ជូនបុណ្យគ្រប់គ្នា! ខែ កញ្ញា 14, 2009
Posted by khmeryouthwriters in ដំណឹងផ្សេងៗ.1 comment so far

កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ សមាជិកសមាគមអ្នកនិពន្ធខ្មែរជាច្រើនរូបបានទៅផ្ទះលោកគ្រូ យូ បូ ដែលនៅឯ ព្រែកប្រា។ ពួកយើងបានជួយគ្នាធ្វើម្ហូប បន្ទាប់មកក៏ធ្វើដំណើរទៅវត្តនៅភូមិនោះជុំគ្នា។ តំណាងឱ្យក្រុមយុវអ្នកនិពន្ធខ្មែរ គឺ ខ្ញុំ តែម្នាក់ ព្រោះអ្នកឯទៀតសុទ្ធតែរវល់ តែខ្ញុំទៅយឺតជាងគេ ព្រោះក៏រវល់សម្បើមណាស់ដែរ ទៅដល់ភ្លាមក៏ឮពាក្យថា ថ្មើរហ្នឹងទើបតែមកដល់? គិតទៅសប្បាយដល់ហើយ ព្រោះខានជូបលោកគ្រូយូរ ហើយទោះជាសុខភាពលោកគ្រូខ្សោយមែន តែគាត់នៅតែអញ្ជើញទៅវត្តជាមួយពួកខ្ញុំ។
មើលរូបនេះចុះ ម្នាក់ៗសប្បាយចិត្តណាស់! លោកគ្រូ យូ បូ សក់ពណ៌ស ឈរចំកណ្ដាល អមសងខាងដោយ វាន់ឌី និង ដាលី ហើយ ដេននី ឈរបញ្ឈិតពីក្រោយ ដាលី សក់ក្បាលបាំងភ្នែកម្ខាង ឯនិមលវិញគេថតយកស្ទាយកាន់ទឹកសុទ្ធបាំងថ្ងៃ… ទម្រាំតែថតបានមួយប៉ុស្តិ៍ដ៏ស្អាតនេះ ត្រូវដើររកកន្លែងថតឡើងយូរ ហើយក៏មានអ្នកត្អូញខ្លាចខូចស្បែកច្រើនគ្នាដែរ តែធ្វើម៉េច មកជុំគ្នា ត្រូវតែថតរូបជុំគ្នា។
ពេលមកដល់ផ្ទះវិញ ពួកយើងក៏បានញ៉ាំនំប៉័ង សម្លការី… សប្បាយម្តងទៀត! ឱ្យតែជួបជុំគ្នាគឺសប្បាយចិត្តហើយ អ្នកណាចូលចិត្តអង្គុយវិភាគវែកញែកក៏បាន អ្នកណាចូលចិត្តស្ដាប់ក៏បាន អ្នកណាចូលចិត្តញ៉ាំក៏ញ៉ាំច្រើនទៅ! នេះជាប្រពៃណីមួយដែលកូនសិស្សសមាគមតែងតែធ្វើជារៀងរាល់ឆ្នាំ តែខ្ញុំទើបតែមានវត្ថមានឆ្នាំនេះ។ អរគុណបងកន្និថា ដែលទូរស័ព្ទប្រាប់ខ្ញុំ ហើយអរគុណបង សុភ័ក្ត្រ ដែលផ្ញើរូបនេះមក។ រៀបរាប់ឈ្មោះច្រើនគ្នាមិនអាចភ្លេចបងលីហៀង បានទេ គាត់កំពុងឈរកាន់កាបូបញញឹមនៅកៀនគេនោះ។ ពួកយើងរៀនជំនាន់ផ្សេងៗគ្នា តែក៏មានឱកាសបានធ្វើបុណ្យជុំគ្នា ហើយពួកយើងសូមជូនពរដល់លោកគ្រូ យូ បូ សូមឱ្យលោកគ្រូមានសុខភាពល្អ!
