ស្ងាត់ដល់ហើយ! ចាំអានវគ្គបន្ត «ថ្ងៃកំណើត» របស់អាចម៍ផ្កាយ ក៏មិនឃើញដាក់! អ៊ីចឹងទេ កុំឱ្យអផ្សុក អានរឿងមួយនៃសៀវភៅ កំណត់ហេតុស្នេហ៍ សិនទៅ ព្រោះដាក់បង្ហាញក្របសៀវភៅយូរហើយ តែមិនធ្លាប់ដាក់ជូនអាន…

The Letter of Love

 

បេះដូងរាបស្មើ

                                                              ដោយ សុខ ចាន់ផល

 

ក្នុងពេលដែលខ្ញុំកំពុងតែនឹកនារីម្នាក់ខ្លាំងបំផុតនោះ ខ្ញុំបែរជាដឹង​ថា មាននារីម្នាក់ផ្សេងទៀតកំពុងតែនឹកខ្ញុំខ្លាំងបំផុតដូចគ្នា។ នៅក្នុង​លោកនេះ តើមានយុត្តិធម៌ដែរទេ? ខ្ញុំមិនអាចធ្វើឲ្យនារីដែលខ្ញុំនឹក កើត​ចិត្តនឹកសងខ្ញុំវិញទេ ប៉ុន្តែខ្ញុំក៏មិនអាចឈប់នឹកនាងបានដែរ ហើយ​​ខ្ញុំបានត្រឹមតែអាណិតនារីម្នាក់ទៀត​ ដែលខំនឹកខ្ញុំតែប៉ុណ្ណោះ។ ស្នេហាគឺជាចិត្តលំអៀងគ្មានយុត្តិធម៌សោះ រីឯរឿងមនោសញ្ចេតនា​រឹតតែ​គ្មានច្បាប់កំណត់ទៅទៀត។ ទំនាក់ទំនងរបស់ពួកយើងទាំងបី​នាក់កើតឡើងនៅក្នុងពេលតែមួយ។ ពួកយើងគឺជាមិត្តនឹងគ្នាតាំងតែ​ពីវិទ្យាល័យរហូតដល់សាកលវិទ្យាល័យ។ រជនីនិងភ័ក្ត្រាសុទ្ធ​តែជា​នារី ដែលមានរូបសម្ផស្សស្រស់ស្អាតដូចគ្នា។ ខុសប្លែកគ្នាត្រង់រជនីមាន​អត្តចរិត​ហ្មត់ចត់ស្ងៀមស្ងាត់ តែភ័ក្ត្រាមានអត្តចរិតរួសរាយរាក់ទាក់។ អាចនិយាយបានថា ពួកគេទាំងពីរនាក់សុទ្ធតែមានគុណសម្បត្តិរៀង​ខ្លួន ប៉ុន្តែនៅក្នុងឆ្នាំទីមួយនៃមហាវិទ្យាល័យ ខ្ញុំក៏បានដឹងខ្លួនថា ចិត្តខ្ញុំ​ចាប់ផ្តើមលួចស្រលាញ់រជនីទៅហើយ។

