ចុងបញ្ចប់ នៃ បេះដូងរាបស្មើ ខែ តុលា 28, 2009
Posted by បូរាណ in រឿងខ្លី.trackback
…មួយឆ្នាំក្រោយមក ខ្ញុំក៏បានសម្រេចចិត្តរៀបការជាមួយភ័ក្ត្រា។ មនុស្សទីមួយដែលខ្ញុំត្រូវអញ្ជើញ មកចូលរួមថ្ងៃរៀបការរបស់ពួកខ្ញុំ គឺជារូបរជនី។ មិនមែនមកពីខ្ញុំចង់បញ្ឈឺចិត្តនាងទេ ព្រោះខ្ញុំដឹងច្បាស់ថា គ្មានថ្ងៃដែលនាងអាចឈឺចិត្តដោយសារតែរូបខ្ញុំឡើយ ប៉ុន្តែមកពីរូបនាងគឺជានារីដែលខ្ញុំស្រលាញ់ និងព្រមទាំងជាមិត្តល្អរបស់ភ័ក្ត្រាទៀត ទើបខ្ញុំចង់ឲ្យនាងមកចូលរួម ជូនពរថ្ងៃល្អរបស់ពួកខ្ញុំ។ ទោះយ៉ាងណាខ្ញុំនៅតែដឹងខ្លួនថា ខ្លួនឯងនៅតែមិនអាចបំភ្លេចរូបរជនីបានឡើយ។ ខ្ញុំខំបំភ្លេចនាងណាស់ តែខំបំភ្លេចនាងគឺព្រោះខ្ញុំមិនអាចបំភ្លេចនាង។ បើទោះបីជាខ្ញុំរៀបការជាមួយភ័ក្ត្រា ក៏ក្នុងមួយជីវិតនេះស្រមោលរបស់រជនីមិនអាចរលត់ពីបេះដូងខ្ញុំបានដែរ ហើយភ័ក្ត្រាក៏នៅតែមិនអាចជំនួសតំណែងរបស់រជនីជារៀងរហូត។ ប៉ុន្តែហេតុអ្វីក៏ខ្ញុំព្រមរៀបការ ជាមួយភ័ក្ត្រា? ហេតុផលមានពីរ ទីមួយពីព្រោះភ័ក្ត្រាស្រលាញ់ខ្ញុំ ឯទីពីរពីព្រោះខ្ញុំចង់ស្រលាញ់នារីដែលស្រលាញ់ខ្ញុំ ជាជាងស្រលាញ់នារីដែលខ្ញុំស្រលាញ់តែម្ខាង។
រឿងហេតុនៅលើលោកនេះរមែងប្រែប្រួលមិនទៀង តែមនុស្សគង់នៅអាចស្វែងយល់បាន។ ប៉ុន្តែដួងចិត្តមនុស្សដែលគ្មានរូបរាងទាល់តែសោះ ពិតជារកយល់មិនបានឡើយ។ តើមនុស្សនៅជុំវិញខ្លួនខ្ញុំពួកគេកំពុងតែគិតអ្វីខ្លះទៅ? តើនៅលើលោកនេះមានមនុស្សប៉ុន្មាននាក់ ដែលជ្រើសរើសការរស់នៅ បែកគ្នាពីមនុស្សដែលខ្លួនស្រលាញ់អស់មួយជីវិតនោះ? ហើយតើស្នេហាពិតបរិសុទ្ធគឺជាការប្រាថ្នា ឬក៏ជាការលះបង់? សំណួរទាំងអស់នេះបានផុសឡើងក្នុងថ្ងៃដែលខ្ញុំនិងភ័ក្ត្រាយកលិខិតអញ្ជើញអាពាហ៍ពិពាហ៍ ទៅផ្ទះរបស់រជនី។ ពេលនោះរជនីមិននៅផ្ទះទេ គឺនៅតែម្តាយរបស់នាងដែលកំពុងតែរវល់ធ្វើម្ហូប។ ហេតុនេះភ័ក្ត្រាក៏ចូលទៅផ្ទះបាយជួយធ្វើម្ហូបគាត់ ចំណែកឯខ្ញុំវិញក៏ដើរទៅលេងក្នុងសួនច្បារខាងមុខផ្ទះនោះតែម្នាក់ឯង។ ហេតុការណ៍ទាំងអម្បាលម៉ានហាក់ដូចជាបានរៀបចំទុក ដើម្បីឲ្យខ្ញុំបានដើរទៅឃើញយន្តហោះក្រដាសមួយ ដែលជ្រុះកប់នៅក្នុងដើមផ្កាដ៏ស៊ុបទ្រុបមួយគុម្ពនៅក្នុងសួនផ្កានោះ។ គ្រាន់តែបានឃើញយន្តហោះក្រដាសនោះភ្លាម ខ្ញុំស្រាប់តែកើតអារម្មណ៍សង្វេគប្លែក។ ចិត្តខ្ញុំស្រែកទាមទារចង់រើសយន្តហោះនោះមកមើលដោយអន្ទះសា។ វាប្រាកដជាយន្តហោះដែលបត់ដោយដៃរជនីផ្ទាល់ ព្រោះនៅស្លាបម្ខាងដែលខ្ញុំមើលឃើញ គឺមានសរសេរឈ្មោះរបស់នាង ទាំងមានគូររូបបេះដូងព័ទ្ធជុំវិញផង។ ប៉ុន្តែនៅស្លាបម្ខាងទៀតដែលកប់បាំងទៅក្នុងស្លឹកផ្កាបាត់នោះ ខ្ញុំមិនអាចមើលដឹងថា តើនាងសរសេរឬក៏គូររូបអ្វីនោះទេ។ ខ្ញុំក៏លូកដៃចាប់រើសយន្តហោះក្រដាសនោះ មកមើលស្លាបម្ខាងទៀតរបស់វា… ដួងចិត្តខ្ញុំហាក់ដូចជាត្រូវតួអក្សរប៉ុន្មានតួនៅស្លាបម្ខាងទៀតនៃយន្តហោះនោះ ធ្វើឲ្យស្រឡាំងកាំងអស់ សោតឯបេះដូងខ្ញុំក៏ចាប់ផ្តើមលោតញាប់រន្ថាន់ តាមកម្សួលដួងចិត្តដ៏សែនតក់ស្លុត។ តួអក្សរទាំងនោះផ្គុំបានឈ្មោះមួយម៉ាត់ ហើយក៏មានគូររូបបេះដូងព័ទ្ធជុំវិញ ដូចគ្នានឹងឈ្មោះរបស់រជនីនៅស្លាបយន្តហោះម្ខាងទៀតអ៊ីចឹង។ ឱ! តើកែវភ្នែករបស់ខ្ញុំស្រវាំង ឬក៏ខួរក្បាលខ្ញុំប្រាប់ខុស? តើនេះគឺជាឈ្មោះរបស់ខ្ញុំឬក៏មិនមែន?
ចៃដន្យខណៈនោះស្រាប់តែរជនីជិះម៉ូតូចូលមកដល់។ កែវភ្នែករបស់នាងទាំងសង គិតតែសម្លឹងមកយន្តហោះក្រដាសនៅជាប់នឹងដៃខ្ញុំគ្មានប្រិច។ ទឹកមុខដ៏ស្រគត់ស្រគំរបស់នាង បានអង្រួនបេះដូងខ្ញុំឲ្យចុកចាប់ដូចមុតបន្លា រីឯពន្លឺភ្នែកដ៏ស្រទន់របស់នាង ហាក់បានបញ្ចេញអត្ថន័យអាថ៌កំបាំងទាំងឡាយពីក្នុងដួងចិត្ត ប្រាប់ខ្ញុំគ្មានសល់ ហើយទឹកភ្នែកដ៏ថ្លាយង់ជាច្រើនតំណក់របស់នាង ក៏ស្រក់ចុះនៅចំពោះមុខខ្ញុំ…៕
មីនា ២០០៧

និពន្ធបានល្អ
នេះគ្រាន់តែសង្ខេបរឺ? ជក់ចិត្តដល់ហើយ ចង់ដឹងសាច់រៀងណឹង មេចក៏ម្នាក់ណឹងគិតថារជនីមិនស្រលាញ់ខ្លួន? រឺក៏ជាការលះបង់របស់នាង?
បានអានរួចហើយនៅប្រកាសមុន
រីករាយអបអរ ថ្ងៃដ៏បវរ ថ្ងៃបុណ្យជាតិខ្មែរ
ថ្ងៃបុណ្យអុំទូក សំពះព្រះខែ ជាថ្ងៃដៃលខ្មែរ
ទទួលជោគជ័យ។
សូមពួកទេវៈ អារុកអារក្ស ព្រមទាំងឥស្សី
ជួយថែរក្សា ដែនដីបុរី ព្រមទាំងអ្នកថ្លៃ
បានសេចក្ដីសុខ។
រកស៊ីមានបាន មានដល់សណ្ដាន តរៀងទៅមុខ
កុំអោយជួបភ័យ កុំអោយជួបទុក្ខ តរៀងទៅមុខ
ស្គាល់តែសប្បាយ។