សៀវភៅកម្រងរឿងខ្លី «ចង្កៀងនិទានរឿងខ្មោច»

2 មតិ

រឿងខ្លី «ខ្សែជីវិត»

12 មតិ

ខ្ញុំ​សរសេរ​វា​យូរ​ណាស់​ហើយ តែ​ទើប​នឹង​​អាន​ម្ដង​ទៀត​មិញ​នេះ…​ អាន​​រួច​ក៏​ចង់​ចែក​បង​ប្អូន​ដែល​គាំទ្រ​ប្លក​យុវអ្នកនិពន្ធ​ខ្មែរ​នេះ​អាន​ដែរ។ តាម​ពិត​ទៅ ​ខ្ញុំ​កំពុងចង់​ចេញ​ផ្សាយ​​​សៀវភៅ​រឿង​ខ្លី​មួយ​ក្បាល ជា​ហេតុ​ឱ្យ​​​នឹក​ឃើញ​អាន​រឿង​​មួយ​នេះ ក្រែង​អាច​ដាក់​បញ្ចូល​​ក្នុង​សៀវភៅ​នោះ​បាន។

 

ខ្សែជីវិត

និពន្ធដោយ សុខ ចាន់ផល

 


…មុននឹងឃ្លាតទៅ ប្រពន្ធខ្ញុំ​និយាយ​ថា «តើ​ជីវិត​គឺ​ជា​ការ​យល់​សប្តិ​មែន​ទេ? អ៊ីចឹង​ពេលនេះ​អូន​គ្រាន់​តែ​ជិត​ភ្ញាក់​ពី​ការ​យល់​សប្តិ​ប៉ុណ្ណោះ…! កុំ​យំ​ព្រោះ​អូន​អី!  បើ​ទោះ​ជា​នៅ​ក្នុង​សុបិន​របស់​បង​គ្មាន​រូប​អូន​ទៀត​ក៏​ដោយ តែ​បង​នៅ​មាន​កូន​ប្រុស​របស់​ពួក​យើង​ម្នាក់​ទៀត… បង​មិន​ត្រូវ​ឆាប់​ភ្ញាក់​ដូច​អូន​ទេ…! បង​នៅ​មាន​ភារកិច្ច​ចិញ្ចឹម​កូន​យើង… សូម​បង​សន្យា​នឹង​អូន​មក ថា​បង​មិន​អស់​សង្ឃឹម​ មិន​ចុះ​ចាញ់​ជីវិត​ឡើយ… បង​ត្រូវ​តែ​តស៊ូ…!»

មនុស្សតស៊ូដើម្បីអ្វី? តស៊ូ​ដើម្បី​ស្លាប់​ឬ​ក៏​តស៊ូ​រង់​ចាំ​ថ្ងៃ​ស្លាប់? តើ​ប្រពន្ធ​របស់​ខ្ញុំ​នាង​គ្មាន​ទឹក​ចិត្ត​តស៊ូ​ទេ​អី? តើ​នេះ​ឬ​គឺ​ជា​លទ្ធផល​នៃ​ការ​តស៊ូ​របស់​នាង​នោះ? បទ​ចម្រៀង​របស់​លោក​ ស៊ីន ស៊ីសាមុត មួយ​បទ “ខ្សែជីវិត” ច្រៀង​ថា​ជីវិត​របស់​គាត់​ងងឹត​ខ្លាំង​ណាស់! វា​ប្រហែល​ជា​ងងឹត​ដូច​ជីវិត​របស់​ខ្ញុំ​អ៊ីចឹង! …ជីវិត​សម្បូរ​ហូរ​ហៀរ​ដោយ​ទុក្ខ​វេទនា ឧបសគ្គ​បន្ត​កន្ទុយ​គ្នា​មិន​ចេះ​ចប់… ជីវិត​ដែល​កើត​មក​សម្រាប់​តែ​ទទួល​កម្មពៀរ ហើយ​ខំ​ប្រឹង​ត្រដរ​ស្រែក​ថា​ជីវិត​ត្រូវ​តែ​តស៊ូ។

ជីវិតខ្ញុំ​ចាប់​ផ្ដើម​ពី​ពាក្យ «ឯកោ» និង «ឥតន័យ» គឺ​សាលារៀន​ជីវិត​បង្រៀន​ខ្ញុំ តែ​ដល់​ថ្ងៃ​មួយ​ដែល​ខ្ញុំ​បាន​​ជួប​​ប្រពន្ធ​​ខ្ញុំ ​ពាក្យ «ឯកោ» ក៏​​​រលុប​​បាត់​បណ្ដុះ​អាសន្ន។  នាង​ធ្វើ​ឱ្យ​ខ្ញុំ​​មាន​កម្លាំង​ចិត្ត​​​រក​​ន័យ​​ឱ្យ​​ជីវិត។ នាង​ឈ្មោះ​ កល្យាណ រូប​រាង​ស្អាត ជា​កូន​ស្រី​តែ​ម្នាក់​គត់​នៅ​ក្នុង​គ្រួសារ​អ្នក​មាន តែ​បែរ​ជា​មក​ស្រលាញ់​ខ្ញុំ​ជា​អ្នក​ក្រ​រហាម។ ​ចិត្ត​គំនិត​ពួក​យើង​ស្រដៀង​គ្នា​ណាស់។ កល្យាណ ​​ប្រឆាំង​នឹង​ឋានៈ​សង្គម​​ដែល​​ក្រុម​គ្រួសារ​នាង​ខំ​​ឱ្យ​តម្លៃ ហើយ​រត់​តាម​ខ្ញុំ​ដោយ​គ្មាន​ការ​សោក​ស្ដាយ។ ការ​លះបង់​មួយ​នេះ ពួក​យើង​គិត​​ថា​​គឺ​​ជា​​ការ​​ស្វែង​រក​​ន័យ​ឱ្យ​​ជីវិត​​ពួក​​យើង។

ពីរនាក់បានចាប់ផ្ដើមជីវិតគូដ៏ឯកា… ន័យ​ជីវិត​​ដែល​​យើង​​ធ្លាប់​​រំពឹង​​ប្រែ​​ជា​​ស្នាម​ញញឹម​ដ៏​សោះ​កក្រោះ។ ពេល​នោះ​ទើប​ខ្ញុំ​ដឹង​ខ្លួន​ថា ខ្ញុំ​បាន​នាំ​យក​ស្រី​ដ៏​ល្អ​ម្នាក់​មក​រួម​ទុក្ខ​វេទនា​ជាមួយ​ខ្ញុំ ហើយ​ពួក​យើង​ថែម​ទាំង​បង្កើត​ជីវិត​ថ្មី​ដែល​គ្មាន​កំហុស​មួយ ចូល​រួម​ជីវិត​គ្មាន​ន័យ​ជាមួយ​ពួកយើង​ទៀត។ រាល់​ថ្ងៃ​ប្រពន្ធ​ខ្ញុំ​ខំ​សើច​លាក់​បាំង​ដួងចិត្ត​ស្វិត​ស្រពោន​របស់​នាង សោត​ឯ​សំឡេង​យំ​របស់​កូន​ប្រុស​ខ្ញុំ​ហាក់​ឆ្លើយ​ផ្គើន​តប​ទៅ​រក​នាង​វិញ។ តន្ត្រី​ប្រចាំ​គ្រួសារ​របស់​ខ្ញុំ​នៅ​តែ​ប្រគំ​បទ​កម្សត់ ហើយ​បន្ត​ពី​បទ​កម្សត់​នោះ​ក៏​ដល់​បទ​ក្លង​ខែក គឺ​បទ​ភ្លេង​ដែល​ខ្ញុំ​ខ្លាច​បំផុត​នៅ​ក្នុង​ជីវិត។ ប្រពន្ធ​របស់​ខ្ញុំ​មាន​ជំងឺ​ស្លាប់​ចោល​រូប​ខ្ញុំ​ហើយ! បទ​ភ្លេង​ដ៏​សែន​សាហាវ​នោះ ត្រូវ​បាន​គេ​ចាក់​កំដរ​ក្បួន​ហែរ​ខ្មោច​នាង​​យក​ទៅ​កប់​ក្នុង​ព្រៃ ដើម្បី​សង​រូប​កាយ​នាង​ទៅ​ឱ្យ​ផែនដី​វិញ។

កល្យាណ​រស់​នៅ​លើ​ផែនដី​នេះ​ហាក់​ត្រឹម​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ។ ខ្ញុំ​ពិតជា​នឹក​ស្រមោល​នាង​ខ្លាំង​ណាស់! ខ្ញុំ​ដេក​ស្រក់​ទឹក​ភ្នែក​រាល់​យប់ ស្រក់​រហូត​ទាល់​តែ​មិន​ដឹង​ថា​ត្រូវ​ស្រក់​ព្រោះ​រឿង​អ្វី? ក្រែង​ខ្ញុំ​ធ្លាប់​ដឹង​ហើយ​ថា​ជីវិត​គឺ​បែប​ហ្នឹង! ប្រពន្ធ​ខ្ញុំ​នាង​គ្រាន់​តែ​ទៅ​មុន​ខ្ញុំ​បន្តិច​ទេ​តើ! មនុស្ស​ស្លាប់​តើ​មាន​អ្វី​ចម្លែក? ប៉ុន្តែ​អ្នក​នៅ​រស់​ទៅ​វិញ​ទេ ដែល​ត្រូវ​ត្រៀម​ខ្លួន​ស្លាប់​ដែរ។

គិត​មក​ដល់​ត្រឹម​នេះ​ខ្ញុំ​នឹក​អាណិត​អាកូន​កម្សត់​របស់​ខ្ញុំ​ណាស់! វា​ឈ្មោះ​អាតូច មាន​អាយុ​ប្រាំបី​ឆ្នាំ​ហើយ តែ​អត់​បាន​ចូល​រៀន​សាលា​អី​នឹង​គេ​ទេ មួយ​ថ្ងៃៗ​ស្ពាយ​តែ​ថង់​ដើរ​រើស​អេប​ចាយ​ឱ្យ​តត្រុក​តាម​គំនរ​សំរាម។ កូន​ខ្ញុំ​ជា​ក្មេង​ចេះ​គិត​ណាស់! ថ្ងៃ​មួយ​នោះ​ខ្ញុំ​ឈឺ វា​ក៏​ទៅ​សុំ​ច្បាប់​នៅ​ការដ្ឋាន​សំណង់​ឱ្យ​ខ្ញុំ ហើយ​ដល់​ពេល​មក​ផ្ទះ​វិញ​នៅ​ចេះ​ទិញ​ថ្នាំ​មក​ឱ្យ​ខ្ញុំ​លេប​ទៀត។ មិន​តែ​ប៉ុណ្ណោះ មិន​ដឹង​ជា​វា​បាន​មាន់​ងាប់​មួយ​មក​ពី​ណា​ទេ យក​មក​ញញឹម​ញញែម​បង្អួត​ខ្ញុំ។

«ពុកអើយ! ថ្ងៃនេះ​យើង​បាន​ហូប​សាច់​មាន់​ហើយ!» ឮ​កូន​និយាយ​បែបនេះ ខ្ញុំ​នឹក​អាណិត​វា​ខ្លោច​ចិត្ត ព្រោះ​ជា​យូរ​មក​ហើយ​វា​មិន​ដែល​បាន​ហូប​សាច់​មាន់​ទេ។

«រួចតើកូនបានមាន់ហ្នឹងពីណា?» ខ្ញុំ​​សួរ​​កូន។

អាតូចនិយាយសើចបណ្តើរ «ពុក​ឯង​មើល៍ វា​ពិត​ជា​គួរ​ឱ្យ​ចង់​សើច​ណាស់! ខ្ញុំ​ដើរៗ​ស្រាប់តែ​ឃើញ​ពូ​ម្នាក់​យក​ចប​កាប់​ដី កប់​មាន់​នេះ ខ្ញុំ​ក៏​ពួន​ចាំ​ទាល់​តែ​គាត់​កប់​រួច​ដើរ​ចេញ​បាត់ ទើប​ខ្ញុំ​ទៅ​កកាយ​យក​វា​មក។ ខ្ញុំ​ហួស​ចិត្ត​ណាស់! មាន់​ងាប់​យក​ទៅ​កប់​មើល​តែ​មនុស្សដែរ! ក្រែង​សាច់​មាន់​ជា​អាហារ​ឆ្ញាញ់​របស់​មនុស្ស​ទេ​តើ! គិត​ទៅ ប្រហែល​ជា​គាត់​អាណិត​មាន់​គាត់​ពេក មិន​ដាច់​ចិត្ត​ហូប​ហើយ ទើប​​សំណាង​ធ្លាក់​មក​លើ​យើង​វិញ​អ៊ីចឹង​នោះ…!»

ខ្ញុំ​សម្លឹង​មើល​ទឹក​មុខ​រីករាយ​នឹង​ជីវិត​ក្រ​លំបាក​របស់​​កូន​ប្រុស​ខ្ញុំ។ គ្រាន់​តែ​បាន​បរិភោគ​សាច់​មាន់​ក៏​ធ្វើ​ឱ្យ​វា​សប្បាយ​ចិត្ត​ដល់​ថ្នាក់​នេះ! អាតូច​វា​មិន​ចេះ​តូចចិត្ត​នឹង​ខ្លួន​វា ដែល​មិន​អាច​ហូប​អាហារ​ឆ្ញាញ់ៗ​ដូច​កូន​អ្នកមាន​សោះ។ តើ​កូន​ខ្ញុំ​រក​ឃើញ​ជីវិត​មាន​ន័យ​របស់​វា​ហើយ​មែន​ទេ? ប៉ុន្តែ​ប្រសិន​បើ​ខ្ញុំ​ក្លាយ​ជា​អ្នក​មាន ហើយ​អាតូច​ក្លាយ​ទៅ​ជា​កូន​អ្នក​មាន វា​ប្រាកដ​ជា​ប្រែ​ក្លាយ​ជា​ក្មេង​ម្នាក់​រើស​អើង​អាហារ ហើយ​វា​នឹង​ឈប់​ចូល​ចិត្ត​ហូប​សាច់​មាន់ ឬ​ក៏​យល់​ថា​សាច់​មាន់​ស្វិត​ពិបាក​ហូប​មិន​ខាន។ អាហារ​ឆ្ញាញ់​ក៏​មិន​ឋិត​ថេរ​ដែរ… នៅ​លើ​លោក​នេះ​គ្មាន​អ្វី​ពិត​ប្រាកដ​នោះ​ទេ! ក្តី​សប្បាយ​រីករាយ​ក៏​គ្រាន់​តែ​ជា​រឿង​បោក​បញ្ឆោត​មួយ​ភ្លែត​ប៉ុណ្ណោះ គ្រា​ចុង​ក្រោយ​ម្នាក់​ណា​ក៏​ត្រូវ​តែ​យំ​ដែរ។

ជីវិតគួរឱ្យធុញទ្រាន់ណាស់! ថ្ងៃ​ហើយ​យប់ យប់​ហើយ​ថ្ងៃ មួយ​ខែ​ហើយ​មួយ​ឆ្នាំ មួយ​ឆ្នាំ​ហើយ​មួយ​ឆ្នាំ​ទៀត គឺ​ដដែលៗ​មិន​ខុស​គ្នា​សោះ! មនុស្ស​រស់​នៅ​រាល់​ថ្ងៃ​មិន​ដឹង​បាន​ប្រយោជន៍​អ្វី? មនុស្ស​ដេក​ហើយ​ក្រោក ដល់​ងងុយ​ដេក​ក៏​ដេក​ម្តង​ទៀត។ មនុស្ស​ស៊ី​ហើយ​ឆ្អែត រួច​ពី​ឆ្អែត​ឃ្លាន​វិញ ហើយ​ក៏​ត្រូវ​ស៊ី​ម្តង​ទៀត។ មនុស្ស​ទៅ​ធ្វើការ​ហើយ​មក​ផ្ទះ រួច​ក៏​ត្រូវ​ទៅ​ធ្វើការ​វិញ… រាល់​ថ្ងៃ​ធ្វើ​តែ​រឿង​ដដែលៗ​វិល​ចុះ​វិល​ឡើង​រហូត​ដល់​ចាស់​ស្លាប់។ ខ្ញុំ​ធុញ​ទ្រាន់​នឹង​ជីវិត​បែបនេះ​ណាស់! តើ​មនុស្ស​គ្រប់​គ្នា​គេ​មិន​ធុញ​ទ្រាន់​ដូច​ខ្ញុំ​ទេ​ឬ​អី?

…គិត​ចុះ​គិត​ឡើង​ខ្ញុំ​ក៏​បិទ​ភ្នែក​លង់​លក់​អស់​មួយ​ស្រលេត រួច​ក៏​យល់​សប្តិ​ឃើញ​សាច់​មាន់​អាំង​ដ៏​ឈ្ងុយ​ឆ្ងាញ់ ហើយ​ឮ​សំឡេង​អាតូច​ស្រែក​ហៅ​ខ្ញុំ​ល្វើយៗ «ពុក​ហ្អា៎! ពិសា​បបរ​ជាមួយ​សាច់​មាន់​អាំង…»

ខ្ញុំ​បើក​ភ្នែក​ឡើង​ទើប​ដឹង​ថា វា​មិន​មែន​ជា​ការ​យល់​សប្តិ​​ទេ។ កូន​ប្រុស​ខ្ញុំ​វា​កំពុង​ហៅ​ខ្ញុំ​មែន ហើយ​ថែម​ទាំង​ដូស​បបរ និង​សាច់​មាន់​អាំង​នោះ​មក​ដាក់​ក្បែរ​ខ្លួន​ខ្ញុំ​រួច​ជា​ស្រេច​ទៀត។

«ពុកភ្លក្សរសជាតិមាន់អាំងនេះមើល៍…ឆ្ញាញ់​ណាស់​ណា៎!»

ខ្ញុំ​ដឹង​ថា​អាតូច​ពិត​ជា​ចូល​ចិត្ត​សាច់​មាន់​អាំង​របស់​វា​នោះ​ណាស់ ទើប​ខ្ញុំ​ប្រាប់​វា​ថា «កូន​យក​អំបិល​ឱ្យ​ពុក​បាន​ហើយ ព្រោះ​ពុក​ឈឺ​អ៊ីចឹង​ហូប​សាច់​មាន់​នេះ​មិន​ចូល​ទេ! កូន​ហូប​តែ​ម្នាក់​ឯង​ចុះ…!

ឮ​សម្ដី​ខ្ញុំ វា​ក៏​តប​ថា «អ៊ីចឹង​ចាំ​ពុក​ជា​វិញ ចាំ​ហូប​ទាំង​អស់​គ្នា!»

«មិនបាច់ទេ! បើ​យក​ទៅ​ទុក​វា​លែង​ឆ្ញាញ់​ហើយ! កូន​ហូប​តែ​ម្នាក់​ឯង​ទៅ​ណា៎! ទោះ​ជា​ពុក​មិន​ឈឺ​ក៏​ពុក​មិន​សូវ​ចូល​ចិត្ត​សាច់​មាន់​អាំង​ដែរ…!»