រយៈកាលដែលយើងទាំងបីនាក់រៀននៅក្នុងថ្នាក់រៀនតែមួយ និង​បានជួបមុខគ្នាស្ទើរតែរៀងរាល់ថ្ងៃនោះ មនោសញ្ចេតនារបស់ខ្ញុំចំពោះ​​រជនី រឹងរឹតតែរីកដុះដាលគ្រប់វិនាទី។ កាលណោះខ្ញុំមានអារម្មណ៍ថា ស្នេហារបស់ខ្ញុំប្រៀបដូចជាខ្យល់ ​ដែលជានិច្ចកាលតែងតែរសាត់ប៉ះ​ខ្លួន​ប្រាណ​ខ្ញុំ តែបែរជាខ្ញុំមិនអាចចាប់យកខ្យល់​នោះ​មករក្សា​ទុក​ជាប់​ខ្លួនបានទៅវិញ។ រៀននៅក្នុងបន្ទប់រៀនតែមួយ តែខ្ញុំបានត្រឹមតែ​លួច​សម្លឹងនាងពីចម្ងាយ។ ជួនកាលបើនាងមករៀនយឺតពេលបន្តិច បេះដូង​ខ្ញុំក៏ក្លាយជាក្តុកក្តួល ខ្លាចមួយថ្ងៃត្រូវកន្លងផុតទៅដោយមិន​បាន​ឃើញរូបនាង។ ក្តីស្នេហាដែលផុសចេញពីមិត្តភាពបែបនេះ ហាក់​បានកែប្រែទំនាក់ទំនងដ៏ស្និទ្ធស្នាលរវាងខ្ញុំនិងរជនី ឲ្យក្លាយទៅជា​មនុស្សពីរនាក់ ដែលមិនធ្លាប់បានស្គាល់គ្នាសោះទៅវិញ។ មនោ​សញ្ចេតនា​ចាស់ផ្លាស់ប្រែ ហាក់ដូចជាទើបតែចាប់ផ្តើមសាជាថ្មី។ ដួងចិត្តរាប់អានដ៏បរិសុទ្ធ​ ដែលធ្លាប់តែមានកន្លងមក ក៏បានប្រែក្លាយ​ទៅជាដួងចិត្តទាមទារឲ្យនាងចាប់អារម្មណ៍លើខ្ញុំ និងស្រលាញ់ខ្ញុំ ដូច​ខ្ញុំ​ស្រលាញ់នាង ទាល់តែធ្វើឲ្យខ្ញុំក្លាយជាអៀនប្រៀន រកនិយាយ​ជាមួយនាងលែងសម។ ប៉ុន្តែខ្ញុំក៏ដឹងថា អារម្មណ៍របស់រជនីលើរូបខ្ញុំ គ្មានប្រែប្រួលសោះ ពោលគឺខ្ញុំនៅតែមានឋានៈជាមិត្តធម្មតារបស់នាង​ដដែល។

ទំហំស្នេហ៍ដ៏ធំធេងប្រៀបដូចផ្ទៃទឹកសមុទ្រដែលរកកំណត់ឱ្យច្បាស់មិនបានរបស់ខ្ញុំលើរជនី ជំរុញឲ្យខ្ញុំគិតថា បើខ្ញុំស្រលាញ់នាង បើខ្ញុំនឹកនាង ខ្ញុំត្រូវតែប្រាប់នាង តែបើនៅតែមិនសម្តែងអារម្មណ៍ចេញ​មក​ឲ្យនាងបានដឹង តើក្តីស្រលាញ់និងក្តីនឹករឭករបស់ខ្ញុំ​នេះមានន័យ​អ្វីទៅ? ខ្ញុំចង់ប្រាប់នាងខ្លាំងណាស់ថា សព្វថ្ងៃនេះនៅក្នុងអារម្មណ៍ខ្ញុំ មានតែរូបនាងគ្រប់ដង្ហើមចេញចូល។ ពេលថ្ងៃរូបនាងប្រៀបដូចពន្លឺ​ព្រះអាទិត្យ ​ដែលចាំងរស្មីឲ្យខ្ញុំកក់ក្តៅ។ ពេលយប់រូបនាងប្រៀបដូច​ពន្លឺ​ព្រះចន្ទប្រកបដោយរស្មីភ្លឺស្រទន់ ជួយស្អំបេះដូងខ្ញុំឲ្យមានសង្ឃឹម ហើយបើទោះជានៅក្នុងយប់រនោច រូបនាងក៏នៅតែប្រៀបបានពន្លឺ​ផ្កាយមួយដួងដ៏ភ្លឺជាងគេ ដែលស្ម័គ្រចិត្តរះកំដរជីវិតកំព្រា​របស់​ខ្ញុំ​គ្រប់​រាត្រីកាល។ ខ្ញុំចង់ប្រាប់នាងទៀតថា ពេលណាមេឃភ្លៀង​ខ្ញុំតែង​សម្លឹងមើលភ្លៀង ដោយចាត់ទុកតំណក់ទឹកភ្លៀងគឺជារូបនាង សោត​ឯ​សំឡេងទឹកភ្លៀងគឺជាចម្រៀង ដែលនាងច្រៀងបំពេខ្ញុំ។ ប៉ុន្តែ​ឃ្លា​ចុង​ក្រោយបង្អស់ខ្ញុំនឹងប្រាប់នាងថា រូបឧបមាទាំងអស់នោះគ្រាន់​តែ​ជា​រឿងកុហកខ្លួនឯងរបស់ខ្ញុំ ដើម្បីឲ្យជីវិតខ្ញុំអាចស្រមៃថា កំពុង​មាន​រូបនាង​នៅក្បែរតែប៉ុណ្ណោះ។ បើសិនជាមានរូបនាងនៅក្បែរខ្លួន​ខ្ញុំ​រាល់ថ្ងៃ នោះជីវិតខ្ញុំនឹងលែងត្រូវការអ្វីទាំងអស់។ បាននៅក្បែររជនី ទោះបីជាធាតុអាកាសក្តៅដូចនៅវាលខ្សាច់សាហារ៉ា ក៏ជីវិតខ្ញុំនៅតែ​ត្រជាក់ ទោះបីជាធាតុអាកាសត្រជាក់ដូចនៅតំបន់ប៉ូល ក៏ជីវិតខ្ញុំ​នៅតែ​កក់ក្តៅជានិច្ច។ ទោះយ៉ាងណាពាក្យពេចន៍ទាំងប៉ុន្មាននេះ នៅតែកប់​ក្នុងដួងចិត្តដ៏ងងឹតសូន្យសុងរបស់ខ្ញុំរហូត។ ខ្ញុំបានត្រឹមបង្ហាញការ​ស្រលាញ់ និងការយកចិត្តទុកដាក់លើរូបនាង តាមរយៈកាយវិការ​តែប៉ុណ្ណោះ។ ទង្វើគ្រប់យ៉ាងរបស់ខ្ញុំសុទ្ធតែប្រាថ្នាការយល់ចិត្តពីនាង ប៉ុន្តែតបស្នងមកវិញ រជនីបែរជានិយាយដាក់ខ្ញុំថា «ហេតុអ្វីក៏រាជឯង​ធ្វើល្អដាក់ខ្ញុំចម្លែកម្ល៉េះ? ឈប់ធ្វើល្អដាក់ខ្ញុំអ៊ីចឹង​ទៀតទៅ!»

