ថ្ងៃកំណើត(Happy Birthday) ខែ កញ្ញា 21, 2009
Posted by khmeryouthwriters in រឿងខ្លី.1 comment so far
26 July 2009
[00:00:00]
ទីត! ទីត!!!…
សំឡេងសារទូរស័ព្ទលាន់ឡើង…
លំអងភ្លៀង ប្រញាប់ស្រវារចាប់ទូរស័ព្ទដោយក្តីតក់ក្រហល់ ព្រោះនាងស៊ូទ្រាំអត់ងងុយមិនព្រមដេកដោយទន្ទឹងចាំមីសេចនេះយូរមកហើយ។
«រីករាយថ្ងៃកំណើតណ៎ាទេពធីតាតូច! ដោយក្តីស្រឡាញ់^^!»
« / />.</ / »
លំអងភ្លៀង គ្រវែងទូរស័ព្ទព្រូសទៅលើតុ។ នាងធ្វើមុខស្អុយប៉ែហាក់ធុញទ្រាន់នឹងជីវិត នៅពេលអានមីសេចក្នុងទូរស័ព្ទហើយ។ អ្នកដែលផ្ញើមកមិនមែនជានភា សង្សារសំណប់ចិត្តដែលនាងសង្ឃឹមថា គេនឹងផ្ញើសារមកនាងមុនគេ ក្នុងថ្ងៃកំណើតឆ្នាំនេះ។ តែអ្វីដែលនាងរំពឹងទុកប្រែជាខុសស្រឡះទៅវិញ។ មនុស្សទីមួយដែលផ្ញើសារមកជូនពរនាងក្នុងរាត្រីនេះគឺសមុទ្រ បុរសក្នុងត្រកូលអភិជនដែលឪពុកនាងកំពុងផ្គូរផ្គងឲ្យ។
[...]
[06:02:40]
ទីត! ទីត!!!…
«Happy Birthday ស្រីស្អាត! ថ្ងៃកំណើតសុំឲ្យស្វីតៗជាមួយសង្សារណ៎ា! ^O^ »
[06:34:05]
ទីត! ទីត!!!…
« Sook Sun Wan Gerd! សុខភាពល្អ សំណាងល្អ ស្នេហាជោគជ័យ! (*O*)/»
[07:04:45]
ទីត! ទីត!!!…
« Saengil Chukha Hamnida! o_O សូមឲ្យសម្រស់កាន់តែស្អាត ហើយប្រាថ្នាអ្វីក៏បានសម្រេច!»
[07:10:20]
ទីត! ទីត!!!…
« Otanjōbi Omedetō Gozaimasu ^-^;; អាយុ វណ្ណៈ សុខៈ ពលៈ… ទទួលពរហើយកុំភ្លេចសាធុណ៎ា!»
ពេញមួយព្រឹក លំអងភ្លៀងអង្គុយទទួលសារជូនពរពីមិត្តភក្តិ ស្ទើរតែមិនឈ្នះ អស់ពីមួយចូលមួយ មានគ្រប់ភាសា គ្រប់សព្ទសាធុការ។ ប៉ុន្តែនាងពុំដែលសោមនស្សនឹងសារទាំងនោះទេ ព្រោះវាសុទ្ធសឹងជាសារដែលនាងពុំបានទន្ទឹងរង់ចាំ។
[08:00:23]
«អេ៎… មកពីព្រឹកម្ល៉េះថ្ងៃនេះ? ថ្ងៃកំណើតផង ម៉េចមិនសុំច្បាប់ឈប់សម្រាកមួយថ្ងៃទៅ?»
«ខ្ជិលណាស់បង! ឆ្នាំនេះខ្ញុំគិតថាមិនធ្វើអីឲ្យធំដុំទេ គ្រាន់តែក្រោកដាក់បាត្រលោកពីព្រឹកមិញនេះ គិតថាគ្រប់គ្រាន់ហើយ!»