អាតូច​ក៏​ដើរ​ទៅ​យក​អំបិល​តាម​ពាក្យ​ខ្ញុំ​ប្រាប់ រួច​ត្រឡប់​មក​អង្គុយ​ហូប​បបរ​ជាមួយ​សាច់​មាន់​អាំង​របស់​វា​ទល់​មុខ​ខ្ញុំ។ ខ្ញុំ​សម្លឹង​មើល​កូន​ទាំង​​ឆ្ងល់​​ថា តើ​វា​ធ្លាប់​គិត​ពី​ថ្ងៃ​អនាគត​របស់​វា​ដែរ​ទេ?

«អាតូច! តើ​កូន​ចង់​ទៅ​រៀន​នៅ​សាលា​ទេ?»

អាតូចធ្វើមុខញឹមៗ ឆ្លើយ​មក​ខ្ញុំ «បាទ! ខ្ញុំចង់…»

កូនម្នាក់នេះវាឆ្លាតណាស់! ខ្ញុំក៏ចង់ដឹង​ពី​គំនិត​របស់​វា ថា​តើ​ហេតុអ្វី​បាន​ជា​វា​ចង់​ទៅ​រៀន «តើ​ហេតុ​អី​កូន​ឯង​ចង់​ទៅ​រៀន?»

វាគិតបន្តិច​ទើប​ឆ្លើយ​ថា ​«ទៅ​រៀន​គឺ​ចេះ​ដឹង… ទៅ​ថ្ងៃ​ក្រោយ​ក្លាយ​ទៅ​ជា​អ្នក​មាន។»

អាតូច​គិត​ដូច​មនុស្ស​ទូទៅ​ណាស់ គឺ​វា​ចង់​ក្លាយ​ទៅ​ជា​អ្នក​មាន។

«នៅមានទៀត…»

តើ​កូន​ក្មេង​ដែល​មិន​ទាន់​ស្គាល់​អត្ថន័យ​ជីវិត​សោះ​នោះ វា​មាន​គំនិត​អ្វី​ខ្លះ​បាន​ជា​វា​ចង់​រស់​ម៉្លេះ?

«អ្វីទៀតទៅកូន?»

«គឺ​ខ្ញុំ​ចង់​ចិញ្ចឹម​ពុក​ឱ្យ​រស់​នៅ​ស្រួល​មិន​បាច់​ទៅ​ធ្វើ​ការ​ធ្ងន់ៗ​ដូច​រាល់​ថ្ងៃ​ទៀត…»

អាតូចជាកូនកត្តញ្ញូមែន! តាមពិត​គំនិត​ដែល​វា​ចង់​រស់​ក៏​ទាក់​ទង​នឹង​រូប​ខ្ញុំ​ដែរ​តើ! …មាន​ន័យ​ថា​វា​ចង់​សង​គុណ​ខ្ញុំ ចង់​ឱ្យ​ខ្ញុំ​រស់​ស្គាល់​ក្តី​សុខ​សាន្ត។ កូន​អើយ! ក្តី​សុខ​សាន្ត​នោះ​វា​មិន​ឋិត​ថេរ​ទេ និង​ថែម​ទាំង​មាន​រយៈពេល​ខ្លី​ទៀត ហើយ​ទម្រាំ​ដល់​ពេល​កូន​ក្លាយ​ទៅ​ជា​អ្នក​មាន​អាច​ចិញ្ចឹម​ពុក​បាន​នោះ ពុក​ប្រហែល​ជា​ដល់​ពេល​ស្លាប់​លែង​បាន​ឃើញ​មុខ​កូន ឬ​ក៏​ដេក​ស៊ី​សំណាង​កូន​ផង​មើល៍​ទៅ។

«នៅមានទៀត… ខ្ញុំ​ចង់​រៀន​ឱ្យ​ចេះ​ដឹង​ដើម្បី​ធ្វើ​ការ​ឱ្យ​ប្រទេស​យើង​ក្លាយ​ទៅ​ជា​ប្រទេស​អ្នក​មាន កុំ​ឱ្យ​មាន​អ្នក​ក្រ​លំបាក​ដូច​ពួក​យើង​ទៀត!»

ខ្ញុំបើកភ្នែកធំៗព្រោះតែសម្ដី​ចុងក្រោយ​របស់​អាតូច​នេះ។ កូន​របស់​ខ្ញុំ​គ្រាន់​បើ​ជាង​ខ្ញុំ! វា​ដឹង​ថា​ជីវិត​របស់​វា​រស់​នៅ​ដើម្បី​អ្វី… ជា​សំណួរ​របស់​ខ្ញុំ​តែង​សួរ​ខ្លួន​ឯង។ ឥឡូវ​កូន​ខ្ញុំ​ឆ្លើយ​ចម្លើយ​នេះ​សម​ណាស់ សម​ជា​មនុស្ស​មាន​ឧត្តម​គតិ មិន​មែន​ជា​មនុស្ស​រស់​រង់​ចាំ​ថ្ងៃ​ស្លាប់​ដូច​ខ្លួន​ខ្ញុំ​ឡើយ។

បាន​ឮ​គំនិត​អាតូច​លើក​នេះ ខ្ញុំ​ច្បាស់​ក្នុង​ចិត្ត​ថា ទៅ​ថ្ងៃ​ក្រោយ​វា​ប្រាកដ​ជា​ចេះ​រស់​នៅ​លើ​ផែន​ដី​នេះ​ដោយ​មាន​ន័យ ហើយ​គំនិត​របស់​វា​នោះ​ថែម​ទាំង​ប្រាប់​ឱ្យ​ខ្ញុំ​ដឹង​ទៀត​ថា ជីវិត​មនុស្ស​បើ​រស់​នៅ​ចេះ​តែ​គិត​ពី​ខ្លួន​ឯង ជីវិត​នោះ​គ្មាន​ន័យ​ទេ ព្រោះ​អនាគត​ខ្លួន​ឯង​នឹង​ស្លាប់ ប៉ុន្តែ​ជីវិត​មិន​មែន​គ្មាន​ន័យ​នោះ​ទេ បើ​មនុស្ស​រស់​នៅ​ចេះ​គិត​ពី​អ្នក​នៅ​ជុំ​វិញ​ខ្លួន គិត​ពី​​សង្គម ពី​ប្រទេស​ជាតិ ឬ​ពី​ពិភពលោក។ សម្ដី​អាតូច ធ្វើ​ឱ្យ​ខ្ញុំ​មាន​ក្ដី​សង្ឃឹម​ហើយ!

ប៉ុន្តែ​ទេវតា​លេង​សើច​នឹង​ខ្ញុំ​ទៀត​ហើយ! ថ្ងៃ​មុន​ខ្ញុំ​ឈឺ តែ​ថ្ងៃ​នេះ​អា​តូច​ស្រាប់​តែ​ឈឺ​ម្តង។ ជំងឺ​ស្អប់​ជីវិត​មនុស្ស​របស់​ខ្ញុំ​ក៏​ចាប់​ផ្តើម​រើ​ឡើង​ម្តង​ទៀត។ ខ្ញុំ​សែន​ស្អប់​ជីវិត​ដែល​រស់​តាម​តែ​ក្រឡា​អុក​របស់​ទេវតា​នេះ​ណាស់! បើ​ជីវិត​ពិត​ជា​ទេវតា​បាន​កំណត់​រួច​ហើយ តើ​ជីវិត​បែប​នេះ​មាន​ន័យ​ស្អី​ទៅ? អាតូច​ឈឺ​ម្តង​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​គិត​អ្វី​មិន​ចេញ​ទេ។ នេះ​មិន​មែន​ជា​ជំងឺ​គ្រុន​ក្តៅ​ធម្មតា​ឡើយ ព្រោះ​ខ្ញុំ​បាន​ទិញ​ថ្នាំ​ឱ្យ​វា​លេប​ពីរ​បី​ថ្ងៃ​ហើយ នៅ​តែ​មិន​មាន​ធូរ​ស្រាល​សោះ លើស​ពី​នេះ​ស្រាប់​តែ​ក្អក និង​ហៀរ​សំបោរ ហើយ​ចេះ​តែ​ដក​ដង្ហើម​ថប់ៗ​ទៀត…

…អ្នកដឹងទេ? រឿង​មួយ​នេះ​គឺ​ខ្ញុំ​សរសេរ​នៅ​ក្នុង​សៀវភៅ ដែល​ខ្ញុំ​បាន​ទិញ​ប្រុង​ឱ្យ​អាតូច​យក​ទៅ​រៀន​អក្សរ​នៅ​សាលា ប៉ុន្តែ​កូន​ខ្ញុំ​គ្មាន​សំណាង…​បាន​សរសេរ​នៅ​លើ​ក្រដាស​សៀវភៅ​នេះ​ទេ…!  អាតូច​កូន​មាស​ឪពុក! ហេតុអ្វី​ក៏​កូន​កើត​មក​ជា​កូន​អ្នក​ក្រ​ដូច​រូប​ពុក…? បើ​មិន​ដូច្នោះ​កូន​ប្រាកដ​ជា​អាច​សម្រេច​ឧត្តមគតិ​ដ៏​ថ្លៃ​ថ្លា​របស់​កូន​បាន។

កូនខ្ញុំ​ស្លាប់​ព្រោះ​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី ស្លាប់​ព្រោះ​ឆ្លង​ពី​ភាព​ក្រី​ក្រ​និង​ភាព​ស្រេក​ឃ្លាន និង​ព្រោះ​ភាព​ល្ងង់​ខ្លៅ​​របស់​​ខ្ញុំ។

 

ធ្នូ ២០០៦

 

ជ្រកភ្លៀង

7 មតិ

 

ជ្រកភ្លៀង


…ស្ត្រីចំណាស់ម្នាក់ដើរញ៉ែងញ៉ងយួរស្បោងសំរាម មក​ដាក់​ចោល​នៅ​មុខ​ផ្ទះ​ល្វែង​របស់​គាត់ ប្រៀប​ដូចជា​គាត់​ធ្វើ​អំណោយ​ដល់​សត្វ​ឆ្កែ​មួយ​ក្បាល ដែល​ដើរ​លបៗ​មក​ហិត​វត្ថុ​សំណល់​នោះ។ សត្វ​ឆ្កែ​ប្រើ​មាត់​របស់​វា​ឈ្មុស​ចូល​ក្នុង​ស្បោង​សំរាម រួច​ពាំ​បាន​នំ​មួយ​ថង់​មក​ខាំ​ស៊ី​ខាង​ក្រៅ​ដោយ​ត្រេក​អរ ប៉ុន្តែ​ភ្លាម​នោះ​ស្រាប់​តែ​លេច​រូប​កូន​ក្មេង​ពីរ​នាក់​ចេញ​មក​រំខាន​ក្តី​សុខ​របស់​វា។ អាក្មេង​ទាំង​ពីរ​នាក់​នោះ បណ្តេញ​សត្វ​ឆ្កែ​ឱ្យ​រត់​ចេញ​ជាមួយ​ឫកពា​យ៉ាង​ក្អេង​ក្អាង។ ខ្ញុំ​ទៅ​ជា​ឆ្ងល់​មិន​ដឹង​ថា​ពួក​វា​ចង់​ធ្វើ​អី? តាម​មើល​ទៅ ក្មេង​ទាំងពីរ​នាក់​នោះ​ប្រហែល​ជា​បង​ប្អូន​បង្កើត​ហើយ។ ពួក​វា​មាន​សម្លៀក​បំពាក់​កញ្ចាស់​ដូច​ខាន​បោក​ប្រាំ​ពីរ​ថ្ងៃ ឯ​សាច់​ស្បែក​ប្រលាក់​ក្អែ​ដូច​ស្បែក​ក្របី សោត​ឯ​សក់​ក្បាល​នោះ​ហៅ​មហា​រញ៉េ​រញ៉ៃ។ ម្នាក់​ជា​ក្មេង​ស្រី​មាន​រាង​តូច​ច្រម៉ក់ អាយុ​ប្រហែល​ជា​ប្រាំ​ឆ្នាំ កំពុង​តែ​យក​ម្រាម​ដៃ​ដ៏​តូច​របស់​វា​ចាប់​ខ្វារ​រើស​នំ​ពី​លើ​ដី ដែល​អំបាញ់​មិញ​សត្វ​ឆ្កែ​ធ្វើ​ឱ្យ​ជ្រុះ។ ម្នាក់​ទៀត​ជា​ក្មេង​ប្រុស អាយុ​ប្រហែល​ជា​បង​ក្មេង​ស្រី​នោះ​មួយ​ឆ្នាំ​ឬ​ពីរ​ឆ្នាំ កំពុង​តែ​យក​ដៃ​របស់​វា​កកាយ​មើល​ស្បោង​សំរាម ធ្វើ​កាយ​វិការ​ស្រដៀង​គ្នា​នឹង​សត្វ​ឆ្កែ​ធ្វើ​ដែរ តែ​ដូចជា​រក​មិន​ឃើញ​អ្វី​ដែល​វា​ចង់​បាន​ទេ ទើប​វា​ងាក​ទៅ​រក​ប្អូន​ស្រី​របស់​វា ហើយ​យក​នំ​ដែល​រើស​ពី​ដី​នោះ​មក​ចែក​គ្នា​ស៊ី។

ពួកអាកូនក្មេងទាំងពីរនាក់នេះ មក​ដណ្តើម​ការងារ​របស់​ឆ្កែ​តើ! អស្ចារ្យ​របស់​វា​ដែរ … អត់​របប​ចំណាប់! នំ​ដែល​ពួកវា​ដណ្តើម​ពី​ឆ្កែ​មក​ស៊ី​នោះ បើ​មិន​ផ្អូម​ក៏​ដុះ​ផ្សិត​ដែរ។ ពិត​ជា​គួរ​ឱ្យ​ស្ងើច​នឹង​ក្រពះ​របស់​ពួក​វា​ណាស់ ហេតុអី​ក៏​ធានា​គុណ​ភាព​ម៉្លេះ? …ជីវិត​របស់​ពួក​អាក្មេង​អនាថា​នេះ ធ្វើ​ឱ្យ​ខួរ​ក្បាល​របស់​ខ្ញុំ​មាន​ការងារ​ធ្វើ​មួយ​ភ្លែត​ទៅ!   យី…​អាក្មេង​ចង្រៃ​ពីរ​នាក់​នេះ!  គ្រាន់​តែ​ខ្ញុំ​ដើរ​មក​ឃើញ​ពួក​វា ទឹក​ភ្នែក​របស់​ខ្ញុំ​ក៏​ស្រក់ បណ្តាល​ឱ្យ​មាន​មនុស្ស​សម្លឹង​មើល​មុខ​ខ្ញុំ។ សង្ស័យ​តែ​ពួក​គេ​គិត​ថា ខ្ញុំ​ស្រក់​ទឹក​ភ្នែក​ព្រោះ​អាណិត​ពួក​អាក្មេង​នោះ​ហើយ។ ចិត្ត​ខ្ញុំ​គិត​អី ពួក​គេ​មិន​ដឹង​មែន! ពួក​អាក្មេង​ឥតប្រយោជន៍​ពីរ​នាក់​នោះ មាន​អ្វី​ទាក់​ទង​នឹង​ខ្ញុំ? ហាស ហាស…! ការពិត​ខ្ញុំ​កំពុង​តែ​អាណិត​ខ្លួន​ឯង​ទៅ​វិញ​ទេ!

ខ្ញុំគឺជានិស្សិតដ៏អស់សង្ឃឹមម្នាក់ ដែល​កំពុង​តែ​រស់​នៅ​ក្នុង​ពិភពលោក​ដ៏​សែន​សប្បាយ​ស្ទើរ​ស្លាប់​នេះ! ក្តី​ស្រមៃ​របស់​ខ្ញុំ គឺ​ចង់​កសាង​ពិភពលោក​នេះ​ឱ្យ​ធំ​ទូលាយ តែ​ពេល​នេះ​នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ ពិភពលោក​នេះ​ប្រែ​ជា​កាន់​តែ​ចង្អៀត កាន់​តែ​រួម​តូច​ហើយ។ ថ្ងៃ​នេះ​ខ្ញុំ​ដើរ​ទាត់​ខ្យល់​តត្រុក​តាម​ផ្លូវ ព្រោះ​ដើម្បី​ឱ្យ​ឃើញ​ថា ពិភពលោក​ប្រាកដ​ជា​ធំ​ទូលាយ ប៉ុន្តែ​ក៏​ទៅ​ជា​មាន​គំនិត​ថា ពិភពលោក​នេះ​ធំ​ជ្រុល រក​កន្លែង​ណា​ទៅ​មិន​បាន​ទៅ​វិញ។

ខ្លួនខ្ញុំនេះរៀនដល់ឆ្នាំទីបីនៅសាកលវិទ្យាល័យ​ទៅ​ហើយ តែ​អកុសល​ផ្លូវ​ជីវិត​របស់​ខ្ញុំ​ប្រែ​ជា​កាន់​តែ​ងងឹត​រក​ពន្លឺ​មិន​ឃើញ​សោះ។ យី​អ៊ើ! គ្រាន់​តែ​គិត​ពី​ភាព​ងងឹត​ភ្លាម ស្រាប់​តែ​ផ្លូវ​ដែល​ខ្ញុំ​កំពុង​ដើរ​នោះ​ក៏​ក្លាយ​ទៅ​ជា​ស្រទុំ​ភ្លាម​ដែរ។ ខ្ញុំ​ខំ​ងើយ​ក្បាល​សម្លឹង​មើល​មេឃ ទើប​ប្រទះ​ភ្នែក​នូវ​ផ្ទាំង​ពពក​ខ្មៅ​កំពុង​រសាត់​បាំង​ពន្លឺ​ថ្ងៃ​សន្សឹមៗ ប៉ុន្តែ​ដំណាល​គ្នា​នោះ សូរ​ខ្យល់​បក់​វូ​ខំ​កួច​បំប៉ើង​ផង់​ធូលី ជះ​មក​លើ​រូប​កាយ​របស់​ខ្ញុំ​ស្ទើរ​សព្វ​កន្លែង ធ្វើ​ឱ្យ​ខ្ញុំ​យក​ដៃ​ខ្ទប់​ភ្នែក​ខាន​មើល​ទិដ្ឋភាព​ក្នុង​អាកាស​នោះ​រលីង។ ខ្ញុំ​ខឹង​អា​ចង្រៃ​ខ្យល់​នេះ​ឡើង​ក្តៅ​ស្លឹក​ត្រចៀក ព្រោះ​បើ​កុំ​តែ​ដោយសារ​វា ខ្ញុំ​ច្បាស់​ជា​អាច​សង្កេត​ភាព​វឹក​វរ​មុន​ពេល​ភ្លៀង​ធ្លាក់​បាន​តាម​សម្រួល​មិន​ខាន។