ខ្ញុំដឹងថានាងពិតជាយល់ពីអ្វី ដែលខ្ញុំចង់បញ្ជាក់ប្រាប់នាង តែនាង​កំពុងតែព្យាយាមធ្វើជាល្ងង់មិនយល់ ហើយដំណាលគ្នានឹងខ្ញុំកំពុង​តែ​សម្តែងក្តីស្រលាញ់ប្រាប់រជនីនោះ ខ្ញុំក៏មើលដឹងថា ​ភ័ក្ត្រាក៏កំពុងតែ​សម្តែង​ក្តីស្រលាញ់របស់នាងលើរូបខ្ញុំដែរ។ ដួងចិត្តដែលស្ទើរតែរបួស​ព្រោះស្នេហាទៅហើយ ដល់ពេលបានឃើញកែវភ្នែករបស់ភ័ក្ត្រាសម្លឹង​ខ្ញុំ ខ្ញុំសែនអាណិតនាងពន់ពេក។ ខ្ញុំគ្មានចិត្តស្រលាញ់នាងសោះ។ ខ្ញុំអាណិតនាង ព្រោះខ្លួនឯងមិនអាចផ្តល់ស្នេហាឲ្យនាងបាន អាណិត​នាងព្រោះនាងមកស្រលាញ់មនុស្សម្នាក់ ដែលគេមិនស្រលាញ់នាង។

ចាប់តាំងពីពេលនោះមក គ្រប់ពេលដែលបេះដូងដ៏ស្លោក​ស្រពោនរបស់ខ្ញុំនឹករជនីខ្លាំងប៉ុណ្ណា បេះដូងនោះក៏តែងតែនឹកអាណិត​បេះដូងរបស់ភ័ក្ត្រាប៉ុណ្ណោះដែរ និងដោយសារតែខ្ញុំស្គាល់អារម្មណ៍​ដែលនៅពេលមនុស្សជាទីស្រលាញ់ព្រងើយដាក់ខ្លួន ​ថាឈឺចាប់​ប៉ុណ្ណា​នោះ ខ្ញុំក៏ខំធ្វើខ្លួនរាក់ទាក់ភ័ក្ត្រា គ្រប់គ្រាដែលខ្ញុំបានជួបនាង បំណងខ្លាចនាងឈឺចាប់ដោយសារខ្ញុំ។ ព្រោះតែហេតុនេះហើយ ភ័ក្ត្រាបែរជាគិតថាខ្ញុំស្រលាញ់នាងទៅវិញ។ នាងមើលមិនយល់ថា មនុស្សដែលខ្ញុំស្រលាញ់ពិតប្រាកដ គឺជារូបរជនី មិត្តភក្តិរបស់នាង សោះ។ នៅចំពោះមុខរជនី នាងរឹតតែសម្តែងភាពស្និទ្ធស្នាល​ជាមួយ​រូបខ្ញុំទ្វេឡើង។ ចំណែកឯរជនីវិញ ទោះបីជាបានឃើញខ្ញុំនិងភ័ក្ត្រា​ស្និទ្ធស្នាល​នឹងគ្នាយ៉ាងណា ក៏នាងនៅតែធ្វើឫកបែបវាហី។ ឃើញ​ឫកពា​ព្រងើយកន្តើយរបស់រជនី​       ដែលហាក់ចង់បញ្ជាក់ថា ​​នាងគ្មាន​ចាប់អារម្មណ៍អ្វី ចំពោះទំនាក់ទំនងរវាងខ្ញុំនិងភ័ក្ត្រាសោះ​យ៉ាងនេះ ខ្ញុំក៏ក្លាយជាចង់ធ្វើអ្វីម្យ៉ាងដើម្បីផ្គើននាង។ ពេលនោះខ្ញុំក៏​បាន​ណាត់​ភ័ក្ត្រាទៅមើលកុនជាមួយខ្ញុំ រួចធ្វើជាបបួលនាងជាក្រោយ ប៉ុន្តែក៏ត្រូវ​នាងបកសម្តីឲ្យខ្ញុំឆ្អែតចិត្តវិញថា «ខ្ញុំមិនចង់ទៅធ្វើឆ្អឹងទទឹងក​អ្នក​ទាំង​ពីរទេ!»