«(_ _^) នែ៎! នែ៎!!… កុំកុហកបងណ៎ា! បើលំអងឯងចង់ទៅឆ្លងឯណាតែពីរនាក់សង្សារ ក៏ប្រាប់បងតាមត្រង់មកណា មិនចាំបាច់លាក់លៀមទេ! បងដឹងអស់ហើយ!^^»
«បងនិយាយបានន័យថាម៉េច? O[]O?»
«មើលចុះ នៅធ្វើពើទៀត! ណ្ហើយបើមិនចង់ប្រាប់ក៏មិនអីដែរ បងទៅធ្វើការហើយណ៎ា!»
«ឈប់សិនបង! ចុះព្រឹកនេះម៉េចមិនឃើញបងនិមលមកធ្វើការអ៊ីចឹង?»
«អូ៎! និមលហ៎? ម៉ោង៩ទើបគេមក ព្រោះព្រឹកនេះគេជាប់រវល់ទៅមើលម៉ាក់គេឈឺនៅមន្ទីរពេទ្យ។»
[09:35:21]
«25 July 2009 [17:26:09] ល្ងាចម៉ោង៥ថ្ងៃស្អែក កុំភ្លេចមកជួបបងនៅសួនច្បារមុខវត្តបទុមណ៎ា ទេពធីតាតូច!^^»
«ស្មានថាភ្លេចហើយតើ មនុស្សស្អីគ្មានបេះដូងសោះអ៊ីចឹង! -_-^»
លំអងភ្លៀងញញឹមចុងមាត់ នៅពេលបើកអ៊ីមែលឃើញនភាផ្ញើមកណាត់ជួបនាង នៅល្ងាចថ្ងៃនេះ មុខវត្តបទុម។
«អេ៎នាងតូច អង្គុយរអ៊ូអីតែម្នាក់ឯងហ្នឹង!??»
«អ្ហូ៎! បងនិមលទេ?! ម៉េចក៏យឺតម្ល៉េះព្រឹកនេះ ម៉ោង៩កន្លះហើយណ៎ា!??»
និមលស្ទាក់ស្ទើរមិនចង់ឆ្លើយ…
«អឺ… គឺ… ថា… បងទៅ… ទៅមើលម៉ាក់បងឈឺនៅមន្ទីរពេទ្យ… ហើយ… ក៏… ក៏បាន… ជ… ជួប…»
«បានជួបអីបង ម៉េចក៏និយាយតតាក់តតុបម្ល៉េះ?»
«អឺ… អត់អីទេ! កុំខ្វល់នឹងរឿងអត់បានការអី នាំគ្នាធ្វើការល្អជាង!»
«ចុះម៉ាក់បងបានធូរគ្រាន់បើហើយមែនទេ? ខ្ញុំគិតថា ចេញពីធ្វើការព្រឹកនេះនឹងឆៀងចូលទៅមើលគាត់ដែរ។»
«អរគុណណ៎ា! តែព្រឹកមិញប្អូនបងបាននាំគាត់ ទៅសម្រាកព្យាបាលនៅឯផ្ទះវិញហើយ ព្រោះនៅផ្ទះមានអ្នកមើលថែបានដិតដល់ជាង។»
[16:35:22]
លំអងភ្លៀង មកអង្គុយចាំនភានៅមុខវត្តបទុមតាំងពីម៉ោង៤កន្លះ។ នាងពាក់អាវយឺតដៃវែងពណ៌ផ្កាឈូក មានជីពកយ៉ាងស្រស់ស្អាត សមនឹងខោខូវបយរឹបរាងតូចច្រឡឹងសមឥតខ្ចោះ។ នាងអង្គុយលើវាលស្មៅក្រោមដើមពោធិ ដៃកាន់ទូរស័ព្ទញញឹមសម្លឹងទៅឆ្ងាយ ហាក់លួចសង្ឃឹមក្នុងចិត្តចំពោះរឿងអ្វីមួយ។
[17:00:00]
ទីត! ទីត!!!…
សំឡេងមីសេចមួយលាន់ឡើង ធ្វើឲ្យលំអងភ្លៀងភ្ញាក់អារម្មណ៍ពីការស្រមើស្រមៃ។ នាងប្រញាប់ចុចទូរស័ព្ទបើកមើល…
«^^ ទៅស្វីតជាមួយគ្នាដល់ណាហើយហ្នឹង? កិកិកិ… សុំឲ្យមានសេចក្តីសុខណ៎ា!»
«(^_^)»
លំអងភ្លៀងញញឹម… គឺបងស្រីនិពន្ធនាយកនៅកន្លែងធ្វើការផ្ញើសារមកនាង។ ក្រោយពីមើលមីសេចហើយ នាងក៏ដឹងថាម៉ោង៥បានចូលមកដល់ហើយ តែម្តេចក៏នៅមិនឃើញនភាមកតាមណាត់អ៊ីចឹង? នភាជាមនុស្សគោរពសន្យា គោរពការណាត់ និងគោរពពេលវេលាណាស់ គេមិនដែលខកខានការណាត់ ឬមកយឺតខុសពេលម្តងណាទេ។
[17:45:32]
លំអងភ្លៀងចាប់ផ្តើមខ្វាយខ្វល់… ម៉ោងជិត៦ហើយនៅមិនទាន់ឃើញ នភាមកជួបតាមការណាត់ទៀត។ នាងចុចទូរស័ព្ទទៅគេជាច្រើនដង តែមិនអាចធ្វើការទាក់ទងបានសោះ។ នាងក្រោកដើរចុះដើរឡើងដោយក្តីតក់ក្រហល់ ហេតុអីក៏គេធ្វើបែបនេះដាក់នាង? (>.<)
[19:05:00]
លំអងភ្លៀង អង្គុយយំយ៉ាងខ្សឹកខ្សួលម្នាក់ឯងក្រោមដើមពោធិ។ មិនគួរណានភាធ្វើបែបនេះដាក់នាងសោះ។ ពីរម៉ោងហើយដែលនាងបានរង់ចាំគេ នាងមិនហត់នឿយនឹងការរង់ចាំទេ នាងនឹងចាំ ចាំគេរហូតដល់នាងប្រាកដក្នុងចិត្តថា គេនឹងមិនមកតាមការណាត់ទេ។ ស្របពេលនឹងទឹកភ្នែកនាងស្រក់ ភ្លៀងក៏បានបង្អុរចុះមកយ៉ាងជោគជាំ។ លំអងភ្លៀងមិនបានរត់រកកន្លែងជ្រកទេ នាងចង់ឲ្យទឹកភ្លៀងជួយលុបបំបាត់ទុក្ខសោកទាំងពួងរបស់នាង និងជាពិសេសចង់ឲ្យទឹកភ្លៀងជួយហូរយកទឹកភ្នែករបស់នាងទៅជាមួយផង។ នាងចូលចិត្តជ្រកនៅក្រោមតំណក់ភ្លៀងបែបនេះជារឿយៗ ព្រោះនឹងគ្មាននរណាម្នាក់ដឹងទេថា នាងកំពុងតែយំ។ TT_TT
[20:00:01]
ម៉ោង៨ ភ្លៀងរាំង ទឹកភ្នែកលំអងភ្លៀងក៏ចាប់ផ្តើមស្ងួត។ នាងខាំបបូរមាត់យ៉ាងមាំ ហើយបើកឡានយ៉ាងលឿនសំដៅផ្ទះ។ នាងអស់ចិត្តនឹងរង់ចាំគេទៀតហើយ! ប្រុសគ្មានបេះដូង! ប្រុសអីក៏ចិត្តអាក្រក់បែបនេះ??? បើជាប់រវល់មកជួបមិនបាន ក៏គួរណាស់តែតេប្រាប់បន្តិចដែរ តែនេះឲ្យគេមកចាំអស់៣ម៉ោងហើយ នៅមិនឃើញស្រមោលអើតមកទៀត!!! T__T
[20:25:05]
មកដល់ផ្ទះ លំអងភ្លៀងឃើញប្រអប់នំខួបកំណើត និងកម្រងផ្កាម្លិះមួយភួងធំទុកនៅលើតុទទួលភ្ញៀវ។ នាងចាប់ភួងម្លិះមកថើបអង្អែលថ្នមៗដោយក្តីសោមនស្ស។
«កូនទើបមកពីណា? ហេតុអីថ្មើរនេះហើយ ទើបមកដល់ផ្ទះ? ដឹងទេក្មួយសមុទ្រគេមកចាំកូនរាប់ម៉ោងហើយណ៎ា!»
