…មួយឆ្នាំក្រោយមក ខ្ញុំក៏បានសម្រេចចិត្តរៀបការជាមួយភ័ក្ត្រា។ មនុស្សទីមួយដែលខ្ញុំត្រូវអញ្ជើញ មកចូលរួមថ្ងៃរៀបការរបស់ពួកខ្ញុំ គឺជារូបរជនី។ មិនមែនមកពីខ្ញុំចង់បញ្ឈឺចិត្តនាងទេ ព្រោះខ្ញុំដឹងច្បាស់ថា គ្មានថ្ងៃដែលនាងអាចឈឺចិត្តដោយសារតែរូបខ្ញុំឡើយ ប៉ុន្តែមកពីរូប​នាងគឺជានារីដែលខ្ញុំស្រលាញ់ និងព្រមទាំងជាមិត្តល្អរបស់ភ័ក្ត្រាទៀត ទើបខ្ញុំចង់ឲ្យនាងមកចូលរួម ជូនពរថ្ងៃល្អរបស់ពួកខ្ញុំ។ ទោះយ៉ាងណា​ខ្ញុំនៅតែដឹងខ្លួនថា ខ្លួនឯងនៅតែមិនអាចបំភ្លេចរូបរជនីបានឡើយ។ ខ្ញុំខំបំភ្លេចនាងណាស់ តែខំបំភ្លេចនាងគឺព្រោះខ្ញុំមិនអាចបំភ្លេចនាង។ បើទោះបីជាខ្ញុំរៀបការជាមួយភ័ក្ត្រា ក៏ក្នុងមួយជីវិតនេះស្រមោលរបស់​រជនីមិនអាចរលត់ពីបេះដូងខ្ញុំបានដែរ ហើយភ័ក្ត្រាក៏នៅតែមិនអាចជំនួសតំណែងរបស់រជនីជារៀងរហូត។ ប៉ុន្តែហេតុអ្វីក៏ខ្ញុំព្រមរៀបការ ជាមួយភ័ក្ត្រា? ហេតុផលមានពីរ ទីមួយពីព្រោះភ័ក្ត្រាស្រលាញ់ខ្ញុំ ឯទីពីរពីព្រោះខ្ញុំចង់ស្រលាញ់នារីដែលស្រលាញ់ខ្ញុំ ជាជាងស្រលាញ់នារី​ដែលខ្ញុំស្រលាញ់តែម្ខាង។