ខ្ញុំឈរទ្រឹងបិទភ្នែកជិត រហូត​ទាល់​តែ​ធូលី​ត្រូវ​ជំនួស​ដោយ​តំណក់​ទឹក​តូចៗ​វិញ។ តំណក់​ទឹក​ភ្លៀង​ចាប់​ផ្តើម​រុះ​រោយ​ចេញ​ពី​ផ្ទាំង​ពពក​ពណ៌​ខ្មៅ គឺ​ធ្លាក់​ចុះ​ពី​លើ​មេឃ​ដ៏​ខ្ពស់​មក​រក​ផែនដី ដោយ​នាំ​ទាំង​ក្តី​រីករាយ និង​ក្តី​ជ្រួល​ច្របល់​ដល់​មនុស្ស​លោក។ ខ្ញុំ​នេះ​ពិត​ជា​ឆ្គួត​ជិត​ស៊ប់​មែន! ភ្លៀង​ស្រោច​ឡើង​ស្ទើរ​ជោក​ខ្លួន​ទៅ​ហើយ នៅ​តែ​ធ្វើ​អ្នក​វិភាគ​ពី​វា​ទៀត។ ដោយ​នៅ​ជិត​នោះ​មាន​សំយាប​ផ្ទះ​មួយ ឃើញ​មាន​មនុស្ស​កំពុង​តែ​ជ្រក​ភ្លៀង ខ្ញុំ​ក៏​រត់​ចូល​ទៅ​ជ្រក​ជាមួយ​ពួក​គេ។

ថ្ងៃនេះមិនដឹងជាថ្ងៃឆ្គួតអី! មនុស្ស​នៅ​កន្លែង​ដែល​ខ្ញុំ​រត់​ចូល​មក​ជ្រក​ភ្លៀង​នោះ មើល​ទៅ​គឺ​សុទ្ធ​តែ​អ្នក​សុំទាន។ វា​​ជា​រឿង​រង្កៀស​ចិត្ត​ណាស់ ការ​ដែល​ខ្លួន​ត្រូវ​មក​នៅ​ក្បែរ​ពួក​មនុស្ស​បាត​សង្គម​បែប​នេះ។ ខ្ញុំ​មាន​តែ​ព្យាយាម​ធ្វើ​មិន​ឃើញ​ពួក​មនុស្ស​ទាំង​នោះ ដោយ​ខំ​ផ្ចង់​អារម្មណ៍​សម្លឹង​ទៅ​រក​ភាព​ស្រងេះ​ស្រងោច​នៃ​ទិដ្ឋភាព​ទឹក​ភ្លៀង​ជំនួស​វិញ។

សំឡេងរណ្តំនៃតំណក់ទឹកភ្លៀង​គឺ​ជា​តន្ត្រី​ធម្មជាតិ​ដ៏​ពីរោះ​ និង​ប្រកប​ដោយ​អត្ថន័យ​មហិមា។ មាន​មនុស្ស​តិច​ណាស់ ដែល​អាច​ស្តាប់​យល់​ពី​ន័យ​របស់​តន្ត្រី​ពិសេស​មួយ​នេះ។ តើ​អ្នក​ដែល​អាច​ស្តាប់​យល់​នោះ គេ​ជា​មនុស្ស​មាន​មនោសញ្ចោតនា​កម្រិត​ណា​ទៅ? សម្តី​នេះ​គឺ​ខ្ញុំ​និយាយ​តាម​មនុស្ស​ស្រី​ម្នាក់ ដែល​ទឹក​ដម​សំឡេង​របស់​នាង​ពីរោះ​រងំ ឧបមា​នឹង​សំឡេង​នៃ​ទឹក​ភ្លៀង​យ៉ាង​អ៊ីចឹង។ កាលណោះ​ខ្ញុំ​មិន​យល់​ពី​អ្វី​ដែល​នាង​និយាយ​នោះ​ទេ ហើយ​រឹត​តែ​មិន​ចេះ​ស្តាប់​ភាសា​របស់​តំណក់​ទឹក​ភ្លៀង​ទៀត។ ខ្ញុំ​គ្រាន់​តែ​ដឹង​ថា ខ្ញុំ​ចូល​ចិត្ត​ស្តាប់​នាង​និយាយ​ណាស់ ហើយ​ទោះ​ជា​ខ្ញុំ​ស្តាប់​មិន​យល់ ក៏​វា​នៅ​តែ​មាន​ន័យ​ពេញ​ដែន​បេះដូង​ដែរ។

ឥឡូវ​នេះ​ខ្ញុំ​នៅតែ​មិន​អាច​ស្តាប់​យល់​ន័យ​របស់​សំឡេង​ទឹក​ភ្លៀង​បាន ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ទឹកភ្លៀង​បាន​ផ្តល់​អារម្មណ៍​ដ៏​ចម្លែក​មួយ​ដល់​ខ្ញុំ។ ប្រហែល​មក​ពី​ខ្ញុំ​ជា​មនុស្ស​មាន​ទុក្ខ​ព្រោះ​ព្រាត់​ប្រាស​ស្នេហា​ហើយ ទើប​សំឡេង​ទឹក​ភ្លៀង​មាន​ន័យ​ដូចជា​ចម្រៀង​ដួងចិត្ត ទួញ​សោក​ស្រណោះ​ស្រណោក​ស្ទើរ​ស្លាប់​ស្ទើរ​រស់​យ៉ាង​នេះ។ ពេល​បាន​ឃើញ​តំណក់​ទឹក​ភ្លៀង និង​បាន​ឮ​សំឡេង​របស់​វា ខ្ញុំ​តែង​នឹក​នារី​ម្នាក់​ខ្លាំង​បំផុត រួច​ក៏​ឈឺចាប់​ខ្លាំង​បំផុត​ដែរ។ សុធាវី នារី​តែ​ម្នាក់​គត់​ដែល​ជា​កម្លាំង​ចិត្ត​ក្នុង​ជីវិត​ខ្ញុំ​អស់​រយៈ​ពេល​បី​ឆ្នាំ ហើយ​ជា​នារី​ដែល​ខ្ញុំ​តែង​នឹក​អស់​រយៈ​ពេល​បី​ឆ្នាំ​ដែរ​នោះ ស្រាប់​តែ​ពេល​នេះ ពាក្យ​មួយ​ឃ្លា​ដែល​ខ្ញុំ​ធ្លាប់​តែ​និយាយ​ប្រាប់​ខ្លួន​ឯង​ថា ខ្ញុំ​នឹក​នាង​នោះ ក៏​ប្រែ​ជា​ពាក្យ​មួយ​ឃ្លា​ដ៏​ពិស​ពុល… ជា​ពាក្យ​មួយ​ឃ្លា​ដែល​ខ្ញុំ​គ្មាន​សមត្ថភាព​នឹង​និយាយ​តទៅ​ទៀត​បាន…។

បរិយាកាសក្នុងខណៈនេះស្រដៀងនឹងពេលវេលា ដែល​សុធាវី​ និង​ខ្ញុំ​ធ្លាប់​អង្គុយ​សាសង​គ្នា​អ្វី​ម៉្លេះ! ខ្ញុំ​ស្រមៃ​រូបរាង​ដែល​នាង​ស្លៀក​សម្លៀក​បំពាក់​ជា​សិស្ស​សាលា​អង្គុយ​នៅ​ក្បែរ​ខ្ញុំ។ ខ្ញុំ​យល់​ថា សម្លៀក​បំពាក់​នោះ​មិន​បាន​លើក​សម្រស់​នាង​ឱ្យ​ស្រស់​បាន​ទេ ប៉ុន្តែ​គឺ​រូប​រាង​នាង​ទៅ​វិញ​ទេ ដែល​បាន​លើក​សភាព​របស់​សម្លៀក​បំពាក់​នោះ​ឱ្យ​ក្លាយ​ជា​សម​សួន​វិញ។ នៅ​ក្នុង​បរិយាកាស​ភ្លៀង​ធ្លាក់​ដ៏​ត្រជាក់​ស្រេង​កាល​គ្រា​នោះ សម្រស់​របស់​សុធាវី​ស្រស់​ណាស់ …ស្រស់​មិន​អាច​នឹង​ពណ៌នា​ឱ្យ​ស្មើ​បាន។ សម្បុរ​ស្បែក​របស់​នាង​មាន​ពណ៌​ដូច​មាស​ទឹក​ដប់ រង្វង់​ភក្ត្រ​រំលេច​ដោយ​នេត្រា​ដ៏​ភ្លឺ​ស្រទន់​សក្តិសម​នឹង​ចរិយា​ស្រគត់​ស្រគំ​នៃ​នារី​ខ្មែរ។ ពាក្យ​ពេចន៍​ដ៏​ទន់ភ្លន់​របស់​នាង ដែល​ខ្ញុំ​បាន​កត់​ត្រា​ទុក​ដោយ​ដួង​​ចិត្ត​សង្ឃឹម​មាន​សេចក្តី​ថាៈ

«ជាតិជាស្រីម្នាក់ អនាគត​នឹង​ល្អ​ឬ​អាក្រក់​គឺ​អាស្រ័យ​លើ​ប្រុស​ជា​ប្តី… ព្រហ្មលិខិត​ធ្វើ​ឱ្យ​ខ្ញុំ​បាន​ស្គាល់​រូប​បង​គឺ​ជា​ភ័ព្វ​ព្រេង​ដ៏​ល្អ​របស់​ខ្ញុំ។ បង​ដឹង​ទេ? ថ្ងៃ​នេះ​ខ្ញុំ​ស្លៀក​ពាក់​ឯក​សណ្ឋាន​សិស្ស​មក​ជួប​បង ព្រោះ​ខ្ញុំ​ចង់​ប្រាប់​បង​ថា ខ្ញុំ​ស្រលាញ់​ការ​សិក្សា​ខ្លាំង​ណាស់…! …ក្នុង​ជាតិ​នេះ​ខ្ញុំ​មិន​អាច​ផ្សារ​ភ្ជាប់ ជីវិត​ទៅ​នឹង​ការ​សិក្សា​បាន​វែង​ឆ្ងាយ តែ​ខ្ញុំ​នៅ​មាន​ក្តី​ស្រមៃ​មួយ​ទៀត គឺ​ចង់​បាន​ស្វាមី​ជា​បុរស​ដែល​មាន​កម្រិត​នៃ​ការ​សិក្សា​ខ្ពស់។ ថ្ងៃ​ស្អែក​បង​នឹង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ភ្នំពេញ​ ដើម្បី​បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ ហើយ​ពេល​នោះ​បង​នឹង​ទទួល​ឈ្មោះ​ជា​និស្សិត​ខ្មែរ​ម្នាក់។ សូម​បង​ខិត​ខំ​រៀន​សូត្រ​ដើម្បី​អនាគត​របស់​ពួក​យើង​ទាំង​ពីរ​នាក់… រូប​ខ្ញុំ​នៅ​ស្រុក​រង់​ចាំ​បង!»

ពេលវេលាចេះតែរសាត់ទៅមុខ ដោយ​ទុក​តែ​ស្នាម​អនុស្សាវរីយ៍​រាប់​មិន​អស់​នៅ​ក្នុង​ដួង​ចិត្ត​មនុស្ស។ ខ្ញុំ​សែន​ស្រណោះ​ពេល​វេលា​ដែល​ខ្ញុំ​ស្រលាញ់​សុធាវី… ស្រណោះ​ពេល​វេលា​ស្នេហា​ដ៏​មាន​សង្ឃឹម​របស់​ពួក​យើង។ ប៉ុន្តែ​ខ្ញុំ​សែន​ខ្លាច​ពេល​វេលា​ដែល​ខ្ញុំ​ត្រូវ​បំភ្លេច​សុធាវី… ខ្លាច​ពេល​វេលា​ដែល​ខ្ញុំ​លែង​មាន​ស្នេហា​ដ៏​បរិសុទ្ធ​បន្ត​ទៀត…!

ទឹកភ្នែករបស់ខ្ញុំក៏ស្រក់ចុះនៅពីមុខព្រះភិរុណ ដែល​ជា​សាក្សី​ធ្លាប់​បាន​ដឹង​រឿង​រ៉ាវ​ស្នេហា​របស់​ខ្ញុំ។ ឱ! តំណក់​ទឹក​ភ្លៀង! ខ្ញុំ​ដឹង​ថា​សុធាវី​មិន​ដែល​ភ្លេច​ពាក្យ​សម្តី​ដែល​នាង​បាន​និយាយ​ប្រាប់​ខ្ញុំ​នោះ​ឡើយ… តើ​រូប​នាង​កំពុង​ឈឺ​ចាប់​ប៉ុណ្ណា បើ​ពេល​នេះ​នាង​មិន​អាច​រក្សា​ពាក្យ​សន្យា​របស់​នាង ចំពោះ​រូប​ខ្ញុំ​បាន​នោះ? ភ្លៀង​ធ្លាក់​នៅ​ក្នុង​ថ្ងៃ​រៀបការ​របស់​នាង​បែប​នេះ តើ​ចិត្ត​នាង​នឹក​រឭក​ដល់​ខ្ញុំ​យ៉ាង​ណា​ទៅ?

សុធាវី​មាន​ឱកាស​រស់​នៅ​ស្រុក​ខ្មែរ​មិន​យូរ​ទៀត​ឡើយ។ ប៉ុន្មាន​ថ្ងៃ​ទៀត​នាង​នឹង​ត្រូវ​ចាក​ចេញ​ពី​ស្រុក​កំណើត​ដ៏​កក់ក្តៅ​នេះ ទៅ​រស់​នៅ​ឯ​ស្រុក​មួយ​ដែល​មាន​តែ​មនុស្ស​និយាយ​ភាសា​ដែល​នាង​ស្តាប់​មិន​យល់។ ខ្ញុំ​សែន​ស្អប់​ខ្លួន​ឯង​ដែល​ក្រីក្រ​ជាង​ជាតិ​បរទេស គ្មាន​សមត្ថភាព​ដណ្តើម​មនុស្ស​ស្រី ដែល​ខ្លួន​ស្រលាញ់​បាន។ តើ​អនាគត​របស់​សុធាវី​នឹង​ក្លាយ​ទៅ​ជា​យ៉ាងណា?

ទឹកចិត្តអស់សង្ឃឹមរបស់ខ្ញុំ ប្រៀប​បាន​ទៅ​នឹង​តំណក់​ទឹក​ភ្លៀង​ដែល​កំពុង​តែ​ព្រួត​គ្នា​ស្រក់​ចុះ រក​កម្រិត​អប្បបរមា​​របស់​​ខ្លួន។ តើ​តំណក់​ទឹក​ភ្លៀង​ទាំង​នោះ​អាច​វិល​ទៅ​លើ​មេឃ​ក្លាយ​ជា​ដុំ​ពពក​ម្តង​ទៀត​បាន​ដោយ​របៀប​ណា​ទៅ? ក្លិន​នៃ​សុភមង្គល​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​ត្រូវ​បាន​បន្សាត់ ដោយ​ព្យុះ​ភ្លៀង​ដ៏​សែន​កំណាច​បាត់​អស់​ទៅ​ហើយ។ នៅ​ពេល​ថ្ងៃ​រះ​មាន​ពន្លឺ​វិញ តើ​ខ្ញុំ​អាច​ញញឹម​ស្រស់​បាន​ឬ​ទេ?

សំឡេងផ្គរក្អិលៗលាន់រងំក្បែរត្រចៀករបស់ខ្ញុំ! …ឆ្គួត​មែន! នេះ​មិន​មែន​ជា​សំឡេង​ផ្គរ​ទេ គឺ​ជា​សំឡេង​របស់​មនុស្ស​ប្រុស​ម្នាក់​អាយុ​ស្របាលៗ​នឹង​ខ្ញុំ ពាក់​អាវ​ក្រឡា​ល្អិត​ដៃ​វែង ស្លៀក​ខោ​មូល​ជើង​ទាំង​សង​ខាង និង​ពាក់​ស្បែក​ជើង​ផ្ទាត់​កញ្ចាស់​ដុះ​ស្នឹម។ សភាព​របស់​គាត់​នេះ​គឺ​ចាញ់​រូប​ខ្ញុំ​បន្តិច ព្រោះ​ប្រហែល​ដោយ​សារ​គាត់​មក​ពី​ស្រែ​ក្រោយ​ខ្ញុំ។ បើ​មើល​ទៅ​មុខ​មាត់​របស់​គាត់​វិញ​រាង​សុភាព​គួរ​សម​ដែរ ប៉ុន្តែ​អន់​ត្រង់​សក់​ក្បាល​ខ្វះ​សណ្តាប់​ធ្នាប់ បែប​មក​ពី​គាត់​ភ្លេច​ក្រាស​សិត​សក់​នៅ​ឯ​ស្រែ​ហើយ។ អាគាត់​នេះ​មក​រំខាន​ខ្ញុំ​មិន​ឱ្យ​ស្រមៃ​រឿង​រ៉ាវ​ស្នេហា​កម្សត់​ជូរ​ចត់​ព្រាត់​ប្រាស​បន្ត​ទៀត សម​តែ​ខ្ញុំ​ជេរ​ទើប​ត្រូវ តែ​នឹក​ឃើញ​ថា​ខ្លួន​ជា​និស្សិត​ម្នាក់​ដែរ ទើប​ខ្ញុំ​ខំ​ទប់​ចិត្ត​ដោយ​សួរ​ជំនួស​វិញ។

«មានការអីជាមួយខ្ញុំអ្ហេះ?»

កំលោះមកពីស្រុកស្រែនោះស្រាប់តែលើក​ដៃ​សំពះ​ខ្ញុំ «ខ្ញុំ​សុំ​លុយ​បង​ទិញ​បាយ​ហូប​ផង ព្រោះ​ខ្ញុំ​អត់​បាយ​មួយ​ថ្ងៃ​ហើយ។»

ខ្ញុំយកដៃមួលស្លឹកត្រចៀករបស់ខ្ញុំបន្តិចក្រែង​លោ​វា​ស្តាប់​ច្រឡំ រួច​សម្លឹង​មើល​មុខ​គាត់​នោះ​ម្តង​ទៀត ឃើញ​ថា​ពិត​ជា​គួរ​ឱ្យ​អាណិត​មែន! ប៉ុន្តែ​សម្តី​របស់​គាត់​ថា​អត់​បាយ​ហូប​នោះ ប្រាកដ​ជា​បោក​ខ្ញុំ​ហើយ។ ខ្ញុំ​មិន​ភ្លើ​ទៅ​ជឿ​ទេ ព្រោះ​មាឌ​របស់​គាត់​មាំ​ជាង​ខ្ញុំ​ផង។

«តើបងជាអ្នកសុំទានឬ? មើលទៅដូចជាមិនទំនង!»

