ទីនេះ​ដោយ​ផ្ទាល់​ដៃ​របស់​គេ! ហ៊ឹះ! ប៉ា​លែង​រវល់​នឹង​​ឯង​ហើយ!!!»

ពោល​រួច ​ប៉ា​របស់​លំអង​ភ្លៀង​ក៏​ឡើង​ជណ្តើរ​ចូល​ទៅក្នុង​បន្ទប់​បាត់​ទៅ ទុក​ឲ្យ​តូច​តន់​នៅ​នឹក​សង្ស័យ​​​​ហើយ​សង្ស័យ​ទៀត​ ​ចំពោះ​រឿង​ដែល​កើត​ឡើង។ នាង​ក្រឡេក​មើល​អក្សរ​ដែល​ឆ្លាក់​នៅ​លើ​នំ​នោះ​ម្តង​ទៀត…«រីក​រាយ​ថ្ងៃ​កំណើត​ទេព​ធីតាតូច! ដោយ​ក្តី​ស្រឡាញ់​^^​!​​»។ «ទេព​ធីតា​តូច»!?? មែន​ហើយ! មាន​តែ​មនុស្ស​ម្នាក់​តែ​ប៉ុណ្ណោះ​ ដែល​ហៅ​នាង​ថា​ទេព​ធីតា​តូច។ គឺ​នភា! នភា​សង្សារ​ដែល​នាង​ស្មោះ​ស្ម័គ្រ​ចំពោះ​តែ​គេ​មួយ។​

[21:49:33]

ចុះ​សារ​ជូន​ពរ​ពីយប់​មិញ? សារ​ជូន​ពរ​ដំបូង​គេ​ដែល​ផ្ញើ​មក​នាង? ម្តេច​ក៏​សមុទ្រ​នឹក​ឃើញ​ហៅ​គេ​ថា ទេព​ធីតា​តូច​ដែរ? យប់​មិញ​! គឺ​ជា​មីសេច​ដែល​ផ្ញើ​ចេញ​មក​ពី​លេខ​ទូរស័ព្ទ​របស់​សមុទ្រ​ច្បាស់​ណាស់! នាង​មិន​ច្រឡំ​ទេ!!?

លំអង​ភ្លៀង ​ប្រញាប់​ចុច​រាវ​រក​សារ​ដែល​ផ្ញើ​មក​នាង​កាល​ពី​យប់​មិញ ដើម្បី​ពិនិត្យ​មើល​លេខ​ទូរស័ព្ទ​ម្តង​ទៀត​ក្រែង​នាង​ច្រឡំ។ «រីក​រាយ​ថ្ងៃ​កំណើតណ៎ា​ទេព​ធីតាតូច! ដោយ​ក្តី​ស្រឡាញ់^^!» សារ​នេះ​ហើយ​ ដែល​នាង​ទទួល​បាន​នៅ​ម៉ោង [00:00:00] កាល​ពី​យប់មិញ។ លេខ​នៅ​ដដែល​! ឥត​មាន​ខុស​ទេ គឺ​ជា​លេខ​របស់​សមុទ្រ​យ៉ាង​ប្រាកដ។

[22:30:42]

លំអង​ភ្លៀង​ ស្រវា​ចុចទូរស័ព្ទ​បម្រុង​តេ​ទៅ​សួរ​សមុទ្រ​ឲ្យ​ដឹង​រឿង​ដឹង​រ៉ាវ តែ​ទូរស័ព្ទ​នា​ង​ក៏​រោទិ៍​ឡើងមុន លេច​លេខ​របស់​សមុទ្រ​ចេញ​មក។

«អ្នក​នាង​លំអង! ខ្ញុំ​មាន​រឿងមួយ​ចង់​ប្រាប់​អ្នក​នាង!»

«ខ្ញុំ​ក៏​កំពុង​មានរឿង​ចង់​សួរ​លោក​ដូច​គ្នា! តើ​សារ​ពីយប់មិញ នំ​និង​ផ្កា​នៅ​ថ្ងៃ​នេះ លោក​ជា​អ្នក​ផ្ញើ​ជូន​ខ្ញុំ​មែន​ទេ?»