លិខិតអញ្ជើញទៅមើលរឿងខ្មោច ខែ កញ្ញា 12, 2009
Posted by khmeryouthwriters in ដំណឹងផ្សេងៗ.add a comment
លិខិតអញ្ជើញ
ដើម្បីចូលរួមរីករាយក្នុងឱកាសពិធីកាន់បិណ្ឌ ប្រពៃណីជាតិខ្មែរយើង ខ្ញុំបាទ សូមអញ្ជើញមិត្តទាំងឡាយទៅអានរឿងខ្មោចមួយរឿងដែលខ្ញុំសរសេរ ដែលនឹងដាក់ជូនអានជាសាធារណៈ នៅប្លក់ អនុស្សាវរីយ៍ នៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ វេលាម៉ោង… ម៉ោងណាក៏បានឱ្យតែទំនេរ។
អផ្សុកទេ? បើអផ្សុកត្រូវហើយ!

«ខ្ញុំនិយាយរឿងពិតរបស់ខ្ញុំ ព្រោះអ្នកចង់ស្តាប់រឿងខ្មោច!»
កម្មវិធីប្រលងនិទានរឿងខ្មោច នឹងធ្វើឱ្យអ្នកសើចពីដើមដល់ចប់ ដោយសារបេក្ខជន និងគណៈមេប្រយោគសុទ្ធសឹងតែឡប់ៗ… មានរឿងមួយដែលសំរឹត លើកយកមកនិយាយប្រាប់គេ,ចំណងជើងថា «ទេសចរណ៍ស្ថាននរក» រៀបរាប់ពីយប់មួយដែលមានខ្មោចស្រីម្នាក់ទូរស័ព្ទមកអញ្ជើញរូបគេឱ្យទៅចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃនៅស្ថាននរក។ គ្រប់រឿងរបស់បេក្ខជនសុទ្ធតែគួរឱ្យហួសចិត្ត ហើយស្រាប់តែដល់បេក្ខជនម្នាក់នោះ… មិនដឹងដើរចេញមកពីណាទេ? គ្រាន់តែបានឃើញនាងភ្លាម ម្នាក់ៗឡើងព្រឺក្បាល…
090909 ខែ កញ្ញា 9, 2009
Posted by khmeryouthwriters in ដំណឹងផ្សេងៗ.2 comments
ជូនពរនាថ្ងៃ០៩-០៩-០៩
សូមឱ្យសមាជិកក្រុម យុវអ្នកនិពន្ធខ្មែរ ទាំងអស់ជោគជ័យ!
ស្ងាត់ឱ្យជ្រាបណ៎! អត់មានអ្នកណានឹកនាមកអើតសោះ! ម្នាក់ៗរវល់អើយរវល់ ខ្លះមានស្នេហា ខ្លះខំសិក្សា ខ្លះជាប់ធ្វើការ ដល់អ៊ីចឹងទៅរកបន្ទោសមិនកើត! ប៉ុន្តែបើបានមកអើត ទុកវិចាមួយផងណា!
«ឈាមពេជ្រ» ចេញលក់ថ្ងៃនេះ! ខែ កក្កដា 4, 2009
Posted by រចនា in ដំណឹងផ្សេងៗ.23 comments
ចម្រៀងថ្មី «ឈាមពេជ្រ» ដែលទើបតែចេញលក់ក្នុងពេលថ្មីៗនេះបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តអ្នកស្ដាប់។ ចម្រៀងនេះនិពន្ធទំនុកច្រៀងដោយ លោក សុខ ចាន់ផល សម្រួលតន្ត្រីដោយលោក ម៉ម សុគន្ធា ច្រៀងដោយអ្នកចម្រៀងល្បីល្បាញប្រចាំចិត្ត (ខ្ញុំ
) គឺលោក ឆន សុវណ្ណរាជ។ បទនេះមានក្នុងស៊ីឌីរស្មីហង្សមាស វ៉ុល ៣៨៦។
«ឈាមពេជ្រ» រំលេចពីខ្សែជីវិតតស៊ូនៃស្ត្រីមេម៉ាយម្នាក់ដើម្បីឱ្យកូនបានសិក្សារៀនសូត្រ។ ពេលស្ដាប់បទនេះ គ្រប់គ្នាប្រហែលជានឹកទៅដល់អ្នកម្ដាយរបស់យើងរាល់គ្នា… ម្ដាយដែលធ្វើគ្រប់យ៉ាងដើម្បីកូន បំពេញបំណងកូន… «ឈាមពេជ្រ» ក៏បង្ហាញឱ្យឃើញផងដែរនូវទឹកចិត្តកត្តញ្ញូរបស់កូនប្រុសម្នាក់ចំពោះអ្នកម្ដាយជាទីស្រឡាញ់របស់គេ។ “ ទោះនៅឆ្ងាយពីគ្នា ក៏កូននៅតែនឹកម៉ែ ស្រឡាញ់ម៉ែ អាណិតម៉ែ។ កូននឹងខំប្រឹងដើម្បីតបស្នងនូវការលះបង់របស់ម៉ែ! កូននឹងតស៊ូយកបរិញ្ញាជូនម៉ែឱ្យបាន!”