«កូនមិនបានប្រាប់គេឲ្យមកចាំកូនឯណា លោកប៉ា? មិនមែនជាកំហុសកូនទេ ទោះគេនៅចាំទល់ភ្លឺក៏កូនមិនឈឺក្បាលដែរ!»
«កូននេះក្បាលរឹងឥតកែទេ! ក្មួយសមុទ្រគេមានសន្តានចិត្ត ដឹងថាថ្ងៃនេះជាថ្ងៃកំណើតរបស់កូន ទើបគេខំទិញផ្កានិងនំខួបកំណើតនេះយកមកផ្ញើកូន តែកូនបែរជាបាត់ខ្លួនទល់ថ្មើរនេះទើបមកដល់។»
«សមុទ្រទៀតហើយហេ៎? ហើយគេដឹងមកពីណា ថាថ្ងៃនេះជាថ្ងៃកំណើតកូន? ហើយនរណាប្រាប់គេថាកូនចូលចិត្តផ្កាម្លិះ? ម៉េចក៏គេចូលចិត្តតាមឆាឆៅជីវិតកូនបែបនេះ???»
លំអងភ្លៀងសម្តែងអាការខឹងក្រេវក្រោធ ហើយគ្រវែងភួងផ្កាម្លិះនិងប្រអប់នំនោះចោលទៅលើឥដ្ឋ។ ប្រអប់នំបែកខ្ចាត់ខ្ចាយ ខ្ទាតគ្រាប់ផ្កាយក្រដាសតូចៗរមៀលចេញមក។ លំអងភ្លៀងស្រឡាំងកាំង នាងអង្គុយចុះយឺតៗចាប់គ្រាប់ផ្កាយពណ៌លឿងតូចៗ ម្តងមួយគ្រាប់ៗរហូតអស់ពីប្រអប់នំ។ ផ្កាយមានទាំងអស់១៧គ្រាប់ គឺស្របគ្នានឹងថ្ងៃនេះដែលជាថ្ងៃគម្រប់ខួបកំណើត១៧ឆ្នាំរបស់នាង។
លំអងភ្លៀងភាន់ភាំង តើសមុទ្របានផ្កាយតូចៗនេះមកពីណា? នាងចាំបានថាផ្កាយតូចៗទាំងនេះគឺនាងជាអ្នកបត់ឲ្យនភា ពេលនាងលួចស្រឡាញ់គេដំបូង។ នាងបត់ក្តីស្រឡាញ់របស់នាងតាមរយៈផ្កាយនេះផ្ញើមកឲ្យនភា ហើយខ្ចប់ទាំងបេះដូងបរិសុទ្ធរបស់ខ្លួនភ្ជាប់មកជាមួយផង។
[21:05:55]
លំអងភ្លៀង ក្រឡេកទៅមើលនំដែលប្រេះបែកជាពីរ តែនៅអាចមើលឃើញអក្សរដែលឆ្លាក់នៅលើនោះយ៉ាងច្បាស់ក្រឡែត។ «រីករាយថ្ងៃកំណើតទេពធីតាតូច! ដោយក្តីស្រឡាញ់^^!»… លំអងភ្លៀងស្ទើរតែគាំងបេះដូងសន្លប់ តើរឿងវាយ៉ាងម៉េច??? ក្រែងរបស់ទាំងនេះសមុទ្រជាអ្នកជូននាងឬ? ចុះម៉េចក៏មានផ្កាយតូចៗទាំងនេះទៅវិញ??? នាងរលីងរលោងទឹកភ្នែក ងាកទៅសួរបញ្ជាក់ពីប៉ារបស់នាង ដែលកំពុងមុខក្រហមនឹងទង្វើរបស់កូនស្រី។
«លោកប៉ា… ក្រែងប៉ាប្រាប់កូនថា នំនិងផ្កានេះ លោកសមុទ្រជាអ្នកជូនកូនមែនទេ?»
