នេះ​ជា​រឿង​និយាយ​ពី​កម្មពៀរ…

កម្ម​ពៀរ


ខ្ញុំ​ជិះ​ម៉ូតូ​មក​ឈប់​ត្រង់​ភ្លើងស្តុប សម្លឹង​ទៅ​ប៉ូលិស​​ចរាចរណ៍​ពីរ​នាក់​ ដែលឃាត់​យក​លុយ​ខ្ញុំ​កាល​ពី​ម្សិល​មិញ ដោយ​ចោទ​ខ្ញុំ​ថា ខ្ញុំ​ជិះ​កាត់​ភ្លើង​ក្រហម។

«ឆាប់​យក​កាត​គ្រី​ម៉ូតូ​​ចេញ​មក៍!» ប៉ូលិស​ម្នាក់​ពោលមក​ខ្ញុំ​ ទាំង​ដៃ​ដក​សោ​ម៉ូតូ​ខ្ញុំ។

«ខ្ញុំ​ខុស​អី​បង?» ខ្ញុំ​សួរ​​ព្រោះ​ឆ្ងល់​មែន។

«អំមិញ​មិន​ឃើញ​ភ្លើង​ក្រហម​ទេ​អ្ហេះ?»

«ទេ! ភ្លើងខៀវ​ទេ​តើ បានជា​ខ្ញុំ​ឆ្លង!»

«មិន​បាច់​និយាយ​ច្រើន​ទេ ឆាប់យក​កាត​គ្រី​ចេញមក៍!»

«យក​កាត​គ្រី​ចេញមក​ធ្វើ​អី?»

«ម៉េច ម៉ូតូ​អត់​មាន​កាត​គ្រី​ទេ​?»

«កាត​គ្រី​ខ្ញុំ​នៅ​ផ្ទះ មិន​បាន​ដាក់​តាម​ខ្លួន​ទេ។»

«អ៊ីចឹងទៅ​យក​មក៍!»

«ទៅ​យក​មក​ធ្វើ​អី? ខ្ញុំ​មានខុស​ច្បាប់​ចរាចរណ៍​អី? អំមិញ​នេះ​ខ្ញុំ​ឆ្លង​ភ្លើង​ស្តុប​ដូច​តែ​គេ​ឯង​ដែរ​តើ។ ម៉េច​ក៏​ឃាត់​តែ​ខ្ញុំម្នាក់?»

«តោះ ទៅនិយាយ​ជាមួយ​គាត់​ទៅ!» ប៉ូលិស​នោះ​ប្រាប់ខ្ញុំ​ឲ្យទៅ​និយាយ​ជាមួយ​ប៉ូលិស​​ម្នាក់​ទៀត ដែល​​ឈរ​ក្បែរ​ម៉ូតូ​ ដៃ​កាន់​ប៊ិក​និង​សៀវភៅ។

«ឥឡូវ​ចង់​សម្រួល​គ្នា ឬ​ចង់​ទៅ​រៀន​ច្បាប់​ចរាចរណ៍?» ប៉ូលិស​ម្នាក់​ទៀត​នោះ​​សួរ​ខ្ញុំ។

«ប្រាកដ​ជា​ចង់​សម្រួល​គ្នា​ហើយ!» ខ្ញុំតប​ភ្លាម។

«អ៊ីចឹងបង់ពីរម៉ឺន​មក៍!»

«ពីរ​ម៉ឺន​ស្អី? ក្រែង​សម្រួល​គ្នា​អ្ហេះ?​ អំមិញ​ខ្ញុំ​ឆ្លង​ភ្លើង​ខៀវ​ទេ ទាល់​​តែ​ពួក​បង​ឯង​ឃាត់​ខ្ញុំ បានភ្លើង​វា​លោត​ទៅ​ជា​ក្រហម។​ ស្ដាប់​បានទេ?»

