កាលពីយូរលង់ណាស់មកហើយ បងចិត្រា (សមាជិក KYW) បានសួរខ្ញុំថា៖ What is KYW? បងៗណាដឹង (ឬមិនដឹង) ក៏សូមអញ្ជើញចូលរួមឆ្លើយ (ទាយលេង) តាមចិត្តចង់! មាននរណាដឹងទេ?
រកឃើញហើយ ស៊ុបពើមែន
ខែឧសភា 17, 2008
រកឃើញហើយ ស៊ុបពើមែន
ដោយ៖ បូរាណ
មេឃចាប់ផ្តើមងងឹតស្លុប ខ្មៅកក្រិតតាំងពីម៉ោងបីល្ងាច ហាក់ដូចជាកំពុងតែសោកសង្រេងនឹងអ្វីមួយ។ វាយោបក់ផាត់យ៉ាងកញ្ឆក់កញ្ឆែង គួចសំរាមធូលីនៅតាមផ្លូវ ហោះឡើងខ្ញាល់ វិលវល់ ងងឹតងងុលមើលមិនយល់អ្វីសោះឡើយ…. (គួចទាំងខោលីអូពីណាគេទេហ្ន៎! យកទៅហើយ យីម៉េចក៏មិនសារខោអាវទុកអ៊ីចឹង? មិនដឹងធ្លាក់ទៅលើសត្វលោកណាម្នាក់ក៏មិនដឹង។) សំឡេងបង្អួចនៅការិយាល័យរបស់ខ្ញុំ បក់បោកត្រគោះប៉ះគ្នាលាន់ប្រ៉ាវៗគួរបារម្ភក្រៃពេក។
ម៉ោងជាង បួន គូកនរបស់មេឃាបានបញ្ចេញសំឡេងគ្រឹមៗ គ្រហឹមឡើងកក្រើកអាកាសា លាន់ឮអស្ចារ្យសែនរន្ធត់ រកតក់ស្លុតអ្វីម្ល៉េះទេ។ ព្រះភិរុណបានបំពេញបំណងរបស់មេឃា និង បក្ខពួករបស់គេ ដោយបង្អុរទឹកភ្លៀងចុះមក ដូចជាកំពុងតែមានពិរោធនឹងអ្នកណាក៏មិនដឹង។ ដំណក់ទឹកភ្លៀងរាប់លានគ្រាប់ ហូរកាត់កញ្ចក់បង្អួចខ្ញុំឡើងខ្ជាក់ៗ កញ្ជ្រោលកញ្ជ្រាយរាយប្រដេញគ្នា បង្ខាំងមនុស្សម្នាមិនឲ្យចេញទៅក្រៅបានឡើយ។
អាកាស ធាតុត្រឡប់ជាត្រជាក់ស្រេប សែនរងា ស្លេកមេជើង ផ្សំនឹងខាងក្នុងបន្ទប់នេះ ម៉ាស៊ីនត្រជាក់ដាក់ថយអស់លេខផង មែ! សែនរងារញ័រញាក់សព្វសារពាង្គឥតបើថ្លែង ដួងចិត្តរឹងរឹតតែចម្បែងនឹកដល់ម្ចាស់ស្នេហ៍… អង្គុយធ្វើការទាំងស្រណោះ ការងារក៏ភ្លេចអស់ គិតចង់តែហោះទៅជួបដួងជីវិត….។ ឥយ៉ា! នាងផ្ញើសារមកហើយ នាងរងារនឹកដល់ខ្ញុំដែរមិនខានឡើយ
- អូយ ឃ្លានណាស់…. អូនចង់ញ៉ាំត្រចៀកជ្រូក!
- អុញ! អូខេចង់ញ៉ាំបងឲ្យញ៉ាំ តែត្រូវចាំញ៉ាំមួយចំហៀង មួយទៀតសូមទុកស្តាប់សៀង ម៉ុមអូនច្រៀងបំពេររៀម….
- ចង់ញ៉ាំមាត់ជ្រូកបានទេ? មាត់ហ្នឹងផ្អែមពេក….
- អូ៎! បើពៅញ៉ាំមាត់ពិតភ្លាត់កិច្ចការ បាត់អស់វោហាចចារជាមួយថ្លៃ សូមទុកមាត់នេះបាត់ថើបចរណៃ ច្រៀងលោមហរទ័យ សម្តីផ្អែមទៀតណា៎ពៅព្រលឹង….
- បើបងទុកមាត់សម្រាប់ថើប អ៊ីចឹងឲ្យអូនញ៉ាំច្រមុះជ្រូករបស់បងណា៎….
