យុត្តិធម៌ ខែ វិច្ឆិកា 20, 2009
Posted by ចាន់ផល in រឿងខ្លី.3 comments
នេះគឺរឿង «យុត្តិធម៌» ដែលខ្ញុំធ្លាប់ប្រាប់ថានឹងដាក់ជូនអាន! ខ្ញុំសរសេរជាតួអង្គមនុស្សស្រីលើកទីមួយ ហេតុនេះនៅពេលអានចប់សូមជួយបញ្ចេញយោបល់ផងណា៎! ចង់ដឹងថា តើអ្នកទាំងអស់គ្នាយល់យ៉ាងម៉េចដែរ ចំពោះរឿងនេះ?
យុវអ្នកនិពន្ធខ្មែរ ដើម្បីប្រជាជនខ្មែរចូលចិត្តអានសៀវភៅ!
សូមអញ្ជើញអ្នកស្រលាញ់អក្សរសាស្រ្ដទាំងអស់ចូលរួមជាមួយយើងខ្ញុំ!
យុត្តិធម៌
និពន្ធដោយ សុខ ចាន់ផល
អ្នកដឹងទេ ជួនកាលមនុស្សបែរជាខ្លាចយុត្តិធម៌ដែលគេផ្ដល់ឲ្យខ្លួន? យុត្តិធម៌ត្រឡប់ជាធ្វើឲ្យខ្ញុំអាម៉ាស់មុខ និងយល់ថាខ្លួនឯងខ្វះឋានៈក្នុងនាមជាមនុស្សទៅវិញ។
កាលពីមុនខ្ញុំជាកូនស្រីម្នាក់រស់តាមលំអានចាស់ទុំ ខំរៀនរៀបកិរិយា សម្ដីសំដៅឲ្យល្អឥតខ្ចោះ។ បន្ទាប់មកខ្ញុំក្លាយជាភរិយាម្នាក់…
ខ្ញុំប្រហែលចាប់ផ្ដើមស្រលាញ់ស្វាមីខ្ញុំកាលថ្ងៃរៀបការនោះហើយ។ ពួកយើងគឺជាគូស្វាមីភរិយាដ៏ក្មេងខ្ចី ទុកដាក់ដោយអ្នកមានគុណ។ ខ្ញុំលួចសម្លឹងស្នាមញញឹមរបស់ប្ដីខ្ញុំដោយចិត្តរំភើប ព្រោះខ្លួនអាចក្លាយជាមនុស្សស្និទ្ធស្នាលជាងគេរបស់គាត់។ ម្តាយខ្ញុំប្រាប់ខ្ញុំថា ប្ដីខ្ញុំជាសុភាពបុរស មិនធ្លាប់មានសង្សារ មិនចេះដើរលេងល្បែងស្រីស្រា ក៏គឺជាបុរសក្នុងក្ដីស្រម៉ៃរបស់នារីផងទាំងពួង។
ក្រោយពីរៀបការប្ដីប្រពន្ធយើងរស់នៅក្នុងផ្ទះដ៏ប្រណីតមួយ។ ខ្ញុំក្លាយខ្លួនជាមេផ្ទះ និងបានរកឃើញនូវអារម្មណ៍ដ៏មានសុភមង្គលថ្មីមួយ។ កាលណោះពេលវេលាកន្លងទៅជាមួយដួងចិត្តរំភើបជាប់ជានិច្ច។ ការទង្ទឹងចាំផ្លូវប្ដីត្រឡប់មកពីធ្វើការនៅតែជាអារម្មណ៍ដែលខ្ញុំអាល័យ។ ទោះយ៉ាងណាតើមានរឿងល្ខោនណាដែលមិនចេះចប់នោះ? មិនយូរប៉ុន្មានជីវិតខ្ញុំក៏ដើរដល់ផ្លូវបត់មួយទៀត។
រៀបការបានប្រាំឆ្នាំហើយ ខ្ញុំនៅតែមិនទាន់មានកូនម្នាក់។ ម្ដាយខ្ញុំប្រាប់ខ្ញុំជារឿយៗថា ឲ្យខ្ញុំប្រញាប់មានកូន ព្រោះមានតែកូនប៉ុណ្ណោះទើបអាចចងជើងប្ដីបាន។ ខ្ញុំប្រាប់គាត់វិញថា ប្ដីខ្ញុំមិនដូចគេទេ។ រួចខ្ញុំសើច។ បន្ទាប់មកខ្ញុំយកសម្ដីគាត់មកគិតម្ដងទៀត។ មនុស្សពីរនាក់គេងលើគ្រែជាមួយគ្នារាល់ថ្ងៃ ហេតុអ្វីត្រូវរកមធ្យោបាយចងជើងគ្នាទៀត?