«ម៉េច​ចង់​ទៅ​រៀន?​ ខ្ញុំ​ចុះ​ឈ្មោះ​ឲ្យ​ទៅ​រៀន!»

«នែ បង​និយាយ​ហេតុផល​ផង! ខ្ញុំ​ប្រញាប់​ទៅ​សម្ភាស​ការងារ​ផង​ណា៎!»

«ទៅ​សម្ភាស​អី​សម្ភាស​ទៅ! បង់​​តែ​ពីរ​ម៉ឺន​មក៍!»

«រឿង​អី​ខ្ញុំ​ត្រូវ​បង់ បើ​ខ្ញុំ​អត់​ខុស​ផង?»

«បើ​មិន​ព្រម​បង់​ ​ប្រាប់​ឈ្មោះ​មក៍! ឈ្មោះអី?» ប៉ូលិស​នោះ​និយាយ​ធ្វើ​​ទឹក​មុខ​សឿង​​សម្បើម​ណាស់​ «ផាន​កត់​ឈ្មោះ​​គេ​ទៅ!»

ខ្ញុំ​ខឹង​ឡើង​ញ័រ​ដៃ ចង់​តែ​ដាល់​មុខ​ប៉ូលិស​ពីរ​នាក់​ហ្នឹង​ឲ្យ​បាត់​ញ័រ។ រីឯ​ប៉ូលិស​ឈ្មោះ​ផាន​​នោះ ក៏និយាយ​ប្រាប់​ខ្ញុំ​តិចៗ​ថា​ «ឥឡូវ​មាន​ប៉ុន្មាន​សម្រួល​ឲ្យ​គាត់​ទៅ!»

«សម្រួល​ស្អី?​ សម្រួល​គេ​និយាយ​ហេតុផល​ តែ​បើ​បែប​នេះ​គេ​ហៅ​ថា​ប្លន់​ហើយ។»

«យី អាក្មេង​ឈ្លើយ!​ អ្ហែង​ចាំ​ទៅ​មន្ទីរ​ស្នង​ការ​ឲ្យ​គេ​ប្រដៅ​ម្តង​ទៅ!» ជា​សំឡេង​ប៉ូលិស​ដែល​ទារ​លុយ​ខ្ញុំពីរ​ម៉ឺន​នោះ។

ខ្ញុំ​ឈរ​ស្ងៀម​អស់​មួយ​ស្របក់​ ហើយ​ឃើញ​ប៉ូលិស​ពីរ​នាក់​ហ្នឹង​ ព្រួតគ្នា​ស្ទាក់​ម៉ូតូ ទារ​លុយ​​អ្នក​ដំណើរ​អស់​ជាច្រើននាក់។ អ្នក​ទាំង​នោះ ខ្លះ​ឲ្យ​ប្រាក់​ទៅ​ពួកគេ​ពីរ​ម៉ឺន​រៀល ខ្លះ​មួយ​ម៉ឺន​រៀល​ ខ្លះ​ក៏​ប្រាំ​ពាន់​រៀល។ ខ្ញុំ​ក្ដៅ​ក្នុង​ចិត្ត​ផង អន្ទះសា​ផង ហើយ​យក​ទូរស័ព្ទ​មក​មើល​ម៉ោង ក៏ដល់​ម៉ោង​គេ​សម្ភាស​ការងារ​ទៅ​ហើយ​។ ដោយ​ហេតុ​នេះ​ខ្ញុំ​ធ្វើ​ខ្លាំង​ទៀត​លែង​បាន ក៏​ដាច់​ចិត្ត​ដើរ​ទៅ​សម្រួល​ដូច​ជា​គេ​ឯង​ដែរ។

ខ្ញុំ​និយាយ​​ទៅ​កាន់​ប៉ូលិស​ពីរនាក់​នោះ​ថា «ខ្ញុំ​មាន​តែ​ប្រាំ​ពាន់​ទេ!» រួច​ខ្ញុំ​ហុច​ប្រាក់​ប៉ុណ្ណឹង​ឲ្យ​ ជាមួយ​នឹង​សម្តី «ឲ្យ​ខ្ញុំ​សុំ​សោ​ម៉ូតូ​វិញ​មក៍!»

