S73F1760

កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ សមាជិកសមាគមអ្នកនិពន្ធខ្មែរជាច្រើនរូបបានទៅផ្ទះលោកគ្រូ យូ បូ ដែលនៅឯ ព្រែកប្រា។ ពួកយើងបានជួយគ្នាធ្វើម្ហូប បន្ទាប់មកក៏ធ្វើដំណើរទៅវត្តនៅភូមិនោះជុំគ្នា។ តំណាងឱ្យក្រុមយុវអ្នកនិពន្ធខ្មែរ គឺ ខ្ញុំ តែម្នាក់ ព្រោះអ្នកឯទៀតសុទ្ធតែរវល់ តែខ្ញុំទៅយឺតជាងគេ ព្រោះក៏រវល់សម្បើមណាស់ដែរ ទៅដល់ភ្លាមក៏ឮពាក្យថា ថ្មើរហ្នឹងទើបតែមកដល់? គិតទៅសប្បាយដល់ហើយ ព្រោះខានជូបលោកគ្រូយូរ ហើយទោះជាសុខភាពលោកគ្រូខ្សោយមែន តែគាត់នៅតែអញ្ជើញទៅវត្តជាមួយពួកខ្ញុំ។

មើលរូបនេះចុះ ម្នាក់ៗសប្បាយចិត្តណាស់! លោកគ្រូ យូ បូ សក់ពណ៌ស ឈរចំកណ្ដាល អមសងខាងដោយ វាន់ឌី និង ដាលី ហើយ ដេននី ឈរបញ្ឈិតពីក្រោយ ដាលី សក់ក្បាលបាំងភ្នែកម្ខាង ឯនិមលវិញគេថតយកស្ទាយកាន់ទឹកសុទ្ធបាំងថ្ងៃ… ទម្រាំតែថតបានមួយប៉ុស្តិ៍ដ៏ស្អាតនេះ ត្រូវដើររកកន្លែងថតឡើងយូរ ហើយក៏មានអ្នកត្អូញខ្លាចខូចស្បែកច្រើនគ្នាដែរ តែធ្វើម៉េច មកជុំគ្នា ត្រូវតែថតរូបជុំគ្នា។

ពេលមកដល់ផ្ទះវិញ ពួកយើងក៏បានញ៉ាំនំប៉័ង សម្លការី… សប្បាយម្តងទៀត! ឱ្យតែជួបជុំគ្នាគឺសប្បាយចិត្តហើយ អ្នកណាចូលចិត្តអង្គុយវិភាគវែកញែកក៏បាន អ្នកណាចូលចិត្តស្ដាប់ក៏បាន អ្នកណាចូលចិត្តញ៉ាំក៏ញ៉ាំច្រើនទៅ! នេះជាប្រពៃណីមួយដែលកូនសិស្សសមាគមតែងតែធ្វើជារៀងរាល់ឆ្នាំ តែខ្ញុំទើបតែមានវត្ថមានឆ្នាំនេះ។ អរគុណបងកន្និថា ដែលទូរស័ព្ទប្រាប់ខ្ញុំ ហើយអរគុណបង សុភ័ក្ត្រ ដែលផ្ញើរូបនេះមក។ រៀបរាប់ឈ្មោះច្រើនគ្នាមិនអាចភ្លេចបងលីហៀង បានទេ គាត់កំពុងឈរកាន់កាបូបញញឹមនៅកៀនគេនោះ។ ពួកយើងរៀនជំនាន់ផ្សេងៗគ្នា តែក៏មានឱកាសបានធ្វើបុណ្យជុំគ្នា ហើយពួកយើងសូមជូនពរដល់លោកគ្រូ យូ បូ សូមឱ្យលោកគ្រូមានសុខភាពល្អ!

Advertisements