ពាក្យពេចន៍របស់រជនីមួយឃ្លានេះ ធ្វើឲ្យបេះដូងខ្ញុំសំងំពួនយំ សម្រក់ទឹកភ្នែកនៅក្នុងប្រអប់ទ្រូងដ៏ចង្អៀតឯកា រកហាថ្លែងប្រាប់​អ្នកណា​ក៏មិនបាន។ ទោះបីខ្ញុំចង់​បញ្ឈឺចិត្តនាង​ ដែលធ្វើឫកព្រងើយ​ដាក់ខ្ញុំ… ទោះបីខ្ញុំចង់ធ្វើឲ្យនាងឃើញថា រូបខ្ញុំនេះមិនអន់ទេ… មិនខ្វះស្រីស្រលាញ់ខ្ញុំទេ… ប៉ុន្តែលទ្ធផលដែលខ្ញុំទទួលបានមកវិញ គឺនាងនៅតែគ្មានចាប់អារម្មណ៍លើ​អ្វី ដែលខ្ញុំខំធ្វើបន្តិចសោះ។ ទង្វើ​របស់ខ្ញុំទាំងប៉ុន្មាននៅក្នុងកែវភ្នែកនាង សុទ្ធតែជារឿងគ្មានន័យទាំង​អស់។ ទឹកមុខរបស់នាងក្នុងពេលសម្លឹងខ្ញុំ ហាក់ដូចជាចង់និយាយ​បញ្ជាក់ ប្រាប់ឲ្យខ្ញុំដឹងថា រវាងពួកយើងទាំងពីរនាក់គឺជាអ្នកក្រៅសុទ្ធសាធ។

 

