រឿងមួយនៃ កំណត់ហេតុស្នេហ៍ ខែ តុលា 16, 2009
Posted by khmeryouthwriters in រឿងខ្លី.trackback
ស្ងាត់ដល់ហើយ! ចាំអានវគ្គបន្ត «ថ្ងៃកំណើត» របស់អាចម៍ផ្កាយ ក៏មិនឃើញដាក់! អ៊ីចឹងទេ កុំឱ្យអផ្សុក អានរឿងមួយនៃសៀវភៅ កំណត់ហេតុស្នេហ៍ សិនទៅ ព្រោះដាក់បង្ហាញក្របសៀវភៅយូរហើយ តែមិនធ្លាប់ដាក់ជូនអាន…

បេះដូងរាបស្មើ
ដោយ សុខ ចាន់ផល
ក្នុងពេលដែលខ្ញុំកំពុងតែនឹកនារីម្នាក់ខ្លាំងបំផុតនោះ ខ្ញុំបែរជាដឹងថា មាននារីម្នាក់ផ្សេងទៀតកំពុងតែនឹកខ្ញុំខ្លាំងបំផុតដូចគ្នា។ នៅក្នុងលោកនេះ តើមានយុត្តិធម៌ដែរទេ? ខ្ញុំមិនអាចធ្វើឲ្យនារីដែលខ្ញុំនឹក កើតចិត្តនឹកសងខ្ញុំវិញទេ ប៉ុន្តែខ្ញុំក៏មិនអាចឈប់នឹកនាងបានដែរ ហើយខ្ញុំបានត្រឹមតែអាណិតនារីម្នាក់ទៀត ដែលខំនឹកខ្ញុំតែប៉ុណ្ណោះ។ ស្នេហាគឺជាចិត្តលំអៀងគ្មានយុត្តិធម៌សោះ រីឯរឿងមនោសញ្ចេតនារឹតតែគ្មានច្បាប់កំណត់ទៅទៀត។ ទំនាក់ទំនងរបស់ពួកយើងទាំងបីនាក់កើតឡើងនៅក្នុងពេលតែមួយ។ ពួកយើងគឺជាមិត្តនឹងគ្នាតាំងតែពីវិទ្យាល័យរហូតដល់សាកលវិទ្យាល័យ។ រជនីនិងភ័ក្ត្រាសុទ្ធតែជានារី ដែលមានរូបសម្ផស្សស្រស់ស្អាតដូចគ្នា។ ខុសប្លែកគ្នាត្រង់រជនីមានអត្តចរិតហ្មត់ចត់ស្ងៀមស្ងាត់ តែភ័ក្ត្រាមានអត្តចរិតរួសរាយរាក់ទាក់។ អាចនិយាយបានថា ពួកគេទាំងពីរនាក់សុទ្ធតែមានគុណសម្បត្តិរៀងខ្លួន ប៉ុន្តែនៅក្នុងឆ្នាំទីមួយនៃមហាវិទ្យាល័យ ខ្ញុំក៏បានដឹងខ្លួនថា ចិត្តខ្ញុំចាប់ផ្តើមលួចស្រលាញ់រជនីទៅហើយ។
រយៈកាលដែលយើងទាំងបីនាក់រៀននៅក្នុងថ្នាក់រៀនតែមួយ និងបានជួបមុខគ្នាស្ទើរតែរៀងរាល់ថ្ងៃនោះ មនោសញ្ចេតនារបស់ខ្ញុំចំពោះរជនី រឹងរឹតតែរីកដុះដាលគ្រប់វិនាទី។ កាលណោះខ្ញុំមានអារម្មណ៍ថា ស្នេហារបស់ខ្ញុំប្រៀបដូចជាខ្យល់ ដែលជានិច្ចកាលតែងតែរសាត់ប៉ះខ្លួនប្រាណខ្ញុំ តែបែរជាខ្ញុំមិនអាចចាប់យកខ្យល់នោះមករក្សាទុកជាប់ខ្លួនបានទៅវិញ។ រៀននៅក្នុងបន្ទប់រៀនតែមួយ តែខ្ញុំបានត្រឹមតែលួចសម្លឹងនាងពីចម្ងាយ។ ជួនកាលបើនាងមករៀនយឺតពេលបន្តិច បេះដូងខ្ញុំក៏ក្លាយជាក្តុកក្តួល ខ្លាចមួយថ្ងៃត្រូវកន្លងផុតទៅដោយមិនបានឃើញរូបនាង។ ក្តីស្នេហាដែលផុសចេញពីមិត្តភាពបែបនេះ ហាក់បានកែប្រែទំនាក់ទំនងដ៏ស្និទ្ធស្នាលរវាងខ្ញុំនិងរជនី