ប៉ូលិស​ផាន​រៀប​នឹង​ហុច​សោ​ម៉ូតូ​ឲ្យ​ខ្ញុំ​ទៅ​ហើយ តែ​ត្រូវ​​ម្នាក់​ទៀត​ស្រែក​មក​ថា «គ្មាន​រឿង​ប្រាំ​ពាន់​ឲ្យ​ទៅ​ទេ! អា​ក្មេង​ឈ្លើយ​​បែប​នេះ ពីរ​ម៉ឺន​មិន​សម​ទទួល​ផង!»

ខ្ញុំ​ខាំ​ធ្មេញ​ក្រឺត ទាំង​នឹក​ស្ដាយ​ដែល​ខំ​ប្រាប់​​គេ​ថា ខ្ញុំ​ប្រញាប់​ទៅ​សម្ភាស​ការងារ ធ្វើ​ឲ្យ​គេ​​រឹត​តែ​ធ្វើ​បាប​ខ្ញុំ​ទៀត។ យ៉ាងណា​កុំ​ឲ្យ​រឿង​មិន​បាន​ការ​នេះ​រំខាន​ដល់​កិច្ចការ​សំខាន់ ខ្ញុំ​ក៏​ថែម​លុយ​ប្រាំពាន់រៀល​ទៀត​​ឱ្យ​ទៅ​។ ប៉ុន្តែ​ប៉ូលិសនោះ​ធ្វើ​ឫក​​មិន​ព្រម​ងាក​មើល​ប្រាក់របស់​ខ្ញុំ​ទេ ថែម​ទាំង​បោះ​សម្ដី​ទាំង​មុខ​ក្រញ៉ូវ​​ថា «អាក្មេង​ដូច​អ្ហែង​នេះ ធ្វើ​ស្រួល​ជាមួយ​​នាំ​តែ​បាន​ចិត្ត​តើ!»

បើ​ទោះ​​ជា​ខឹង​យ៉ាងណា ខ្ញុំ​ត្រូវ​តែ​បង្ខំ​ចិត្ត​ខ្លួន​ឯង ​ដកលុយ​​មួយម៉ឺន​រៀល​​ទៀត​ឱ្យ​ពួក​គេ ដើម្បី​ប្រញាប់​ទៅ​សម្ភាស​ការងារ។ ខ្ញុំ​ជិះ​ម៉ូតូ​ចេញ​ទាំង​ចិត្ត​គុំ​ប៉ូលិស​ពីរ​នាក់​ហ្នឹង ឡើង​ហ៊ឹង​ពេញ​ត្រចៀក។

លុះ​ពេលដែល​​ខ្ញុំ​ទៅដល់​ក្រុមហ៊ុន​សម្ភាស​ការងារ​ ឈ្មោះ​របស់​ខ្ញុំ​​ត្រូវ​បាន​​គេ​គូស​អវត្តមាន​​បាត់។ ​ទោះខ្ញុំ​អង្វរ​លើក​ហេតុ​ផល​យ៉ាងណា ក៏គេ​មិន​អាច​អនុគ្រោះឡើយ។ ការងារ​ដែល​ខ្ញុំ​ស្រមៃ​ចង់​ធ្វើ​ជាយូរ​មក​ហើយ និង​ដែល​ប្រលង​វិញ្ញាសា​សរសេរ​ជាប់​ទៅ​ហើយ គឺ​នៅ​សល់​តែ​កិច្ច​សម្ភាស​ចុង​ក្រោយ​នេះ ក៏​ត្រូវ​របូត​ផុត​ពី​ខ្ញុំ​ទៅ​វិញ។