ពេលវេលាកន្លងផុតទៅសែនរហ័សណាស់ ប៉ុន្តែបេះដូងដ៏ក្រៀម ស្លោកមិនអាចប្រើអំណាចពេលវេលា ដែលដើរទៅមុខមិនឈប់នោះ​មកផ្លាស់ប្រែបានឡើយ។ ចិត្តស្នេហាភក្តីនៅតែគ្មានរូបរាង ចិត្តក្តៅ​រោលរាលនៅតែមិនអាចឈ្នះចិត្តត្រជាក់ស្ងប់ ប៉ុន្តែចិត្តអាណិតបែរជា​អាចធ្វើឲ្យខ្ញុំ ប្រព្រឹត្តកំហុសឆ្គងដោយអចេតនាទៅវិញ។ នៅក្នុងឆ្នាំ​ទីបួននៃមហាវិទ្យាល័យ ក្នុងក្រសែភ្នែកមនុស្សគ្រប់គ្នាយល់ថា ខ្ញុំនិង​ភ័ក្ត្រាជាគូសង្សារនឹងគ្នា ហើយសូម្បីតែរូបភ័ក្ត្រាផ្ទាល់ក៏បានចាត់ទុក​រូបខ្ញុំ​ជា​សង្សារ​របស់​នាង​ដែរ។ ប៉ុន្តែរឿងពិតគឺមានតែខ្លួនខ្ញុំម្នាក់គត់ ដែលដឹងថាខ្លួនឯងកំពុងតែធ្វើអ្វី និងកំពុងតែគិតអ្វីពិតប្រាកដ។ ខ្ញុំមិន​អាចឈប់ស្រលាញ់រជនីបានទេ បើទោះជាភ័ក្ត្រាខំធ្វើល្អដាក់រូបខ្ញុំ​យ៉ាងណាក៏ដោយ។ ពេលខ្លះខ្ញុំមានអារម្មណ៍ថា ខ្លួនឯងកំពុងតែ​សម្តែង​ជា​តួអង្គម្នាក់ ដែលមិនមែនជាខ្លួនឯង និងដូចជាមនុស្សម្នាក់​ដែល​កំពុងតែដើរវង្វេងផ្លូវ តែបែរជានៅតែដើរបន្តទៅមុខទៀតដោយ​គ្មាន​គោលដៅ។ ខ្ញុំមិនបានស្រលាញ់ភ័ក្ត្រាទាល់តែសោះ តែខ្ញុំបែរជា​អាងលើពាក្យថាអាណិតនាង ដើម្បីបោកប្រាសមនោសញ្ចេតនា​របស់​នាងអស់ពេលយ៉ាងយូរទៅវិញ។ ខ្ញុំដឹងថាខ្លួនឯងកំពុងតែសាងអំពើ​បាប​ក្នុងចិត្តបុណ្យហើយ ព្រោះបើទោះជាខ្ញុំមិនធ្លាប់និយាយប្រាប់​ភ័ក្ត្រាថា ខ្ញុំស្រលាញ់នាងក៏ពិតមែន តែទង្វើនៃការយកចិត្តទុកដាក់​របស់ខ្ញុំចំពោះរូបនាង គឺក៏ល្មមអាចធ្វើឲ្យនាងកាត់យល់​ដោយច្រឡំថា ខ្ញុំស្រលាញ់នាងដែរ។

សម្ព័ន្ធភាពដែលអូសបន្លាយ ក្នុងមនោសញ្ចេតនាច្របូកច្របល់​អស់រយៈពេលបួនឆ្នាំ ទីបំផុតក៏ត្រូវឈានដល់ដំណាក់កាលចុងក្រោយ ដែលពេលវេលាជាអ្នកគាបសង្កត់ដួងចិត្តខ្ញុំ ធ្វើឲ្យរូបខ្ញុំស្ទើរតែក្លាយ​ទៅជាមនុស្សវិកលចរិត។ នឹកដល់ពេលប្រលងបញ្ចប់បរិញ្ញាបត្រ ស្រមៃដល់ពេលវេលានៅក្រោយថ្ងៃប្រលង អារម្មណ៍ខ្ញុំក្លាយជាវិលវល់ រួចចេះតែស្រែកសួរខ្លួនឯងថា តើជីវិតខ្ញុំជិតបែកពីរូបរជនីហើយ​មែន​ទេ? ទោះបីជាពេលវេលាកន្លងមក រជនីមិនស្រលាញ់ខ្ញុំ តើវាយ៉ាង​ម៉េច? បើចិត្តខ្ញុំនៅតែស្រលាញ់នាងនោះ? រៀងរាល់ថ្ងៃទោះបីពួក​យើង​គ្រាន់​តែ​ជាមិត្តរួមថ្នាក់ ក៏ខ្ញុំគ្រាន់បានឃើញមុខរបស់នាងដែរ តែបើពួកយើងលែងបានរៀនជាមួយគ្នាវិញនោះ គឺសូម្បីតែសំឡេង​របស់នាង ក៏ខ្ញុំមិនអាចឮបានផង។ ឱ! តើទំនាក់ទំនងរវាងខ្ញុំនិងរជនី គឺគ្រាន់តែជារឿងគ្មានន័យឬ? ទំនាក់ទំនងពួកយើងទាំងពីរនាក់គួរ​តែ​ជានិស្ស័យតាក់តែងចារឲ្យខ្ញុំបានជួបនាង រួចធ្វើឲ្យពួកយើងបាន​រាប់អាន​គ្នា រហូតដល់ចុងក្រោយធ្វើឲ្យខ្ញុំដឹងថា នាងគឺជានារីតែម្នាក់​ដែលខ្ញុំត្រូវការរស់នៅក្បែរអស់មួយជីវិត។ តើស្នេហាស្មោះអស់រយៈ​ពេលបួនឆ្នាំ បែរជាត្រូវមកកាត់ចិត្ត ឃ្លាតពីគ្នាត្រឹមតែមួយប៉ប្រិច​ភ្នែកឬ? តើស្នេហាដ៏បរិសុទ្ធមួយនេះ បានត្រឹមលួចស្រលាញ់ តែ​ចុងក្រោយត្រូវទទួលយកសំណកបេះដូងរបស់ខ្លួនឯងមកវិញ តើមែន​ទេ? ឱ! រជនីដែលខ្ញុំស្រលាញ់! ខ្ញុំរកយល់ចិត្តនាងមិនបានសោះ។ ដួងចិត្តនាងហាក់ដូចជាស្ងួតស្ងប់គ្មានចេះរំភើបអ្វីឡើយ។ បើសិនជា​នាង​មានសង្សារ ឬគូកំណាន់ចិត្តហើយ ក៏អាចជាហេតុផលធ្វើឲ្យខ្ញុំ​កាត់ចិត្ត​ពីនាងដែរ។ ប៉ុន្តែនាងគ្មានពាក់ព័ន្ធស្នេហាជាមួយនរណា​ទាំងអស់ ចុះហេតុអ្វីក៏នាងមិនព្រមរវីរវល់នឹងក្តីស្រលាញ់របស់ខ្ញុំ? បេះដូងនាងត្រជាក់ដូចជាបឹងទឹកកក និងល្ហល្ហេវដូចជាលំហមេឃ រកយល់មិនបាន ស្មានមិនត្រូវ។