«សារ?… អូ៎… ខ្ញុំ​នឹក​ឃើញ​ហើយ! គឺ​កាល​ពី​យប់​មិញ​ ​មាន​អ្នក​ជម្ងឺ​របស់​ខ្ញុំ​​​ម្នាក់​​បាន​​ស្នើសុំ​ខ្ចី​ទូរស័ព្ទ​ខ្ញុំ ដើម្បី​ផ្ញើ​មីសេច​ជូន​ពរ​ថ្ងៃ​ខួប​កំណើត​របស់​សង្សារ​គេ ហើយ​ខ្ញុំ​ទើប​តែ​ដឹង​នៅ​ថ្ងៃ​នេះ​ថា សង្សារ​​របស់គេ​នោះ​គឺ​ជា​អ្នក​នាង! គេ​​ម្នាក់​នោះ​ឈ្មោះ…ន… នភា!!!»​

ទឹក​ភ្នែក​រាប់​តំណក់​ ​រមៀល​ធ្លាក់​ចុះ​មកមួយ​រំពេច ​ដូច​ទឹក​បាក់​ទំនប់។ តូច​តន់​ខំ​ប្រឹង​ប្រមូល​ស្មារតីទប់​អារម្មណ៍​សួរ​បន្ត៖

«ចុះ​ផ្កា​និង​នំ​នៅ​ថ្ងៃ​នេះ?»

«ក៏​ជា​របស់​គេ​ដែរ! ដោយ​សារ​តែ​គេ​សរសេរ​អាសយដ្ឋាន​ផ្ទះ​របស់​សង្សារ​គេ​ ដើម្បី​ស្នើ​ឲ្យ​ខ្ញុំ​យក​នំ​និង​ផ្កា​នោះ​ទៅ​ជូន ទើប​ខ្ញុំ​ស្គាល់​ថា​សង្សារ​របស់គេ​គឺ​ជា​អ្នក​នាង​លំអង​… ខ្ញុំ​មិន​នឹក​ស្មាន​ថា​ មាន​រឿង​​ចៃដន្យ​បែប​នេះ​កើត​ឡើង​សោះ។»

«អំបាញ់មិញ​… លោក​និយាយ​ថា… គេ​ជា​អ្នក​ជ… អ្នក​ជម្ងឺ​របស់​លោក តើ​មែន​ទេ? តើ​គេ​កើត​អី​ ​​ហេតុ​អី​គេ​មិន​អាច​​​​មក​ជួប​ខ្ញុំ​ដោយ​ខ្លួន​ឯង???»

«រឿង​នេះ​ហើយដែល​ខ្ញុំ​ចង់​ប្រាប់​អ្នក​នាង… សូម​អ្នក​នាង​តាំង​ចិត្ត​ឲ្យ​នឹង​នរណ៎ា! កាល​ពី​ម្សិល​មិញ​ លោក​នភា​បាន​ត្រូវ​រថយន្ត​​បុក​យ៉ាងដំណំ ហើយ​ខ្ញុំ​បាន​នាំ​គេ​មក​មន្ទីរ​ពេទ្យ​… តែ​ពេល​នេះ​គេ​បាន​បាត់​ខ្លួន​ពី​មន្ទីរ​ពេទ្យ​ហើយ ប្រហែល​ជា​គេ​ខ្លាច​អ្នក​នាង​មក​​រកគេ​​ហើយ ព្រោះ​គេ​តែ​ង​ផ្តាំ​ខ្ញុំ​ជា​និច្ច​ពេល​យក​នំ​និង​ផ្កា​មក​ជូន​អ្នក​នាង​ មិន​ឲ្យ​ខ្ញុំ​ប្រាប់​អ្នក​នាង​ជា​ដាច់​ខា​ត​ ថា​គេ​កំពុង​ស្នាក់​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។»

«…»

[23:55:17]

លំអង​ភ្លៀង​ជ្រុះ​ទូរស័ព្ទ​ពីដៃ។ នាង​ទាញ​យ​ក​សោរថយន្ត​បម្រុង​ចេញ​ទៅ​តាម​រក​នភា តែ​ពេល​នាង​ចេញ​ទៅដល់​មាត់​ទ្វា​រ​ក៏​លេច​រូបនិមល​និង​បង​ស្រី​និពន្ធនាយក​ បញ្ឈប់​រថយន្ត​រត់​សំដៅ​មក​រក​គេ។

«ធ្វើ​ចិត្ត​ឲ្យ​នឹង​នរ​ណ៎ាលំអង! រម្ងាប់​អារម្មណ៍​ខ្លះ​ទៅ​ កុំ​តក់​ក្រហល់​ពេក… បង​ទើប​តែ​បាន​ដំណឹង​នេះ​ពីនិមល តាម​ពិត​គេ​ដឹង​រឿង​នេះ​តាំង​ពី​ព្រឹក​ម្ល៉េះ គឺ​ពេល​គេ​ទៅ​មើល​ម្តាយ​ឈឺ​គេ​ក៏​បាន​ជួប​នភា​នៅ​ទីនោះ។»