ខ្ញុំ​ស្តាយ​ការងារ ហើយ​នឹក​ខឹង​អាប៉ូលិសចរាចរណ៍​ពីរ​នាក់​នោះ​រហូត​ដេក​មិន​លក់​ពេញ​មួយ​យប់។ កំហុស​គ្រប់យ៉ាង​គឺ​មកពី​អាប៉ូលិស​ចង្រៃ​ពីរ​នាក់​ហ្នឹង បើ​មិនសងសឹក​ គឺ​មិនគប្បី​នឹង​ខ្លួន​ឯង​នោះ​ទេ។ ពួកវា​ធ្វើ​អាក្រក់ដាក់​គេ​ឯង​ជា​យូរ​មក​ហើយ បើ​ខ្ញុំ​អាច​ធ្វើ​បាប​ពួក​វា​បាន ប្រាកដ​ជាមាន​គេ​អរគុណ​ខ្ញុំ​ទៀត​។ ធ្វើ​អាក្រក់​គង់​តែ​មាន​កម្មពៀរ​ទេ តែ​ចាំ​ទេវតា​ដាក់​ទោស​ មិន​ដឹង​ជាថ្ងៃ​ណា? គឺ​ខ្ញុំ​នេះហើយ​ជា​ទេវទូត​ ដែល​គេ​​ចាត់​ឲ្យ​មក​ដាក់​ទោស​មនុស្ស​អាក្រក់​ជំនួស​ទេវតា។

គឺ​យ៉ាង​នេះ​ហើយ​ ទើប​ថ្ងៃ​នេះ​ខ្ញុំ​មក​ឈប់​ម៉ូតូ​នៅ​ត្រង់​ភ្លើង​ស្តុប​នេះ។​ ខ្ញុំ​ឃើញ​​ប៉ូលិសពីរ​នាក់​នោះ​កំពុង​តែ​ឃាត់​ម៉ូតូ​គេ ទារ​លុយ​ទៀត​ហើយ។ មិន​អី​ទេ ចាំ​មើល​​ខ្ញុំ​នឹង​ឲ្យ​ឯង​ទារ​លុយ​ខ្ញុំ​ម្តង​ទៀត។ ភ្នែក​ខ្ញុំ​​សម្លឹង​មើល​ទៅ​លេខ​​ភ្លើង​ពណ៌​ខៀវ​ដែល​កំពុង​រត់ រង់ចាំ​ពេល​ជិត​​ដល់​ភ្លើង​ខៀវ​លោត​ទៅ​ជា​ក្រហម ខ្ញុំ​នឹង​ជិះ​ទៅ។

ការរង់ចាំ​ក្នុង​រយៈពេល​ដ៏ខ្លី​ក៏​បាន​មក​ដល់។ ខ្ញុំ​ជិះ​ម៉ូតូ​យឺតៗ​ក្នុង​បំណង​ឲ្យ​ប៉ូលិស​ស្ទាក់។ ដូច​គិត​មែន គឺ​ពួកវា​ដើរ​ចេញ​មក​ទាំង​ពីរ​នាក់ ដោយ​ធ្វើ​សញ្ញា​ឲ្យ​ខ្ញុំ​ឈប់​ម៉ូតូ។ ដៃ​របស់​ខ្ញុំ​ឡើង​ញ័រ​ តែ​វា​ជា​ឱកាស​ល្អ​មែនទែន។ ខ្ញុំ​ក៏​ធ្វើ​ដូច​ជា​រក​ឈប់ រួច​ក៏​ប្រមូល​កម្លាំង​មក​បាតដៃ ហើយ​មួល​ហ្ការ​ម៉ូតូ​មួយ​ទំហឹង​…

