Untitled-1

 

ភ្លៀងធ្លាក់ក្នុងកុមារភាព

បទពាក្យ​៧

 

ថ្ងៃបាក់រសៀលលាកម្ដៅ

ពពកពណ៌ខ្មៅមីររសាត់

ព្រះពាយមិនស្ងៀមប្រឹងផាយផាត់

ធម្មជាតិលែងស្ងាត់ផ្ដើមតន្រ្តី។

 

វស្សានរដូវមេឃភ្លៀងធំ

រុក្ខារលំដេកដួលដី

ផ្គរស្រែកគំរាមប្រាប់ព្រឹកព្រៃ

រន្ទះវឹងវៃជ្រែកអាកាស។

 

ភ្លឺផ្លេកបន្ទោរជះភ្លែតៗ

រង្សីក្រឡែតភ្លឺត្រចះ

មិត្តភក្តិស្រែកហៅពីក្រៅផ្ទះ

រួសរាន់រូតរះរត់ចូលភ្លៀង។

 

រូបកាយទទេគ្មានជំពាក់

តំណក់ទឹកធ្លាក់សព្វសព៌ាង្គ

គង្គាបរិសុទ្ធឥតល្អក់ល្អៀង

ប្រៀបដូចចង់លាងភពលោកា។

 

សរសៃទឹកភ្លៀងធ្លាក់ពីមេឃ

តើនៅលើមេឃល្អយ៉ាងណា?

មានពពកសមានទឹកថ្លា

មានទេវតាមានឥន្ទ្រព្រហ្ម។

 

ភ្លៀងធ្លាក់រណ្ដំដូចចម្រៀង

កង្កែបហ៊ីងច្រៀងលាន់រងំ

គ្រួសារទាំងមូលនៅជួបជុំ

ដណ្ដប់ផាហ៊ុមឱ្យរូបខ្ញុំ។

 

ទឹកភ្លៀងត្រជាក់សែនកក់ក្ដៅ

យាយតាកូនចៅពូមីងអ៊ំ

គ្រួសារធ្លាប់តូចប្រែជាធំ

រស់សុខដុមក្នុងពេលភ្លៀង៕

 

តែងនៅថ្ងៃទី​១០​មេសា​២០០៨

សុខ​ចាន់ផល

Advertisements