- ឱ! បើអត់ច្រមុះបងរស់ម្តេចបាន? បាត់ក្លិនកល្យាណខុសអីនឹងក្ស័យ? ច្រមុះជាគូនឹងមាត់ណា៎ថ្លៃ ពៅកុំញ៉ាំអី សុំទុកស្រង់ក្លិនកេសាពិដោរអូន….
- រងាទេបង? ឲ្យអូនត្រកងក្រសោបស្ងួន គ្រាន់បានជាគ្នា អស់រងាណានឹមនួន ម៉ោះម៉ោឲ្យជិតម៉ោ អូនក្រសោប…
- អ៊ឺមហ៊ឺមអូហូកក់ក្តៅណាស់អូន ហត្ថានឹមនួនដូចជាផាហ៊ុម បងចង់ដណ្តប់ព័ទ្ធឲ្យជិតជុំ ឱ! ដៃផាហ៊ុមគឺដៃនួនល្អង…
ដឹង ថាបង្ខាំងខ្ញុំក៏ឥតប្រយោជន៍ ព្រោះខ្ញុំលែងរងា គ្រាប់ភ្លៀងទាំងឡាយក៏សុខចិត្តដកថយទៅវិញ ឥឡូវនេះខ្ញុំអាចចេញទៅសាលាបានហើយ តែនៅតែយឺតម៉ោងទីមួយដដែល។ នៅម្តុំផ្សារអូឡាំពិក ផ្លូវសាលារៀនចិន គ្រាន់តែដល់នេះភ្លាម ឃើញទឹកល្ហល្ហាចគ្រប់ច្រកល្ហក ទៅណាក៏គង់តែមិនផុតឡើយ មានតែប្រថុយជិះកាត់មហាសាគរនេះហើយ រលត់ឬមិនរលត់ពឹងលើសម្លាញ់ខ្ញុំហើយពេលនេះ។ អូ៎ហូ! មើលក្មេងស្រីនោះចុះ ស្លៀកសំពត់ខ្លីមហាខ្លី សាច់ឡើងសខ្ចីដើរកាត់ទឹក ឃើញភ្លាមស្ទើរតែភ្លឹក មនុស្សច្រើនសន្ធឹកនាងហ៊ានកង្ខើញទៀតហ្ន៎!
- នែនែ ក្មួយស្រី លេចហើយ!
- ចា៎ពូ! ឲ្យតែភ្លៀងលេចរហូតហ្នឹង កុំទៅឆ្ងល់!
- អុញ!?!
កូន ទូកបណ្តែតខ្លួនគើមៗលើជលសា ក្រឡេកគ្រាប់ទិសាឃើញសុទ្ធតែទឹក នឹកស្រម៉ៃហាក់ដូចជាកំពុងជិះទូកទៅលេងកោះពស់អ៊ីចឹង….។ មកដល់ផ្លូវបត់មួយ ខ្ញុំរកបត់ទៅហើយ តែ…. អីយ៉ូយ លុចស៊ីសស្លាកលេខខ.ម.មួយ ស្ទុះសង្គ្រប់យកកន្លែងបានមុនស្រេចទៅហើយ។ ពេលនេះខ្ញុំស្ថិតនៅជាប់ចំពីមុខឡានតែម្តង ខ្ញុំឃើញភ្នែកវាធំៗសែនមុត មានចង្កូមយ៉ាងវែងសស្ញាច គួរឲ្យខ្លាចមែនទែន ដល់ពេលវាលោតស្ទុះមកភ្លាមៗអ៊ីចឹងទៀត ហាក់ដូចជាសីហកំពុងគម្រាមយកជីវិតសត្វប្រើសមួយក្បាលអ៊ីចឹង ប្រើសក៏មិនហ៊ាននៅទើសដំណើរដែរ រួចប្រញាប់ប្រញាល់រត់ចេញ ក្រែងលោសីហទ្រាំមិនបាន ត្របាក់យកជីវិតទៅ។
សីហបានពុះជ្រែកយកផ្លូវមួយចំហៀងម្នាក់ឯង រួចបោះពួយចូលព្រៃបាត់ហើយ នៅសល់តែម្រឹគីម្រឹគាតូចៗកំពុងតែចែវទូកខ្វេះៗ មិនហ៊ានលឿនឡើយ ខ្លាចសាចទឹកប៉ះគ្នា…. មានអធ្យាស្រ័យចំពោះគ្នាល្អណាស់ គួរឲ្យសរសើរមែនទែន…។ យី! ចុះអាប្រកាច់នោះម៉ោពីណាខុសគេខុសឯងអ៊ីចឹង?! វាប្រណាំងម៉ូតូជាមួយអ្នកណា?! មើលវាៗ! ម៉ោហើយៗ! [ឆ្វាច់...!] ទទឹកសើមមួយចំហៀងខ្លួនគ្រប់គ្នា ទាំងអ្នកនៅមុខខ្ញុំ ទាំងខ្ញុំ និង អ្នកនៅក្រោយៗទាំងអស់ វារាស់ស្អាតម៉ាផ្លូវដាច់ ឡូយផស់វា។ “អាច្រវាក់ក! អាប្រញាប់ទៅងាប់! ហ្ហែងមេឃចឹងផងប្រយ័ត្នរន្ទះជួយបំពេញបំណងហ្ហែងទៅ អាស្លាប់យ៍!…” ខ្ញុំជេរវាក្នុងពោះ ព្រោះវាធំជាងខ្ញុំ។ អាហ្និះស្លៀកពាក់ថ្លៃថ្នូរណាស់ មើលទៅដូចបញ្ញាវ័ន្ត តែសីលធម៌វាអន់ជាងក្មេងកំព្រាដើររើសអេតចាយទៅទៀត។ អាហ្និះសំណាងវាកើតចំគ្រួសារស្តុកស្តមហើយ ម្តេចមិនថែកិត្តិយសឲ្យឪម៉ែវាវិញផង?