បទនេះសម្រាប់ខ្ញុំគឺមិនដូចជាបទទូទៅទេ! បទចម្រៀងរៀបរាប់ពីជីវិតនៃការរស់នៅបែកពីអ្នកម្ដាយជាទីស្រឡាញ់របស់គេតែងតែធ្វើឱ្យខ្ញុំនឹកដល់ម៉ាក់យាយរបស់ខ្ញុំជានិច្ច។ មិនដឹងថាគ្រប់គ្នាស្ដាប់ហើយនឹងយំចេញមកដូចខ្ញុំឬអត់ណ៎??? សាកស្ដាប់មើល៍ យ៉ាងណាដែរ? នេះស្ដាប់មិនបានចប់ទេព្រោះវាគ្រាន់តែជាពាណិជ្ជកម្មប៉ុណ្ណោះ!
ខ្ញុំមិនសូវបានសរសើរអ្នកនិពន្ធបទចម្រៀងមួយបទនេះទេព្រោះអ្នកនិពន្ធនេះក៏ពូកែអួតសម្បើម! lolz គ្មានអ្នកណាលើក ក៏លើកខ្លួនឯងទៅជារឿយៗ! J/K ដោយសារតែអ្នកនិពន្ធប៉ិនជោរ ដូច្នេះហើយខ្ញុំមិនសូវហ៊ានសរសើរចំមុខទេ!
សរសើរនៅទីនេះក៏បាន! ចង់ប្រាប់ថា “ បងចាន់ផលពូកែណាស់! បទចម្រៀងមានន័យល្អ ហើយចាប់ចុងចួនត្រឹមត្រូវ! សូមឱ្យជោគជ័យ ហើយក៏ជូនពរឱ្យល្បីណា៎!”
«កាបូបលុយ»ជាប់ចំណាត់ថ្នាក់លេខ៣! ខែ មិថុនា 9, 2009
Posted by ផ្កាយNovels in ដំណឹងផ្សេងៗ, រឿងខ្លី.4 comments
រាល់ថ្ងៃមិនដឹងថាគេចាត់ទុកខ្ញុំជាមិត្តភក្តិឬអត់ ព្រោះមានដំណឹងល្អៗបែបនេះគេមិនដែលនិយាយប្រាប់ខ្ញុំសោះ ទាល់តែខ្ញុំដឹងដោយខ្លួនឯង ទើបគេប្រាប់ជាក្រោយ។ បើថាទូរស័ព្ទថ្លៃ ផ្ញើសារមិនកើត ទូរស័ព្ទមិនចេញ ទាក់ទងប្រាប់ព័ត៌មានតាមអ៊ីមែលក៏បានដែរ។
រឿង«កាបូបលុយ» ដែលជាស្នាដៃនិពន្ធរបស់យុវអ្នកនិពន្ធខ្មែរ សុខ ចាន់ផល ហើយដែលខ្ញុំធ្លាប់យកមកផ្សាយនៅទីនេះម្តងរួចមកហើយនោះ នៅពេលនេះបានទទួលចំណាត់ថ្នាក់លេខ៣ ពីការចូលរួមប្រកួតប្រជែងសរសេររឿងខ្លីរបស់សមាគមអក្សរសិល្ប៍នូហាច។
ខ្ញុំបានទទួលដំណឹងនេះដោយចៃដន្យប៉ុណ្ណោះ! គឺនៅពេលខ្ញុំបានចូលទៅមើលក្នុងវ៉ិបសាយរបស់សមាគមអក្សរសិល្ប៍នូហាច ក៏ប្រទះឃើញការជូនដំណឹងនៅទីនេះ។
«ស្នេហាសុភាពបុរស» ចេញផ្សាយឆាប់ៗនេះ! ខែ មីនា 29, 2009
Posted by រចនា in ដំណឹងផ្សេងៗ.7 comments

ចេញផ្សាយពី “ ឥន្ទធនូ” ឆាប់ៗនេះ!