គាត់នោះក៏ឆ្លើយរង៉ូវៗមកខ្ញុំ «បង​អើយ! ខ្ញុំ​អ្នក​ដើរ​សំលៀង​កាំបិត​ទេ តែ​ថ្ងៃនេះ​រក​លុយ​មិន​បាន ទើប​ហ៊ាន​លើក​ដៃ​សំពះ​សុំ​លុយ​បង​អ៊ីចឹង។ អាណិត​ខ្ញុំ​កូន​អ្នក​ស្រែ​មិន​ចេះ​អក្សរ ដាក់​ទាន​ឱ្យ​ខ្ញុំ​ផង! ប៉ុន្មាន​ក៏​បាន​ដែរ តាម​សទ្ធា​របស់​បង​ទេ…!»

ខ្ញុំយកដៃអេះក្បាលគិតបន្តិចថាគួរធ្វើយ៉ាងម៉េច?

«ចៅអើយ! ឱ្យយាយសុំលុយទិញបាយហូបផង…!»

ពុទ្ធោ! ខ្ញុំភ្ញាក់លើកដៃសំពះតបទៅវិញដោយស្វ័យប្រវត្តិ។ នេះ​គឺ​ជា​សំឡេង​របស់​ដូន​ចាស់​ម្នាក់​ស្តី​មក​រក​ខ្ញុំ។ សភាព​របស់​គាត់​គឺ​យ៉ាប់​នោះ​យ៉ាប់… គាត់​ស្លៀក​ពាក់​កញ្ចាស់ ហើយ​ធ្វើ​កិរិយា​ឱន​លំទោន​មក​រក​ខ្ញុំ គួប​ផ្សំ​នឹង​រាង​កាយ​ដ៏​ស្គម​គ្រប​ដណ្តប់​ដោយ​ស្បែក​ដ៏​ជ្រីវ​ជ្រួញ មើល​ទៅ​ហៅ​សែន​អនិច្ចា! ឱ!​អនិច្ចា​វដ្ត​សង្សារ កើត ចាស់ ឈឺ ស្លាប់…! យាយ​គេ​យាយ​ខ្ញុំ ពិត​ជា​គួរ​ឱ្យ​សង្វេគ​អាណិត​ណាស់!

ពេលនោះខ្ញុំរាងផ្អើលៗ។ ភ្នែក​ខំ​ងាក​សម្លឹង​នៅ​ម្តុំ​នោះ​ឱ្យ​អស់​ ថា​​តើ​នៅ​សល់​អ្នក​សុំទាន​ប៉ុន្មាន​នាក់​ទៀត? អូ! ពិត​ជា​នៅ​មាន​មែន! ពូ​ម្នាក់​នោះ​កំបុត​ជើង​ម្ខាង​អង្គុយ​ផ្ទាល់​នឹង​ដី​គ្មាន​អនាម័យ​សោះ ហើយ​ភ្នែក​របស់​គាត់​សម្លឹង​មក​រក​ខ្ញុំ​ភ្លឹះៗ​ហាក់​សុំ​ក្តី​ករុណា​ពី​ខ្ញុំ។ ខ្ញុំ​ក៏​ងាក​មុខ​ចេញ​វឹង រួច​ប្រទះ​តា​ចាស់​ខ្វាក់​ភ្នែក​ម្នាក់​ឈរ​ស្ងៀម​ដូច​កំពុង​តាំង​សមាធិ​ទៅ​រក​និព្វាន។ សំណាង​ដែរ​ដែល​តា​ចាស់​នោះ​គ្មាន​ភ្នែក​សម្លឹង​ខ្ញុំ​បាន ប៉ុន្តែ​ដល់​ពេល​មើល​ចុះ​ក្រោម​តែ​បន្តិច ក៏​​ឃើញ​​ភ្នែក​ក្រឡោតៗ របស់​ក្មេង​ស្រី​ម្នាក់​កំពុង​អង្គុយ​ចោង​ហោង​សម្លក់​មក​រក​ខ្ញុំ ដោយ​ធ្វើ​មុខ​ដូច​ជា​ចង់​ទាម​ទារ​បំណល់​អ្វី​ពី​ខ្ញុំ​យ៉ាង​អ៊ីចឹង។

អូយ! …កណ្តុំឆែប! ពន្លឺផ្លេកបន្ទោរ​បាន​ជះ​រស្មី​មក​លើ​ទឹក​មុខ​របស់​ពួក​អ្នក​សុំទាន​ទាំង​នោះ ធ្វើ​ឱ្យ​ខ្ញុំ​ព្រឺ​ក្បាល​ខ្ញាក។ ស្នូរ​​រន្ទះ​បាញ់​ផាំង​ខ្ទ័រ​ញ័រ​ស្លឹក​ត្រចៀក​របស់​ខ្ញុំ ជំរុញ​អារម្មណ៍​ខ្ញុំ​ឱ្យ​រឹត​តែ​តក់​ស្លុត។ រាសី​របស់​ខ្ញុំ​ប្រាកដ​ជា​កំពុង​ស្រុត​ចុះ​ខ្លាំង​ហើយ បាន​ជា​រូប​ខ្ញុំ​មក​ជួប​នឹង​ស្ថានភាព​បែបនេះ។ ខ្ញុំ​កំពុង​តែ​អស់​សង្ឃឹម​ស្រាប់​ផង តិច​ស្ថានភាព​នេះ​ជា​ប្រផ្នូល​ប្រាប់​ខ្ញុំ​ថា ថ្ងៃ​ក្រោយ​ខ្ញុំ​នឹង​ក្លាយ​ទៅ​ជា​ដូច​ពួក​មនុស្ស​ទាំង​នេះ​ទៅ។ ព្រឺ​ក្បាល​ណាស់! ពួក​​អ្នក​មាន​​ខ្លះ​​និយាយ​ថា នៅ​ក្បែរ​អ្នក​សុំទាន​បែប​នេះ វា​អាច​ឆ្លង​ស៊យ​ដល់​ខ្លួន​ទៀត​ផង។ ងាប់​ហើយ​ខ្ញុំ! ពេល​នេះ​ខ្ញុំ​ប្រហែល​ជា​ឆ្លង​ពី​អ្នក​សុំទាន​ទាំង​នេះ​ខ្ទេច​ខ្ទី​គ្មាន​សល់​ទេ! ចង្រៃ​មក​ពី​ភ្លៀង​ហ្នឹង បាន​ទៅ​ជា​អ៊ីចឹង! តើ​ពេល​ណា​បាន​ភ្លៀង​រាំង…?

«ចៅ…! ឱ្យយាយសុំលុយមួយរយពីររយមក!»

ខួរក្បាលកំពុងតែវិលវល់ផង ខ្ញុំ​ក៏​ស្រែក​ឡើង​ទាំង​ធុញ​ថប់ «គ្មានទេ…!»

នឹកស្មានមិនដល់សោះ ថា​យាយ​ចាស់​សុំ​ទាន​នោះ​បែរ​ជា​តប​មក​ខ្ញុំ​វិញ «កុំ​ថា​គ្មាន​អ៊ីចឹង​ចៅ ប្រយ័ត្ន​បាប​គ្មាន​លុយ​មែន!»

សម្តីរបស់យាយនោះធ្វើឱ្យ​ចង្វាក់​បេះដូង​របស់​ខ្ញុំ​លោត​ឌុក​ឌាក់។ ខ្ញុំ​យក​ដៃ​ស្ទាប​ប្រាក់​ប៉ុន្មាន​ពាន់​រៀល​នៅ​ក្នុង​ហោប៉ៅ​​ខោ​ខ្ញុំ ដោយ​គិត​បណ្តើរ​ថា តើ​គួរ​តែ​ឱ្យ​ប្រាក់​ទៅ​គាត់​ឬ​អត់? ព្រោះ​ខ្ញុំ​ពិត​ជា​ខ្លាច​បាប​ដូច​ពាក្យ​យាយ​ចាស់​នោះ​និយាយ​ណាស់! ប៉ុន្តែ​បើ​សិន​ជា​ខ្ញុំ​ព្រម​ឱ្យ​ទាន​ព្រោះ​តែ​ពាក្យ​បណ្តាសា​បែប​នេះ អ្នក​សុំទាន​ផ្សេង​ទៀត​នឹង​ធ្វើ​ត្រាប់​តាម​យាយ​សុំទាន​ម្នាក់​នោះ ដើម្បី​ឱ្យ​ខ្ញុំ​ឱ្យ​ទាន​ពួក​គេ​គ្រប់​គ្នា​មិន​ខាន ហើយ​តើ​ទាន​បែប​នេះ​វា​បាន​បុណ្យ​ស្អី? ណា​មួយ​អ្នក​សុំទាន​នៅ​ទី​កន្លែង​នេះ​មាន​ប៉ុន្មាន​នាក់​ដែរ ឃើញ​ថា​វា​ធ្វើ​ឱ្យ​យ៉ាប់​ដល់​សេដ្ឋកិច្ច​របស់​ខ្ញុំ​ទៀត ហើយ​អ្នក​សុំទាន​ក៏​មាន​នៅ​កន្លែង​ផ្សេង​ទៀត បើ​ឱ្យ​ទាន​តែ​ពួក​ប៉ុន្មាន​នាក់​នេះ វា​ដូច​ជា​មិន​ដាច់​ចិត្ត​នឹង​អ្នក​ដែល​មិន​បាន។ កំពុង​តែ​គិត​មិន​ទាន់​ដាច់​ស្រេច​ផង ស្រាប់​តែ​ជន​សំលៀង​កាំបិត​ស្រែក​មក​ខ្ញុំ​ថា «បើ​គ្មាន​លុយ​មែន តើ​ហ៊ាន​ស្បថ​ទេ?»

យី! អាជន​សំលៀង​កាំបិត​សំរែ​នេះ​បែរ​ជា​ហ៊ាន​មក​និយាយ​ញុះ​ញង់​ឱ្យ​ខ្ញុំ​ស្បថ​ស្បែ​ជាមួយ​វា​ទាំង​ខែ​ភ្លៀង​ផង! ខ្ញុំ​ក្លាយ​ទៅ​ជា​ខឹង​ឆេវ ប្រុង​ត​មាត់​ទៅ​វា​វិញ​ទៅ​ហើយ ប៉ុន្តែ​ចេះ​នឹក​ឃើញ​ទាន់​ថា បើ​យ៉ាងម៉េចៗ​ទៅ ពួក​អ្នក​សុំទាន​នេះ​មាន​គ្នា​ច្រើន​ជាង​ខ្ញុំ ឱ្យ​តែ​ពួក​ហ្នឹង​ព្រួត​គ្នា​វាយ​ខ្ញុំ តើ​ឱ្យ​ខ្ញុំ​ទប់​ទល់​ម៉េច​នឹង​រួច? ចៃដន្យ​ដែរ​ពេល​នោះ​ភ្លៀង​ក៏​ហាក់​ដូចជា​ដាច់​គ្រាប់​តិចៗ  ទើប​ខ្ញុំ​អាច​រត់​ចេញ​ពី​កន្លែង​អ្នក​សុំទាន​នោះ​លែង​ងាក​ក្រោយ។

 

វិច្ឆិកា ២០០៦

ដោយ សុខ ចាន់ផល

The Last Part of Life

3 មតិ

Translated by Yin Luoth

Writen by Sok Chanphal

អាន​រឿង​នេះ​ជា​ភាសាខ្មែរ​នៅ អនុស្សាវរីយ៍


The last Part of Life


One afternoon, I was strolling on the beach and met a man around thirty years old, who was sitting and painting under a pine tree whose branches danced along with the waves and their sound.  In his painting there were multicolored clouds and the sea at the sunset.  He painted like a real skilled, professional painter, but his painting was not beautiful.  It was similar to a child’s painting in the purest and honest sense.  He asked me, “Do you think it is beautiful?”  I answered smiling, “It looks like a kid’s painting.”

The man continued to dip his brush into some red color to paint a big sun among the clouds.  Then he continued to ask me, “ Do you think the sun is too big or too small?”  I answered, “Too big.  It is really big.” Each time he spoke, he never turned to look at me.  He continued to say, “I like the sunset.  That is why I paint it big.”

“It doesn’t look natural,” I answered.

“It doesn’t look natural, but it is natural.”

After this answer, he turned to look at me.  His eyes looked soft with thick eyebrows.  He smiled and with a tender sigh said, “Do you have a happy life?”

I looked at the painting while ignoring his question.  He continued.  “Do you know?  I think, this world is a laughing stock…… Hard workers get tired; lazy people have easy lives; smart people end up with misfortune; ignorant people turn out to be fortunate… Good people are violated by bad people; doing a good deed receives a bad result.  Serious people are controlled by sloppy ones… good savers have to turn money over to loose spenders.  Persistent people continue to persist…”  I think that if I didn’t have cancer, I would have to work hard until the day I die.”

I asked him, “Do you have cancer?”

“Right,” he smiled, “but you don’t need to be sympathetic because I am the most happy, sick person.”

“Why?”

“Cancer destroys my future. It gives me the full meaning of the present. You can see that right now I have full freedom.  I sit and paint anything I want without having to worry about whether it’s good or if I have to please somebody?

“Why is this? Because​​ you are sick?”

“Because this sickness is allowing me during the last part of my life to do what I like, to be whomever I want to be. When I didn’t know that my life was coming to an end, I had to work hard.  I tortured myself from childhood.  I studied hard. It almost caused a nervous breakdown. I misled myself.  I’ve never done anything for me. I like to read novels for my own entertainment, but I thought it was not as useful as reading textbooks.  I like to listen to music, but I pushed myself to listen to the news.”

When he said this, I laughed.  He patted my shoulders, asked me to sit, and continued to question me, “Do you think this life is only about persistence?”

“Not true. I think life is about hope.”

He was quiet for a moment and said, “Actually my life is good.  I sleep as much as I want.  I can take a stroll.  I do what I want to do.  No pressure on my life.  Must I have to have hope? Must I?”

November 2007

ឋានសួគ៌លោកិយ

12 មតិ

 

ឋានសួគ៌លោកិយ

 

នៅក្នុងសុបិនដ៏វែងឆ្ងាយ… ខ្ញុំកំពុងស្ថិតក្នុងវិការដ្ឋានមួយ ដែល​មាន​ទិដ្ឋភាព​ងងឹត​ដូច​យប់ តែ​មាន​មនុស្ស​យ៉ាង​ច្រើន​កំពុង​ប្រយុទ្ធ​គ្នា ។ អ្នក​ចំបាំង​ទាំង​នោះ​មាន​ទឹក​មុខ​ខ្មៅៗ គ្រាប់ភ្នែក​​ធំ​ក្រឡោត មើល​ចំ​គួរ​ឱ្យ​ខ្លាច។ ពួក​គេ​ប្រើ​អាវុធ​គ្រប់​ប្រភេទ មាន​ដាវ កាំបិត​ធំ​តូច ឬ​ក៏​កាំ​ភ្លើង ដេញ​សម្លាប់​គ្នា​យ៉ាង​ព្រៃ​ផ្សៃ។ ខ្ញុំ​ឃើញ​មាន​សាកសព​ជា​ច្រើន ដេក​ស្លាប់​គរ​គ្នា​លើ​ដី ដោយ​ឈាម​ស្រោច​ពេញ​ខ្លួន។ រាង​កាយ​ឥត​វិញ្ញាណ​ទាំង​ឡាយ ត្រូវ​មនុស្ស​ដែល​កំពុង​ប្រយុទ្ធ​គ្នា រត់​ជាន់​ពី​លើ​ដោយ​គ្មាន​នឹក​ស្រណោះ។

ទិដ្ឋភាពដ៏សាហាវនោះធ្វើឱ្យខ្ញុំងងឹតមុខឈឹង។ ពួកគេ​ចេះ​តែ​ប្រយុទ្ធ​គ្នា​មិន​ព្រម​ឈប់ ហាក់​ដូច​ជា​ចង់​ប្រកួត ដើម្បី​រក​មនុស្ស​ម្នាក់ ដែល​ខ្លាំង​ជាងគេ​បំផុត​អ៊ីចឹង។ មនុស្ស​ស្លាប់​កាន់​តែ​ច្រើន​ទៅៗ ធ្វើ​ឱ្យ​ច្រមុះ​ខ្ញុំ​ធុំ​តែ​ក្លិន​ឈាម។ ពេល​នោះ​ខ្ញុំ​មាន​ព្រះពុទ្ធ​រូប​មួយ​អង្គ​នៅ​ជាប់​នឹង​ដៃ។ ខ្ញុំ​មើល​ឃើញ​ព្រះពុទ្ធ​រូប​ស្រក់​ទឹក​ព្រះនេត្រ​គ្មាន​ឈប់ រហូត​ដល់​ជោក​ពេញ​បាត​ដៃ​ទាំងពីរ​របស់​ខ្ញុំ។ មនុស្ស​កំណាច​ទាំងនោះ​ចេះតែ​ដេញ​កាប់​សម្លាប់​គ្នា សំដៅ​មក​កាន់​ខ្ញុំ រហូត​បាន​ឃើញ​ព្រះពុទ្ធ​រូប​នៅ​ក្នុង​ដៃ​ខ្ញុំ។ ពួកគេ​សម្លឹង​មក​ពុទ្ធ​ប្បដិមា​ដោយ​ក្រសែ​ភ្នែក​លោភៈ រួច​ក៏​រត់​មក​រក​ខ្ញុំ​ព្រម​គ្នា។ ខណៈ​នោះ ទើប​ខ្ញុំ​អាច​កាត់​យល់​​បាន ពី​មូលហេតុ​ដែល​ពួកគេ​កំពុង​សម្លាប់​គ្នា។ តាម​ពិត​មនុស្ស​ទាំងអស់​នោះ ចង់​បាន​ទ្រព្យ​សម្បត្តិ​ពី​ដៃ​របស់​ខ្ញុំ ពោល​គឺ​ព្រះពុទ្ធ​រូប​ធ្វើ​ពី​មាស​សុទ្ធ។

ខ្ញុំគិតតែពីរត់… រត់ទាំងគ្មានដឹងគោលដៅ។  ពួក​គេ​ចេះ​តែ​រត់​តាម​ខ្ញុំ​កៀក​បង្កើយ តែ​មិន​ដឹង​ហេតុអ្វី ទើប​ពួកគេ​ធ្វើ​អី​ខ្ញុំ​មិន​បាន​សោះ។ ទោះ​ជា​យ៉ាងណា ខ្ញុំ​ភ័យ​ស្ទើរ​តែ​បាត់​ព្រលឹង​ពី​ក្នុង​ខ្លួន​ទៅ​ហើយ។ ខ្ញុំ​បន្ត​រត់​ក្នុង​ពិភព​ងងឹត រហូត​មក​ដល់​មាត់​សមុទ្រ​មួយ ដែល​មាន​ជម្រៅ​សែន​ជ្រៅ មើល​​ទៅ​​ស្រៀវ​ឆ្អឹង។ គ្មាន​ផ្លូវ​រត់​ទៅ​មុខ​ទៀត ខ្ញុំ​ក៏​ឈប់ ហើយ​បែរ​ខ្លួន​ប្រឈម​នឹង​ពួក​គេ ទាំង​បេះដូង​លោត​ស្ទើរ​ចេញ​ពី​ទ្រូង។ មនុស្ស​ទាំង​នោះ​ក៏​ស្រែក​សំឡុត ឱ្យ​ប្រគល់​ព្រះពុទ្ធ​រូប​មាស​ទៅ​ពួក​គេ។ ពេល​នោះ​ខ្ញុំ​គិត​ក្នុង​ចិត្ត​ថា បើ​ទោះ​ជា​ព្រម​ប្រគល់​ព្រះពុទ្ធ​រូប​មាស​ឱ្យ ក៏​ពួក​គេ​សម្លាប់​ខ្ញុំ​ដែរ។ គិត​ហើយ ខ្ញុំ​ក៏​លោត​ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ​ដ៏​ជ្រៅ​នោះ។