ថ្ងៃមួយនៅមុនពេលចូលរៀន ភ័ក្ត្រាឈរនៅខាងមុខថ្នាក់រៀន​ជាមួយខ្ញុំ។ ភ្នែកទាំងគូរបស់នាងសម្លឹងទៅរករបងសាកលវិទ្យាល័យ ជាមួយនឹងអារម្មណ៍អណ្ដែតត្រសែត។ នាងនិយាយទាំងមិនងាក​មើល​មុខខ្ញុំថា «ថ្ងៃនេះជាថ្ងៃចុងក្រោយរបស់ថ្នាក់រៀនយើងហើយ ក៏ជាថ្ងៃ​ចុងក្រោយ ដែលយើងទាំងពីរនាក់រៀនជាមួយគ្នាដែរ។ ពួកយើង​ពិតជាជិតបែកគ្នាហើយ! តើ…តើពេលណា…ទើបរាជចូលស្តី​ដណ្ដឹង​ខ្ញុំ?»

ឮសម្តីរបស់នាង ខ្ញុំបានត្រឹមឈរធ្មឹង រកពាក្យនិយាយតបទៅវិញ​មិនបាន។ ខ្ញុំពិតជាមិនអាចនិយាយការពិតប្រាប់នាងថា ខ្ញុំមិន​ស្រលាញ់​នាងកើតទេ ហើយខ្ញុំក៏គ្មានវិធីអ្វី អាចបកស្រាយការយល់​ច្រឡំមនោសញ្ចេតនារវាងខ្ញុំនិងនាងបានដែរ។ គ្រានោះខ្ញុំមិនឆ្លើយ​សំណួររបស់ភ័ក្ត្រាមួយនេះទេ។ ខ្ញុំរកពាក្យបង្វែរសាច់រឿង «តោះ ដល់​ម៉ោងចូលរៀនហើយ!» អារម្មណ៍របស់ភ័ក្ត្រាដែលខ្លាចបែកពីខ្ញុំ​យ៉ាង​ម៉េច ក៏ប្រាកដជាមិនខុសពីអារម្មណ៍របស់ខ្ញុំ ដែលខ្លាចបែកពីរជនី​យ៉ាងនោះដែរ។ ទំហំនៃអារម្មណ៍ខ្លាចមួយនេះ ខ្ញុំយល់ពេកណាស់។ ប៉ុន្តែហេតុអ្វីក៏មនុស្សតែងតែខ្លាចបែកពីអ្នក ដែលគេចង់បែកពីខ្លួនទៅវិញ?