ឲ្យក្លាយទៅជាមនុស្សពីរនាក់ ដែលមិនធ្លាប់បានស្គាល់គ្នាសោះទៅវិញ។ មនោសញ្ចេតនាចាស់ផ្លាស់ប្រែ ហាក់ដូចជាទើបតែចាប់ផ្តើមសាជាថ្មី។ ដួងចិត្តរាប់អានដ៏បរិសុទ្ធ ដែលធ្លាប់តែមានកន្លងមក ក៏បានប្រែក្លាយទៅជាដួងចិត្តទាមទារឲ្យនាងចាប់អារម្មណ៍លើខ្ញុំ និងស្រលាញ់ខ្ញុំ ដូចខ្ញុំស្រលាញ់នាង ទាល់តែធ្វើឲ្យខ្ញុំក្លាយជាអៀនប្រៀន រកនិយាយជាមួយនាងលែងសម។ ប៉ុន្តែខ្ញុំក៏ដឹងថា អារម្មណ៍របស់រជនីលើរូបខ្ញុំ គ្មានប្រែប្រួលសោះ ពោលគឺខ្ញុំនៅតែមានឋានៈជាមិត្តធម្មតារបស់នាងដដែល។
ទំហំស្នេហ៍ដ៏ធំធេងប្រៀបដូចផ្ទៃទឹកសមុទ្រដែលរកកំណត់ឱ្យច្បាស់មិនបានរបស់ខ្ញុំលើរជនី ជំរុញឲ្យខ្ញុំគិតថា បើខ្ញុំស្រលាញ់នាង បើខ្ញុំនឹកនាង ខ្ញុំត្រូវតែប្រាប់នាង តែបើនៅតែមិនសម្តែងអារម្មណ៍ចេញមកឲ្យនាងបានដឹង តើក្តីស្រលាញ់និងក្តីនឹករឭករបស់ខ្ញុំនេះមានន័យអ្វីទៅ? ខ្ញុំចង់ប្រាប់នាងខ្លាំងណាស់ថា សព្វថ្ងៃនេះនៅក្នុងអារម្មណ៍ខ្ញុំ មានតែរូបនាងគ្រប់ដង្ហើមចេញចូល។ ពេលថ្ងៃរូបនាងប្រៀបដូចពន្លឺព្រះអាទិត្យ ដែលចាំងរស្មីឲ្យខ្ញុំកក់ក្តៅ។ ពេលយប់រូបនាងប្រៀបដូចពន្លឺព្រះចន្ទប្រកបដោយរស្មីភ្លឺស្រទន់ ជួយស្អំបេះដូងខ្ញុំឲ្យមានសង្ឃឹម ហើយបើទោះជានៅក្នុងយប់រនោច រូបនាងក៏នៅតែប្រៀបបានពន្លឺផ្កាយមួយដួងដ៏ភ្លឺជាងគេ ដែលស្ម័គ្រចិត្តរះកំដរជីវិតកំព្រារបស់ខ្ញុំគ្រប់រាត្រីកាល។ ខ្ញុំចង់ប្រាប់នាងទៀតថា ពេលណាមេឃភ្លៀងខ្ញុំតែងសម្លឹងមើលភ្លៀង ដោយចាត់ទុកតំណក់ទឹកភ្លៀងគឺជារូបនាង សោតឯសំឡេងទឹកភ្លៀងគឺជាចម្រៀង ដែលនាងច្រៀងបំពេខ្ញុំ។ ប៉ុន្តែឃ្លាចុងក្រោយបង្អស់ខ្ញុំនឹងប្រាប់នាងថា រូបឧបមាទាំងអស់នោះគ្រាន់តែជារឿងកុហកខ្លួនឯងរបស់ខ្ញុំ ដើម្បីឲ្យជីវិតខ្ញុំអាចស្រមៃថា កំពុងមានរូបនាងនៅក្បែរតែប៉ុណ្ណោះ។ បើសិនជាមានរូបនាងនៅក្បែរខ្លួនខ្ញុំរាល់ថ្ងៃ នោះជីវិតខ្ញុំនឹងលែងត្រូវការអ្វីទាំងអស់។ បាននៅក្បែររជនី ទោះបីជាធាតុអាកាសក្តៅដូចនៅវាលខ្សាច់សាហារ៉ា ក៏ជីវិតខ្ញុំនៅតែត្រជាក់ ទោះបីជាធាតុអាកាសត្រជាក់ដូចនៅតំបន់ប៉ូល ក៏ជីវិតខ្ញុំនៅតែកក់ក្តៅជានិច្ច។ ទោះយ៉ាងណាពាក្យពេចន៍ទាំងប៉ុន្មាននេះ នៅតែកប់ក្នុងដួងចិត្តដ៏ងងឹតសូន្យសុងរបស់ខ្ញុំរហូត។ ខ្ញុំបានត្រឹមបង្ហាញការស្រលាញ់ និងការយកចិត្តទុកដាក់លើរូបនាង តាមរយៈកាយវិការតែប៉ុណ្ណោះ។ ទង្វើគ្រប់យ៉ាងរបស់ខ្ញុំសុទ្ធតែប្រាថ្នាការយល់ចិត្តពីនាង ប៉ុន្តែតបស្នងមកវិញ រជនីបែរជានិយាយដាក់ខ្ញុំថា «ហេតុអ្វីក៏រាជឯងធ្វើល្អដាក់ខ្ញុំចម្លែកម្ល៉េះ? ឈប់ធ្វើល្អដាក់ខ្ញុំអ៊ីចឹងទៀតទៅ!»
ខ្ញុំដឹងថានាងពិតជាយល់ពីអ្វី ដែលខ្ញុំចង់បញ្ជាក់ប្រាប់នាង តែនាងកំពុងតែព្យាយាមធ្វើជាល្ងង់មិនយល់ ហើយដំណាលគ្នានឹងខ្ញុំកំពុងតែសម្តែងក្តីស្រលាញ់ប្រាប់រជនីនោះ ខ្ញុំក៏មើលដឹងថា ភ័ក្ត្រាក៏កំពុងតែសម្តែងក្តីស្រលាញ់របស់នាងលើរូបខ្ញុំដែរ។ ដួងចិត្តដែលស្ទើរតែរបួសព្រោះស្នេហាទៅហើយ ដល់ពេលបានឃើញកែវភ្នែករបស់ភ័ក្ត្រាសម្លឹងខ្ញុំ ខ្ញុំសែនអាណិតនាងពន់ពេក។ ខ្ញុំគ្មានចិត្តស្រលាញ់នាងសោះ។ ខ្ញុំអាណិតនាង ព្រោះខ្លួនឯងមិនអាចផ្តល់ស្នេហាឲ្យនាងបាន អាណិតនាងព្រោះនាងមកស្រលាញ់មនុស្សម្នាក់ ដែលគេមិនស្រលាញ់នាង។
ចាប់តាំងពីពេលនោះមក គ្រប់ពេលដែលបេះដូងដ៏ស្លោកស្រពោនរបស់ខ្ញុំនឹករជនីខ្លាំងប៉ុណ្ណា បេះដូងនោះក៏តែងតែនឹកអាណិតបេះដូងរបស់ភ័ក្ត្រាប៉ុណ្ណោះដែរ និងដោយសារតែខ្ញុំស្គាល់អារម្មណ៍ដែលនៅពេលមនុស្សជាទីស្រលាញ់ព្រងើយដាក់ខ្លួន ថាឈឺចាប់ប៉ុណ្ណានោះ ខ្ញុំក៏ខំធ្វើខ្លួនរាក់ទាក់ភ័ក្ត្រា គ្រប់គ្រាដែលខ្ញុំបានជួបនាង បំណងខ្លាចនាងឈឺចាប់ដោយសារខ្ញុំ។ ព្រោះតែហេតុនេះហើយ ភ័ក្ត្រាបែរជាគិតថាខ្ញុំស្រលាញ់នាងទៅវិញ។ នាងមើលមិនយល់ថា មនុស្សដែលខ្ញុំស្រលាញ់ពិតប្រាកដ គឺជារូបរជនី មិត្តភក្តិរបស់នាង សោះ។ នៅចំពោះមុខរជនី នាងរឹតតែសម្តែងភាពស្និទ្ធស្នាលជាមួយរូបខ្ញុំទ្វេឡើង។ ចំណែកឯរជនីវិញ ទោះបីជាបានឃើញខ្ញុំនិងភ័ក្ត្រាស្និទ្ធស្នាលនឹងគ្នាយ៉ាងណា ក៏នាងនៅតែធ្វើឫកបែបវាហី។ ឃើញឫកពាព្រងើយកន្តើយរបស់រជនី ដែលហាក់ចង់បញ្ជាក់ថា នាងគ្មានចាប់អារម្មណ៍អ្វី ចំពោះទំនាក់ទំនងរវាងខ្ញុំនិងភ័ក្ត្រាសោះយ៉ាងនេះ ខ្ញុំក៏ក្លាយជាចង់ធ្វើអ្វីម្យ៉ាងដើម្បីផ្គើននាង។ ពេលនោះខ្ញុំក៏បានណាត់ភ័ក្ត្រាទៅមើលកុនជាមួយខ្ញុំ រួចធ្វើជាបបួលនាងជាក្រោយ ប៉ុន្តែក៏ត្រូវនាងបកសម្តីឲ្យខ្ញុំឆ្អែតចិត្តវិញថា «ខ្ញុំមិនចង់ទៅធ្វើឆ្អឹងទទឹងកអ្នកទាំងពីរទេ!»