«មែនហើយ! បើមិនមែនគេមាននរណាទៀត? បើគេជាអ្នកយកមកទីនេះដោយផ្ទាល់ដៃរបស់គេ! ហ៊ឹះ! ប៉ាលែងរវល់នឹងឯងហើយ!!!»
ពោលរួច ប៉ារបស់លំអងភ្លៀងក៏ឡើងជណ្តើរចូលទៅក្នុងបន្ទប់បាត់ទៅ ទុកឲ្យតូចតន់នៅនឹកសង្ស័យហើយសង្ស័យទៀត ចំពោះរឿងដែលកើតឡើង។ នាងក្រឡេកមើលអក្សរដែលឆ្លាក់នៅលើនំនោះម្តងទៀត…«រីករាយថ្ងៃកំណើតទេពធីតាតូច! ដោយក្តីស្រឡាញ់^^!»។ «ទេពធីតាតូច»!?? មែនហើយ! មានតែមនុស្សម្នាក់តែប៉ុណ្ណោះ ដែលហៅនាងថាទេពធីតាតូច។ គឺនភា! នភាសង្សារដែលនាងស្មោះស្ម័គ្រចំពោះតែគេមួយ។
[21:49:33]
ចុះសារជូនពរពីយប់មិញ? សារជូនពរដំបូងគេដែលផ្ញើមកនាង? ម្តេចក៏សមុទ្រនឹកឃើញហៅគេថា ទេពធីតាតូចដែរ? យប់មិញ! គឺជាមីសេចដែលផ្ញើចេញមកពីលេខទូរស័ព្ទរបស់សមុទ្រច្បាស់ណាស់! នាងមិនច្រឡំទេ!!?
លំអងភ្លៀង ប្រញាប់ចុចរាវរកសារដែលផ្ញើមកនាងកាលពីយប់មិញ ដើម្បីពិនិត្យមើលលេខទូរស័ព្ទម្តងទៀតក្រែងនាងច្រឡំ។ «រីករាយថ្ងៃកំណើតណ៎ាទេពធីតាតូច! ដោយក្តីស្រឡាញ់^^!» សារនេះហើយ ដែលនាងទទួលបាននៅម៉ោង [00:00:00] កាលពីយប់មិញ។ លេខនៅដដែល! ឥតមានខុសទេ គឺជាលេខរបស់សមុទ្រយ៉ាងប្រាកដ។
[22:30:42]
លំអងភ្លៀង ស្រវាចុចទូរស័ព្ទបម្រុងតេទៅសួរសមុទ្រឲ្យដឹងរឿងដឹងរ៉ាវ តែទូរស័ព្ទនាងក៏រោទិ៍ឡើងមុន លេចលេខរបស់សមុទ្រចេញមក។
«អ្នកនាងលំអង! ខ្ញុំមានរឿងមួយចង់ប្រាប់អ្នកនាង!»
«ខ្ញុំក៏កំពុងមានរឿងចង់សួរលោកដូចគ្នា! តើសារពីយប់មិញ នំនិងផ្កានៅថ្ងៃនេះ លោកជាអ្នកផ្ញើជូនខ្ញុំមែនទេ?»