នៅក្នុងបន្ទប់រៀន ដែលជាថ្ងៃចុងក្រោយនៃរយៈពេលបួនឆ្នាំ​សម្រាប់ថ្នាក់បរិញ្ញាបត្ររបស់ខ្ញុំ មិត្តរួមថ្នាក់ទាំងអស់តម្រូវឲ្យនិស្សិតណាចេះច្រៀង ឡើងច្រៀងទុកជាអនុស្សាវរីយ៍។ កាលនោះខ្ញុំក៏បាន​ឡើង​ច្រៀង​ទម្លាយអារម្មណ៍ខ្លួនឯងមួយបទ គឺបទ “បេះដូងរាបស្មើ” ។ រជនីគឺជានារីនៅក្នុងអត្ថន័យបទចម្រៀងនេះ។ ពេលកំពុងច្រៀង ខ្ញុំ​តែងសម្លឹងទៅនាងជាញឹកញាប់។ ទឹកមុខរបស់រជនីញញឹមជាប់ដូច​គ្មាន​គិតពីអ្វីទាំងអស់។ ដល់ពេលខ្ញុំច្រៀងចប់ ខ្ញុំព្យាយាមសម្លឹងចំពន្លឺ​ភ្នែករបស់នាង ក្នុងបំណងបញ្ជាក់ប្រាប់នាងថា ខ្ញុំច្រៀងចម្រៀងមួយ​បទ​នេះដើម្បីឲ្យរូបនាងស្តាប់ជាពិសេស ប៉ុន្តែនាងមិនបានទទួល​ក្រសែ​ភ្នែកខ្ញុំទេ។ នាងបែរជាខំគេចេញពីភ្នែករបស់ខ្ញុំមួយរំពេច។

ក្រោយពេលប្រឡងចប់មួយថ្ងៃ មិត្តរួមជំនាន់ទាំងអស់ក៏បានធ្វើ​ដំណើរកំសាន្តទៅលេងឆ្នេរសមុទ្រក្រុងព្រះសីហនុ។ វេលាដែលបាន​មកដល់រថយន្ត អារម្មណ៍ខ្ញុំគិតតែព្រួយខ្លាចរជនីមិនមក បើទោះជា​ភ័ក្ត្រា​បានប្រាប់ខ្ញុំរួចហើយ ថារជនីប្រាកដជានឹងមកជាមួយនាងក៏​ដោយ។ លុះពេលដែលរថយន្តចេញដំណើរ ខ្ញុំអង្គុយក្បែរភ័ក្ត្រា តែភ្នែកនិងដួងចិត្តនៅជាប់តែរូបរជនី។ ខ្ញុំអង្គុយសម្លឹងនាងបណ្ដើរ គិតបណ្ដើរថា បើរវាងខ្ញុំនិងនាងនៅប្រឈមមុខតែពាក្យពីរម៉ាត់ គឺ​ជួបឬព្រាត់នោះ ហេតុអ្វីក៏ខ្ញុំមិនព្រមតាំងចិត្តឲ្យក្លាហាន ត្រៀមប្រឈម​មុខនឹងពាក្យពីរម៉ាត់នេះទៅ? ខ្ញុំត្រូវតែសួរនាងឲ្យច្បាស់លាស់ ក្រែង​អាចធ្វើឲ្យដួងចិត្តធូរស្រាល គ្រាន់បើជាងនៅរស់រីងរៃ មិនដឹងថាត្រូវ​រស់ធ្វើអ្វីដូចសព្វថ្ងៃនេះ។

