ស្រឡាញ់​មនុស្ស​ម្នាក់

ដោយៈ សុខ​ ចាន់​ផល

ពេល​គិត​ថា​ត្រូវ​រស់​នៅ​ឯកា ខ្ញុំ​ពិត​ជា​ខ្លាច​ណាស់​។ អារម្មណ៍​នោះ​ប្រៀប​ដូច​ជា​ស្លឹក​ឈើ​តូច​មួយធ្លាក់​ចូល​ទៅ​ក្នុង​ទឹក ​រួច​អណ្តែត​ចូល​ទៅ​ក្នុង​មហាសមុទ្រ ដ៏​សែន​ល្វឹង​ល្វើយ។​ ទោះ​ជា​យ៉ាង​ណា​ស្ថិត​ក្នុង​អារម្មណ៍​ឯកោ​នោះ​ ខ្ញុំ​ក៏​អាច​រក​ឃើញ​អារម្មណ៍​កក់​ក្តៅ​មួយ ដែល​ខ្ញុំ​មិន​ធ្លាប់​ស្គាល់​។ ខ្ញុំ​ដឹង​ថាអារម្មណ៍​នេះគឺកើត​ឡើង​ដោយ​សារ​ ស្រឡាញ់​មនុស្សម្នាក់…

– តើ​លោក​ស្រឡាញ់​វតី​ទេ?

ខ្ញុំ​សួរ​វាសនា ខណៈដែល​ដឹង​ថាស្នេហារបស់​គេ​ និង​វតីកំពុង​តែ​ប្រេះ​ឆា។​ វតី​គឺជា​នារី​ដ៏ស្មោះ​សរ​មួយ​រូប​។ នាង​ល្អ​ទាំង​រូប​កាយ​ ល្អ​ទាំង​ដួង​ចិត្ត។ នាង​ក៏​ជា​ស្រី​ដ៏​ឆ្នាស់​ឆ្នើម​ ឆេវ​ឆាវ​ តែ​គុណ​វិបត្តិ​របស់​នាង​ក្នុង​កែវ​ភ្នែក​អ្នក​ដទៃ​នេះ វាក៏សុទ្ធតែ​​ជា​លក្ខណៈដ៏​គួរ​ឲ្យ​ស្រឡាញ់​ របស់​នាង​សម្រាប់​ខ្ញុំ​។ ខ្ញុំ​ស្គាល់​វតី​តាំង​ពីតូច​។ នាង​មិន​មែន​ជា​មនុស្ស​ដែល​ពូកែ​យល់​ចិត្ត​អ្នក​ដទៃ​ទេ។ នាង​តែង​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ខូច​ចិត្ត​ ព្រោះ​ពាក្យ​សម្តី​មិន​បាន​គិត​របស់​នាង​។ វតី​ក៏​ល្ងង់​ណាស់​ដែរ​ គឹនាង​មើលមិន​ដឹង​ថា​ ខ្ញុំ​​ស្រឡាញ់​នាង​សោះ។ បុរស​ដែល​នាង​ស្រឡាញ់​ឈ្មោះ​វាសនា​ ហើយ​រឿង​របស់​ពួក​េគ​ទាំង​ពីរ​នាក់​ នាង​ក៏​​យក​មក​ប្រាប់ឲ្យ​​ខ្ញុំ​ដឹង​ទាំង​អស់​។ ខ្ញុំ​តែង​តែ​ញញឹម​ តែង​តែ​សើច​នៅ​ចំពោះ​មុខ​នាង​ តែ​បេះ​ដូង​ខ្ញុំ​ស្ទើរ​តែ​រលេះ​រលួយ​ខ្ទេច​ខ្ទីទៅ​ហើយ​។ ខ្ញុំ​ចង់​រត់​ចេញ​ឲ្យ​ឆ្ងាយ​ពីនាង​ ពីសុភមង្គល​ស្នេហារបស់​នាង​ តែ​ខ្ញុំ​នៅ​តែ​មិន​ដាច​់​អាល័យ​។ ពេល​នេះ​វតី​អង្គុយ​សម្រក់​ទឹក​ភ្នែករាល់​ថ្ងៃ​ នៅ​នឹង​មុខ​ខ្ញុំ​។ ខ្ញុំ​មិន​ហ៊ាន​តាំង​ខ្លួន​ជា​តួរង​ទៅ​ជូត​ទឹក​ភ្នែក​ឲ្យ​នាង​ទេ។ ខ្ញុំ​បានត្រឹម​តែ​ឈឺចាប់​ ព្រោះ​ទុក្ខ​របស់​នាង​។ ទឹក​ភ្នែក​របស់​នាងគ្រប់តំណក់​​ ហាក់​ស្រក់​ចូល​កែវ​ភ្នែក​របស់​ខ្ញុំ​ ដើម្បី​ឲ្យ​ខ្ញុំ​ដឹង​ថា វាសែន​ល្វីង​ផ្សា ធ្វើ​ឲ្យ​ខ្ញុំ​ស្រក់​ទឹក​ភ្នែក​ថ្លា​របស់​ខ្ញុំ​ ជួយ​លាង​សម្អាត។ ទឹក​ភ្នែក​របស់​នាង​ក៏​ស្រក់​ចូលបេះ​ដូង​ខ្ញុំ​ ធ្វើ​ឲ្យ​ខ្ញុំ​ដង្ហក់ដង្ហើម​​ក្តុក​ក្តួល​ស្ទើរ​ទ្រាំ​មិន​បាន។