ពាក្យពេចន៍របស់រជនីមួយឃ្លានេះ ធ្វើឲ្យបេះដូងខ្ញុំសំងំពួនយំ សម្រក់ទឹកភ្នែកនៅក្នុងប្រអប់ទ្រូងដ៏ចង្អៀតឯកា រកហាថ្លែងប្រាប់អ្នកណាក៏មិនបាន។ ទោះបីខ្ញុំចង់បញ្ឈឺចិត្តនាង ដែលធ្វើឫកព្រងើយដាក់ខ្ញុំ… ទោះបីខ្ញុំចង់ធ្វើឲ្យនាងឃើញថា រូបខ្ញុំនេះមិនអន់ទេ… មិនខ្វះស្រីស្រលាញ់ខ្ញុំទេ… ប៉ុន្តែលទ្ធផលដែលខ្ញុំទទួលបានមកវិញ គឺនាងនៅតែគ្មានចាប់អារម្មណ៍លើអ្វី ដែលខ្ញុំខំធ្វើបន្តិចសោះ។ ទង្វើរបស់ខ្ញុំទាំងប៉ុន្មាននៅក្នុងកែវភ្នែកនាង សុទ្ធតែជារឿងគ្មានន័យទាំងអស់។ ទឹកមុខរបស់នាងក្នុងពេលសម្លឹងខ្ញុំ ហាក់ដូចជាចង់និយាយបញ្ជាក់ ប្រាប់ឲ្យខ្ញុំដឹងថា រវាងពួកយើងទាំងពីរនាក់គឺជាអ្នកក្រៅសុទ្ធសាធ។
ពេលវេលាកន្លងផុតទៅសែនរហ័សណាស់ ប៉ុន្តែបេះដូងដ៏ក្រៀម ស្លោកមិនអាចប្រើអំណាចពេលវេលា ដែលដើរទៅមុខមិនឈប់នោះមកផ្លាស់ប្រែបានឡើយ។ ចិត្តស្នេហាភក្តីនៅតែគ្មានរូបរាង ចិត្តក្តៅរោលរាលនៅតែមិនអាចឈ្នះចិត្តត្រជាក់ស្ងប់ ប៉ុន្តែចិត្តអាណិតបែរជាអាចធ្វើឲ្យខ្ញុំ ប្រព្រឹត្តកំហុសឆ្គងដោយអចេតនាទៅវិញ។ នៅក្នុងឆ្នាំទីបួននៃមហាវិទ្យាល័យ ក្នុងក្រសែភ្នែកមនុស្សគ្រប់គ្នាយល់ថា ខ្ញុំនិងភ័ក្ត្រាជាគូសង្សារនឹងគ្នា ហើយសូម្បីតែរូបភ័ក្ត្រាផ្ទាល់ក៏បានចាត់ទុករូបខ្ញុំជាសង្សាររបស់នាងដែរ។ ប៉ុន្តែរឿងពិតគឺមានតែខ្លួនខ្ញុំម្នាក់គត់ ដែលដឹងថាខ្លួនឯងកំពុងតែធ្វើអ្វី និងកំពុងតែគិតអ្វីពិតប្រាកដ។ ខ្ញុំមិនអាចឈប់ស្រលាញ់រជនីបានទេ បើទោះជាភ័ក្ត្រាខំធ្វើល្អដាក់រូបខ្ញុំយ៉ាងណាក៏ដោយ។ ពេលខ្លះខ្ញុំមានអារម្មណ៍ថា ខ្លួនឯងកំពុងតែសម្តែងជាតួអង្គម្នាក់ ដែលមិនមែនជាខ្លួនឯង និងដូចជាមនុស្សម្នាក់ដែលកំពុងតែដើរវង្វេងផ្លូវ តែបែរជានៅតែដើរបន្តទៅមុខទៀតដោយគ្មានគោលដៅ។ ខ្ញុំមិនបានស្រលាញ់ភ័ក្ត្រាទាល់តែសោះ តែខ្ញុំបែរជាអាងលើពាក្យថាអាណិតនាង ដើម្បីបោកប្រាសមនោសញ្ចេតនារបស់នាងអស់ពេលយ៉ាងយូរទៅវិញ។ ខ្ញុំដឹងថាខ្លួនឯងកំពុងតែសាងអំពើបាបក្នុងចិត្តបុណ្យហើយ ព្រោះបើទោះជាខ្ញុំមិនធ្លាប់និយាយប្រាប់ភ័ក្ត្រាថា ខ្ញុំស្រលាញ់នាងក៏ពិតមែន តែទង្វើនៃការយកចិត្តទុកដាក់របស់ខ្ញុំចំពោះរូបនាង គឺក៏ល្មមអាចធ្វើឲ្យនាងកាត់យល់ដោយច្រឡំថា ខ្ញុំស្រលាញ់នាងដែរ។
សម្ព័ន្ធភាពដែលអូសបន្លាយ ក្នុងមនោសញ្ចេតនាច្របូកច្របល់អស់រយៈពេលបួនឆ្នាំ ទីបំផុតក៏ត្រូវឈានដល់ដំណាក់កាលចុងក្រោយ ដែលពេលវេលាជាអ្នកគាបសង្កត់ដួងចិត្តខ្ញុំ ធ្វើឲ្យរូបខ្ញុំស្ទើរតែក្លាយទៅជាមនុស្សវិកលចរិត។ នឹកដល់ពេលប្រលងបញ្ចប់បរិញ្ញាបត្រ ស្រមៃដល់ពេលវេលានៅក្រោយថ្ងៃប្រលង អារម្មណ៍ខ្ញុំក្លាយជាវិលវល់ រួចចេះតែស្រែកសួរខ្លួនឯងថា តើជីវិតខ្ញុំជិតបែកពីរូបរជនីហើយមែនទេ? ទោះបីជាពេលវេលាកន្លងមក រជនីមិនស្រលាញ់ខ្ញុំ តើវាយ៉ាងម៉េច? បើចិត្តខ្ញុំនៅតែស្រលាញ់នាងនោះ? រៀងរាល់ថ្ងៃទោះបីពួកយើងគ្រាន់តែជាមិត្តរួមថ្នាក់ ក៏ខ្ញុំគ្រាន់បានឃើញមុខរបស់នាងដែរ តែបើពួកយើងលែងបានរៀនជាមួយគ្នាវិញនោះ គឺសូម្បីតែសំឡេងរបស់នាង ក៏ខ្ញុំមិនអាចឮបានផង។ ឱ! តើទំនាក់ទំនងរវាងខ្ញុំនិងរជនី គឺគ្រាន់តែជារឿងគ្មានន័យឬ? ទំនាក់ទំនងពួកយើងទាំងពីរនាក់គួរតែជានិស្ស័យតាក់តែងចារឲ្យខ្ញុំបានជួបនាង រួចធ្វើឲ្យពួកយើងបានរាប់អានគ្នា រហូតដល់ចុងក្រោយធ្វើឲ្យខ្ញុំដឹងថា នាងគឺជានារីតែម្នាក់ដែលខ្ញុំត្រូវការរស់នៅក្បែរអស់មួយជីវិត។ តើស្នេហាស្មោះអស់រយៈពេលបួនឆ្នាំ បែរជាត្រូវមកកាត់ចិត្ត ឃ្លាតពីគ្នាត្រឹមតែមួយប៉ប្រិចភ្នែកឬ? តើស្នេហាដ៏បរិសុទ្ធមួយនេះ បានត្រឹមលួចស្រលាញ់ តែចុងក្រោយត្រូវទទួលយកសំណកបេះដូងរបស់ខ្លួនឯងមកវិញ តើមែនទេ? ឱ! រជនីដែលខ្ញុំស្រលាញ់! ខ្ញុំរកយល់ចិត្តនាងមិនបានសោះ។ ដួងចិត្តនាងហាក់ដូចជាស្ងួតស្ងប់គ្មានចេះរំភើបអ្វីឡើយ។ បើសិនជានាងមានសង្សារ ឬគូកំណាន់ចិត្តហើយ ក៏អាចជាហេតុផលធ្វើឲ្យខ្ញុំកាត់ចិត្តពីនាងដែរ។ ប៉ុន្តែនាងគ្មានពាក់ព័ន្ធស្នេហាជាមួយនរណាទាំងអស់ ចុះហេតុអ្វីក៏នាងមិនព្រមរវីរវល់នឹងក្តីស្រលាញ់របស់ខ្ញុំ? បេះដូងនាងត្រជាក់ដូចជាបឹងទឹកកក និងល្ហល្ហេវដូចជាលំហមេឃ រកយល់មិនបាន ស្មានមិនត្រូវ។
ថ្ងៃមួយនៅមុនពេលចូលរៀន ភ័ក្ត្រាឈរនៅខាងមុខថ្នាក់រៀនជាមួយខ្ញុំ។ ភ្នែកទាំងគូរបស់នាងសម្លឹងទៅរករបងសាកលវិទ្យាល័យ ជាមួយនឹងអារម្មណ៍អណ្ដែតត្រសែត។ នាងនិយាយទាំងមិនងាកមើលមុខខ្ញុំថា «ថ្ងៃនេះជាថ្ងៃចុងក្រោយរបស់ថ្នាក់រៀនយើងហើយ ក៏ជាថ្ងៃចុងក្រោយ ដែលយើងទាំងពីរនាក់រៀនជាមួយគ្នាដែរ។ ពួកយើងពិតជាជិតបែកគ្នាហើយ! តើ…តើពេលណា…ទើបរាជចូលស្តីដណ្ដឹងខ្ញុំ?»
ឮសម្តីរបស់នាង ខ្ញុំបានត្រឹមឈរធ្មឹង រកពាក្យនិយាយតបទៅវិញមិនបាន។ ខ្ញុំពិតជាមិនអាចនិយាយការពិតប្រាប់នាងថា ខ្ញុំមិនស្រលាញ់នាងកើតទេ ហើយខ្ញុំក៏គ្មានវិធីអ្វី អាចបកស្រាយការយល់ច្រឡំមនោសញ្ចេតនារវាងខ្ញុំនិងនាងបានដែរ។ គ្រានោះខ្ញុំមិនឆ្លើយសំណួររបស់ភ័ក្ត្រាមួយនេះទេ។ ខ្ញុំរកពាក្យបង្វែរសាច់រឿង «តោះ ដល់ម៉ោងចូលរៀនហើយ!» អារម្មណ៍របស់ភ័ក្ត្រាដែលខ្លាចបែកពីខ្ញុំយ៉ាងម៉េច ក៏ប្រាកដជាមិនខុសពីអារម្មណ៍របស់ខ្ញុំ ដែលខ្លាចបែកពីរជនីយ៉ាងនោះដែរ។ ទំហំនៃអារម្មណ៍ខ្លាចមួយនេះ ខ្ញុំយល់ពេកណាស់។ ប៉ុន្តែហេតុអ្វីក៏មនុស្សតែងតែខ្លាចបែកពីអ្នក ដែលគេចង់បែកពីខ្លួនទៅវិញ?