សម្ដីម្ដាយខ្ញុំផ្ដេសផ្ដាសមែន ប៉ុន្តែពេលមួយនោះមកដល់ខ្ញុំក្លាយជាមានអារម្មណ៍ផ្ដេសផ្ដាសជាងសម្ដីនោះទៅទៀត។ ថ្ងៃមួយប្ដីខ្ញុំត្រឡប់មកផ្ទះយឺត។ គាត់សម្លឹងមុខខ្ញុំយ៉ាងមុត រួចក៏បែរខ្នងនិយាយថា «បងចង់លែង គ្នាជាមួយអូន…»
ខ្ញុំមិនធ្លាប់ឮប្ដីខ្ញុំចេះនិយាយលេងទេ តែខ្ញុំបែរជាគិតថា គាត់និយាយលេងជាមួយខ្ញុំ។ និយាយពាក្យឆ្កួតនោះរួច គាត់ដើរចេញពីផ្ទះ ហើយបើកឡានចេញទៅក្រៅបាត់។ ពេញមួយយប់ខ្ញុំនៅក្នុងផ្ទះម្នាក់ឯង ទាំងដេកគិតរហូត ថាខ្លួនឯងកំពុងតែយល់សប្តិ។ យ៉ាងណាទោះជាពេលថ្ងៃរះហើយក៏ខ្ញុំនៅតែយល់សប្តិមិនភ្ញាក់។ ថ្ងៃនោះព្រះអាទិត្យរះបានមួយភ្លែត មេឃក៏ស្រាប់តែធ្លាក់ភ្លៀង។ ភ្លៀងរលឹមដល់ពេលបាយថ្ងៃត្រង់ទើបឈប់។ ខ្ញុំមើលទៅព្រះអាទិត្យដ៏ភ្លឺថ្លា រង់ចាំប្ដីខ្ញុំមកពិសាបាយថ្ងៃត្រង់។ ប៉ុន្តែមិនឃើញគាត់មកសោះ។
មួយថ្ងៃត្រូវបានកន្លងផុតទៅទៀត តែខ្ញុំនៅតែមានអារម្មណ៍ដូចសុបិន។ ខ្ញុំនៅតែរៀបចំម្ហូបបាយរង់ចាំប្ដីខ្ញុំដដែល ហើយពេលបាយថ្ងៃត្រង់ក៏ឃើញគាត់មកដល់មែន។ ខ្ញុំរត់ទៅទទួលគាត់តាមទម្លាប់ រួចដើរតាមគាត់ចូលទៅក្នុងផ្ទះ។ គាត់អត់មាននិយាយអ្វីរកខ្ញុំទេ រួចក៏ស្រាប់តែហុចសឺមីមួយឲ្យមកខ្ញុំ។ ខ្ញុំដកក្រដាសពីក្នុងសឺមីនោះមកមើល រួចរអិលខ្លួនដួលទៅលើឥដ្ឋ របូតក្រដាសពីដៃ…
«សូមអូនជួយចុះហេត្ថលេខាលើក្រដាសនេះទៅ!»
ផែនទ្រូងខ្ញុំញ័ររញ្ជួយ ខ្លួនអង្គុយធ្មឹងដូចមនុស្សខូចសតិ។ ប្ដីខ្ញុំនិយាយមកខ្ញុំតិចៗថា «សូមទោស! បើអូនមានសំណូមពរអ្វី ប្រាប់បងមក៍! អ្វីក៏ដោយ បើបងមានលទ្ធភាព បងនឹងធ្វើឲ្យអូន!»
«តើជាសុបិនមែនទេ?» ខ្ញុំនិយាយទាំងមិនហ៊ានមើលមុខគាត់។
«ជាពេលដែលយើងភ្ញាក់ពីសុបិនទៅវិញទេ! យើងសុបិនធ្វើជាប្ដីប្រពន្ធអស់ប្រាំឆ្នាំហើយ… ពេលនេះយើងភ្ញាក់ហើយ! យើងបានចំណាយពេលប្រាំឆ្នាំដោយគ្មានន័យ…»
ហេតុអ្វីចំណាយពេលប្រាំឆ្នាំដោយគ្មានន័យ? ខ្ញុំចាប់ផ្ដើមស្រក់ទឹកភ្នែកដូចទឹកភ្លៀង។ ហេតុអ្វី? ខ្ញុំខំរកនឹករឿងរ៉ាវប្រាំឆ្នាំកន្លង គិតថាហេតុអ្វីក៏គ្មានន័យ។ ខ្ញុំសួរប្ដីខ្ញុំថា «តើព្រោះអូនគ្មានកូនមែនទេ?»
គាត់គ្រវីក្បាល ហើយឆ្លើយថា «យើងមិនអាចមានកូនបានទេ ព្រោះយើងគ្មានស្នេហាជាមួយគ្នា។»
«ហេតុអ្វី? ហេតុអ្វីយើងត្រូវលែងគ្នា បងប្រាប់ខ្ញុំផង!» ខ្ញុំទទូចសួរគាត់។
នៅទ្រឹងមួយស្របក់ ទើបគាត់ឆ្លើយថា «កន្លងមកខ្ញុំមិនដែលស្រលាញ់នាងទេ។ មង្គលការរបស់ពួកយើងគឺរៀបចំដោយចាស់ទុំ។ ខ្ញុំដឹងថានាងក៏ដូចខ្ញុំ។ ពួកយើងគឺជាកូនដែលស្ដាប់បង្គាប់ និងគឺជាមនុស្សរស់ក្នុងដួងចិត្តអ្នកដទៃ។ ធាតុពិតពិភពលោកនេះធំណាស់ សោតឯជីវិតមនុស្សបែរជាខ្លី… ពេលនេះខ្ញុំចង់ដើរក្នុងពិភពលោកដ៏ធំនេះ ដោយពាក់ស្បែកជើងដែលទិញដោយខ្លួនឯង។ យើងមិនអាចធ្វើឲ្យមនុស្សគ្រប់គ្នាពេញចិត្តយើងនោះទេ ហេតុអ្វីក៏យើងមិនធ្វើដើម្បីខ្លួនឯង?»
ប្ដីខ្ញុំបានដើរចេញពីជីវិតខ្ញុំដោយគ្មានថ្ងៃត្រឡប់។ ខ្ញុំយំ… យំរហូតថ្ងៃនិងយប់កន្លងផុតទៅ ក៏ខ្ញុំនៅតែយំ។ ប្ដីខ្ញុំមិនធ្លាប់ស្រលាញ់ខ្ញុំ តែខ្ញុំបែរជាស្រលាញ់គាត់ខ្លាំងហួសថ្លែង។ ជីវិតប្ដីប្រពន្ធប្រាំឆ្នាំគឺជាអនុស្សាវរីយ៍របស់ខ្ញុំតែម្នាក់ប៉ុណ្ណោះ។ តើស្នាមញញឹមដែលគាត់ធ្លាប់ផ្ដល់ឲ្យខ្ញុំកន្លងមកគឺជាទុក្ខព្រួយរបស់គាត់ឬ? ខ្លួនប្រាណដែលធ្លាប់តែស្និទ្ធស្នាលនឹងគ្នា តើមិនមែនជាខ្លួនប្រាណរបស់គាត់ទេមែនទេ?
ខ្ញុំដេកគិតហូរទឹកភ្នែកអស់បីថ្ងៃ ក៏សម្រេចចិត្តទៅផ្ទះឪពុកម្តាយក្មេករបស់ខ្ញុំ។ បីថ្ងៃនេះខ្ញុំដឹងថាខ្លួនឯងមិនអាចរស់ដោយគ្មានប្ដីខ្ញុំបានឡើយ។ ខ្ញុំសង្ឃឹមថាឪពុកម្ដាយក្មេកខ្ញុំអាចជួយខ្ញុំបាន។ លុះទៅដល់ក៏ឃើញឡានប្ដីខ្ញុំចតនៅទីនោះដែរ។ ខ្ញុំដើរចូលទៅក្នុងផ្ទះទាំងភ័យផងអរផង។ ឮសំឡេងឪពុកក្មេកខ្ញុំខ្លាំងៗ កំពុងខឹងច្រឡោតប្ដីខ្ញុំ ព្រោះគាត់បានយករឿងសុំខ្ញុំលែងគ្នាទៅជម្រាប។ ខ្ញុំឈរស្ដាប់ពីក្រៅ «អ្ហែងកំពុងឆ្កួតមែនទេ? ម៉េចក៏អ្ហែងក្លាយជាអ៊ីចឹង?»
ប្ដីខ្ញុំមិនធ្លាប់តមាត់ឪពុកទេ តែពេលនោះគាត់ផ្លាស់ប្ដូរអស់ «ខ្ញុំគិតរួចហើយ ថាប៉ាម៉ាក់និងញាតិមិត្តគ្រប់គ្នាប្រាកដជាថាខ្ញុំឆ្កួត… តាំងពីតូចមក៍ក្នុងភ្នែកអ្នកទាំងអស់គ្នាយល់ថាខ្ញុំគឺជាកូនដ៏ស្ដាប់បង្គាប់ ជាមនុស្សដ៏ចេះដឹង។ ខ្ញុំធ្វើកូនល្អ ធ្វើមនុស្សចេះដឹងយូរហើយ។ ហេតុអីខ្ញុំត្រូវរស់នៅដើម្បីអ្នកទាំងអស់គ្នា? ខ្ញុំតែងតែធ្វើឲ្យប៉ាម៉ាក់សប្បាយចិត្ត ហេតុអ្វីប៉ាម៉ាក់មិនធ្វើឲ្យខ្ញុំសប្បាយចិត្តផង?»
«អ្ហែងប្រាប់អញមក៍ ហេតុអីអ្ហែងចង់លែងប្រពន្ធ?» ឪពុកក្មេកខ្ញុំសម្លុតសួរគាត់។
«តើពេលប៉ាទៅដណ្ដឹងប្រពន្ធឲ្យខ្ញុំ ប៉ាមានសួរចិត្តខ្ញុំទេ? ខ្ញុំរៀបការជាមួយមនុស្សស្រីដែលប៉ាម៉ាក់ស្រលាញ់ មិនមែនខ្ញុំស្រលាញ់ទេ។ យ៉ាងណាខ្ញុំនៅតែខំកសាងគ្រួសារមួយ ដើម្បីឲ្យប៉ាម៉ាក់សប្បាយចិត្ត។ ពេលវេលាកន្លងមកល្មមគ្រប់គ្រាន់ហើយ… ពេលនេះខ្ញុំចង់មានជីវិតថ្មី… គឺខ្ញុំបានស្គាល់នារីម្នាក់ ដែលជាអ្នកប្រាប់ឲ្យខ្ញុំភ្ញាក់ខ្លួនថា គ្រប់យ៉ាងដែលខ្ញុំធ្លាប់ធ្វើគឺសម្ដែងល្ខោន…»
ឮសម្ដីនេះទើបខ្ញុំដឹងពីមូលហេតុដែលគាត់ចង់លែងលះខ្ញុំពិតប្រាកដ។ ឪពុកក្មេកខ្ញុំស្រែកឲ្យគាត់ថា «អាចង្រៃ! តាមពិតអ្ហែងមានស្រី! ហេតុអីអញមានកូនបែបនេះ?»
ប្ដីខ្ញុំតបថា «ចាប់ពីពេលនេះទៅ ខ្ញុំសូមរស់នៅដើម្បីខ្លួនឯងម្ដង តើបានទេ?»
