“ ឈាមពេជ្រ” ខែ កក្កដា 18, 2009
Posted by រចនា in ចម្រៀង.Tags: ចម្រៀង
5 comments
រីករាយជាមួយនឹងបទចម្រៀងថ្មីពី ឆន សុវណ្ណរាជ «ឈាមពេជ្រ»។
បទនេះនិពន្ធទំនុកច្រៀងដោយលោក សុខ ចាន់ផល
ឈាមពេជ្រ ដោយ ឆន សុវណ្ណរាជ
និពន្ធដោយ សុខ ចាន់ផល
គយគន់ដួងខែ នឹកស្រែនឹកស្រុកកំណើត យប់ដប់ប្រាំកើត
សង្វេគគិតដល់មាតា ក្រោមមេឃតែមួយ កូនព្រួយខ្លាចម៉ែឯកា
ម៉ែនឿយយ៉ាងណា ស្រីង៉ាប្អូនថែម៉ែទេ?
សំបុកឥតបា លោកាកូនមានតែម៉ែ ម៉ែគឺដួងខែ
រះក្បែររូបកូនទាំងទ្វេ ផ្ទះខ្ទមកម្សត់ កត់បទម៉ែច្រៀងបំពេ
ម៉ែលក់ស្រែកេរ ឱ្យកូនបន្តសិក្សា។
(បន្ទរ ១) វិថីវែងឆ្ងាយ ឈាមម្ដាយក្លាយជាទឹកប៊ិក
ញើសម៉ែដូចពេជ្រ រំលេចក្រងខ្សែវាសនា ទោះព្យុះបោកខ្លាំង
ម៉ែបាំងប្រឆាំងទេវតា ម៉ែប្រាប់កូនថា កូនប្រុសសម្លឹងឱ្យឆ្ងាយ។
សកលវិទ្យាល័យ និស្ស័យនិស្សិតនៅវត្ត មើលខ្លួនចិត្តឃាត់
ឃុំឃាំងបេះដូងក្នុងកាយ តស៊ូប្រាំឆ្នាំ ចងចាំបណ្ដាំអ្នកម្ដាយ
បរិញ្ញានៅឆ្ងាយ ខ្ញុំត្រូវខ្វល់ខ្វាយសិក្សា។
(បន្ទរ ២) វិថីវែងឆ្ងាយ ឈាមម្ដាយក្លាយជាទឹកប៊ិក
ញើសម៉ែដូចពេជ្រ រំលេចក្រងខ្សែវាសនា ទោះព្យុះបោកខ្លាំង
ម៉ែបាំងប្រឆាំងទេវតា កូនតាំងចិត្តថា យកបរិញ្ញាជូនម៉ែ។
ឱ! ក្ដីបំណង ម៉ែប៉ងក្លាយជាការពិត រនោចជីវិត ផ្លាស់ខ្នើតព្រោះមានព្រះខែ
កូនក្លាយជាគ្រូ កូនវិលទៅភូមិជួបម៉ែ វិលជាមួយស្នេហ៍ ដែលកូនថែចិត្តជាយូរ
ទៅអភិវឌ្ឍ វិស័យអប់រំស្រុកស្រែ វិលជាមួយស្នេហ៍ ទៅថែអ្នកម៉ែមានគុណ..