រឿងហេតុនៅលើលោកនេះរមែងប្រែប្រួលមិនទៀង តែមនុស្ស​គង់នៅអាចស្វែងយល់បាន។ ប៉ុន្តែដួងចិត្តមនុស្សដែលគ្មានរូបរាងទាល់តែសោះ ពិតជារកយល់មិនបានឡើយ។ តើមនុស្សនៅជុំវិញខ្លួន​ខ្ញុំពួកគេកំពុងតែគិតអ្វីខ្លះទៅ? តើនៅលើលោកនេះមានមនុស្សប៉ុន្មាននាក់ ដែលជ្រើសរើសការរស់នៅ បែកគ្នាពីមនុស្សដែលខ្លួនស្រលាញ់​អស់មួយជីវិតនោះ? ហើយតើស្នេហាពិតបរិសុទ្ធគឺជាការប្រាថ្នា ឬក៏​ជាការលះបង់? សំណួរទាំងអស់នេះបានផុសឡើងក្នុងថ្ងៃដែលខ្ញុំ​និង​ភ័ក្ត្រាយកលិខិតអញ្ជើញអាពាហ៍ពិពាហ៍ ទៅផ្ទះរបស់រជនី។ ពេលនោះ​រជនីមិននៅផ្ទះទេ គឺនៅតែម្តាយរបស់នាងដែលកំពុងតែរវល់​ធ្វើ​ម្ហូប។ ហេតុនេះភ័ក្ត្រាក៏ចូលទៅផ្ទះបាយជួយធ្វើម្ហូបគាត់ ចំណែកឯ​ខ្ញុំវិញក៏ដើរទៅលេងក្នុងសួនច្បារខាងមុខផ្ទះនោះតែម្នាក់ឯង។ ហេតុ​ការណ៍​ទាំងអម្បាលម៉ានហាក់ដូចជាបានរៀបចំទុក ដើម្បីឲ្យខ្ញុំបានដើរទៅ​ឃើញយន្តហោះក្រដាសមួយ ដែលជ្រុះកប់នៅក្នុងដើមផ្កាដ៏​ស៊ុប​ទ្រុបមួយគុម្ពនៅក្នុងសួនផ្កានោះ។ គ្រាន់តែបានឃើញ​យន្តហោះ​ក្រដាសនោះភ្លាម ខ្ញុំស្រាប់តែកើតអារម្មណ៍សង្វេគប្លែក។ ចិត្តខ្ញុំ​ស្រែក​ទាមទារចង់រើសយន្តហោះនោះមកមើលដោយអន្ទះសា។ វាប្រាកដ​ជាយន្តហោះដែលបត់ដោយដៃរជនីផ្ទាល់ ព្រោះនៅស្លាបម្ខាងដែលខ្ញុំ​មើលឃើញ គឺមានសរសេរឈ្មោះរបស់នាង ទាំងមានគូររូបបេះដូងព័ទ្ធជុំវិញផង។ ប៉ុន្តែនៅស្លាបម្ខាងទៀតដែលកប់បាំងទៅក្នុងស្លឹកផ្កាបាត់​នោះ ខ្ញុំមិនអាចមើលដឹងថា តើនាងសរសេរឬក៏គូររូបអ្វីនោះទេ។ ខ្ញុំក៏​លូកដៃចាប់រើសយន្តហោះក្រដាសនោះ មកមើលស្លាបម្ខាងទៀត​របស់វា… ដួងចិត្តខ្ញុំហាក់ដូចជាត្រូវតួអក្សរប៉ុន្មានតួនៅស្លាបម្ខាងទៀតនៃយន្តហោះនោះ ធ្វើឲ្យស្រឡាំងកាំងអស់ សោតឯបេះដូងខ្ញុំក៏​ចាប់ផ្តើម​លោត​ញាប់រន្ថាន់ តាមកម្សួលដួងចិត្តដ៏សែនតក់ស្លុត។ តួ​អក្សរទាំងនោះផ្គុំបានឈ្មោះមួយម៉ាត់ ហើយក៏មានគូររូបបេះដូងព័ទ្ធ​ជុំវិញ ដូចគ្នានឹងឈ្មោះរបស់រជនីនៅស្លាបយន្តហោះម្ខាងទៀតអ៊ីចឹង។ ឱ! តើកែវភ្នែករបស់ខ្ញុំស្រវាំង ឬក៏ខួរក្បាលខ្ញុំប្រាប់ខុស? តើនេះគឺជា​ឈ្មោះរបស់ខ្ញុំឬក៏មិនមែន?

ចៃដន្យខណៈនោះស្រាប់តែរជនីជិះម៉ូតូចូលមកដល់។ កែវភ្នែក​របស់នាងទាំងសង គិតតែសម្លឹងមកយន្តហោះក្រដាស​នៅជាប់នឹងដៃខ្ញុំគ្មានប្រិច។ ទឹកមុខដ៏ស្រគត់ស្រគំរបស់នាង បានអង្រួនបេះដូងខ្ញុំ​ឲ្យចុកចាប់ដូចមុតបន្លា រីឯពន្លឺភ្នែកដ៏ស្រទន់របស់នាង ហាក់បានបញ្ចេញ​អត្ថន័យអាថ៌កំបាំងទាំងឡាយពីក្នុងដួងចិត្ត ប្រាប់ខ្ញុំគ្មានសល់ ហើយទឹកភ្នែកដ៏ថ្លាយង់ជាច្រើនតំណក់របស់នាង ក៏ស្រក់ចុះនៅចំពោះមុខខ្ញុំ…៕

 

មីនា ២០០៧

Advertisements