ខ្ញុំរឹតតែស្រណោះខ្លួនខ្លាំង ពេលឮឪពុកក្មេកខ្ញុំស្ដីឲ្យប្ដីខ្ញុំថា «ចុះប្រពន្ធអ្ហែងនាងធ្វើអីខុស? នាងស្រលាញ់អ្ហែងខ្លាំងប៉ុណ្ណា អ្ហែងក៏ដឹង… នៅសុខៗអ្ហែងបែរជាសុំលែងនាង តើនាងមានអារម្មណ៍យ៉ាងណា? ប្រពន្ធអ្ហែងគឺជាកុលស្រ្តីពិត ហេតុអីបែរជាមកជួបប្តីដូចជាអ្ហែង? បើអ្ហែងទុកអញជាឪពុក ត្រូវតែឈប់ទាក់ទងជាមួយស្រីនោះ ហើយទៅសុំទោសប្រពន្ធអ្ហែងវិញ! អ្ហែងត្រូវផ្ដល់យុត្តិធម៌ឲ្យនាង»
«ហេតុអី្វខ្ញុំត្រូវផ្តល់យុត្តិធម៌ឲ្យនាង?»
ស្តាប់ដល់ពាក្យយុត្តិធម៌នេះ ខ្ញុំក៏យកដៃជូតទឹកភ្នែក រួចរត់ទៅផ្ទះខ្ញុំវិញ។ តើស្ថិតក្នុងស្ថានភាពដូចជាខ្ញុំនេះ អាចមានយុត្តិធម៌ដែរទេ?
សូមជួយឆ្លើយសំណួររបស់នាងផង!
តែងនៅថ្ងៃទី ២១ មិថុនា ២០០៨
ជូនដំណឹងដល់ យុវអ្នកនិពន្ធខ្មែរ ខែ វិច្ឆិកា 17, 2009
Posted by ចាន់ផល in ដំណឹងផ្សេងៗ.14 comments
កាលពីប៉ុន្មាននាទីមុននេះ… (ធ្វើឱ្យផ្លូវការបន្តិច) ខ្ញុំមានអារម្មណ៍ហេលហាលខ្លាំងណាស់ មិនដឹងធ្វើអ្នកនិពន្ធធ្វើអីទេ តែក្រោយមកខ្ញុំក៏ជជែកលេងជាមួយ កញ្ញា ច័ន្ទ មល្លិកា ដែលគាត់បានលើកយកគំនិតចង់ធ្វើសៀវភៅជាមួយក្រុមយុវអ្នកនិពន្ធខ្មែរយើងមកនិយាយ។ មែនហើយ! អារម្មណ៍ហេលហាលរបស់ខ្ញុំអាចកើតមកពីមិនបានធ្វើអីមានប្រយោជន៍ នាពេលកន្លងមកនេះ។ ហេតុនេះខ្ញុំក៏ជជែកវែកញែកពីគោលបំណងរបស់ក្រុមយុវអ្នកនិពន្ធខ្មែរពួកយើងជាមួយគាត់ ហើយគាត់ក៏សួរថា តើពួកយើងពេលនេះមានប៉ុន្មាននាក់។
សេចក្ដីជូនដំណឹងមួយនេះ គឺខ្ញុំចង់ជម្រាបដល់សមាជិកយើងទាំងអស់ថា ពួកយើងដែលរវល់ជាមួយការងាររៀងៗខ្លួន គួរតែលៃពេលវេលារៀបចំក្រុមមួយនេះជាថ្មីម្ដងទៀត ហើយបើឯកភាពក៏សុំបញ្ចេញវិចារប្រាប់ផង ក៏ដូចជាសមាជិកថ្មីៗទាំងអស់ ក៏ដូចជាកូនខ្មែរដែលស្រលាញ់អក្សរសាស្រ្តជាតិយើងទាំងអស់ សូមអញ្ជើញមកចូលរួមក្រុមពួកយើង ដើម្បីអាចធ្វើការងាររួមគ្នាលើវិស័យដែលយើងស្រលាញ់នេះ។
ប្រសិនបើមានការគាំទ្រពីបងប្អូនទាំងអស់គ្នា ខ្ញុំជាមួយនឹង កញ្ញា ច័ន្ទ មល្លិកា នឹងរៀបចំការប្រជុំមួយនាពេលឆាប់ៗនេះ!