វតី​យំបណ្តើរ​ រៀប​រាប់​ប្រាប់​ខ្ញុំ​បណ្តើរ​ថា វាសនាបណ្តើរ​ស្រី​ម្នាក​់ទៅមើល​កុន រួច​បានយ​ក​តុក្កតា​ដែល​នាង​បានជូន​គេ​ ទៅ​ឲ្យ​ស្រី​ម្នាក់​នោះ។ ដល់​ពេល​នាង​សួរ​ គេ​មិន​បកស្រាយ​សោះ បែរ​ជានិយាយ​ថា បើ​នាង​មាន​ចរិត​សង្ស័យ​ច្រើ​ន​យ៉ាង​នេះ​ សង្ស័យ​ចុះ គ្មាន​អ្វី​ត្រូវ​បក​ស្រាយ​ទេ។ វតី​យក​ផ្ទាំង​គំនូរ​ទេសភាពមាត់​សមុទ្រ​មួយ​ផ្ទាំង​ ដែល​វាសនាជូន​នាង​មក​មើល​ រួច​បន្លឺថា គេបានសន្យានាំនាង​ទៅលេង​កោះ​ទន្សាយយូរ​មកហើយ​ តែ​គេ​មិន​ដែល​នឹក​ឃើញសូម្បី​បន្តិច។ នាង​គិតថា ខ្លួន​នាង​ប្រហែល​ជា​គ្មាន​តម្លៃ​គ្រប់​គ្រាន់​ នៅ​ក្នុង​បេះ​ដូង​​វាសនាឡើយ​។ ខ្ញុំ​មិន​ដឹង​ថា​រឿង​រ៉ាវ​របស់​វាសនាយ៉ាង​ម៉េច​នោះ​ទេ​ ប៉ុន្តែ​ខ្ញុំ​ទ្រាំ​មិន​បាន​ពេល​ឃើញ​វតី​ឈឺ​ចាប់​យ៉ាង​នេះ ទើប​ខ្ញុំ​ស្កាត់​មក​ជួប​វាសនានៅ​កន្លែង​ធ្វើការ​របស់​គេ ដើម្បី​ឲ្យគេ​បក​ស្រាយ។ ពេល​ឃើញ​ខ្ញុំ​ និង​ឮសំណួរ​ខ្ញុំ គេ​​ភ្ញាក់​ផ្អើលណាស់​រួច​សួរ​ខ្ញុំ​ថា លោក​ចា​អ្នកណា?

ខ្ញុំ ជា មិត្តភក្តិ របស់ វតី។ ខ្ញុំ តប ទៅគេ

គេសម្លឹង​មុខ​ខ្ញុំ​បន្តិច​ទើប​និយាយ៖

-​ វតី​ប្រាប់​លោក​ពី​ខ្ញុំ​យ៉ាង​ម៉េច​ខ្លះ?

– នាង​ប្រាប់​ខ្ញុំ​ថា លោក​ក្បត់​ចិត្ត​នាង។ តើ​ពិត​មែន​ទេ?

– ហ៊ឹះ! វតី​គ្មាន​ហេតុ​ផល​ពេក​ហើយ! ស្រឡាញ់​មនុស្ស​ម្នាក់​ នាង​គួរ​តែ​ផ្តល់​ការ​ទុក​ចិត្ត​ជឿ​ជាក់​… ខ្ញុំ​មិនដែល​សង្ស័យ​នាង​ មិនដែល​តាម​ដាន​នាង​ តែ​នាង​បែរ​ជា​តាម​ដាន​ខ្ញុំ​ រួច​​ចោទ​ប្រកាន់​ខ្ញុំ​ទាំង​ទទឹង​ទិស។

– ប៉ុន្តែ​អ្វី​គ្រប់​យ៉ាង​ដែល​នាង​ធ្វើ​ គឺ​ព្រោះ​តែ​ស្រឡាញ់​មនុស្សម្នាក់​ហើយ!

– ប្រហែល​នាង​មាន​ត្រឹម​តែ​ក្តី​ស្រឡាញ់​ប៉ុណ្ណោះ!

-​ អ៊ីចឹង​តើ​លោក​ចង់​ឲ្យ​នាង​មាន​អ្វី​ខ្លះ​ទៀត​?

– ចង់​ឲ្យ​នាង​ទុក​ចិត្ត​ខ្ញុំ​ ផ្តល់​សេរី​ភាពឲ្យ​ខ្ញុំ​។ ខ្ញុំ​ពិត​ជា​ពុំ​ចូល​ចិត្ត​បកស្រាយ​អ្វី​នោះទេ បើ​រៀបការ​រួច​ រវល់​តែ​បក​ស្រាយ​អ្វី​គ្រប់​យ៉ាង​ ប្រាប់​នាង​រាល់​ថ្ងៃ​នោះ ខ្ញុំ​បែប​មិន​រៀប​ការ​ឡើយ។

– ខ្ញុំ​គិត​ថា​លោក​ប្រហែល​​មិន​ស្រឡាញ់​វតី​ទេ!

ហេតុ​អ្វី?

– ស្រឡាញ់​មនុស្ស​ម្នាក់​ ហេតុ​អ្វី​លោក​ចង់​ឲ្យ​គេ​ កែ​ប្រែ​ខ្លួន​របស់​គេ​?

សូម​រង់​ចាំ​អាន​វគ្គបញ្ចប់បន្តទៀត!

Advertisements