ពេល​ខ្លួន​ខ្ញុំ​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ ខ្ញុំ​នៅ​តែ​ដឹង​ស្មារតី​ដដែល។ រំពេច​នោះ​ភ្លៀង​ស្រាប់​តែ​ធ្លាក់​មក​ស្រោច​ស្រព​ពី​លើ​ក្បាល​របស់​ខ្ញុំ ប៉ុន្តែ​ទឹក​ភ្លៀង​នោះ​គឺ​ជា​ទឹក​ដ៏​កក់​ក្តៅ ជួយ​ឱ្យ​ខ្ញុំ​បាត់​រងា​ក្នុង​ទឹក​សមុទ្រ​ដ៏​សែន​ត្រជាក់។ មិន​តែ​ប៉ុណ្ណោះ​ខ្ញុំ​មាន​​អារម្មណ៍​​ថា​​ខ្លួន​​ឯង​​មាន​កម្លាំង​ចម្លែក។ ខ្ញុំ​បាន​​ហែល​ក្នុង​ទឹក​សមុទ្រ​យ៉ាង​យូរ ហើយ​ក៏​ស្រាប់​​តែ​​ភ្ញាក់​ខ្លួន​ថា ខ្ញុំ​បាត់​ពុទ្ធប្បដិមា​ពី​ដៃ​ទៅ​ហើយ។ ខ្ញុំ​ភិត​ភ័យ​ខ្លាំង​ណាស់ ប៉ុន្តែ​ពេល​ងាក​ទៅ​ក្រោយ ក៏​ឃើញ​បដិមា​ព្រះពុទ្ធ​កំពុង​អណ្តែត​តាម​ខ្ញុំ​រហូត។ ខ្ញុំ​ក៏​លែង​ភ័យ ហើយ​ហែល​ទៅ​ចាប់​ស្រវា​ព្រះពុទ្ធ​អង្គ។ កាល​ដែល​ខ្ញុំ​បាន​ប៉ះ​ព្រះកាយ​ព្រះពុទ្ធ​ភ្លាម ស្រាប់​តែ​មាន​ផ្កា​ឈូក​ដ៏​ធំ​មួយ​ផុស​ចេញ​មក​ជួយ​ទ្រ​ខ្ញុំ​ឡើង​ផុត​ពី​ ក្នុង​ទឹក​សមុទ្រ។ ខ្ញុំ​រំភើប​ចិត្ត​ណាស់។ ខ្ញុំ​​ឱប​​ព្រះពុទ្ធ​​ប្បដិមា​ជាប់​ទ្រូង​របស់​ខ្ញុំ។

ផ្កាឈូកដ៏ធំនោះចេះតែរសាត់នាំរូបខ្ញុំ រហូត​ទៅ​ដល់​មាត់​ឆ្នេរ​មួយ។ ចម្លែក​ណាស់! ទីនោះ​មាន​ពន្លឺ​ព្រះអាទិត្យ​រះ​ចិញ្ចែង​ចិញ្ចាច ខុស​ស្រឡះ​ពី​ទី​ឃាតកម្ម​អម្បាញ់មិញ។ ខ្ញុំ​ចុះ​ពី​លើ​ផ្កា​ឈូក ដើរ​ទៅ​លើ​ឆ្នេរ រួច​ផ្កា​ឈូក​នោះ​ក៏​រលាយ​បាត់​ក្នុង​សមុទ្រ​វិញ។ ខ្ញុំ​ដក​ដង្ហើម​ស្រូប​យក​ខ្យល់​ដ៏​បរិសុទ្ធ​លើ​បរម​ស្ថាន រួច​ដើរ​ចេញ​ពី​ឆ្នេរ​សមុទ្រ​នោះ ហើយ​បាន​ប្រទះ​នឹង​ទីក្រុង​ដ៏​ស្រស់​ប្រណីត​មួយ។

“ទីក្រុងអ្វីស្អាតម៉្លេះ! តើនេះជាទីក្រុងសួនឧទ្យានឬ?”

ទីក្រុងមួយនោះតូចច្រឡឹង លម្អដោយផ្ទះថ្មគ្រប់ពណ៌ស្ថិតនៅជិតៗគ្នា។ ផ្លូវ​ថ្នល់​រលោង​ស្រិល អម​ដោយ​សួន​ឧទ្យាន​ដ៏​ស្រស់​បំព្រង មាន​រុក្ខា​ខ្ពស់​ទាប​ប្រកប​ដោយ​ផ្លែ​ផ្កា​ពេញ​ទាំង​ដើម។ ក្រៅ​ពី​នេះ ខ្ញុំ​ឃើញ​មាន​សត្វ​បក្សា​បក្សី​ជា​ច្រើន ខ្លះ​ហើរ​ខ្លះ​​ដើរ ហាក់​មិន​បារម្ភ​ខ្លាច​មនុស្ស​ប៉ង​ចាប់​ធ្វើ​បាប​ឡើយ។

កំពុងតែស្លុងអារម្មណ៍នឹងទិដ្ឋភាពដែលមិនដែលជួបប្រទះនោះ ស្រាប់​តែ​មាន​ក្មេង​ប្រុស​ម្នាក់ ជា​មួយ​សត្វ​សារិកា​ទំ​ពី​លើ​ស្មា​ផង បាន​ដើរ​មក​រក​ខ្ញុំ​ដោយ​ស្រដី «សួស្ដីបងប្រុស! តើចង់ញ៉ាំផ្លែឈើទេ? ខ្ញុំទៅបេះមកអង្គុយញ៉ាំជាមួយបង។»

ឮសំនួននេះ ខ្ញុំភ្ញាក់ផ្អើលណាស់។  យើងមិនដែលស្គាល់គ្នាផង ហេតុអ្វី​ក៏​កុមារា​នោះ​ចិត្ត​ល្អ​នឹង​ខ្ញុំ​ម៉្លេះ?

«អូហ៍! សួស្តីប្អូនតូច! តើយើងអាចបេះផ្លែឈើទាំងនេះមកញ៉ាំបាន មែនទេ?»

«បាទ!»

ឆ្លើយតែប៉ុណ្ណោះ ក្មេងប្រុសនោះក៏ដើរទៅបេះផ្លែឈើទាបៗ ស្មើ​នឹង​កំពស់​របស់​គេ រីឯ​សត្វ​សារិកា​ក៏​ហើរ​ទៅ​លើ​ដើម​ខ្ពស់ ពាំ​ផ្លែ​ឈើ​បាន​មួយ​ចង្កោម រួច​ទើប​នាំ​គ្នា​ត្រឡប់​មក​កាន់​ខ្ញុំ​វិញ។

«បងប្រុសអញ្ជើញពិសាជាមួយគ្នា!»

ខ្ញុំបកផ្លែឈើនោះទទួលទានដោយឃ្លានខ្លាំង។ “ផ្អែមឆ្ងាញ់ម៉្លេះ! តើផ្លែឈើអ្វីទៅ?” ខ្ញុំ​ទទួល​ទាន​មួយ​ផ្លែ​ហើយ​មួយ​ផ្លែ​ទៀត លែង​នឹក​អៀន​ក្មេង ហើយ​​ឆ្លៀត​​សួរ​​គេ​​ថា «ប្អូនដើរលេងតែម្នាក់ឯងទេឬ?»

«បាទ! គឺជាមួយសារិការបស់ខ្ញុំ។»

«ឃើញហើយម៉េចចាំបាច់សួរ?» សារិកានិយាយ។

ខ្ញុំមើលទៅសារិកានោះទាំងហួសចិត្ត ព្រោះមិនបានដឹង​ថា​វា​ចេះ​និយាយ។

«ចុះតើប្អូនមិនខ្លាចទេឬអី?» ខ្ញុំសួរគេទៀត។

ក្មេងប្រុសនោះក៏មើលមុខខ្ញុំ ធ្វើហាក់ដូចជាឆ្ងល់ ហើយគេសួរត្រឡប់មកខ្ញុំវិញ «តើខ្លាចអី?»

«គឺខ្លាចមានមនុស្សខូចចាប់ធ្វើបាបណា៎! តើ​ម៉ាក់ប៉ា​ប្អូន​មិន​ដែល​ប្រាប់​ទេ​អ្ហេះ?»

«ទេ! ពួកគាត់មិនដែលប្រាប់ខ្ញុំផង។ ប៉ុន្តែខ្ញុំដឹងថា ទីកន្លែងនេះ​គ្មាន​មនុស្ស​ខូច​ទេ។ តើ​កន្លែង​របស់​បង​មាន​មនុស្ស​ខូច​មែន​ទេ?»

កុមារានោះឆ្លាតណាស់។ គេអាចដឹងថា ខ្ញុំមកពីកន្លែងផ្សេង ហើយ​មើល​ទៅ​កន្លែង​របស់​គេ ប្រហែល​ជា​គ្មាន​មនុស្ស​អាក្រក់ ដូច​ពាក្យ​គេ​និយាយ​ហើយ។

«ពិតមែនហើយ! កន្លែងដែលបងរស់នៅមានមនុស្សខូចៗ​ច្រើន​ណាស់។ គេ​ចាប់​ក្មេង​តូចៗ​ដូច​ប្អូន​អ៊ីចឹង​ធ្វើ​បាប​ទៀត​ផង។»

«គួរឱ្យខ្លាចណាស់!»

ក្មេងប្រុសនោះលាន់មាត់ ដូចមិនធ្លាប់បានដឹងរឿងអ្វីឡើយ។ ខ្ញុំ​ក៏​​ឈប់​​និយាយ​​ពី​​រឿង​​នេះ ហើយ​បង្វែរ​​មក​​សួរ​​ពី​​ឪពុក​​ម្តាយ​​របស់​​គេ​​ម្តង​ «ចុះ​តើ​ពេល​នេះ ម៉ាក់​ប៉ា​ប្អូន​នៅ​ឯណា?»

«ពួកគាត់ទៅវត្តតាំងពីព្រឹក ព្រោះថ្ងៃនេះគឺជាថ្ងៃសីល។»

«តើវត្តនោះនៅឯណា? ឆ្ងាយទេ?»

«មិនឆ្ងាយទេ! ដើរតែបន្តិចដល់ហើយ។ បងចង់ទៅមែនទេ? ចាំខ្ញុំជូនទៅ។»

ពោលរួច ក្មេងប្រុសក៏ប្រមូលសំបកផ្លៃឈើ យក​ទៅ​ដាក់​ក្នុង​ធុង​សំរាម​នៅ​ក្បែរ​នោះ ទាល់​​តែ​ស្អាត។ ខ្ញុំ​តាម​មើល​គេ លាយ​ដោយ​ចិត្ត​សរសើរ​ជាប់។ កុមារា​នោះ​ពិត​ជា​គួរ​ឱ្យ​ស្រលាញ់​ណាស់ ហើយ​មាន​ចិត្ត​ល្អ​ថែម​ទៀត។

ខ្ញុំដើរតាមគេកាត់ក្នុងទីក្រុង ហើយប្រទះតែក្មេងៗប៉ុណ្ណោះ អត់​ឃើញ​មាន​មនុស្ស​ពេញវ័យ​​ម្នាក់​សោះ។

«តើមនុស្សធំ​សុទ្ធតែទៅវត្តទាំងអស់មែនទេ?» ខ្ញុំសួរគេ។

«បាទ! ក្មេងៗខ្លះក៏ទៅវត្តដែរ។ ប៉ុន្តែក្មេងៗដែលនៅទីនេះ ព្រោះ​ចាំ​ទទួល​មនុស្ស​ប្លែកៗ ដែល​មាន​និស្ស័យ​មក​ដល់។»

“ពិតជាភ័ព្វនិស្ស័យរបស់ខ្ញុំមែន ដែលបានមកដល់បរមឋាននេះ!” ខ្ញុំគិតក្នុងចិត្ត។

តាមផ្លូវទៅកាន់វត្តនោះ មានស្រះទឹកថ្លាឆ្វង់ មាន​ដើម​ឈូក​ផ្កា​ក្រហម​ស​ស្រស់​បំព្រង ហើយ​ថែម​ទាំង​ឃើញ​ត្រី​ហែល​លេង​ពេញ​ស្រះ​នោះ​ទៀត​ផង។

មិត្តក្មេងរបស់ខ្ញុំបានចង្អុលប្រាប់ខ្ញុំ ឱ្យ​ឃើញ​ដំបូល​ព្រះវិហារ​របស់​វត្ត​នោះ​ពី​ចម្ងាយ ដែល​ប្រតិដ្ឋ​ឡើង​នៅ​កណ្តាល​ចុង​ព្រឹក្សា។ នៅ​ក្នុង​ព្រៃ​ព្រឹក្សា​នោះ​ដែរ ពេល​បាន​ចូល​ទៅ​ដល់​ក៏​ឃើញ​ថា ជា​ទី​ជម្រក​ដ៏​ត្រជាក់​ត្រជំ​របស់​សត្វ​ព្រៃ​គ្រប់​ប្រភេទ។ កូន​ក្តាន់​គួរ​ឱ្យ​ស្រលាញ់​មួយ​បាន​ដើរ​តាម​ពី​ក្រោយ​ពួក​យើង។ ខ្ញុំ​ស្ទាប​​អង្អែល​ក្បាល​វា​ថ្នមៗ។ កុមារា​មិត្ត​ថ្មី​បាន​ប្រាប់​ខ្ញុំ​ថា កុំ​ឱ្យ​លេង​ជាមួយ​វា​ទៀត ឱ្យ​វា​ទៅ​រក​មេ​របស់​វា​វិញ​ទៅ ខ្លាច​វា​វង្វេង​មេ។ ខ្ញុំ​ស្ទើរ​តែ​ភ្លេច​ថា​ខ្លួន​ឯង​កំពុង​តែ​ដើរ​ទៅ​វត្ត​ទៅ​ហើយ ព្រោះ​ក្នុង​ចិត្ត​ចង់​តែ​ប្រឡែង​លេង​ជាមួយ​កូន​សត្វ​តូចៗ​ទាំង​ឡាយ។ ខណៈ​នោះ ខ្ញុំ​កាន់​តែ​ដឹង​ច្បាស់​ថា មិន​ត្រឹម​តែ​បក្សា​បក្សី​ទេ ដែល​មិន​ខ្លាច​មនុស្ស សូម្បី​តែ​មច្ឆា ឬ​ក៏​សត្វ​ចតុប្បាទ​ផ្សេងៗ ក៏​សុទ្ធ​តែ​ជា​មិត្ត​របស់​មនុស្ស​ដែរ។ ខ្ញុំ​នឹក​តែ​ក្នុង​ចិត្ត​ថា មនុស្ស​នៅ​ទី​ក្រុង​នេះ ប្រហែល​ជា​គ្មាន​អ្នក​ណា​បរិភោគ​សាច់​សត្វ​ឡើយ តែ​ខ្ញុំ​មិន​ហ៊ាន​សួរ​កុមារា​ទៀត​ទេ ព្រោះ​ខ្លាច​គេ​ភ្ញាក់​ផ្អើល។

ក្រោយមកពួកយើងក៏បានទៅដល់ទីអារាមមួយដ៏ធំល្វឹងល្វើយ។ កាល​នោះ​គឺ​ស្រប​ពេល​ដែល​ពួក​បរិស័ទ​ទាំងអស់ កំពុង​ចុះ​ពី​សាលា​ឆាន់​ដ៏​សែន​ធំ ល្មម​អាច​ផ្ទុក​បាន​បរិស័ទ​ទាំងអស់​ក្នុង​ក្រុង​មួយ​នេះ។ បរិស័ទ​ទាំងឡាយ​ពាក់​អាវ​ពណ៌​សក្បុស​ដូច​ពពក និង​មាន​ទឹក​មុខ​ញញឹម​ញញែម លុះ​ដោយ​សីលធម៌​ខ្ពង់​ខ្ពស់។ ស្វាមី​ភរិយា​ក្មេង​ចាស់​ដើរ​បណ្តើរ​គ្នា​ត្រសង ហាក់​គ្មាន​ទុក្ខ​ព្រួយ​រឿង​អ្វី។ ពួកគេ​និយាយ​ទន់ភ្លន់​ដាក់​គ្នា សំគាល់​ថា​ពួកគេ​ប្រហែល​មិន​ធ្លាប់​មាន​រឿង​ឈ្លោះ​ប្រកែក​រកាំ​រកូស​អ្វី​ ឡើយ។ ក្រៅ​ពី​នេះ បរិស័ទ​ដែល​ស្ថិត​ក្នុង​វ័យ​កម្លោះ​ក្រមុំ ដើរ​ជុំៗ​គ្នា​កំប្លែង​សើច​ខ្ញៀវ​ខ្ញារ និង​មាន​យុវជន​ខ្លះ​កំពុង​ដើរ​ជួយ​គ្រា​ហ៍តា​យាយ​ជរា ដោយ​កាយ​វិការ​ឱន​លំទោន។

មិត្ត​កុមារាក៏បាននាំខ្ញុំ​ទៅកាន់កុដិមួយ ដែលមានឪពុកម្តាយ​របស់​គេ​នៅ​ទី​នោះ។ ខ្ញុំ​ជម្រាប​សួរ​ចាស់​ទុំ​ទាំង​ពីរ​នាក់ ហើយ​ពួក​គាត់​បាន​គំនាប់​តប​មក​ខ្ញុំ​វិញ ប្រកប​ដោយ​អធ្យាស្រ័យ​ថ្លៃ​ថ្នូរ​គួរ​ឱ្យ​ស្ញប់​ស្ញែង។ បន្ត​ទៅ​ទៀត ខ្ញុំ​ក៏​ចូល​ទៅ​ថ្វាយ​បង្គំ​ព្រះសង្ឃ​មួយ​អង្គ មាន​ព្រះជន្ម​ដំណាល​គ្នា​នឹង​ខ្ញុំ ដែល​ត្រូវ​ជា​បង​ប្រុស​​របស់​មិត្ត​ក្មេង​របស់​ខ្ញុំ។ ក្នុង​កាលៈ​ទេសៈ​នោះ ខ្ញុំ​រំភើប​ពេក រក​នឹក​អ្វី​នឹង​បង្គំ​សួរ​លោក​ក៏​គ្មាន។ ប៉ុន្តែ​ព្រះសង្ឃ​ក្នុង​ព្រះជន្ម​ក្មេង​នោះ ក៏​មាន​សង្ឃ​ដីកា​មក​កាន់​ខ្ញុំ​មុន។

«បងប្រុសប្រហែលជាកំពុងនឹកមន្ទិល ពីបុរីនេះជាប្រាកដ។ មនុស្ស​ដែល​រស់​នៅ​ក្នុង​បុរី​នេះ សុទ្ធ​តែ​ជា​ព្រះពុទ្ធ​សាសនិក។ ពួក​គេ​រក្សា​និច្ច​សីល តាម​ឱវាទ​របស់​ព្រះពុទ្ធ​បរម​គ្រូ​គ្មាន​ល្អៀង។ ពួក​គេ​មិន​ចេះ​រក​ចំណេញ គេង​ប្រវ័ញ្ជ​គ្នា ឬ​ក៏​មាន​ចិត្ត​លោភលន់​ឡើយ ប៉ុន្តែ​តែង​តែ​ចែក​រំលែក​អ្វីៗ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ទង្វើ​នេះ​គឺ​ជា​ប្រពៃណី​មួយ នាំ​ឱ្យ​គ្រប់​គ្នា​ស្រលាញ់​សាមគ្គីភាព។ ពេល​ធ្វើ​ការ​អ្វី​ក៏​ដោយ ប្រជារាស្ត្រ​ទាំងអស់​តែង​ទៅ​ចូល​រួម​ជួយ​គ្នា​ជា​ដរាប។ ពួក​គេ​សុទ្ធ​តែ​ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម ប្រកប​របរ​កសិកម្ម ដាំ​ដំណាំ​គ្រប់​ប្រភេទ រី​ឯ​ជីវភាព​របស់​ពួក​គេ ក៏​ស្គាល់​តែ​ភាព​សំបូរ​សប្បាយ គ្មាន​ទុក្ខ​កង្វល់។»

ស្តាប់​ដល់​ត្រឹម​នេះ ខ្ញុំ​ក៏​ទូល​សួរ​​​ព្រះសង្ឃ​អង្គ​នោះ​ថា «ទី​ស្ថាន​នេះ​ខុស​ឆ្ងាយ​ពី​ទី​ស្ថាន​កំណើត​របស់​ខ្ញុំ​កូរណា។ តើ​ព្រះ​គុណ​ម្ចាស់​អាច​ប្រាប់​ខ្ញុំ​កូរណា​បាន​ទេ? តើ​អ្នក​ណា​ជា​អ្នក​ដឹក​នាំ​បុរី​នេះ?»