លើ​លោក​នេះ​ពិត​ជា​មាន​កម្ម​ពៀរ​មែន ហើយ​ជា​កម្ម​ពៀរ​ក្នុង​ជាតិ​នេះ​តែ​ម្តង។ មាន​ហេតុ​ទើប​មាន​ផល។ រឿង​ហេតុ​នៅថ្ងៃ​ដែល​ខ្ញុំ​បាន​រៀបរាប់​មក​នេះ គ្រាន់​តែ​ជា​ការផ្ដើម​រឿង​ប៉ុណ្ណោះ ឯ​សាច់​រឿង​ដ៏​វែង​ឆ្ងាយ​ទៀត​គឺ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។ មួយ​ឆ្នាំ​ក្រោយ​​​មក ហេតុ​ការណ៍​​ដែល​ស្តាប់​ទៅ​ស្រដៀង​នឹង​រឿង​កំប្លែង​នេះ ក៏​ក្លាយ​ជា​រឿង​ដ៏​សែន​កម្សត់។

ថ្ងៃ​មួយ​ពេល​ខ្ញុំ​ជិះ​ម៉ូតូ​ទៅ​ធ្វើការ​ ដោយ​មិន​បាន​ប្រយ័ត្ន​​ក៏​បុក​ក្មេង​លក់​កាសែត​ម្នាក់​ឲ្យ​ដួល​ព្រូស។ កាសែត​ធ្លាក់​ទៅ​លើ​ដី រីឯ​ក្មេង​ប្រុស​នោះ​ហាក់​ស្រងល់​ ហើយ​ខំ​ក្រោក​ឡើង។ ខ្ញុំ​ដាក់​ចន្ទល់​ម៉ូតូ ជួយ​រើស​ប្រមូល​កាសែតរបស់​វា​​ដែល​ជ្រុះរាត់រាយ រួច​នាំវា​ដើរ​ទៅ​ចិញ្ចើម​ថ្នល់។ ខ្លួន​ខ្ញុំ​ខណៈ​នោះ​ពិត​ជា​សយ​ណាស់ តែ​បើ​រត់​រក​រួច​ខ្លួន វា​ដូចជា​អាក្រក់​ពេក។

ខ្ញុំ​ចាប់​ដៃ​ក្មេង​នោះ​មក​មើល ឃើញ​រលាត់​ចេញ​ឈាម ខ្ញុំ​ក៏​និយាយ​ទៅ​វា «ឲ្យ​ពូ​សុំ​ទោស! ម៉ោះ​ចាំ​ពូ​ជូន​ទៅ​មន្ទីរ​ពេទ្យ។»

ក្មេង​ប្រុស​នោះ​អាយុ​ល្បាក់​១០ឆ្នាំ ធ្វើ​ទឹក​មុខ​ដូចជា​ចង់​យំ ប៉ុន្តែ​វា​មិន​រក​រឿង​ខ្ញុំ​ទេ ថែម​ទាំង​ប្រកែក​ថា «មិន​អី​ទេ! ខ្ញុំ​ត្រូវ​ដើរ​លក់​កាសែត​បន្ត​ទៀត!…»

ខ្ញុំ​ក៏​ប្រាប់​វា​ថា «កុំ​ភ័យ! ចាំ​ពូ​ជួយ​ទិញ​ឯង​ទាំង​អស់។ ម៉ោះ​ជិះ​ម៉ូតូ​ជាមួយ​ពូ​ទៅ​ពេទ្យ!»

ក្មេង​ប្រុស​រាង​រារែក រួច​ទើប​បន្លឺ​ថា «បើ​ទៅ​ពេទ្យ ទៅ​ពេទ្យ​ប៉ា​ខ្ញុំ​តែ​ម្តង​ទៅ!»

ខ្ញុំក៏​ឌុប​ក្មេង​នោះ​ទៅ ​ដោយ​ឲ្យ​វា​បង្ហាញ​ផ្លូវ។ នៅ​តាម​ផ្លូវ​ ខ្ញុំ​សួរ​វា​ថា «តើ​ប៉ា​របស់​ឯង​គឺ​ជា​គ្រូ​ទេព្យហ្អេះ?»