«សារ?… អូ៎… ខ្ញុំនឹកឃើញហើយ! គឺកាលពីយប់មិញ មានអ្នកជម្ងឺរបស់ខ្ញុំម្នាក់បានស្នើសុំខ្ចីទូរស័ព្ទខ្ញុំ ដើម្បីផ្ញើមីសេចជូនពរថ្ងៃខួបកំណើតរបស់សង្សារគេ ហើយខ្ញុំទើបតែដឹងនៅថ្ងៃនេះថា សង្សាររបស់គេនោះគឺជាអ្នកនាង! គេម្នាក់នោះឈ្មោះ…ន… នភា!!!»
ទឹកភ្នែករាប់តំណក់ រមៀលធ្លាក់ចុះមកមួយរំពេច ដូចទឹកបាក់ទំនប់។ តូចតន់ខំប្រឹងប្រមូលស្មារតីទប់អារម្មណ៍សួរបន្ត៖
«ចុះផ្កានិងនំនៅថ្ងៃនេះ?»
«ក៏ជារបស់គេដែរ! ដោយសារតែគេសរសេរអាសយដ្ឋានផ្ទះរបស់សង្សារគេ ដើម្បីស្នើឲ្យខ្ញុំយកនំនិងផ្កានោះទៅជូន ទើបខ្ញុំស្គាល់ថាសង្សាររបស់គេគឺជាអ្នកនាងលំអង… ខ្ញុំមិននឹកស្មានថា មានរឿងចៃដន្យបែបនេះកើតឡើងសោះ។»
«អំបាញ់មិញ… លោកនិយាយថា… គេជាអ្នកជ… អ្នកជម្ងឺរបស់លោក តើមែនទេ? តើគេកើតអី ហេតុអីគេមិនអាចមកជួបខ្ញុំដោយខ្លួនឯង???»
«រឿងនេះហើយដែលខ្ញុំចង់ប្រាប់អ្នកនាង… សូមអ្នកនាងតាំងចិត្តឲ្យនឹងនរណ៎ា! កាលពីម្សិលមិញ លោកនភាបានត្រូវរថយន្តបុកយ៉ាងដំណំ ហើយខ្ញុំបាននាំគេមកមន្ទីរពេទ្យ… តែពេលនេះគេបានបាត់ខ្លួនពីមន្ទីរពេទ្យហើយ ប្រហែលជាគេខ្លាចអ្នកនាងមករកគេហើយ ព្រោះគេតែងផ្តាំខ្ញុំជានិច្ចពេលយកនំនិងផ្កាមកជូនអ្នកនាង មិនឲ្យខ្ញុំប្រាប់អ្នកនាងជាដាច់ខាត ថាគេកំពុងស្នាក់ព្យាបាលនៅមន្ទីរពេទ្យ។»
«…»
[23:55:17]
លំអងភ្លៀងជ្រុះទូរស័ព្ទពីដៃ។ នាងទាញយកសោរថយន្តបម្រុងចេញទៅតាមរកនភា តែពេលនាងចេញទៅដល់មាត់ទ្វារក៏លេចរូបនិមលនិងបងស្រីនិពន្ធនាយក បញ្ឈប់រថយន្តរត់សំដៅមករកគេ។
«ធ្វើចិត្តឲ្យនឹងនរណ៎ាលំអង! រម្ងាប់អារម្មណ៍ខ្លះទៅ កុំតក់ក្រហល់ពេក… បងទើបតែបានដំណឹងនេះពីនិមល តាមពិតគេដឹងរឿងនេះតាំងពីព្រឹកម្ល៉េះ គឺពេលគេទៅមើលម្តាយឈឺគេក៏បានជួបនភានៅទីនោះ។»
«សុំទោសណាលំអង… ខ្ញុំក៏ចង់ប្រាប់ឯងដែរ តែនភាហាមផ្តាច់មិនឲ្យខ្ញុំយករឿងនេះមកប្រាប់ឯងទេ។»
«បងមិននឹកស្មានថារឿងទៅជាបែបនេះសោះ! បងខំតែនឹកអរនឹងថ្ងៃកំណើតរបស់ឯង ថាពួកឯងនឹងមានរឿងស្វីតៗជាមួយគ្នានៅថ្ងៃនេះ ព្រោះកាលពីម្សិលមិញបងបានទៅហាងផ្ការបស់អ្នកម៉ាក់ ហើយក៏បានជួបនភាទៅកម្មង់នំនិងផ្កានៅទីនោះ ទើបបងដឹងថាពួកឯងនឹងទៅឆ្លងខួបកំណើតគ្នានៅទីណាពិសេសៗតែពីរនាក់ហើយ!»
