រាល់ថ្ងៃម៉ែព្រួយព្រោះកូនៗ ដួងចិត្តស្រពោនរែងខ្វល់ខ្វាយ រកប្រាក់យប់ថ្ងៃទោះនឿយណាយ ទុក្ខឱ្យកូនចាយសប្បាយអរ។


ម៉ែឃើញកូនខុសខឹងហើយបាត់ ជេរស្តីម៉ាត់ៗចង់ឱ្យល្អ ម៉ែឃើញកូនតាមចិត្តត្រេកអរ ឃើញកូនភូតភរម៉ែភាំងភ័យ។


ម៉ែឃើញកូនស្អាតសង្វាតរៀន ឃើញកូនបានពានរង្វាន់ជ័យ ម៉ែមានអំនួតមុខមានន័យ រៀនឱ្យវាល្បីអញ្វឹងណា!។


ម៉ែឃើញក្មេងៗជំនាន់ក្រោយ បណ្តែតបណ្តោយលង់អាត្មា នឹកព្រួយកូនៗខ្វះវិចារណ៍ ទើបខំស្តីថាពន្យល់ប្រាប់។


ម៉ែឃើញពាក្យចាស់ច្រើនបានផល ឱ្យកូនចេះវាល់ថ្លឹងថ្លែងស្តាប់ ពាក្យពេចន៍ល្អៗកូនត្រូវក្តាប់ ទុកជាក្បួនច្បាប់ល្អវិសិដ្ឋ។


ម៉ែឃើញកូនល្អអស់បារម្ភ ម៉ែឃើញកូនខំសប្បាយចិត្ត ម៉ែឃើញសរសើរកូនចេះគិត ម៉ែអរពេកពិតកូនរុងរឿង៕


ដោយ កើយ ចិត្រា

Advertisements