«អត់​ទេ ប៉ា​របស់​ខ្ញុំ​ជា​អ្នក​ជំងឺ​សម្រាន្ត​នៅ​មន្ទីរពេទ្យ។» ក្មេង​ប្រុស​តប។

«គឺ​អ៊ីចឹង​ទេ! រួច​ចុះ​តើ​ប៉ា​របស់​ឯង​ គាត់​មាន​ជំងឺ​ស្អី?»

«គាត់កើត​សរសៃ​ប្រសាទ។ គាត់​ភ្លេច​ពួកខ្ញុំ មិន​ចាំ​ពួក​ខ្ញុំ​ទេ ហើយ​ពេល​ជំងឺ​រើ​ឡើង​ម្តងៗ គាត់​ស្រែក​យំ​ខ្លាំងៗ…»

ក្មេងតូច​ប៉ុណ្ណឹង ដោយ​សារ​តែ​មាន​ឪពុកជា​មនុស្សវិកល​ចរិត ទើប​បណ្ដាល​​ឲ្យ​វា​ដើរ​លក់​កាសែត​រក​ប្រាក់។ ខ្ញុំ​ក៏​សួរ​វា​ថា​ «ចុះ​រាល់​ថ្ងៃ​តើ​អាអូន​ឯង​មាន​​ទៅ​រៀន​ដែរ​ទេ?»

«អត់ផង! ខ្ញុំ​ដើរ​លក់​កាសែត ទស្សនាវដ្តី ពេញ​មួយ​ថ្ងៃ​ហ្នឹង!»

«អ៊ីចឹង​គ្រួសារ​ឯង​គ្មាន​មុខ​របរទេហ្អេះ?»

«ម៉ែ​ខ្ញុំ​គាត់​ធ្វើ​នំ​ដើរ​លក់ ហើយ​ប្អូន​ស្រី​ខ្ញុំ​ក៏​ទូល​នំ​លក់​ដែរ។ ប្អូន​ខ្ញុំ​និង​ខ្ញុំ​សុទ្ធតែ​អត់បាន​ទៅ​រៀន ព្រោះត្រូវ​ជួយ​រក​លុយ​ព្យាបាល​ជំងឺ​របស់​ប៉ា។»

សម្តី​របស់​វា​ស្ទើរ​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ស្រក់​ទឹក​ភ្នែក។ គ្រួសារ​ក្មេង​នេះ​ក្រ​ដល់​គ្មាន​ឱកាស​បាន​ទៅ​រៀន។ ឪពុក​ជា​បង្គោល​គ្រួសារ​បែរ​ជា​មាន​ជំងឺ​បែប​នេះ តើ​ជា​កម្ម​ពៀរ​ឬ​អី? ខ្ញុំ​ទន្ទេញ​ក្នុង​ចិត្ត​ថា តើ​ធ្វើ​យ៉ាងម៉េច​ទើ​ប​អាច​ជួយ​គ្រួសារ​នេះ​បាន រួច​ខ្ញុំ​ក៏​សួរ​ក្មេង​ប្រុស​នោះ​​ថា «តើ​ឯង​ចង់​ទៅ​រៀន​ទេ?»

«ខ្ញុំ​ចង់​ណាស់​ តែ​ធ្វើ​ម៉េច​បើ​ខ្ញុំ​ត្រូវ​ដើរ​លក់​កាសែត…»

«ឯង​អាច​សុំ​ម្តាយ​របស់​ឯង​ដើរ​លក់​តែ​មួយ​ពេល​ ហើយ​ឆ្លៀត​ទៅ​សាលា​រៀន​មួយ​ពេល​ទៅ!»