ផុតពីនេះទៅ អត់មានទឹកលេចទៀតទេ រហូតដល់ម្តុំឃ្លាំងរំសេវទើបមានទឹកល្ហល្ហាចទៀត។ ខ្ញុំមិនបានដឹងខ្លួនជាមុន បើខ្ញុំដឹងខ្ញុំវាងទៅផ្លូវពេទ្យសង្ឃហើយ នឹងបានរួចខ្លួន តែជ្រុលហើយ ទឹកលិចលើសជង្គង់ទៅទៀត រកត្រឡប់ក៏មិនកើត មនុស្សក៏ច្រើន។ កូនទូកតូចៗជាច្រើន ត្រូវម្ចាស់វាអូសបណ្តើរកាត់ទឹក ឯម្ចាស់វាមុខឡើងក្រញូវ មាត់ជីពអូចៗទៀត មិនដឹងជាជេរទូករបស់គាត់ ឬក៏ជេរអ្នកណាផ្សេងទៀតដែលបង្ហូរទឹកឲ្យលេចពេញតែផ្លូវបែប នេះទេ។
គូប្រកួតរបស់ខ្ញុំជាច្រើនបានចុះចាញ់អស់ច្រើនហើយ តែខ្ញុំ និង សម្លាញ់ខ្ញុំ នៅតែមានអនុភាពពុះជ្រែកជលសារដ៏ល្វឹងល្វើយនេះនៅឡើយ ទោះជាពេលខ្លះត្រូវកប៉ាល់ធំៗបើកជិត ធ្វើឲ្យមានរលកដ៏មហិមា បក់បោកវឹបៗស្ទើរក្រឡាប់ម្តងៗក៏ដោយ ក៏ការសហការគ្នានឹងយល់ចិត្តគ្នាយ៉ាងស្អិតរមួតរបស់អ្នកក្លាហាន ទាំងពីរនេះ នៅតែធ្វើការតស៊ូរកអ្នកឈ្នះចាញ់ឲ្យខាងតែបាន។
ដំណាក់ កាលដែលក្តៅគគុកបំផុត ដែលនឹងសម្រេចថាអ្នកណាជាអ្នកខ្លាំង គឺនៅត្រង់សាលាសន្ធរម៉ុកនេះឯង។ អស់មែនទែនហើយ គូប្រកួតខ្ញុំចុះចាញ់អស់ហើយ នៅសល់តែសម្លាញ់ខ្ញុំកំពុងតែពុះពារ បិទភ្នែកខាំមាត់ទធាក់ជើងខ្វេះៗ លូនបន្តិចម្តងៗ “ប្រឹងឡើងៗ! អាសម្លាញ់ ជិតដល់ទីហើយ! ដល់ទីយើងនឹងបានរង្វាន់!”។
អស់ស្ទះ! រកឃើញហើយអ្នកខ្លាំង! អស្ចារ្យមែន ស៊ុបពើមែនគឺម៉ូតូខ្ញុំហ្នឹងហើយ! ចាប់ពី ពេលនេះទៅ ខ្ញុំលែងខ្លាចទឹកលេចទៀតហើយ ទោះជាទឹកលេចដល់ត្រឹមកក៏ខ្ញុំមិនខ្លាចដែរ! “អូខេ! អាសម្លាញ់ រង្វាន់របស់ឯងគឺប្រេងម៉ាស៊ីនមួយកំប៉ុងណា! ពេញចិត្តទេ?”៚
»»អ្នកខ្លាំងគឺខ្ញុំឯណេះទេ, អង្គុយកែទាល់តែចប់… បងបូរាណ នេះចំតែម្ម៉ងហើយ!!!
»»កែសម្រួលដោយ រចនា
Recent Comments