27 July 2009
[00:00:00]
លំអងភ្លៀងដួលសន្លប់បាត់ស្មារតី ក្រោយពីស្តាប់ការរៀបរាប់របស់និមល និងបងស្រីនិពន្ធនាយកចប់។ ពេលខ្លះ ស្នេហាមិនចាំបាច់តែធ្វើទៅតាម តម្រូវការរបស់បេះដូងទេ តើមែនទេ? ស្នេហាគឺជាការលះបង់… Be continued…
អានរឿងទាក់ទង៖ ចុះចាញ់មេឃដី
ជូនបុណ្យគ្រប់គ្នា! ខែ កញ្ញា 14, 2009
Posted by khmeryouthwriters in ដំណឹងផ្សេងៗ.2 comments

កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ សមាជិកសមាគមអ្នកនិពន្ធខ្មែរជាច្រើនរូបបានទៅផ្ទះលោកគ្រូ យូ បូ ដែលនៅឯ ព្រែកប្រា។ ពួកយើងបានជួយគ្នាធ្វើម្ហូប បន្ទាប់មកក៏ធ្វើដំណើរទៅវត្តនៅភូមិនោះជុំគ្នា។ តំណាងឱ្យក្រុមយុវអ្នកនិពន្ធខ្មែរ គឺ ខ្ញុំ តែម្នាក់ ព្រោះអ្នកឯទៀតសុទ្ធតែរវល់ តែខ្ញុំទៅយឺតជាងគេ ព្រោះក៏រវល់សម្បើមណាស់ដែរ ទៅដល់ភ្លាមក៏ឮពាក្យថា ថ្មើរហ្នឹងទើបតែមកដល់? គិតទៅសប្បាយដល់ហើយ ព្រោះខានជូបលោកគ្រូយូរ ហើយទោះជាសុខភាពលោកគ្រូខ្សោយមែន តែគាត់នៅតែអញ្ជើញទៅវត្តជាមួយពួកខ្ញុំ។
មើលរូបនេះចុះ ម្នាក់ៗសប្បាយចិត្តណាស់! លោកគ្រូ យូ បូ សក់ពណ៌ស ឈរចំកណ្ដាល អមសងខាងដោយ វាន់ឌី និង ដាលី ហើយ ដេននី ឈរបញ្ឈិតពីក្រោយ ដាលី សក់ក្បាលបាំងភ្នែកម្ខាង ឯនិមលវិញគេថតយកស្ទាយកាន់ទឹកសុទ្ធបាំងថ្ងៃ… ទម្រាំតែថតបានមួយប៉ុស្តិ៍ដ៏ស្អាតនេះ ត្រូវដើររកកន្លែងថតឡើងយូរ ហើយក៏មានអ្នកត្អូញខ្លាចខូចស្បែកច្រើនគ្នាដែរ តែធ្វើម៉េច មកជុំគ្នា ត្រូវតែថតរូបជុំគ្នា។
ពេលមកដល់ផ្ទះវិញ ពួកយើងក៏បានញ៉ាំនំប៉័ង សម្លការី… សប្បាយម្តងទៀត! ឱ្យតែជួបជុំគ្នាគឺសប្បាយចិត្តហើយ អ្នកណាចូលចិត្តអង្គុយវិភាគវែកញែកក៏បាន អ្នកណាចូលចិត្តស្ដាប់ក៏បាន អ្នកណាចូលចិត្តញ៉ាំក៏ញ៉ាំច្រើនទៅ! នេះជាប្រពៃណីមួយដែលកូនសិស្សសមាគមតែងតែធ្វើជារៀងរាល់ឆ្នាំ តែខ្ញុំទើបតែមានវត្ថមានឆ្នាំនេះ។ អរគុណបងកន្និថា ដែលទូរស័ព្ទប្រាប់ខ្ញុំ ហើយអរគុណបង សុភ័ក្ត្រ ដែលផ្ញើរូបនេះមក។ រៀបរាប់ឈ្មោះច្រើនគ្នាមិនអាចភ្លេចបងលីហៀង បានទេ គាត់កំពុងឈរកាន់កាបូបញញឹមនៅកៀនគេនោះ។ ពួកយើងរៀនជំនាន់ផ្សេងៗគ្នា តែក៏មានឱកាសបានធ្វើបុណ្យជុំគ្នា ហើយពួកយើងសូមជូនពរដល់លោកគ្រូ យូ បូ សូមឱ្យលោកគ្រូមានសុខភាពល្អ!
