ស្នេហា​គឺ​ជា​ការ​លះបង់។ ស្រឡាញ់​មនុស្ស​ម្នាក់ មិន​ចាំបាច់​បាន​រស់​នៅ​ក្បែរ​គេ​នោះទេ​ ​បាន​ត្រឹម​ឃើញ​គេ​រស់​នៅ​ប្រកប​ដោយ​សេចក្តីសុខ ក៏​គ្រប់​គ្រាន់​ណាស់​ទៅហើយ។

«បង​នភា! ម៉េច​ក៏​បាត់​ដំណឹង​បង​សូន្យ​ឈឹង​យ៉ាង​នេះ? បង​មក​ដល់​ស្រុក​ខ្មែរ​យូរ​ហើយ មែនទេ? ចុះ​ម៉េចក៏​បង​​មិន​មក​រក​ខ្ញុំ? បង​ព្យាយាម​គេច​ពី​ខ្ញុំ​មែន​ទេ? បង​អស់​ចិត្ត​នឹងអូន​ហើ​យ​មែន​ទេ?»

          នភាសម្លឹង​មុខ​សង្សារ​បន្តិច​ក៏​ងាក​មុខ​ចេញ ហើយ​តំណក់​ទឹក​ភ្នែក​ថ្លាៗ​ក៏​ហូរមក​ដក់​ជោគ​ពេញ​ប្រឡង់ភ្នែក។ នរៈ​ចង់​និយាយណាស់ថា បងស្រឡាញ់​អូន! បង​នឹក​អូន! តែ​គេ​ធ្វើ​មិន​បាន។ កំលោះ​ក៏​គេច​​មុខ​ដើរ​ចេញ​ តែ​ត្រូវ​អាក់​ដំណើរ​​ដោយ​សារ​តែសម្តី​​របស់​លំអងភ្លៀង

          «ព្រោះប៉ា​របស់​អូន​មែនទេ? ប្រាប់​អូន​មក​មើល! គាត់​ថា​ម៉េច​ឲ្យ​បង​ខ្លះ?»

          ​​​នភាខាំបបូរ​មាត់ស្ទើរដាច់ ងាកមុខ​ផាំង​មក​និយាយនឹង​តូចតន់៖

«មិន​ទាក់​ទង​នឹងគាត់​ទេ! តែព្រោះស្នេហា វាស៊ីមិន​កើត​អូន​ដឹង​ទេ?​ លុយ​ទៅវិញតើ​ ដែល​សំខាន់​បំផុត​នោះ!»

លំអងភ្លៀង​ស្រក់​ទឹក​ភ្នែក​នឹង​សម្តីសង្សារ… នាង​បោះជំហាន​ថយ​ក្រោយ​យឺតៗ​ រក​កល់​នឹង​ដួល៖

«អូ… ព្រោះយ៉ាង​នេះតើ! …អូន​គួរ​ណាស់​តែ​ជឿសម្តីប៉ា​តាំង​ពីដំបូង​ម្ល៉េះ! ព្រោះ​ស្រឡាញ់​បង​អូន​ខំ​ជំទាស់​នឹង​ប៉ា ប្រឆាំង​នឹង​ប៉ា មិន​គួរ​ណា​បង​ធ្វើ​បែប​នេះ​ចំពោះអូន​សោះ!!!»

«ហ៊ឹស! នេះ​មក​ពីអូន​ល្ងង់! អូនល្ងង់​ណាស់​ដែល​មក​ស្រឡាញ់​បង! ប៉ា​របស់​អូន​ទើប​និយាយ​ត្រូវ! មនុស្ស​សន្តាន​ព្រៃ​ដូច​បង​នេះ មិនគួរ​ឲ្យ​ទុក​ចិត្ត​ឡើយ ដឹង​ទេ?!!! បាន​​​ហើយ!ល្មម​ឲ្យ​រឿង​របស់​យើង​ចប់​ត្រឹម​ហ្នឹងចុះ…»

នភាបោះជំហាន​ដើរ​គេច​វឹងលែងងាកក្រោយ ទឹក​ភ្នែកកូន​ប្រុសក៏​​ស្រក់មក​ប៉ាត់ៗ​ដូច​តំណក់​ឈាម។ លំអងភ្លៀង​ដួល​ព្រុសសន្លប់​បាត់​ស្មារតី។ មួយ​ខែ​ក្រោយ​មក… អាពាហ៍​ពិពាហ៍​របស់​នាងនិង​សមុទ្រ បុត្រាទោល​របស់​ត្រកូល​អភិជន ក៏ចាត់​ឡើងយ៉ាង​គគ្រឹកគគ្រេង។

 

[ ចង់តវ៉ាមេឃដីដែល​ឲ្យ​យើង​ជួប​គ្នា

តែ​មិន​ព្រម​ចាប់​យើង​ជាគូគ្នា

មេឃ​ដីមាន​ចេតនាចង់​លេង​សើច​នឹង​យើង… អ្នក​ថា​បែប​នេះ​ទេ?

ហេតុ​អីត្រូវ​ហាម​ស្រឡាញ់គ្នា

ភាពសមរម្យនោះឬដែលស្ថិតស្ថេរ ទោះបីប្រឆាំង​នឹង​បេះដូង​

ទីបំផុត​ត្រូវ​ព្រម​ចុះចាញ់។

 

មុន​នឹង​យើងចែក​ផ្លូវគ្នា

មុន​នឹង​សុបិន​របស់​យើង​ត្រូវ​បញ្ចប់

គ្រាន់​តែ​ចង់​ជួប​អ្នកមួយគ្រា​ ប្រសប់​ភ្នែក​នឹង​​​គ្នាម្តង​ទៀត

ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រាប់​អ្នក​មួយ​ពាក្យ

និយាយ​នៅ​ថ្ងៃដែល​ត្រូវ​បែកគ្នា

ចង់​ឲ្យ​អ្នកដឹងថាស្រឡាញ់​​ខ្លាំង​ណាស់… ហើយ​នឹងស្រឡាញ់​ ស្រឡាញ់​រហូត​ទៅ។

 

កើត​ជាតិ​នេះ​បា​ន​ត្រឹម​ជួប​គ្នា

កើត​ជាតិ​មុខ​ចាំនាំគ្នា​សុបិនជាថ្មី

ថ្ងៃ​នេះ​បេះដូង​ខ្ទេច​ខ្ទាំ ព្រម​ចុះចាញ់​ឲ្យ​មេឃដីបំបែក​យើង​ឆ្ងាយ​ពីគ្នា

ពេញ​ចិត្ត​ហើយ​មែនទេមេឃដី ដែល​បាន​ឃើញ​មនុស្ស​ព្រាត់គ្នា?

វាត្រូវ​តែឈឺ​ត្រូវ​តែគ្រាំគ្រា… ត្រូវ​តែ​ស្រក់​​ទឹក​ភ្នែក។

 

ភពផែន​ដី​នេះ​មាន​មនុស្ស​ច្រើនណាស់

ចុះហេតុ​អ្វីត្រូវ​ធ្លាក់​មក​លើ​យើងទាំង​ពីរ

ព្រម​ចុះចាញ់​ហើយមេឃដី សង្ឃឹម​ថាគង់​នឹងពេញ​ចិត្ត

មនុស្ស​ស្រឡាញ់​គ្នា មេឃដី​បែរ​ជាមិន​យល់ចិត្ត។​ ]