នៅក្នុងបន្ទប់រៀន ដែលជាថ្ងៃចុងក្រោយនៃរយៈពេលបួនឆ្នាំសម្រាប់ថ្នាក់បរិញ្ញាបត្ររបស់ខ្ញុំ មិត្តរួមថ្នាក់ទាំងអស់តម្រូវឲ្យនិស្សិតណាចេះច្រៀង ឡើងច្រៀងទុកជាអនុស្សាវរីយ៍។ កាលនោះខ្ញុំក៏បានឡើងច្រៀងទម្លាយអារម្មណ៍ខ្លួនឯងមួយបទ គឺបទ “ បេះដូងរាបស្មើ” ។ រជនីគឺជានារីនៅក្នុងអត្ថន័យបទចម្រៀងនេះ។ ពេលកំពុងច្រៀង ខ្ញុំតែងសម្លឹងទៅនាងជាញឹកញាប់។ ទឹកមុខរបស់រជនីញញឹមជាប់ដូចគ្មានគិតពីអ្វីទាំងអស់។ ដល់ពេលខ្ញុំច្រៀងចប់ ខ្ញុំព្យាយាមសម្លឹងចំពន្លឺភ្នែករបស់នាង ក្នុងបំណងបញ្ជាក់ប្រាប់នាងថា ខ្ញុំច្រៀងចម្រៀងមួយបទនេះដើម្បីឲ្យរូបនាងស្តាប់ជាពិសេស ប៉ុន្តែនាងមិនបានទទួលក្រសែភ្នែកខ្ញុំទេ។ នាងបែរជាខំគេចេញពីភ្នែករបស់ខ្ញុំមួយរំពេច។
ក្រោយពេលប្រឡងចប់មួយថ្ងៃ មិត្តរួមជំនាន់ទាំងអស់ក៏បានធ្វើដំណើរកំសាន្តទៅលេងឆ្នេរសមុទ្រក្រុងព្រះសីហនុ។ វេលាដែលបានមកដល់រថយន្ត អារម្មណ៍ខ្ញុំគិតតែព្រួយខ្លាចរជនីមិនមក បើទោះជាភ័ក្ត្រាបានប្រាប់ខ្ញុំរួចហើយ ថារជនីប្រាកដជានឹងមកជាមួយនាងក៏ដោយ។ លុះពេលដែលរថយន្តចេញដំណើរ ខ្ញុំអង្គុយក្បែរភ័ក្ត្រា តែភ្នែកនិងដួងចិត្តនៅជាប់តែរូបរជនី។ ខ្ញុំអង្គុយសម្លឹងនាងបណ្ដើរ គិតបណ្ដើរថា បើរវាងខ្ញុំនិងនាងនៅប្រឈមមុខតែពាក្យពីរម៉ាត់ គឺជួបឬព្រាត់នោះ ហេតុអ្វីក៏ខ្ញុំមិនព្រមតាំងចិត្តឲ្យក្លាហាន ត្រៀមប្រឈមមុខនឹងពាក្យពីរម៉ាត់នេះទៅ? ខ្ញុំត្រូវតែសួរនាងឲ្យច្បាស់លាស់ ក្រែងអាចធ្វើឲ្យដួងចិត្តធូរស្រាល គ្រាន់បើជាងនៅរស់រីងរៃ មិនដឹងថាត្រូវរស់ធ្វើអ្វីដូចសព្វថ្ងៃនេះ។
នៅពេលព្រលប់ព្រះអាទិត្យរៀបអស្តង្គត រជនីដើរតែម្នាក់ឯងតាម ឆ្នេរសមុទ្រ ហាក់ទុកឱកាសឲ្យខ្ញុំបានដើរទៅជួបនាងតែពីរនាក់។ ខ្ញុំដើរទៅរកនាងនៅចំពោះមុខមិត្តភ័ក្តិទាំងអស់ ព្រោះខ្ញុំចង់បញ្ជាក់ឲ្យគេគ្រប់គ្នាដឹងច្បាស់ថា រូបខ្ញុំនេះស្រលាញ់រជនីជាយូរមកហើយ។ កុំឲ្យពួកគេយល់ច្រឡំលើទំនាក់ទំនាក់រវាងខ្ញុំនិងភ័ក្ត្រាទៀត។ ពេលឃើញខ្ញុំដើរទៅរកនាង រជនីសម្លឹងមើលខ្ញុំស្ទើរគ្មានប៉ប្រិចភ្នែក។ អំណាចនៃពន្លឺកែវភ្នែករបស់នាង មានឥទ្ធិពលលើសលប់លើវិញ្ញាណស្មារតីរបស់ខ្ញុំ។ ពេលនោះសូម្បីតែខ្យល់និងសំឡេងទឹករលក ក៏ត្រចៀកខ្ញុំស្តាប់លែងឮ។ បេះដូងខ្ញុំលោតចង្វាក់ឃ្លេងឃ្លោងដូចជារលកសមុទ្រ តែអណ្ដាតដ៏រឹងកំព្រឹសនៅតែខំគ្រលៀសទាំងត្រដរថា «តើរជនីដឹងទេ ថាហេតុអ្វីបានជាថ្ងៃមុនខ្ញុំឡើងច្រៀងបទបេះដូងរាបស្មើ?» រជនីឱនមុខចុះ គ្មានតបអ្វីមកខ្ញុំឡើយ ទាល់តែខ្ញុំនិយាយទៅនាងទៀត «មនុស្សដែលមានបេះដូងរាបស្មើនោះគឺជារូបរជនីហ្នឹងហើយ! បេះដូងរបស់រជនីរាបស្មើដូចជាឆ្នេរខ្សាច់ ដែលរជនីកំពុងតែជាន់នេះអ៊ីចឹង… គឺជាបេះដូងមួយដែលគ្មានក្តីលំអៀង… គ្មានក្តីអាណិត… គ្មានក្តីស្រលាញ់…!» ក្នុងវេលានោះព្រះអាទិត្យជះរស្មីទៅក្នុងទឹកសមុទ្រឲ្យក្លាយទៅជាពណ៌ក្រហមដូចភ្លើង។ ខ្ញុំក៏បានយកព្រះអាទិត្យមកនិយាយប្រៀបធៀបជាមួយពាក្យក្នុងចិត្តខ្ញុំប្រាប់នាងថា «ព្រះអាទិត្យជិតលិចចោលភពផែនដីហើយ! ចំណែកឯខ្ញុំនិងរជនីក៏ជិតបែកគ្នាដែរ។ ដឹងទេ…ថាខ្ញុំខ្លាចថ្ងៃបែកពីរជនីប៉ុណ្ណា? តើពួកយើងកុំបែកគ្នាបានទេ? រជនីយល់ចិត្តខ្ញុំដែរទេ? ខ្ញុំស្រលាញ់រជនីបួនឆ្នាំហើយ… ហើយពេលនេះខ្ញុំនៅតែស្រលាញ់រជនីដដែល!»
និយាយចប់ ខ្ញុំនៅឈរស្ងៀមចាំមើលប្រតិកម្មរបស់រជនី ហើយទីបំផុតខ្ញុំក៏បានឮនាងនិយាយមកកាន់ខ្ញុំវិញ ក្នុងសំឡេងដ៏ស្ងប់ដូចជាសមុទ្រព្រាត់រលក «ខ្ញុំក៏ដឹងថារាជស្រលាញ់ខ្ញុំដែរ ហើយខ្ញុំក៏ដឹងថារាជធ្វើល្អដាក់ខ្ញុំប៉ុណ្ណាដែរ …តែខ្ញុំវិញមិនស្រលាញ់រាជទេ…! សូមរាជបំភ្លេចខ្ញុំទៅ! កុំចំណាយពេលវេលាចំពោះរូបខ្ញុំឥតប្រយោជន៍ទៀត!» និយាយពាក្យទាំងនេះរួច រជនីក៏ដើរចេញពីខ្ញុំវឹង ដូចខ្លាចខ្ញុំស្រក់ទឹកភ្នែកឲ្យនាងឃើញ។ កូនប្រុសក៏ចេះស្រក់ទឹកភ្នែកដែរ។ ខ្ញុំធ្លាប់ស្រក់ទឹកភ្នែកព្រោះតែរជនីជាច្រើនតំណក់ហើយ មិនមែនទាល់តែបានឮនាងបដិសេធស្នេហ៍ ទើបខ្ញុំស្រក់ទឹកភ្នែកនោះទេ។ ទោះយ៉ាងណាទឹកភ្នែកម្តងនេះហាក់ដូចជាបានលាងអារម្មណ៍ដ៏ល្អក់កកររបស់ខ្ញុំ ឲ្យក្លាយជាស្រស់ថ្លាទៅវិញ។ ខ្ញុំឈរស្មឹងស្មាធិ៍មើលព្រះអាទិត្យលិចចូលទៅក្នុងទឹកសមុទ្រ ដោយបង្ហូរទឹកភ្នែកឲ្យស្រក់អស់ចិត្ត ក្នុងន័យដើម្បីបញ្ចប់ចិត្តស្នេហ៍ដែលគ្មានខ្លឹមសារ ឲ្យលិចបាត់តាមពន្លឺព្រះសុរិយា នាល្ងាចដ៏ឫស្យានោះ។
រឿងមិនទាន់បញ្ចប់

ស្នេហាគឺជាស្អីទៅ! ម្តេចក៏ធ្វើឲ្យខ្ញុំឈឺឡាតែតម្ល៉េះ!
សួស្ដី! រកបានអ្នកដាក់កុំមិនមួយហើយ! ស្ងាត់ណាស់! ម៉េចក៏ស្ងាត់ម្ល៉េះ? គ្មានអ្នកអាន ឬក៏គ្មានអ្នកដាក់កុំមិន?
ស្នេហាគឺជាស្អី គឺស្រេចតែគេថាហ្នឹង ប្រហែលជាគ្មានអ្នកណាដឹងច្បាស់ទេ មើល៍ទៅ!