«សុំ​ទោស​ណាលំអង… ខ្ញុំ​ក៏​ចង់​ប្រាប់​ឯង​ដែរ តែ​នភា​ហាម​ផ្តាច់​មិន​ឲ្យ​ខ្ញុំ​យក​រឿង​នេះ​មក​ប្រាប់​ឯង​ទេ។»

«​បង​មិន​នឹកស្មាន​ថា​រឿង​ទៅជា​បែប​នេះ​សោះ! បង​ខំ​តែ​នឹក​អរនឹង​ថ្ងៃ​កំណើត​របស់​ឯង​ ថា​ពួក​ឯង​នឹង​មាន​រឿងស្វីតៗ​ជា​មួយ​គ្នា​នៅ​ថ្ងៃ​នេះ​ ព្រោះ​កាល​ពី​ម្សិលមិញ​បងបាន​​ទៅ​ហាង​ផ្កា​របស់​អ្នក​ម៉ាក់​​​ ហើយ​​ក៏​បាន​ជួប​នភា​ទៅ​កម្មង់នំ​និង​ផ្កា​នៅ​ទីនោះ ទើប​បង​ដឹង​ថា​ពួក​ឯង​នឹង​ទៅ​ឆ្លង​​ខួប​កំណើតគ្នា​​នៅ​ទីណាពិសេសៗ​តែ​ពីរ​នាក់​ហើយ!»

27 July 2009

[00:00:00]

លំអង​ភ្លៀង​ដួល​សន្លប់​បាត់​ស្មារតី ក្រោយ​ពី​ស្តាប់​ការ​រៀប​រាប់​របស់​និមល ​និង​បង​ស្រី​និពន្ធ​នាយក​ចប់។ ពេល​ខ្លះ ​ស្នេហា​មិន​ចាំ​បាច់​តែធ្វើ​ទៅ​តាម​ តម្រូវ​ការ​របស់​បេះ​ដូង​ទេ តើ​មែន​ទេ? ស្នេហា​គឺ​ជា​ការ​លះ​បង់… Be continued…

អាន​រឿង​ទាក់​ទង៖ ចុះចាញ់​មេឃដី

Advertisements

ជូនបុណ្យគ្រប់គ្នា!

2 មតិ

S73F1760

កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ សមាជិកសមាគមអ្នកនិពន្ធខ្មែរជាច្រើនរូបបានទៅផ្ទះលោកគ្រូ យូ បូ ដែលនៅឯ ព្រែកប្រា។ ពួកយើងបានជួយគ្នាធ្វើម្ហូប បន្ទាប់មកក៏ធ្វើដំណើរទៅវត្តនៅភូមិនោះជុំគ្នា។ តំណាងឱ្យក្រុមយុវអ្នកនិពន្ធខ្មែរ គឺ ខ្ញុំ តែម្នាក់ ព្រោះអ្នកឯទៀតសុទ្ធតែរវល់ តែខ្ញុំទៅយឺតជាងគេ ព្រោះក៏រវល់សម្បើមណាស់ដែរ ទៅដល់ភ្លាមក៏ឮពាក្យថា ថ្មើរហ្នឹងទើបតែមកដល់? គិតទៅសប្បាយដល់ហើយ ព្រោះខានជូបលោកគ្រូយូរ ហើយទោះជាសុខភាពលោកគ្រូខ្សោយមែន តែគាត់នៅតែអញ្ជើញទៅវត្តជាមួយពួកខ្ញុំ។

មើលរូបនេះចុះ ម្នាក់ៗសប្បាយចិត្តណាស់! លោកគ្រូ យូ បូ សក់ពណ៌ស ឈរចំកណ្ដាល អមសងខាងដោយ វាន់ឌី និង ដាលី ហើយ ដេននី ឈរបញ្ឈិតពីក្រោយ ដាលី សក់ក្បាលបាំងភ្នែកម្ខាង ឯនិមលវិញគេថតយកស្ទាយកាន់ទឹកសុទ្ធបាំងថ្ងៃ… ទម្រាំតែថតបានមួយប៉ុស្តិ៍ដ៏ស្អាតនេះ ត្រូវដើររកកន្លែងថតឡើងយូរ ហើយក៏មានអ្នកត្អូញខ្លាចខូចស្បែកច្រើនគ្នាដែរ តែធ្វើម៉េច មកជុំគ្នា ត្រូវតែថតរូបជុំគ្នា។