ព្រះសង្ឃក្មេងពេញដោយបញ្ញា បាន​មាន​សង្ឃដីកា​ទន់​ត្រជាក់​តប​មក​ចម្ងល់​របស់​ខ្ញុំ​វិញ «នៅ​ក្នុង​នគរ​នេះ ប្រហែល​ជា​គ្មាន​អ្នក​ដឹក​នាំ​ដូច​ជា​ប្រទេស​របស់​បង​ប្រុស​ទេ។ ប៉ុន្តែ​នគរ​នេះ​ប្រាកដ​ជា​មាន​​អ្នក​ដឹក​នាំ​ជាក់​ណាស់។ អ្នក​ដឹក​នាំ​របស់​យើង​ជា​បុគ្គល​មួយ​រូប ដែល​មនុស្ស​ទាំង​អស់​ទទួល​ស្គាល់​ថា លោក​គឺ​ជា​សព្វញ្ញូ​ជន។ លោក​ស្ថិត​នៅ​តែ​ក្នុង​ចិត្ត​គំនិត​របស់​យើង​ប៉ុណ្ណោះ តែ​ទ្រឹស្តី​ទូន្មាន​ប្រៀន​ប្រដៅ​ដ៏​ច្រើន​លើស​លប់​របស់​លោក ត្រូវ​បាន​អ្នក​នគរ​នេះ​ទទួល​យក​ធ្វើ​ជា​ច្បាប់​រស់​នៅ។ ពួក​គេ​បាន​ប្រព្រឹត្ត​តាម​ឱវាទ​របស់​លោក ដើម្បី​ដឹក​នាំ​ខ្លួន​ឯង គ្រួសារ និង​សង្គម​ជាតិ។​ អាត្មា​បាន​ប្រាប់​បង​ប្រុស​រួច​ហើយ ថា​ប្រជារាស្ត្រ​ទាំងអស់​នៅ​ក្នុង​បុរី​នេះ សុទ្ធ​តែ​ជា​ព្រះពុទ្ធ​សាសនិកជន។ តើ​បង​អាច​ដឹង​បាន​ឬ​នៅ ថា​អ្នក​ណា​គឺ​ជា​អ្នក​ដឹក​នាំ​ទី​ស្ថាន​នេះ​នោះ?

ព្រះសង្ឃ​បញ្ចប់​ឃ្លា​សំនួរ​នេះ ដោយ​សម្លឹង​មក​ចំ​ព្រះពុទ្ធ​ប្បដិមា ដែល​ខ្ញុំ​កាន់​ជាប់​នៅ​ដៃ។ ខ្ញុំ​ក៏​ទូល​តប​ទៅ​លោក «ខ្ញុំ​កូរណា​បាន​ស្គាល់​ហើយ ក៏​ប៉ុន្តែ​សូម​ព្រះអង្គ​​មេត្តា​ប្រាប់​ខ្ញុំ​កូរណា​ផង ថា​តើ​ព្រះពុទ្ធ​សាសនា​​អាច​ដឹក​នាំ​សង្គម​ជាតិ​បាន​ដោយ​របៀប​ណា?»

«ព្រះពុទ្ធមានព្រះបន្ទូលថា៖ “ទោះបី​លទ្ធិណា​ក៏​ដោយ បើ​ដឹក​នាំ​ទៅ​រក​តណ្ហា មិន​ដឹក​នាំ​ទៅ​រក​សន្តិភាព បើ​ដឹក​នាំ​ទៅ​រក​ការ​ឆ្មើង​ឆ្មៃ មិន​ដឹក​នាំ​ទៅ​រក​ភាព​រាបសា បើ​ដឹក​នាំ​ទៅ​រក​ការ​ពង្រីក​ការ​ប្រាថ្នា មិន​ដឹក​នាំ​ទៅ​រក​ការ​សន្តោស បើ​ដឹក​នាំ​ទៅ​រក​ការ​ឃោរឃៅ មិន​ដឹក​នាំ​ទៅ​រក​គំនិត​​ស្ងប់ លទ្ធិ​នោះ​មិន​មែន​ជា​លទ្ធិ​ត្រឹម​ត្រូវ​ទេ មិន​មែន​ជា​វិន័យ​ទេ មិន​មែន​ជា​ការ​ប្រៀប​ប្រដៅ​ទេ”។ តើ​នៅ​ក្នុង​ប្រទេស​របស់​បង​មាន​ប្រជាជន​ប៉ុន្មាន​នាក់​ហើយ ដែល​បាន​យល់​ពី​អត្ថន័យ​នៃ​ទ្រឹស្តី​ព្រះពុទ្ធ? ប្រទេស​ជាតិ​មួយ​រីក​ចម្រើន គឺ​អាស្រ័យ​លើ​ធនធាន​មនុស្ស។ ព្រះពុទ្ធ​សាសនា​បាន​បង្រៀន​មនុស្ស​ឱ្យ​មាន​ចំណោះ​ដឹង​ជ្រៅ​ជ្រះ សីលធម៌​ខ្ពង់ខ្ពស់ ស្គាល់​ខុស​ស្គាល់​ត្រូវ ស្រលាញ់​អ្នក​ដទៃ ប្រាថ្នា​រស់​នៅ​ក្នុង​សន្តិភាព។ ប្រទេស​មួយ​ដែល​មាន​តែ​អ្នក​ចេះ​ដឹង នឹង​​ក្លាយ​ទៅ​ជា​ប្រទេស​រីក​ចម្រើន​ជា​ប្រាកដ។ ឆ្លើយ​ត្រឹម​ប៉ុណ្ណេះ តើ​បង​នៅ​មាន​ពិភាល់​អ្វី​ទៀត​ឬ​ទេ?

បានស្តាប់សង្ឃដីការរបស់ព្រះសង្ឃអង្គនោះរួច ចិត្ត​របស់​ខ្ញុំ​ក្លាយ​ទៅ​ជា​ត្រជាក់​ស្រេង បាត់​អស់​មន្ទិល​សៅហ្មង ហើយ​យល់​ថា​ពិភព​លោក​នេះ ពិត​ជា​គួរ​ឱ្យ​ចង់​រស់​នៅ​ខ្លាំង​ណាស់។

ខ្ញុំក៏បានទូលពិតលោកពីអារម្មណ៍ដែលខ្លួនកំពុងតែគិតថា «បរមស្ថានបែប​នេះ​ហើយ​គឺ​ជា​កន្លែង​ដែល​ឋិត​ក្នុង​ក្តី​ស្រមៃ​របស់​ខ្ញុំ​ កូរណា។ ដូច​នេះ​សូម​ព្រះអង្គ​​មេត្តា​អនុញ្ញាត​ឱ្យ​រូប​ខ្ញុំ​កូរណា អាច​រួម​រស់​ជា​ប្រជារាស្ត្រ​នៅ​ក្នុង​ទី​ស្ថាន​នេះ​ផង។

ប៉ុន្តែសំណូមពររបស់ខ្ញុំនេះ ត្រូវបានព្រះសង្ឃនោះ​ប្រកែក​ថា «ពុំ​ប្រពៃ​ទេ​បង​ប្រុស! អាត្មា​មិន​អនុញ្ញាត​ទេ! បង​បាន​ប្រាប់​ថា ទី​ស្ថាន​កំណើត​របស់​បង ខុស​គ្នា​ឆ្ងាយ​ពី​ទី​ស្ថាន​អាត្មា​នេះ។ បង​ឃើញ​ទីស្ថាន​នេះ​ល្អ បង​ប្រាថ្នា​មក​រស់​នៅ​ទី​នេះ ដោយ​គ្មាន​នឹក​នា​ដល់​បង​ប្អូន​សាច់​ញាតិ​របស់​បង គឺ​ពិត​ជា​មិន​គប្បី​សោះ។ តើ​បង​អាច​រស់​នៅ​ស្ងប់​សុខ​ម្នាក់​ឯង​បាន​ទេ បើ​ដឹង​ថា​ពួក​គេ​កំពុង​តែ​វេទនា​នោះ? ព្រះពុទ្ធ​សុខ​ចិត្ត​លះបង់​អ្វី​គ្រប់​យ៉ាង ដើម្បី​ផល​ប្រយោជន៍​មនុស្ស​ជាតិ។ ចុះ​បង? បង​ក៏​មាន​ភារកិច្ច​កសាង​ប្រយោជន៍​ចំពោះ​ជាតិ​មាតុភូមិ​របស់​បង​ដែរ។

«តែខ្ញុំកូរណាអាចនឹងស្លាប់ ព្រោះតែមនុស្សឃោរឃៅសម្លាប់។»

«មិនអីទេ! បងមិនស្លាប់ទាំងខ្លួនក្មេងបែបនេះទេ ព្រោះ​បង​នៅ​សល់​កិច្ចការ​សំខាន់​ដែល​ត្រូវ​ធ្វើ​ច្រើន​ទៀត។ បង​ត្រូវ​ប្រែ​ចិត្ត​ឃាតករ​ដែល​តាម​សម្លាប់​បង ឱ្យ​ពួក​គេ​ព្រម​ទម្លាក់​អាវុធ​ចុះ។ សូម​បង​ពន្យល់​ពួក​គេ​ឱ្យ​ដឹង​ថា តើ​អ្វី​គឺ​ជា​សុភមង្គល​ពិត​ប្រាកដ  ដែល​មនុស្ស​ប្រាថ្នា​ចង់​បាន?

ភ្លាម​នោះ​ខ្ញុំ​ហាក់​ភ្ញាក់​រឭក យល់​ពី​កាតព្វ​កិច្ច​ដ៏​សំខាន់​របស់​ខ្លួន។ ខ្ញុំ​មិន​កំសាក​ខ្លាច​ស្លាប់​ដូច​ពេល​មុន​ទេ។ ខ្ញុំ​នឹង​តស៊ូ​ដើម្បី​ឃើញ​ប្រទេស​ជាតិ​របស់​ខ្ញុំ បាន​ស្គាល់​តែ​សន្តិភាព និង​វឌ្ឍនភាព។

គិតឃើញសព្វគ្រប់ហើយ ខ្ញុំក៏ក្រាបថ្វាយបង្គំ​លា​ព្រះសង្ឃ ជម្រាប​លា​មនុស្ស​ចំណាស់​ទាំង​ពីរ​នាក់ ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ខ្ញុំ​វិញ ដោយ​មាន​កុមារា​ជា​កល្យាណ​មិត្ត​បាន​ជូន​ដំណើរ។ មួយ​ប៉ប្រិច​ភ្នែក​សោះ ពួក​យើង​ក៏​ទៅ​ដល់​មាត់​សមុទ្រ។ ដៃ​របស់​ខ្ញុំ​មិន​ភ្លេច​កាន់​ព្រះពុទ្ធ​ប្បដិមា​ទេ។ ខ្ញុំ​សម្លឹង​រេរា រក​ផ្កាឈូក​ដែល​បាន​ជូន​ដំណើរ​ខ្ញុំ​មក​ដល់​ទី​ស្ថាន​នោះ រួច​ក៏​ឃើញ​ផ្កាឈូក​នោះ​ផុស​ចេញ​ពី​ក្នុង​ទឹក​ដូច​បំណង​មែន។ ខ្ញុំបាន​​ងាក​មើល​ទី​ក្រុង​នោះ​ជា​ចុង​ក្រោយ ព្រម​ទាំង​ពោល​ពាក្យ​លា​មិត្ត​កុមារា និង​សារិកា​ផង។ ខ្ញុំ​បាន​ឡើង​អង្គុយ​លើ​ផ្កា​ឈូក… រួច​​ក៏​ភ្ញាក់​​ពី​សុបិន​ត្រឹម​នោះ។

ដោយ សុខ ចាន់ផល

មិថុនា ២០០៦

កំណប់

5 មតិ

កំណប់មាសមួយហិបកប់នៅក្នុងដំបូកក្រោមដើមត្នោតបីដើម…

អានរឿងនេះជាភាសាអង់គ្លេស នៅ អនុស្សាវរីយ៍

 

កំណប់

តើលោកអ្នកជឿសុបិនទេ? សុបិនឃើញគេប្រាប់ឱ្យទៅជីកកំណប់! វាប្រហែលមិនមានទេវតាឯណាមកពន្យល់សប្តិនេះទេ តែប្រហែលជាខ្មោចព្រាយបិសាចអត់មានការងារធ្វើ មកលេងសើចក៏មិនដឹង។

ព្រឹកនេះព្រះសុរិយារះសើចស្ញេញដាក់ខ្ញុំ។ ខ្ញុំយករឿងយល់សប្តិពីយប់មិញមកគិត។ កំណប់មាសមួយហិបកប់នៅក្នុងដំបូកក្រោមដើមត្នោតបីដើម។ ខ្ញុំស្គាល់ទីកន្លែងនោះច្បាស់ដូចថ្ងៃ។ ថាអរក៏មិនអរខ្លាំង ថាមិនចាប់អារម្មណ៍ក៏កុហក។ មែន! ខ្ញុំគិតថាមិនដែលនៅលើលោកនេះមានរឿងព្រេងសំណាងស្រួលៗអាចកើតលើខ្លួនខ្ញុំទេ។ រស់នៅតាំងពីតូចដល់ពេញកំលោះ ខ្ញុំជួបប្រទះតែរឿងស៊យឡើងធុញទ្រាន់ទៅហើយ។ រឿងអីដេកសុខៗគេហៅឱ្យទៅយកកំណប់នោះ? ហើយបើសិនជាខ្ញុំពិតជាបានកំណប់មួយហិបមែន មនុស្សល្ងង់ដូចជាខ្ញុំក៏មិនដឹងយកទៅប្រើជាប្រយោជន៍អីដែរ យ៉ាងច្រើនយកមកដេកស៊ី ក្លាយខ្លួនជាជ្រូកប៉ុណ្ណោះ។

ទោះយ៉ាងណាខ្ញុំនៅតែដើរទៅទីកន្លែងក្នុងសុបិននោះ។ ដើរបណ្តើរ ខ្ញុំឆ្ងល់បណ្តើរ។ ដើមស្មៅនៅតាមផ្លូវថ្ងៃនេះហាក់ត្រូវសត្វគោជាន់ឡើងខ្ទេចខ្ទី ឯដីវិញហាក់ដូចជាត្រូវទ័ពសេះទើបតែរត់កាត់ហើយថ្មីៗ។ ទេ! មិនមែនទ័ពសេះទេ! …គោក៏មិនមែនដែរ! ខ្ញុំឈប់ង៉ក់ រួចឈរចំហមាត់ធ្លុង។ ឱ! អ្នកភូមិទាំងអស់កំពុងប្រមូលផ្តុំគ្នាក្លាយជាសំបុកឃ្មុំ។ សំឡេងរញ៉េចរញ៉ូចរបស់ហ្វូងមនុស្សដែលខំប្រជ្រៀតគ្នានៅម្តុំគល់ត្នោត លាន់ទ្រហឹងអាក្រក់ស្តាប់ជាងសំឡេងចាបចូលសំបុកឆ្ងាយណាស់។ សម្លឹងមើលពីក្បាលខ្មៅដ៏កុះករនោះត្រង់ទៅលើ គឺត្រូវប៉ាច់ចំពីក្រោមដើមត្នោតបីដើមក្នុងសុបិនខ្ញុំ។ ងាប់ហើយ! មកមិនទាន់គេទេខ្ញុំ! ដំបូកក្រោមដើមត្នោតបីដើមនេះប្រាកដជាមានកំណប់មែនហើយ។ តើអ្នកណាទៅហ្ន៎បានជាមកពន្យល់សប្តិប្រាប់មនុស្សមួយភូមិយ៉ាងនេះ?

“អ៊ើ! អាអ្នកជីក! ជីកយូរហើយ ឃើញកំណប់នៅហ្អា៎?” សំឡេងនេះ បន្លឺចេញពីមាត់មនុស្សដែលឈរនៅខាងក្រៅ ចូលទៅជីកកំណប់មិនបាន។

“ប្រូស!” កុំច្រឡំ! មិនមែនផ្លែត្នោតទុំជ្រុះធ្លាក់ត្រូវក្បាលហ្វូងមនុស្សទេ។ គឺសំឡេងបុរសពីរនាក់ដាល់គ្នាដួលច្រងាប់ច្រងិល។ ឱ! ផ្លែត្នោតអើយ ធ្លាក់ត្រូវក្បាលអាពីរនាក់ហ្នឹងឱ្យបែកអំពិលអំពែកទៅមើល៍!