បញ្ជាក់៖ ខ្ញុំចង់ដំណើរការការងារនេះឆាប់ៗ ហេតុនេះសូមបង្ហាញចំណាប់អារម្មណ៍របស់លោកអ្នកដល់ខ្ញុំឆាប់ៗផង នឹងអាលខ្ញុំគិតគូរជាមួយ កញ្ញា ច័ន្ទ មល្លិកា បន្ត ប៉ុន្តែបើជូនដំណឹងហើយ ស្ងាត់បាត់ជ្រាប ព្រោះគ្មានអ្នកណាចាប់អារម្មណ៍ ខ្ញុំមានតែខ្មាសគេហើយ។ នេះគឺអាសដ្ឋានម៉ែលរបស់ខ្ញុំ chanphalsok@yahoo.com មិនមែនប្រកាសរាប់អានមិត្តអីទេ គឺបើលោកអ្នកចង់ចូលរួមក្នុងក្រុម យុវអ្នកនិពន្ធខ្មែរ អាចវិចារនៅក្នុងប្រកាសនេះក៏បាន ឬក៏អាចផ្ញើម៉ែលប្រាប់ខ្ញុំក៏បាន។
សូមអរគុណជាអនេក!
តំណែងស្នេហ៍រាជិនី ខែ វិច្ឆិកា 7, 2009
Posted by រចនា in រឿងខ្លី.5 comments
សេចក្តីស្រឡាញ់ជាអ្វី?(១) ជាស្នេហាឬ? ជាការលះបង់? លះបង់អ្វី? ពេលវេលា និងអាយុជីវិត?… ជួនកាលយើងស្រឡាញ់គេ តែគេមិនស្រឡាញ់យើងវិញ មានពេលខ្លះគេស្រឡាញ់យើង ប៉ុន្តែយើងពុំស្រឡាញ់គេវិញក៏មាន។ សេចក្តីស្រឡាញ់គឺចង់ឱ្យមនុស្សដែលយើងស្រឡាញ់ទទួលបាននូវសេចក្តីសុខ ទោះបីជាគេមានក្តីសុខជាមួយបុគ្គលទី៣ ក៏យើងនៅតែស្រឡាញ់គេដែរ… បើយើងស្រឡាញ់គេពពិតប្រាកដមែន យើងគ្មានសិទ្ធិបៀតបៀនគេថែមទៀត… បើមិនដូច្នេះមានន័យថាយើងពុំស្រឡាញ់គេពិតនោះទេ។ គ្រប់អ្វីទាំងអស់របស់មនុស្សដែលយើងស្រឡាញ់ គឺជាទីស្រឡាញ់របស់យើង។ អំពើល្អរបស់គេគួរឱ្យសរសើរ គោរពស្រឡាញ់ ឯអំពីអាក្រក់របស់គេនោះគឺគួរឱ្យអាណិតអាសូរ និងចង់ជួយកែប្រែ។ យើងស្រឡាញ់នរណាម្នាក់មិនសង្ឃឹមរំពឹងថាចង់បានអ្វីពីគេមកវិញ ឬចង់ផ្តល់អ្វីឱ្យគេនោះក៏ទេដែរ គឺចង់មានន័យថាបន្ទាប់ពីយើងទាំងពីរជួបជុំគ្នា អ្វីៗត្រូវបានផ្លាស់ប្តូរ ចំណុចទន់ខ្សោយខ្វះខាត នឹងត្រូវបានកែប្រែនិងបំពេញឱ្យបានល្អប្រសើរឡើង។ ជីវិតរបស់អ្នករស់នៅមិនយូរប៉ុន្មានទេ ចូរស្រឡាញ់មនុស្សដែលស្រឡាញ់អ្នក។ សូមចងចាំថា ជីវិតរបស់អ្នកមិនប៉ុន្មានយូរនោះទេ តើអ្នកមានពេលវេលាឯណាទៅស្រឡាញ់មនុស្សដែលមិនស្រឡាញ់អ្នកនោះ?…