លិខិតអញ្ជើញទៅមើលរឿងខ្មោច ខែ កញ្ញា 12, 2009
Posted by khmeryouthwriters in ដំណឹងផ្សេងៗ.add a comment
លិខិតអញ្ជើញ
ដើម្បីចូលរួមរីករាយក្នុងឱកាសពិធីកាន់បិណ្ឌ ប្រពៃណីជាតិខ្មែរយើង ខ្ញុំបាទ សូមអញ្ជើញមិត្តទាំងឡាយទៅអានរឿងខ្មោចមួយរឿងដែលខ្ញុំសរសេរ ដែលនឹងដាក់ជូនអានជាសាធារណៈ នៅប្លក់ អនុស្សាវរីយ៍ នៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ វេលាម៉ោង… ម៉ោងណាក៏បានឱ្យតែទំនេរ។
អផ្សុកទេ? បើអផ្សុកត្រូវហើយ!

«ខ្ញុំនិយាយរឿងពិតរបស់ខ្ញុំ ព្រោះអ្នកចង់ស្តាប់រឿងខ្មោច!»
កម្មវិធីប្រលងនិទានរឿងខ្មោច នឹងធ្វើឱ្យអ្នកសើចពីដើមដល់ចប់ ដោយសារបេក្ខជន និងគណៈមេប្រយោគសុទ្ធសឹងតែឡប់ៗ… មានរឿងមួយដែលសំរឹត លើកយកមកនិយាយប្រាប់គេ,ចំណងជើងថា «ទេសចរណ៍ស្ថាននរក» រៀបរាប់ពីយប់មួយដែលមានខ្មោចស្រីម្នាក់ទូរស័ព្ទមកអញ្ជើញរូបគេឱ្យទៅចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃនៅស្ថាននរក។ គ្រប់រឿងរបស់បេក្ខជនសុទ្ធតែគួរឱ្យហួសចិត្ត ហើយស្រាប់តែដល់បេក្ខជនម្នាក់នោះ… មិនដឹងដើរចេញមកពីណាទេ? គ្រាន់តែបានឃើញនាងភ្លាម ម្នាក់ៗឡើងព្រឺក្បាល…
090909 ខែ កញ្ញា 9, 2009
Posted by khmeryouthwriters in ដំណឹងផ្សេងៗ.2 comments
ជូនពរនាថ្ងៃ០៩-០៩-០៩
សូមឱ្យសមាជិកក្រុម យុវអ្នកនិពន្ធខ្មែរ ទាំងអស់ជោគជ័យ!
ស្ងាត់ឱ្យជ្រាបណ៎! អត់មានអ្នកណានឹកនាមកអើតសោះ! ម្នាក់ៗរវល់អើយរវល់ ខ្លះមានស្នេហា ខ្លះខំសិក្សា ខ្លះជាប់ធ្វើការ ដល់អ៊ីចឹងទៅរកបន្ទោសមិនកើត! ប៉ុន្តែបើបានមកអើត ទុកវិចាមួយផងណា!