“នែ៎! ឈប់វ៉ៃតប់គ្នាទៅអារំបល់យក៍! ពួកអ្ហែងប្រយ័ត្នកាប់គ្នាងាប់ ខានបានកំណប់។” ឮអ៊ំស្រីម្នាក់ដាស់តឿន ទើបអាពីរនាក់នោះឈប់វ៉ៃគ្នា រួចត្រឡប់ទៅច្របូកច្របល់នឹងគេឯងបន្តទៀត។

“ផាំង!” កូនក្មេងស្រែកយំចាច។ មនុស្សគ្រប់គ្នាងាកទៅមើលទិសដៅមួយ។ គឺនគរបាលម្នាក់ធ្វើឫកសឿងសម្បើមណាស់ ដៃកាន់កាំភ្លើងបាញ់ទៅឋានលើក្ឌាំង រួចឱនមុខសន្លឹមៗ វាត់គ្រាប់ភ្នែកវ៉េវទៅគ្រាប់ភ្នែករាប់មិនអស់ ហើយបោះដឹងសម្តីយ៉ាងឈ្លើយថា “ឆាប់ចេញពីដំបូកនេះឱ្យអស់ភ្លាម!…”

“ខ្យល់គរ!” សំឡេងអ្នកភូមិផ្អើលឆរទៅមើលយាយចាស់ម្នាក់ដែលដួលសន្លប់។

“ផាំង!” ស្នូរកាំភ្លើងលាន់ម្តងទៀត។ អ្នកភូមិធ្វើភ្នែកឡេមឡាមដាក់គ្នា។ អានគរបាលនោះក៏ស្រែកចំទាល “កុំរញ៉េចរញ៉កទៀត! នាំគ្នាយកយាយខ្យល់គរទៅផ្ទះគាត់ទៅ! មនុស្សជិតងាប់ហើយ មិនព្រមជួយគ្នាទេ! ហើយកូនចៅអាណាស្រែកយំឱ្យទ្រហឹងហ្នឹង ឆាប់យកទៅឱ្យបៅឱ្យអីទៅ! យី! ជ្រើមនោះជ្រើម! កំណប់ស្អីមកនៅកណ្តាលវាលស្រែហ្នឹង? ឆាប់ទៅផ្ទះឱ្យអស់ភ្លាម!”

“មិនភ្លើទៅទេ! ម៉េចប្រុងយកកំណប់តែម្នាក់ឯងអេះ?” សំឡេងយុវជនក្លាហានម្នាក់។

“ផាំង!” យុវជនក្លាហានឡើងស្វាយបបូរមាត់។ នគរបាលអាងកាំភ្លើង ស្រែកឮឡូងៗទៀត “អ្ហែងអាងអីថាឱ្យអញ? នេះជាបញ្ជារបស់លោកមេឃុំ! ឥឡូវយើងប្រាប់ជាចុងក្រោយ ប្រញាប់ទៅផ្ទះឱ្យអស់។ មានកំណប់ឬគ្មាន ទុកឱ្យក្រុមការងារឃុំសង្កាត់គេធ្វើការ។ វាមិនមែនជារឿងដែលអ្នកភូមិគ្រប់គ្នា មកជីកដណ្តើមគ្នាអ៊ីចឹងទេ។ បើមានកំណប់មែន លោកមេឃុំប្រាកដជាយកទៅរាយការណ៍ដល់ថ្នាក់លើបន្ត ព្រោះវាជាទ្រព្យសម្បត្តិជាតិ ហើយក៏គង់តែយកមកអភិវឌ្ឍភូមិឃុំដដែលទេ។”

អ្នកភូមិស្ងាត់ជ្រាបលែងមាត់ក រួចបើកផ្លូវឱ្យក្រុមការងារប្រទេសជាតិ ដើរចូលទៅជីកដំបូកតាមក្បាលចិត្ត។ លោកមេឃុំនិងប្រពន្ធធ្វើមុខឆ្លេឆ្លាដូចមេខ្លាឃ្លោក។ ឯមេភូមិវិញខំដើរទៅញញឹមញញែមដាក់ថ្នាក់លើ “កុំតែបានលោកមេឃុំមកទេ! បើឱ្យអ្នកភូមិប្រជ្រៀតគ្នាគ្មានដឹងខ្យល់អ៊ីចឹង មិនដឹងថា គិតបែងចែកកំណប់យ៉ាងម៉េចកើតឡើយ។”

“អើ! បើមានកំណប់មែន ចាំខ្ញុំចែកឱ្យលោកឯង។ ប៉ុន្តែតើពិតជាមានកំណប់មែនអេះ?”

“បាទ! ប្រាកដណាស់! អ្នកភូមិទាំងអស់សុទ្ធតែយល់សប្តិឃើញដូចគ្នា ហើយខ្ញុំ ប្រពន្ធខ្ញុំ កូនខ្ញុំបីនាក់ទៀតក៏សុទ្ធតែយល់សប្តិឃើញគេប្រាប់កំណប់នេះដែរ។ បើសិនជាលោកមេឃុំរស់នៅភូមិនេះ ក៏ច្បាស់ជាបានយល់សប្តិនឹងគេឯងដែរមិនខាន។ តែឆ្ងល់ដែរ! បើប្រាប់កំណប់ ម៉េចចាំបាច់ប្រាប់មនុស្ស មួយភូមិអ៊ីចឹង?”

អូ! អ្នកភូមិទាំងឡាយមិនទាន់នាំគ្នាទៅផ្ទះវិញទេ នៅតែឈររេរាៗ ក្រឡឹងអ្នកជីកកំណប់ហ្នឹងដដែល។ ពួកគេប្រហែលជាគិតរៀងៗខ្លួនថា វាគ្មានអាណាសម្បូរគ្រាប់កាំភ្លើងបាញ់សម្លាប់មនុស្សគ្រប់គ្នាទេ ហើយបើទុកជាបាញ់ ក៏បាញ់អ្នកដទៃមុនខ្លួនដែរ។ ចំណែកខ្ញុំឯណេះអស់ពីឈរមើលគេភ្លឹកភ្លាំងមួយសន្ទុះ ក៏ល្មមអស់ចិត្តទៅផ្ទះវិញដែរ ស្រាប់តែ “ឃើញហិបដែកមួយហើយ!”

ឮសំឡេងនេះ មេឃុំក៏ស្រែកបញ្ជាយ៉ាងរំភើប “ឆាប់លើកមក៍! ទុកឱ្យអញបើកដោយផ្ទាល់ដៃ!”

អ្នកភូមិជ្រួលជ្រើមរត់ទៅមើលមេឃុំបើកហឹប។ ខ្ញុំគិតថា កំណប់ស្អីក៏កំណប់ទៅ! មនុស្សច្រើនយ៉ាងនេះវាគ្មានសល់ចំណែកខ្ញុំទេ។ ខ្ញុំដើរត្រឡប់ទៅផ្ទះវិញធ្វើមិនដឹង… បានប្រមាណបីនាទី…

“គ្រាំង!!!” មិនមែនស្នូរគ្រាប់កាំភ្លើងទេ! ឱនត្រចៀកមកខ្ញុំខ្សឹបប្រាប់ “…គឺ…កំណប់…មីន!”

 

កក្កដា ២០០៧

ដោយ សុខ ចាន់ផល

កម្មពៀរ

18 មតិ

នេះ​ជា​រឿង​និយាយ​ពី​កម្មពៀរ…

កម្ម​ពៀរ


ខ្ញុំ​ជិះ​ម៉ូតូ​មក​ឈប់​ត្រង់​ភ្លើងស្តុប សម្លឹង​ទៅ​ប៉ូលិស​​ចរាចរណ៍​ពីរ​នាក់​ ដែលឃាត់​យក​លុយ​ខ្ញុំ​កាល​ពី​ម្សិល​មិញ ដោយ​ចោទ​ខ្ញុំ​ថា ខ្ញុំ​ជិះ​កាត់​ភ្លើង​ក្រហម។

«ឆាប់​យក​កាត​គ្រី​ម៉ូតូ​​ចេញ​មក៍!» ប៉ូលិស​ម្នាក់​ពោលមក​ខ្ញុំ​ ទាំង​ដៃ​ដក​សោ​ម៉ូតូ​ខ្ញុំ។

«ខ្ញុំ​ខុស​អី​បង?» ខ្ញុំ​សួរ​​ព្រោះ​ឆ្ងល់​មែន។

«អំមិញ​មិន​ឃើញ​ភ្លើង​ក្រហម​ទេ​អ្ហេះ?»

«ទេ! ភ្លើងខៀវ​ទេ​តើ បានជា​ខ្ញុំ​ឆ្លង!»

«មិន​បាច់​និយាយ​ច្រើន​ទេ ឆាប់យក​កាត​គ្រី​ចេញមក៍!»

«យក​កាត​គ្រី​ចេញមក​ធ្វើ​អី?»

«ម៉េច ម៉ូតូ​អត់​មាន​កាត​គ្រី​ទេ​?»

«កាត​គ្រី​ខ្ញុំ​នៅ​ផ្ទះ មិន​បាន​ដាក់​តាម​ខ្លួន​ទេ។»

«អ៊ីចឹងទៅ​យក​មក៍!»

«ទៅ​យក​មក​ធ្វើ​អី? ខ្ញុំ​មានខុស​ច្បាប់​ចរាចរណ៍​អី? អំមិញ​នេះ​ខ្ញុំ​ឆ្លង​ភ្លើង​ស្តុប​ដូច​តែ​គេ​ឯង​ដែរ​តើ។ ម៉េច​ក៏​ឃាត់​តែ​ខ្ញុំម្នាក់?»

«តោះ ទៅនិយាយ​ជាមួយ​គាត់​ទៅ!» ប៉ូលិស​នោះ​ប្រាប់ខ្ញុំ​ឲ្យទៅ​និយាយ​ជាមួយ​ប៉ូលិស​​ម្នាក់​ទៀត ដែល​​ឈរ​ក្បែរ​ម៉ូតូ​ ដៃ​កាន់​ប៊ិក​និង​សៀវភៅ។

«ឥឡូវ​ចង់​សម្រួល​គ្នា ឬ​ចង់​ទៅ​រៀន​ច្បាប់​ចរាចរណ៍?» ប៉ូលិស​ម្នាក់​ទៀត​នោះ​​សួរ​ខ្ញុំ។

«ប្រាកដ​ជា​ចង់​សម្រួល​គ្នា​ហើយ!» ខ្ញុំតប​ភ្លាម។

«អ៊ីចឹងបង់ពីរម៉ឺន​មក៍!»

«ពីរ​ម៉ឺន​ស្អី? ក្រែង​សម្រួល​គ្នា​អ្ហេះ?​ អំមិញ​ខ្ញុំ​ឆ្លង​ភ្លើង​ខៀវ​ទេ ទាល់​​តែ​ពួក​បង​ឯង​ឃាត់​ខ្ញុំ បានភ្លើង​វា​លោត​ទៅ​ជា​ក្រហម។​ ស្ដាប់​បានទេ?»

«ម៉េច​ចង់​ទៅ​រៀន?​ ខ្ញុំ​ចុះ​ឈ្មោះ​ឲ្យ​ទៅ​រៀន!»

«នែ បង​និយាយ​ហេតុផល​ផង! ខ្ញុំ​ប្រញាប់​ទៅ​សម្ភាស​ការងារ​ផង​ណា៎!»

«ទៅ​សម្ភាស​អី​សម្ភាស​ទៅ! បង់​​តែ​ពីរ​ម៉ឺន​មក៍!»

«រឿង​អី​ខ្ញុំ​ត្រូវ​បង់ បើ​ខ្ញុំ​អត់​ខុស​ផង?»

«បើ​មិន​ព្រម​បង់​ ​ប្រាប់​ឈ្មោះ​មក៍! ឈ្មោះអី?» ប៉ូលិស​នោះ​និយាយ​ធ្វើ​​ទឹក​មុខ​សឿង​​សម្បើម​ណាស់​ «ផាន​កត់​ឈ្មោះ​​គេ​ទៅ!»

ខ្ញុំ​ខឹង​ឡើង​ញ័រ​ដៃ ចង់​តែ​ដាល់​មុខ​ប៉ូលិស​ពីរ​នាក់​ហ្នឹង​ឲ្យ​បាត់​ញ័រ។ រីឯ​ប៉ូលិស​ឈ្មោះ​ផាន​​នោះ ក៏និយាយ​ប្រាប់​ខ្ញុំ​តិចៗ​ថា​ «ឥឡូវ​មាន​ប៉ុន្មាន​សម្រួល​ឲ្យ​គាត់​ទៅ!»

«សម្រួល​ស្អី?​ សម្រួល​គេ​និយាយ​ហេតុផល​ តែ​បើ​បែប​នេះ​គេ​ហៅ​ថា​ប្លន់​ហើយ។»

«យី អាក្មេង​ឈ្លើយ!​ អ្ហែង​ចាំ​ទៅ​មន្ទីរ​ស្នង​ការ​ឲ្យ​គេ​ប្រដៅ​ម្តង​ទៅ!» ជា​សំឡេង​ប៉ូលិស​ដែល​ទារ​លុយ​ខ្ញុំពីរ​ម៉ឺន​នោះ។

ខ្ញុំ​ឈរ​ស្ងៀម​អស់​មួយ​ស្របក់​ ហើយ​ឃើញ​ប៉ូលិស​ពីរ​នាក់​ហ្នឹង​ ព្រួតគ្នា​ស្ទាក់​ម៉ូតូ ទារ​លុយ​​អ្នក​ដំណើរ​អស់​ជាច្រើននាក់។ អ្នក​ទាំង​នោះ ខ្លះ​ឲ្យ​ប្រាក់​ទៅ​ពួកគេ​ពីរ​ម៉ឺន​រៀល ខ្លះ​មួយ​ម៉ឺន​រៀល​ ខ្លះ​ក៏​ប្រាំ​ពាន់​រៀល។ ខ្ញុំ​ក្ដៅ​ក្នុង​ចិត្ត​ផង អន្ទះសា​ផង ហើយ​យក​ទូរស័ព្ទ​មក​មើល​ម៉ោង ក៏ដល់​ម៉ោង​គេ​សម្ភាស​ការងារ​ទៅ​ហើយ​។ ដោយ​ហេតុ​នេះ​ខ្ញុំ​ធ្វើ​ខ្លាំង​ទៀត​លែង​បាន ក៏​ដាច់​ចិត្ត​ដើរ​ទៅ​សម្រួល​ដូច​ជា​គេ​ឯង​ដែរ។

ខ្ញុំ​និយាយ​​ទៅ​កាន់​ប៉ូលិស​ពីរនាក់​នោះ​ថា «ខ្ញុំ​មាន​តែ​ប្រាំ​ពាន់​ទេ!» រួច​ខ្ញុំ​ហុច​ប្រាក់​ប៉ុណ្ណឹង​ឲ្យ​ ជាមួយ​នឹង​សម្តី «ឲ្យ​ខ្ញុំ​សុំ​សោ​ម៉ូតូ​វិញ​មក៍!»

ប៉ូលិស​ផាន​រៀប​នឹង​ហុច​សោ​ម៉ូតូ​ឲ្យ​ខ្ញុំ​ទៅ​ហើយ តែ​ត្រូវ​​ម្នាក់​ទៀត​ស្រែក​មក​ថា «គ្មាន​រឿង​ប្រាំ​ពាន់​ឲ្យ​ទៅ​ទេ! អា​ក្មេង​ឈ្លើយ​​បែប​នេះ ពីរ​ម៉ឺន​មិន​សម​ទទួល​ផង!»

ខ្ញុំ​ខាំ​ធ្មេញ​ក្រឺត ទាំង​នឹក​ស្ដាយ​ដែល​ខំ​ប្រាប់​​គេ​ថា ខ្ញុំ​ប្រញាប់​ទៅ​សម្ភាស​ការងារ ធ្វើ​ឲ្យ​គេ​​រឹត​តែ​ធ្វើ​បាប​ខ្ញុំ​ទៀត។ យ៉ាងណា​កុំ​ឲ្យ​រឿង​មិន​បាន​ការ​នេះ​រំខាន​ដល់​កិច្ចការ​សំខាន់ ខ្ញុំ​ក៏​ថែម​លុយ​ប្រាំពាន់រៀល​ទៀត​​ឱ្យ​ទៅ​។ ប៉ុន្តែ​ប៉ូលិសនោះ​ធ្វើ​ឫក​​មិន​ព្រម​ងាក​មើល​ប្រាក់របស់​ខ្ញុំ​ទេ ថែម​ទាំង​បោះ​សម្ដី​ទាំង​មុខ​ក្រញ៉ូវ​​ថា «អាក្មេង​ដូច​អ្ហែង​នេះ ធ្វើ​ស្រួល​ជាមួយ​​នាំ​តែ​បាន​ចិត្ត​តើ!»