ពិធីបិទសន្និសីទអ្នកនិពន្ធអក្សរសិល្ស៍ប្រទេសទាំងបី កម្ពុជា-វៀតណាម-ឡាវ លើកទី២ ខែ កុម្ភៈ 24, 2009
Posted by រចនា in ដំណឹងផ្សេងៗ.11 comments
ពិធីបិទសន្និសីទអ្នកនិពន្ធអក្សរសិល្ស៍ប្រទេសទាំងបី កម្ពុជា-វៀតណាម-ឡាវ លើកទី២ ប្រារព្ធធ្វើឡើងនៅសណ្ឋាគារ ភ្នំពេញ កាលពីល្ងាចថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០០៩ កន្លងទៅនេះ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី។ ពិធីនេះក៏មានការចូលរួមផងដែរពី សមាជិកសមាគមអ្នកនិពន្ធខ្មែរ សមាជិកសមាគមអ្នកនិពន្ធវៀតណាម សមាជិកសមាគមអ្នកនិពន្ធឡាវ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ជ័យលាភីសម្រាប់ពានរង្វាន់ទន្លេមេគង្គលើកទីពីរនេះបានទៅលើ អ្នកនិពន្ធខ្មែរ ៥រូប, អ្នកនិពន្ធវៀតណាម ៤រូប និងអ្នកនិពន្ធឡាវ ៣រូប។ សម្រាប់អ្នកនិពន្ធខ្មែរដែលបានជាប់ពានរង្វាន់លើកនេះរួមមាន៖
ផ្នែកកំណាព្យ
១. ស៊ីម ពណ្ណរាយ
២. ព ចាន់ពី
៣. ពៅ ពិសិដ្ឋ
ផ្នែករឿងខ្លី
១. ឈុន ចំរើន
២. កៅ សីហា
ចំណុចដែលគួរឱ្យកត់សម្គាល់ដែរនោះគឺថា អ្នកនិពន្ធបរទេសជាជ័យលាភីទាំង ៧រូបសុទ្ធតែមានវ័យចំណាស់ៗ ខុសពីអ្នកនិពន្ធខ្មែរដែលមានវ័យក្មេងៗ ហើយភាគច្រើនមានអាយុមិនលើសពី ៣០ឆ្នាំផងទេ៕
អង្គពិធី
រចនា និង បងសារុន
ហេ៎! ញញឹមមួយមើល៍!
រចនា និង អ្នកនិពន្ធឡាវ
អ្នកគ្រូ ប៉ាល់ វណ្ណារីរក្ស និងបងនិមល
លោក អ៊ែល ប៊ុណ្ណា និងបងស៊ុនហួរ
បក្សីស សត្វល្អិត កុលាប
និស្សិតអក្សរសាស្ត្រខ្មែរថតរូបអនុស្សាវរីយ៍ជាមួយឯកឧត្តម ជ័យ ចាប
ថតរូបជាមួយឯកឧត្តម ជ័យ ចាប
បងដេននី បងនិមល រចនា និង បងស៊ុនហួរ

_________________