ពេលមកដល់ផ្ទះវិញ ពួកយើងក៏បានញ៉ាំនំប៉័ង សម្លការី… សប្បាយម្តងទៀត! ឱ្យតែជួបជុំគ្នាគឺសប្បាយចិត្តហើយ អ្នកណាចូលចិត្តអង្គុយវិភាគវែកញែកក៏បាន អ្នកណាចូលចិត្តស្ដាប់ក៏បាន អ្នកណាចូលចិត្តញ៉ាំក៏ញ៉ាំច្រើនទៅ! នេះជាប្រពៃណីមួយដែលកូនសិស្សសមាគមតែងតែធ្វើជារៀងរាល់ឆ្នាំ តែខ្ញុំទើបតែមានវត្ថមានឆ្នាំនេះ។ អរគុណបងកន្និថា ដែលទូរស័ព្ទប្រាប់ខ្ញុំ ហើយអរគុណបង សុភ័ក្ត្រ ដែលផ្ញើរូបនេះមក។ រៀបរាប់ឈ្មោះច្រើនគ្នាមិនអាចភ្លេចបងលីហៀង បានទេ គាត់កំពុងឈរកាន់កាបូបញញឹមនៅកៀនគេនោះ។ ពួកយើងរៀនជំនាន់ផ្សេងៗគ្នា តែក៏មានឱកាសបានធ្វើបុណ្យជុំគ្នា ហើយពួកយើងសូមជូនពរដល់លោកគ្រូ យូ បូ សូមឱ្យលោកគ្រូមានសុខភាពល្អ!

លិខិតអញ្ជើញទៅមើលរឿងខ្មោច

បញ្ចេញមតិ

លិខិតអញ្ជើញ

ដើម្បីចូលរួមរីករាយក្នុងឱកាសពិធីកាន់បិណ្ឌ ប្រពៃណីជាតិខ្មែរយើង ខ្ញុំបាទ សូមអញ្ជើញមិត្តទាំងឡាយទៅអានរឿងខ្មោចមួយរឿងដែលខ្ញុំសរសេរ ដែលនឹងដាក់ជូនអានជាសាធារណៈ នៅប្លក់ អនុស្សាវរីយ៍ នៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ វេលាម៉ោង… ម៉ោងណាក៏បានឱ្យតែទំនេរ។

អផ្សុកទេ? បើអផ្សុកត្រូវហើយ!

New

«ខ្ញុំនិយាយរឿងពិតរបស់ខ្ញុំ ព្រោះអ្នកចង់ស្តាប់​រឿងខ្មោច!»

កម្មវិធីប្រលងនិទានរឿងខ្មោច នឹងធ្វើឱ្យអ្នកសើចពីដើមដល់ចប់ ដោយសារបេក្ខជន និងគណៈមេប្រយោគ​សុទ្ធសឹងតែឡប់ៗ… មានរឿងមួយដែលសំរឹត លើកយកមកនិយាយប្រាប់គេ,​​ចំណងជើងថា «ទេសចរណ៍ស្ថាននរក» រៀបរាប់ពីយប់មួយដែលមានខ្មោចស្រីម្នាក់ទូរស័ព្ទមកអញ្ជើញរូបគេ​ឱ្យទៅចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃនៅស្ថាននរក។ គ្រប់រឿងរបស់បេក្ខជនសុទ្ធតែគួរឱ្យហួសចិត្ត ហើយស្រាប់តែដល់បេក្ខជនម្នាក់នោះ… មិនដឹងដើរចេញមកពីណាទេ? គ្រាន់តែបានឃើញនាងភ្លាម ម្នាក់ៗឡើងព្រឺក្បាល…

090909

2 មតិ

ជូនពរនាថ្ងៃ០៩-០៩-០៩

សូមឱ្យសមាជិកក្រុម យុវអ្នកនិពន្ធខ្មែរ ទាំងអស់ជោគជ័យ!

ស្ងាត់ឱ្យជ្រាបណ៎! អត់មានអ្នកណានឹកនាមកអើតសោះ! ម្នាក់ៗរវល់អើយរវល់ ខ្លះមានស្នេហា ខ្លះខំសិក្សា ខ្លះជាប់ធ្វើការ ដល់អ៊ីចឹងទៅរកបន្ទោសមិនកើត! ប៉ុន្តែបើបានមកអើត ទុកវិចាមួយផងណា!

ចាន់ផល