នេះ​ជា​ការ​ដក​ស្រង់​មួយ​ចេញ​ពី​សំឡេង​នៃ​ការ​ផ្សាយ​របស់​វិទ្យុ​បារាំង​អន្តរជាតិ (RFI) ក្នុង​កម្មវិធី​នាទី​អក្សរ​សិល្ប៍​ខ្មែរ​ដែល​ផ្សាយ​កាល​ពី​ថ្ងៃ​​អាទិត្យ​ទី​១៧ ខែ​សីហា ឆ្នាំ​២០០៨ ដែល​រៀប​ចំ​ដោយ​​លោក​ស្រី​ ប៉ិច សង្វាវ៉ាន ។ គួរ​បញ្ជាក់​​ផង​ដែរ​ថា កម្មវិធី​អក្សរ​សិល្ប៍​ខ្មែរ មាន​រៀង​រាល់​ថ្ងៃ​អាទិត្យ​តាម​រយៈ​វិទ្យុ​បារាំង​អន្តរជាតិ​ផ្នែក​ខេមរភាសា ។

​កំណប់ គឺ​ជា​​ឈ្មោះ​សៀវភៅ​ប្រជុំ​រឿង​ខ្លី​មួយ​ដែល​និពន្ធ​ដោយ​​យុវ​អ្នកនិពន្ធ សុខ ចាន់ផល ។ ក្នុង​ចំណោម​រឿង​ទាំង​ប្រាំបី រឿង​កំណប់ ត្រូវ​បាន​លើក​មក​​​​ផ្សាយ​ក្នុង​កម្មវិធី​អក្សរ​សិល្ប៍​ខ្មែរ ។ ជា​រឿង​ដែល​បង្ហាញ​ពី​ការ​យល់​សប្តិ​ ដែល​ជា​ជំនឿ​អរូបិយ​មួយ​ប្រភេទ​ដែល​តែង​ដក់​ក្នុង​ចិត្ត​ប្រជាជន​ខ្មែរ​​ តាំង​ពី​រៀង​ដរាប​មក ។ ខាង​ក្រោម​នេះ​ជា​ការ​ដក​ស្រង់​ដោយ​សង្ខេប​ខ្លះ​ៗ ពី​រឿង​កំណប់…

តើ​លោក​អ្នក​ជឿ​លើ​សុបិន​ដែរ​ឬ​ទេ? សុបិន​គេ​ប្រាប់​ឲ្យ​ទៅ​ជីក​កំណប់ ។ វា​ប្រហែល​មិន​មែន​ទេវតា​ឯណា​មក​ពន្យល់​សប្តិ​នេះ​ទេ តែ​ប្រហែល​ជា​ខ្មោច​ព្រាយ​បិសាច​អត់​មាន​ការងារ​ធ្វើ​មក​លេង​សើច​ក៏​មិន​ដឹង ។

ព្រឹក​នេះ​ព្រះ​សុរិយា​រះ​សើច​ស្ញេញ​ដាក់​ខ្ញុំ ។ ខ្ញុំ​យក​រឿង​យល់​សប្តិ​កាល​ពី​យប់​មិញ​មក​គិត កំណប់​មាស​មួយ​ហិប​កប់​នៅ​ក្នុង​​ដំបូក​ក្រោម​ដើម​ត្នោត​បី​ដើម ។ ខ្ញុំ​ស្គាល់​ទី​កន្លែង​នោះ​ច្បាស់​ដូច​ថ្ងៃ ថា​អរ​ក៏​មិន​អរ​ខ្លាំង ថា​មិន​ចាប់​អារម្មណ៍​ក៏​ដូច​ជា​កុហក ។ មែន! ខ្ញុំ​គិត​ថា មិន​ដែល​នៅ​លើ​លោក​នេះ​មាន​រឿង​ព្រេង​សំណាង​ស្រួល​ៗ​អាច​កើត​មាន​លើ​រូប​ខ្ញុំ​ទេ ។ រស់​នៅ​តាំង​ពី​តូច​រហូត​ពេញ​កំឡោះ​ ខ្ញុំ​ជួប​តែ​រឿង​ស៊យ​​ឡើង​ធុញ​ទ្រាន់​ទៅ​ហើយ ​រឿង​អី​ដេក​សុខ​ៗ​គេ​ហៅ​ឲ្យ​ទៅ​យក​កំណប់​នោះ ហើយ​បើ​សិន​ជា​ខ្ញុំ​បាន​កំណប់​មួយ​ហិប​មែន ​មនុស្ស​ល្ងង់​ដូច​ជា​ខ្ញុំ​មិន​ដឹង​យក​ទៅ​ប្រើ​ជា​ប្រយោជន៍​អី​ដែរ ​យ៉ាង​ច្រើន​យក​មក​ដេក​ស៊ី​ក្លាយ​ខ្លួន​​​ជា​ជ្រូក​ប៉ុណ្ណោះ ។ ទោះ​ជា​យ៉ាង​ណា ខ្ញុំ​នៅ​តែ​ដើរ​ទៅ​ទី​កន្លែង​​ក្នុង​សុបិន​នោះ…

ចង់​ដឹង​​រឿង​រ៉ាវ​កំណប់​ក្លាយ​ជា​យ៉ាង​ណា​នោះ សូម​ស្ដាប់​ខ្សែ​អាត់​សំឡេង​ដូច​តទៅ…dl

Advertisements