«ពូ​មិនដឹង​ទេ! ព្រោះ​តែ​ព្យាបាល​ជំងឺ​ប៉ា ម៉ែ​ខ្ញុំ​ជំពាក់​លុយ​គេ​ច្រើន​ណាស់ ហើយ​ឥឡូវ​នេះ​ម៉ែ​ខំ​រក​លុយ​សង​គេ​វិញ​ផង និង​បង់​ថ្លៃ​ពេទ្យ​ឲ្យ​ប៉ា​រាល់​ខែ​ផង។ ទោះជា​​ឲ្យ​ខ្ញុំ​ទៅ​រៀន ក៏​រៀន​មិន​ចូល​ដែរ។»

ខ្ញុំ​ដក​ដង្ហើម​ធំ​បន្ទាប់​ពី​ស្តាប់​ពាក្យ​របស់វា ហើយ​ខ្ញុំ​សួរ​វា​​ទៀត​ «ចុះ​ប្អូន​ស្រី​របស់​ឯងអាយុ​ប៉ុន្មាន​ហើយ?»

«ប្អូនស្រី​ខ្ញុំ​មាន​ពីរ​នាក់ ម្នាក់​អាយុ​ប្រាំបីឆ្នាំ ម្នាក់​ទៀតទើប​តែ​ប្រាំមួយ​ឆ្នាំ​ទេ។»

«ប្អូនស្រី​​អាយុ​ប្រាំមួយ​ឆ្នាំ​ហ្នឹង​ក៏​ទូល​នំ​លក់​ដែរ​មែន​ទេ?»

«បាទ!»

រឿង​រ៉ាវ​ទាំង​អស់​នេះ ពេល​បាន​ដឹង​ហើយ ខ្ញុំ​​តឹង​ណែន​ទ្រូង​ខ្លាំង​ណាស់។ តើ​ខ្ញុំ​គួរ​តែ​ទៅ​រក​អង្គការ​ ឬ​ក៏​កន្លែង​ណា​ដែល​អាច​ជួយ​គ្រួសារ​ក្មេងប្រុស​នេះ​ ឬ​ក៏​យ៉ាង​ម៉េច? អាណិត​អនាគត​ក្មេង បើ​មិន​បាន​ចូល​សាលា​អ៊ីចឹង តើ​ដល់​ធំ​ឡើង​ពួកវា​រស់នៅ​ដោយ​របៀប​ណា?

«ខ្ញុំ​ក៏​ធ្លាប់​ចូល​រៀន​ដល់​ថ្នាក់​ទី​៣​ដែរ។ បើ​កុំ​តែ​ប៉ាខ្ញុំ​ឈឺ គ្រួសារ​របស់​ខ្ញុំ​មិន​វេទនា​ទេ​ ហើយ​បងប្អូន​ខ្ញុំ​ក៏​អាច​ទៅ​រៀន​បាន​ដែរ។» ក្មេង​ប្រុស​ប្រាប់​ខ្ញុំ​ដោយ​សំឡេង​តូច​ចិត្ត។

«ហេតុ​អី​ក៏​ប៉ារបស់​ឯង​ឈឺ​អ៊ីចឹង?»

«គាត់​ត្រូវ​ម៉ូតូ​បុក…»

ខ្ញុំ​នឹក​ថា​ តើ​អ្នក​ណា​ទៅ​ជាអ្នក​បុក​គាត់ បណ្តាល​ឲ្យ​គ្រួសារ​គាត់​មាន​រឿង​អកុសល​ដល់​ថ្នាក់​នេះ។ តើ​គេ​ម្នាក់​នោះ​កំពុង​តែ​រស់​មាន​សេច​ក្តី​សុខ​ ខណៈ​ដែល​គ្រួសារ​មួយ​នេះ​រស់​នៅ​លំបាក​វេទនា​យ៉ាង​នេះ​​អ្ហ៎?