បើ​ទោះ​​ជា​ខឹង​យ៉ាងណា ខ្ញុំ​ត្រូវ​តែ​បង្ខំ​ចិត្ត​ខ្លួន​ឯង ​ដកលុយ​​មួយម៉ឺន​រៀល​​ទៀត​ឱ្យ​ពួក​គេ ដើម្បី​ប្រញាប់​ទៅ​សម្ភាស​ការងារ។ ខ្ញុំ​ជិះ​ម៉ូតូ​ចេញ​ទាំង​ចិត្ត​គុំ​ប៉ូលិស​ពីរ​នាក់​ហ្នឹង ឡើង​ហ៊ឹង​ពេញ​ត្រចៀក។

លុះ​ពេលដែល​​ខ្ញុំ​ទៅដល់​ក្រុមហ៊ុន​សម្ភាស​ការងារ​ ឈ្មោះ​របស់​ខ្ញុំ​​ត្រូវ​បាន​​គេ​គូស​អវត្តមាន​​បាត់។ ​ទោះខ្ញុំ​អង្វរ​លើក​ហេតុ​ផល​យ៉ាងណា ក៏គេ​មិន​អាច​អនុគ្រោះឡើយ។ ការងារ​ដែល​ខ្ញុំ​ស្រមៃ​ចង់​ធ្វើ​ជាយូរ​មក​ហើយ និង​ដែល​ប្រលង​វិញ្ញាសា​សរសេរ​ជាប់​ទៅ​ហើយ គឺ​នៅ​សល់​តែ​កិច្ច​សម្ភាស​ចុង​ក្រោយ​នេះ ក៏​ត្រូវ​របូត​ផុត​ពី​ខ្ញុំ​ទៅ​វិញ។

ខ្ញុំ​ស្តាយ​ការងារ ហើយ​នឹក​ខឹង​អាប៉ូលិសចរាចរណ៍​ពីរ​នាក់​នោះ​រហូត​ដេក​មិន​លក់​ពេញ​មួយ​យប់។ កំហុស​គ្រប់យ៉ាង​គឺ​មកពី​អាប៉ូលិស​ចង្រៃ​ពីរ​នាក់​ហ្នឹង បើ​មិនសងសឹក​ គឺ​មិនគប្បី​នឹង​ខ្លួន​ឯង​នោះ​ទេ។ ពួកវា​ធ្វើ​អាក្រក់ដាក់​គេ​ឯង​ជា​យូរ​មក​ហើយ បើ​ខ្ញុំ​អាច​ធ្វើ​បាប​ពួក​វា​បាន ប្រាកដ​ជាមាន​គេ​អរគុណ​ខ្ញុំ​ទៀត​។ ធ្វើ​អាក្រក់​គង់​តែ​មាន​កម្មពៀរ​ទេ តែ​ចាំ​ទេវតា​ដាក់​ទោស​ មិន​ដឹង​ជាថ្ងៃ​ណា? គឺ​ខ្ញុំ​នេះហើយ​ជា​ទេវទូត​ ដែល​គេ​​ចាត់​ឲ្យ​មក​ដាក់​ទោស​មនុស្ស​អាក្រក់​ជំនួស​ទេវតា។

គឺ​យ៉ាង​នេះ​ហើយ​ ទើប​ថ្ងៃ​នេះ​ខ្ញុំ​មក​ឈប់​ម៉ូតូ​នៅ​ត្រង់​ភ្លើង​ស្តុប​នេះ។​ ខ្ញុំ​ឃើញ​​ប៉ូលិសពីរ​នាក់​នោះ​កំពុង​តែ​ឃាត់​ម៉ូតូ​គេ ទារ​លុយ​ទៀត​ហើយ។ មិន​អី​ទេ ចាំ​មើល​​ខ្ញុំ​នឹង​ឲ្យ​ឯង​ទារ​លុយ​ខ្ញុំ​ម្តង​ទៀត។ ភ្នែក​ខ្ញុំ​​សម្លឹង​មើល​ទៅ​លេខ​​ភ្លើង​ពណ៌​ខៀវ​ដែល​កំពុង​រត់ រង់ចាំ​ពេល​ជិត​​ដល់​ភ្លើង​ខៀវ​លោត​ទៅ​ជា​ក្រហម ខ្ញុំ​នឹង​ជិះ​ទៅ។

ការរង់ចាំ​ក្នុង​រយៈពេល​ដ៏ខ្លី​ក៏​បាន​មក​ដល់។ ខ្ញុំ​ជិះ​ម៉ូតូ​យឺតៗ​ក្នុង​បំណង​ឲ្យ​ប៉ូលិស​ស្ទាក់។ ដូច​គិត​មែន គឺ​ពួកវា​ដើរ​ចេញ​មក​ទាំង​ពីរ​នាក់ ដោយ​ធ្វើ​សញ្ញា​ឲ្យ​ខ្ញុំ​ឈប់​ម៉ូតូ។ ដៃ​របស់​ខ្ញុំ​ឡើង​ញ័រ​ តែ​វា​ជា​ឱកាស​ល្អ​មែនទែន។ ខ្ញុំ​ក៏​ធ្វើ​ដូច​ជា​រក​ឈប់ រួច​ក៏​ប្រមូល​កម្លាំង​មក​បាតដៃ ហើយ​មួល​ហ្ការ​ម៉ូតូ​មួយ​ទំហឹង​…

លើ​លោក​នេះ​ពិត​ជា​មាន​កម្ម​ពៀរ​មែន ហើយ​ជា​កម្ម​ពៀរ​ក្នុង​ជាតិ​នេះ​តែ​ម្តង។ មាន​ហេតុ​ទើប​មាន​ផល។ រឿង​ហេតុ​នៅថ្ងៃ​ដែល​ខ្ញុំ​បាន​រៀបរាប់​មក​នេះ គ្រាន់​តែ​ជា​ការផ្ដើម​រឿង​ប៉ុណ្ណោះ ឯ​សាច់​រឿង​ដ៏​វែង​ឆ្ងាយ​ទៀត​គឺ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។ មួយ​ឆ្នាំ​ក្រោយ​​​មក ហេតុ​ការណ៍​​ដែល​ស្តាប់​ទៅ​ស្រដៀង​នឹង​រឿង​កំប្លែង​នេះ ក៏​ក្លាយ​ជា​រឿង​ដ៏​សែន​កម្សត់។

ថ្ងៃ​មួយ​ពេល​ខ្ញុំ​ជិះ​ម៉ូតូ​ទៅ​ធ្វើការ​ ដោយ​មិន​បាន​ប្រយ័ត្ន​​ក៏​បុក​ក្មេង​លក់​កាសែត​ម្នាក់​ឲ្យ​ដួល​ព្រូស។ កាសែត​ធ្លាក់​ទៅ​លើ​ដី រីឯ​ក្មេង​ប្រុស​នោះ​ហាក់​ស្រងល់​ ហើយ​ខំ​ក្រោក​ឡើង។ ខ្ញុំ​ដាក់​ចន្ទល់​ម៉ូតូ ជួយ​រើស​ប្រមូល​កាសែតរបស់​វា​​ដែល​ជ្រុះរាត់រាយ រួច​នាំវា​ដើរ​ទៅ​ចិញ្ចើម​ថ្នល់។ ខ្លួន​ខ្ញុំ​ខណៈ​នោះ​ពិត​ជា​សយ​ណាស់ តែ​បើ​រត់​រក​រួច​ខ្លួន វា​ដូចជា​អាក្រក់​ពេក។

ខ្ញុំ​ចាប់​ដៃ​ក្មេង​នោះ​មក​មើល ឃើញ​រលាត់​ចេញ​ឈាម ខ្ញុំ​ក៏​និយាយ​ទៅ​វា «ឲ្យ​ពូ​សុំ​ទោស! ម៉ោះ​ចាំ​ពូ​ជូន​ទៅ​មន្ទីរ​ពេទ្យ។»

ក្មេង​ប្រុស​នោះ​អាយុ​ល្បាក់​១០ឆ្នាំ ធ្វើ​ទឹក​មុខ​ដូចជា​ចង់​យំ ប៉ុន្តែ​វា​មិន​រក​រឿង​ខ្ញុំ​ទេ ថែម​ទាំង​ប្រកែក​ថា «មិន​អី​ទេ! ខ្ញុំ​ត្រូវ​ដើរ​លក់​កាសែត​បន្ត​ទៀត!…»

ខ្ញុំ​ក៏​ប្រាប់​វា​ថា «កុំ​ភ័យ! ចាំ​ពូ​ជួយ​ទិញ​ឯង​ទាំង​អស់។ ម៉ោះ​ជិះ​ម៉ូតូ​ជាមួយ​ពូ​ទៅ​ពេទ្យ!»

ក្មេង​ប្រុស​រាង​រារែក រួច​ទើប​បន្លឺ​ថា «បើ​ទៅ​ពេទ្យ ទៅ​ពេទ្យ​ប៉ា​ខ្ញុំ​តែ​ម្តង​ទៅ!»

ខ្ញុំក៏​ឌុប​ក្មេង​នោះ​ទៅ ​ដោយ​ឲ្យ​វា​បង្ហាញ​ផ្លូវ។ នៅ​តាម​ផ្លូវ​ ខ្ញុំ​សួរ​វា​ថា «តើ​ប៉ា​របស់​ឯង​គឺ​ជា​គ្រូ​ទេព្យហ្អេះ?»

«អត់​ទេ ប៉ា​របស់​ខ្ញុំ​ជា​អ្នក​ជំងឺ​សម្រាន្ត​នៅ​មន្ទីរពេទ្យ។» ក្មេង​ប្រុស​តប។

«គឺ​អ៊ីចឹង​ទេ! រួច​ចុះ​តើ​ប៉ា​របស់​ឯង​ គាត់​មាន​ជំងឺ​ស្អី?»

«គាត់កើត​សរសៃ​ប្រសាទ។ គាត់​ភ្លេច​ពួកខ្ញុំ មិន​ចាំ​ពួក​ខ្ញុំ​ទេ ហើយ​ពេល​ជំងឺ​រើ​ឡើង​ម្តងៗ គាត់​ស្រែក​យំ​ខ្លាំងៗ…»

ក្មេងតូច​ប៉ុណ្ណឹង ដោយ​សារ​តែ​មាន​ឪពុកជា​មនុស្សវិកល​ចរិត ទើប​បណ្ដាល​​ឲ្យ​វា​ដើរ​លក់​កាសែត​រក​ប្រាក់។ ខ្ញុំ​ក៏​សួរ​វា​ថា​ «ចុះ​រាល់​ថ្ងៃ​តើ​អាអូន​ឯង​មាន​​ទៅ​រៀន​ដែរ​ទេ?»

«អត់ផង! ខ្ញុំ​ដើរ​លក់​កាសែត ទស្សនាវដ្តី ពេញ​មួយ​ថ្ងៃ​ហ្នឹង!»

«អ៊ីចឹង​គ្រួសារ​ឯង​គ្មាន​មុខ​របរទេហ្អេះ?»

«ម៉ែ​ខ្ញុំ​គាត់​ធ្វើ​នំ​ដើរ​លក់ ហើយ​ប្អូន​ស្រី​ខ្ញុំ​ក៏​ទូល​នំ​លក់​ដែរ។ ប្អូន​ខ្ញុំ​និង​ខ្ញុំ​សុទ្ធតែ​អត់បាន​ទៅ​រៀន ព្រោះត្រូវ​ជួយ​រក​លុយ​ព្យាបាល​ជំងឺ​របស់​ប៉ា។»

សម្តី​របស់​វា​ស្ទើរ​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ស្រក់​ទឹក​ភ្នែក។ គ្រួសារ​ក្មេង​នេះ​ក្រ​ដល់​គ្មាន​ឱកាស​បាន​ទៅ​រៀន។ ឪពុក​ជា​បង្គោល​គ្រួសារ​បែរ​ជា​មាន​ជំងឺ​បែប​នេះ តើ​ជា​កម្ម​ពៀរ​ឬ​អី? ខ្ញុំ​ទន្ទេញ​ក្នុង​ចិត្ត​ថា តើ​ធ្វើ​យ៉ាងម៉េច​ទើ​ប​អាច​ជួយ​គ្រួសារ​នេះ​បាន រួច​ខ្ញុំ​ក៏​សួរ​ក្មេង​ប្រុស​នោះ​​ថា «តើ​ឯង​ចង់​ទៅ​រៀន​ទេ?»

«ខ្ញុំ​ចង់​ណាស់​ តែ​ធ្វើ​ម៉េច​បើ​ខ្ញុំ​ត្រូវ​ដើរ​លក់​កាសែត…»

«ឯង​អាច​សុំ​ម្តាយ​របស់​ឯង​ដើរ​លក់​តែ​មួយ​ពេល​ ហើយ​ឆ្លៀត​ទៅ​សាលា​រៀន​មួយ​ពេល​ទៅ!»

«ពូ​មិនដឹង​ទេ! ព្រោះ​តែ​ព្យាបាល​ជំងឺ​ប៉ា ម៉ែ​ខ្ញុំ​ជំពាក់​លុយ​គេ​ច្រើន​ណាស់ ហើយ​ឥឡូវ​នេះ​ម៉ែ​ខំ​រក​លុយ​សង​គេ​វិញ​ផង និង​បង់​ថ្លៃ​ពេទ្យ​ឲ្យ​ប៉ា​រាល់​ខែ​ផង។ ទោះជា​​ឲ្យ​ខ្ញុំ​ទៅ​រៀន ក៏​រៀន​មិន​ចូល​ដែរ។»

ខ្ញុំ​ដក​ដង្ហើម​ធំ​បន្ទាប់​ពី​ស្តាប់​ពាក្យ​របស់វា ហើយ​ខ្ញុំ​សួរ​វា​​ទៀត​ «ចុះ​ប្អូន​ស្រី​របស់​ឯងអាយុ​ប៉ុន្មាន​ហើយ?»

«ប្អូនស្រី​ខ្ញុំ​មាន​ពីរ​នាក់ ម្នាក់​អាយុ​ប្រាំបីឆ្នាំ ម្នាក់​ទៀតទើប​តែ​ប្រាំមួយ​ឆ្នាំ​ទេ។»

«ប្អូនស្រី​​អាយុ​ប្រាំមួយ​ឆ្នាំ​ហ្នឹង​ក៏​ទូល​នំ​លក់​ដែរ​មែន​ទេ?»

«បាទ!»

រឿង​រ៉ាវ​ទាំង​អស់​នេះ ពេល​បាន​ដឹង​ហើយ ខ្ញុំ​​តឹង​ណែន​ទ្រូង​ខ្លាំង​ណាស់។ តើ​ខ្ញុំ​គួរ​តែ​ទៅ​រក​អង្គការ​ ឬ​ក៏​កន្លែង​ណា​ដែល​អាច​ជួយ​គ្រួសារ​ក្មេងប្រុស​នេះ​ ឬ​ក៏​យ៉ាង​ម៉េច? អាណិត​អនាគត​ក្មេង បើ​មិន​បាន​ចូល​សាលា​អ៊ីចឹង តើ​ដល់​ធំ​ឡើង​ពួកវា​រស់នៅ​ដោយ​របៀប​ណា?

«ខ្ញុំ​ក៏​ធ្លាប់​ចូល​រៀន​ដល់​ថ្នាក់​ទី​៣​ដែរ។ បើ​កុំ​តែ​ប៉ាខ្ញុំ​ឈឺ គ្រួសារ​របស់​ខ្ញុំ​មិន​វេទនា​ទេ​ ហើយ​បងប្អូន​ខ្ញុំ​ក៏​អាច​ទៅ​រៀន​បាន​ដែរ។» ក្មេង​ប្រុស​ប្រាប់​ខ្ញុំ​ដោយ​សំឡេង​តូច​ចិត្ត។

«ហេតុ​អី​ក៏​ប៉ារបស់​ឯង​ឈឺ​អ៊ីចឹង?»

«គាត់​ត្រូវ​ម៉ូតូ​បុក…»

ខ្ញុំ​នឹក​ថា​ តើ​អ្នក​ណា​ទៅ​ជាអ្នក​បុក​គាត់ បណ្តាល​ឲ្យ​គ្រួសារ​គាត់​មាន​រឿង​អកុសល​ដល់​ថ្នាក់​នេះ។ តើ​គេ​ម្នាក់​នោះ​កំពុង​តែ​រស់​មាន​សេច​ក្តី​សុខ​ ខណៈ​ដែល​គ្រួសារ​មួយ​នេះ​រស់​នៅ​លំបាក​វេទនា​យ៉ាង​នេះ​​អ្ហ៎?

«តើ​ដឹង​ថា​អ្នកណា​ជា​អ្នក​បុក​ប៉ា​របស់​ឯង​ទេ?» ខ្ញុំ​សួរ​ក្មេង​ប្រុស។

«គ្មាន​អ្នកណា​ស្គាល់​ទេ! ពេល​បុក​ប៉ា​ភ្លាម គេ​ក៏​​ជិះ​ម៉ូតូ​រត់បាត់។ បើ​គេ​ចិត្ត​ល្អ​ដូច​ជាពូ​ ចេះ​ជូន​ខ្ញុំ​ទៅ​ពេទ្យ​អ៊ីចឹង ម៉ែ​ក៏​មិន​បាច់​ដើរ​ខ្ចី​លុយ​គេ​ដែរ។»

«ចុះ​តើ​រឿង​ហេតុ​យ៉ាង​ម៉េច បាន​ជា​​ប៉ា​របស់​ឯង​ត្រូវ​គេ​បុក?»

«ប៉ា​ខ្ញុំ​គាត់​កំពុង​តែ​ធ្វើ​ការ…»

«គាត់​ធ្វើ​ការ​អី?»

«គាត់​ធ្វើ​ប៉ូលិស!»

«​ប៉ូលិស​អី?»

«ប៉ូលិស​ចរាចរណ៍!…»

និយាយ​ដល់​ត្រឹម​នេះ ក្មេង​ប្រុស​ក៏​ចង្អុល​ឲ្យ​ខ្ញុំ​បត់​ម៉ូតូ​ចូល​មន្ទីរ​ពេទ្យ ដែល​ឪពុក​របស់​វាស្នាក់​នៅ​នោះ រួច​វា​​ក៏​នាំ​ខ្ញុំ​ដើរ​ទៅ​រក​ឪពុក​របស់​វា។

«នោះ​ គាត់​គឺ​ប៉ា​របស់​ខ្ញុំ!»

នេះ​ហើយ​គឺ​ជា​កម្មពៀរ​ដែល​ខ្ញុំ​បាន​ប្រាប់។ ឪពុក​របស់​ក្មេងប្រុស​កម្សត់​នោះ​គឺ​ជាប៉ូលិស​ផាន ដែល​ខ្ញុំ​បាន​ជិះ​ម៉ូតូ​បុក​កាល​​​ពី​ឆ្នាំ​មុន​នោះ។ ខ្ញុំ​នៅ​ចាំ​​មុខ​របស់​គាត់​ច្បាស់​ណាស់ តែ​គាត់​បាន​ឡប់​ស្មារតី​ មើល​មិន​ស្គាល់​អ្នក​ដែល​ធ្វើ​បាប​គាត់ និង​គ្រួសារ​របស់​គាត់​នេះ​ទេ។ ពេល​ដែល​ក្មេង​ប្រុស​នោះ​រត់​ទៅ​កាន់​ដៃ​ប៉ា​របស់​វា ណែនាំ​ឲ្យ​ខ្ញុំ​ស្គាល់ ខ្ញុំ​ក៏​ស្រក់​ទឹក​ភ្នែក​ដោយ​​​ខ្មាស​ខ្លួន​ឯង​ហួស​និស្ស័យ។

រហូត​មកទល់​នឹង​ពេល​នេះ គ្មាន​អ្នកណា​ដឹង​ថា ខ្ញុំ​ជា​មនុស្ស​ដែល​បុក​ប៉ូលិស​ផាន​ទេ តែ​ដើម្បី​លាង​បាបកម្ម ខ្ញុំ​តែងតែ​ចំណាយ​ប្រាក់​ខែ​ខ្លួន​ឯង​ឲ្យ​ទៅ​គ្រួសារ​គាត់ និង​ជួយ​ឲ្យ​ក្មេងៗ​បាន​ទៅ​រៀន ដោយ​កុហក​ពួកគេ​ថា គឺ​អង្គការ​ជា​អ្នក​ឧបត្ថម្ភ​គ្រួសារ​របស់​គេ។ មិនដឹង​ថា​ តើ​ថ្ងៃ​ណា​ទើប​ខ្ញុំ​សង​កម្មពៀរ​នេះ​រួច​ឡើយ?

ដោយ សុខ ចាន់ផល

ថ្ងៃ​ទី​៥ សីហា ២០០៨

Older Entries