នៅពេលព្រលប់ព្រះអាទិត្យរៀបអស្តង្គត រជនីដើរតែម្នាក់ឯងតាម ឆ្នេរសមុទ្រ ហាក់ទុកឱកាសឲ្យខ្ញុំបានដើរទៅជួបនាងតែពីរនាក់។ ខ្ញុំ​ដើរទៅរកនាងនៅចំពោះមុខមិត្តភ័ក្តិទាំងអស់ ព្រោះខ្ញុំចង់បញ្ជាក់ឲ្យគេ​គ្រប់គ្នា​ដឹងច្បាស់ថា រូបខ្ញុំនេះស្រលាញ់រជនីជាយូរមកហើយ។ កុំឲ្យ​ពួកគេយល់ច្រឡំលើទំនាក់ទំនាក់រវាងខ្ញុំនិងភ័ក្ត្រាទៀត។ ពេលឃើញ​ខ្ញុំ​ដើរទៅរកនាង រជនីសម្លឹងមើលខ្ញុំស្ទើរគ្មានប៉ប្រិចភ្នែក។ អំណាចនៃ​ពន្លឺកែវភ្នែករបស់នាង មានឥទ្ធិពលលើសលប់លើវិញ្ញាណស្មារតីរបស់​ខ្ញុំ។ ពេលនោះសូម្បីតែខ្យល់និងសំឡេងទឹករលក ក៏ត្រចៀកខ្ញុំស្តាប់​លែង​ឮ។ បេះដូងខ្ញុំលោតចង្វាក់ឃ្លេងឃ្លោងដូចជារលកសមុទ្រ តែ​អណ្ដាតដ៏រឹងកំព្រឹសនៅតែខំគ្រលៀសទាំងត្រដរថា «តើរជនីដឹងទេ ថាហេតុអ្វីបានជាថ្ងៃមុនខ្ញុំឡើងច្រៀងបទបេះដូងរាបស្មើ?» រជនីឱន​មុខ​ចុះ គ្មានតបអ្វីមកខ្ញុំឡើយ ទាល់តែខ្ញុំនិយាយទៅនាងទៀត «មនុស្សដែលមានបេះដូងរាបស្មើនោះគឺជារូបរជនីហ្នឹងហើយ! បេះដូង​របស់រជនីរាបស្មើដូចជាឆ្នេរខ្សាច់ ដែលរជនីកំពុងតែជាន់នេះអ៊ីចឹង… គឺជាបេះដូងមួយដែលគ្មានក្តីលំអៀង… គ្មានក្តីអាណិត… គ្មានក្តី​ស្រលាញ់…!» ក្នុងវេលានោះព្រះអាទិត្យជះរស្មីទៅក្នុងទឹកសមុទ្រ​ឲ្យក្លាយទៅជាពណ៌ក្រហមដូចភ្លើង។ ខ្ញុំក៏បានយកព្រះអាទិត្យ​មក​និយាយប្រៀបធៀបជាមួយពាក្យក្នុងចិត្តខ្ញុំប្រាប់នាងថា «ព្រះអាទិត្យ​ជិត​លិចចោលភពផែនដីហើយ! ចំណែកឯខ្ញុំនិងរជនីក៏ជិតបែកគ្នា​ដែរ។ ដឹងទេ…ថាខ្ញុំខ្លាចថ្ងៃបែកពីរជនីប៉ុណ្ណា? តើពួកយើងកុំបែកគ្នា​បានទេ? រជនីយល់ចិត្តខ្ញុំដែរទេ? ខ្ញុំស្រលាញ់រជនីបួនឆ្នាំហើយ… ហើយពេលនេះខ្ញុំនៅតែស្រលាញ់រជនីដដែល!»

និយាយចប់ ខ្ញុំនៅឈរស្ងៀមចាំមើលប្រតិកម្មរបស់រជនី ហើយទីបំផុតខ្ញុំក៏បានឮនាងនិយាយមកកាន់ខ្ញុំវិញ ក្នុងសំឡេងដ៏ស្ងប់ដូច​ជា​សមុទ្រ​ព្រាត់រលក «ខ្ញុំក៏ដឹងថារាជស្រលាញ់ខ្ញុំដែរ ហើយខ្ញុំក៏ដឹងថា​រាជធ្វើល្អដាក់ខ្ញុំប៉ុណ្ណាដែរ …តែខ្ញុំវិញមិនស្រលាញ់រាជទេ…! សូមរាជ​បំភ្លេចខ្ញុំទៅ! កុំចំណាយពេលវេលាចំពោះរូបខ្ញុំឥតប្រយោជន៍ទៀត!» និយាយពាក្យទាំងនេះរួច រជនីក៏ដើរចេញពីខ្ញុំវឹង ដូចខ្លាចខ្ញុំស្រក់ទឹក​ភ្នែក​ឲ្យនាងឃើញ។ កូនប្រុសក៏ចេះស្រក់ទឹកភ្នែកដែរ។ ខ្ញុំធ្លាប់ស្រក់​ទឹកភ្នែកព្រោះតែរជនីជាច្រើនតំណក់ហើយ មិនមែនទាល់តែបានឮ​នាងបដិសេធស្នេហ៍ ទើបខ្ញុំស្រក់ទឹកភ្នែកនោះទេ។ ទោះយ៉ាងណា​ទឹកភ្នែកម្តងនេះហាក់ដូចជាបានលាងអារម្មណ៍ដ៏ល្អក់កកររបស់ខ្ញុំ ឲ្យ​ក្លាយជាស្រស់ថ្លាទៅវិញ។ ខ្ញុំឈរស្មឹងស្មាធិ៍មើលព្រះអាទិត្យលិចចូល​ទៅក្នុងទឹកសមុទ្រ ដោយបង្ហូរទឹកភ្នែកឲ្យស្រក់អស់ចិត្ត ក្នុងន័យដើម្បី​បញ្ចប់ចិត្តស្នេហ៍ដែលគ្មានខ្លឹមសារ ឲ្យលិចបាត់តាមពន្លឺព្រះសុរិយា នាល្ងាចដ៏ឫស្យានោះ។

រឿងមិនទាន់បញ្ចប់

Advertisements