«តើ​ដឹង​ថា​អ្នកណា​ជា​អ្នក​បុក​ប៉ា​របស់​ឯង​ទេ?» ខ្ញុំ​សួរ​ក្មេង​ប្រុស។

«គ្មាន​អ្នកណា​ស្គាល់​ទេ! ពេល​បុក​ប៉ា​ភ្លាម គេ​ក៏​​ជិះ​ម៉ូតូ​រត់បាត់។ បើ​គេ​ចិត្ត​ល្អ​ដូច​ជាពូ​ ចេះ​ជូន​ខ្ញុំ​ទៅ​ពេទ្យ​អ៊ីចឹង ម៉ែ​ក៏​មិន​បាច់​ដើរ​ខ្ចី​លុយ​គេ​ដែរ។»

«ចុះ​តើ​រឿង​ហេតុ​យ៉ាង​ម៉េច បាន​ជា​​ប៉ា​របស់​ឯង​ត្រូវ​គេ​បុក?»

«ប៉ា​ខ្ញុំ​គាត់​កំពុង​តែ​ធ្វើ​ការ…»

«គាត់​ធ្វើ​ការ​អី?»

«គាត់​ធ្វើ​ប៉ូលិស!»

«​ប៉ូលិស​អី?»

«ប៉ូលិស​ចរាចរណ៍!…»

និយាយ​ដល់​ត្រឹម​នេះ ក្មេង​ប្រុស​ក៏​ចង្អុល​ឲ្យ​ខ្ញុំ​បត់​ម៉ូតូ​ចូល​មន្ទីរ​ពេទ្យ ដែល​ឪពុក​របស់​វាស្នាក់​នៅ​នោះ រួច​វា​​ក៏​នាំ​ខ្ញុំ​ដើរ​ទៅ​រក​ឪពុក​របស់​វា។

«នោះ​ គាត់​គឺ​ប៉ា​របស់​ខ្ញុំ!»

នេះ​ហើយ​គឺ​ជា​កម្មពៀរ​ដែល​ខ្ញុំ​បាន​ប្រាប់។ ឪពុក​របស់​ក្មេងប្រុស​កម្សត់​នោះ​គឺ​ជាប៉ូលិស​ផាន ដែល​ខ្ញុំ​បាន​ជិះ​ម៉ូតូ​បុក​កាល​​​ពី​ឆ្នាំ​មុន​នោះ។ ខ្ញុំ​នៅ​ចាំ​​មុខ​របស់​គាត់​ច្បាស់​ណាស់ តែ​គាត់​បាន​ឡប់​ស្មារតី​ មើល​មិន​ស្គាល់​អ្នក​ដែល​ធ្វើ​បាប​គាត់ និង​គ្រួសារ​របស់​គាត់​នេះ​ទេ។ ពេល​ដែល​ក្មេង​ប្រុស​នោះ​រត់​ទៅ​កាន់​ដៃ​ប៉ា​របស់​វា ណែនាំ​ឲ្យ​ខ្ញុំ​ស្គាល់ ខ្ញុំ​ក៏​ស្រក់​ទឹក​ភ្នែក​ដោយ​​​ខ្មាស​ខ្លួន​ឯង​ហួស​និស្ស័យ។

រហូត​មកទល់​នឹង​ពេល​នេះ គ្មាន​អ្នកណា​ដឹង​ថា ខ្ញុំ​ជា​មនុស្ស​ដែល​បុក​ប៉ូលិស​ផាន​ទេ តែ​ដើម្បី​លាង​បាបកម្ម ខ្ញុំ​តែងតែ​ចំណាយ​ប្រាក់​ខែ​ខ្លួន​ឯង​ឲ្យ​ទៅ​គ្រួសារ​គាត់ និង​ជួយ​ឲ្យ​ក្មេងៗ​បាន​ទៅ​រៀន ដោយ​កុហក​ពួកគេ​ថា គឺ​អង្គការ​ជា​អ្នក​ឧបត្ថម្ភ​គ្រួសារ​របស់​គេ។ មិនដឹង​ថា​ តើ​ថ្ងៃ​ណា​ទើប​ខ្ញុំ​សង​កម្មពៀរ​នេះ​រួច​ឡើយ?

ដោយ សុខ ចាន់ផល

ថ្ងៃ​ទី​៥ សីហា ២០០៨