សំបុត្រ​សម្រាប់​មិត្ត​អ្នក​និពន្ធ

11 មតិ

សំបុត្រ​បញ្ជាក់​ពី​ទឹក​ចិត្ត​ខ្ញុំ​ចំពោះ​មិត្ត​អ្នកនិពន្ធ

តើ​មិត្ត​ដឹង​ទេ​ថា​នៅ​ពេល​ខ្ញុំ​អាន​សៀវភៅ “​កំណត់ហេតុ​ស្នេហ៍” ​អំពី “Message លាក់​ស្នេហ៍” ដែល​និពន្ធ​ដោយ​មិត្ត​រួម​ថ្នាក់​ដ៏​ពិសេស​របស់​ខ្ញុំ ធ្វើ​ឱ្យ​ខ្ញុំ​ចាប់​អារម្មណ៍​ជា​ខ្លាំង ជា​ពិសេស​នៅ​ត្រង់​ចំណុច​ថា “បើ​អូន​ជា​ផ្កាយ បង​ក៏​សូម​ក្លាយ​ជា​មេឃ​ហើយ​នឹង​ការពារ​ផ្កាយ​មួយ​ដួង​នេះ​រហូត​ទៅ” ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​ចំពោះ​ប្រយោគ​នេះ​ខ្លាំង​ណាស់។

ហើយ​ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត គឺ​ត្រង់​ចំណុច​ដែល​មិត្ត​និយាយ​នៅ​ខាង​ក្រោយ​សៀវភៅ​ថា “រាល់​ពេល​ដែល​ខ្ញុំ​មិន​សប្បាយ​ចិត្ត ខ្ញុំ​តែង​តែ​ចង់​បាន​ស្លាប​មួយ​គូ។ បើ​ខ្ញុំ​មាន​ស្លាប ខ្ញុំ​នឹង​អាច​ហោះ​ហើរ​តាម​ចិត្ត​ប៉ង​ដោយ​មិន​ចាំ​បាច់​ទទួល​ទុក្ខ​ធ្ងន់​ៗ​នៅ​ចំពោះ​មុខ។ បើ​ខ្ញុំ​មាន​ស្លាប ខ្ញុំ​នឹង​អាច​ហោះ​ទៅ​ស្វែង​រក​ពិភព​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ និង​ការ​អត់ឱន។” តើ​មិត្ត​ដឹង​ទេ ចិត្ត​របស់​មិត្ត​គឺ​ដូច​ជា​ចិត្ត​របស់​ខ្ញុំ​បេះបិទ ហើយ​អ្នក​ដឹង​ទេ គ្រប់​ពេល​ដែល​ខ្ញុំ​ពិបាក​ចិត្ត ខ្ញុំ​តែង​តែ​ឡើង​លើ​ដំបូល​ផ្ទះ ដើម្បី​បណ្ដែត​អារម្មណ៍​ឱ្យ​វា​ហោះ​ហើរ​ទៅ​កាន់​ពិភព​ដែល​ខ្ញុំ​ចង់​ទៅ។ តែ​ខ្ញុំ​ក៏​គិត​ផង​ដែរ​ថា ការ​ធ្វើ​នេះ​វា​គ្រាន់​តែ​កុហក​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។

ចុង​បញ្ចប់ ខ្ញុំ​សូម​ជូន​ពរ​មិត្ត​ឱ្យ​និពន្ធ​រឿង​ឱ្យ​បាន​កាន់​តែ​ច្រើន​ហើយ​ខ្ញុំ​សូម​ជូន​ពរ​ឱ្យ​មិត្ត​ជួប​តែ​សំណាង​ល្អ សុខភាព​ល្អ កម្លាំង​មាំមួន។

ពី​ខ្ញុំ ពុទ្ធី មិត្ត​រួម​ថ្នាក់​ជាមួយ​អ្នក!

ប៉ុន្មាន​ថ្ងៃ​មុន បង​ពុទ្ធី​សួរ​ខ្ញុំ​ថា “Message លាក់​ស្នេហ៍​ហ្នឹង យើង​និពន្ធ​ឬ​មិន​មែន?” គាត់​ប្រាប់​ថា​គាត់​ចូល​ចិត្ត​រឿង​នេះ ហើយ​ពិសេស​នោះ​គឺ​រឿង “បេះដូង​រាប​ស្មើ” របស់​បង​ចាន់ផល។ ស្រាប់​តែ​ព្រឹក​នេះ គាត់​បាន​ឱ្យ​សំបុត្រ​នេះ​មក​ខ្ញុំ​ដោយ​ប្រាប់​ថា “ទៅ​ដល់​ផ្ទះ​ចាំ​បើក​មើល!” ខ្ញុំ​ទទួល​ដោយ​មិន​រួញរា​ព្រោះ​គាត់​ជា​ស្រី មិន​ចាំ​បាច់​ខ្លាច “សំបុត្រ​លាក់​ស្នេហ៍” អី​ទេ! 😀 បើ​គិត​ៗ​ទៅ មនុស្ស​យើង​មើល​ត្រឹម​រូប​រាង​ខាង​ក្រៅ​មិន​បាន​ទេ។ បង​ពុទ្ធី​លេង​ច្រើន តែ​នៅ​តែ​មាន​ពេល​មិន​សប្បាយ​ចិត្ត! ជីវិត​គឺ​អ៊ីចឹង​ណ៎?

កំណត់​ហេតុ​ស្នេហ៍​ចេញ​លក់

17 មតិ

សូម​អភ័យ​ទោស​ដល់​ប្រិយ​មិត្រ​ផង ព្រោះ​ខាន​អាប់ដេត​អស់​ពេល​រយៈពេល​យ៉ាង​យូរ​ដែរ​ហើយ ។ ឆ្នាំ​ថ្មី​ចូល​មក​ហើយ  happy new year!

ជូន​ដំណឹង​មួយ​ថា សៀវភៅ “កំណត់​ហេតុ​ស្នេហ៍” ឥឡូវ​បាន​ចេញ​លក់​លើ​ទីផ្សារ​ហើយ ។ សៀវភៅ​នេះ​បោះពុម្ព និង​បាន​ចេញ​លក់​តាំង​ពី​មុន​ថ្ងៃ​បុណ្យ​ណូអែល​ម៉្លេះ ។ សៀវភៅ​ទី២​នេះ បោះ​ច្រើន​ជាង​សៀវភៅ​មុន​ដល់​ទៅ ៤​ដង ឃើញ​ថា​ចំនួន​ច្រើន​ជាង​មុន ។

សម្រាប់​ប្រិយមិត្រ​តាម​អ៊ិនធើណិត ពុំ​ទាន់​បាន​អាន​រឿង​ទីនេះ​បាន​ទេ ព្រោះ​ក្រុម​ការងារ​ពុំ​មាន​ពេល​គ្រប់គ្រាន់​​ដឹង​ដាក់​រឿង​សោះ​ម៉ង ច្នេះ​ទេ​សូម​មេត្តា​រង់ចាំ​មួយ​រយៈសិន ។

អរគុណ