“ ឈាមពេជ្រ” ខែ កក្កដា 18, 2009
Posted by រចនា in ចម្រៀង.Tags: ចម្រៀង
5 comments
រីករាយជាមួយនឹងបទចម្រៀងថ្មីពី ឆន សុវណ្ណរាជ «ឈាមពេជ្រ»។
បទនេះនិពន្ធទំនុកច្រៀងដោយលោក សុខ ចាន់ផល
ឈាមពេជ្រ ដោយ ឆន សុវណ្ណរាជ
និពន្ធដោយ សុខ ចាន់ផល
គយគន់ដួងខែ នឹកស្រែនឹកស្រុកកំណើត យប់ដប់ប្រាំកើត
សង្វេគគិតដល់មាតា ក្រោមមេឃតែមួយ កូនព្រួយខ្លាចម៉ែឯកា
ម៉ែនឿយយ៉ាងណា ស្រីង៉ាប្អូនថែម៉ែទេ?
សំបុកឥតបា លោកាកូនមានតែម៉ែ ម៉ែគឺដួងខែ
រះក្បែររូបកូនទាំងទ្វេ ផ្ទះខ្ទមកម្សត់ កត់បទម៉ែច្រៀងបំពេ
ម៉ែលក់ស្រែកេរ ឱ្យកូនបន្តសិក្សា។
(បន្ទរ ១) វិថីវែងឆ្ងាយ ឈាមម្ដាយក្លាយជាទឹកប៊ិក
ញើសម៉ែដូចពេជ្រ រំលេចក្រងខ្សែវាសនា ទោះព្យុះបោកខ្លាំង
ម៉ែបាំងប្រឆាំងទេវតា ម៉ែប្រាប់កូនថា កូនប្រុសសម្លឹងឱ្យឆ្ងាយ។
សកលវិទ្យាល័យ និស្ស័យនិស្សិតនៅវត្ត មើលខ្លួនចិត្តឃាត់
ឃុំឃាំងបេះដូងក្នុងកាយ តស៊ូប្រាំឆ្នាំ ចងចាំបណ្ដាំអ្នកម្ដាយ
បរិញ្ញានៅឆ្ងាយ ខ្ញុំត្រូវខ្វល់ខ្វាយសិក្សា។
(បន្ទរ ២) វិថីវែងឆ្ងាយ ឈាមម្ដាយក្លាយជាទឹកប៊ិក
ញើសម៉ែដូចពេជ្រ រំលេចក្រងខ្សែវាសនា ទោះព្យុះបោកខ្លាំង
ម៉ែបាំងប្រឆាំងទេវតា កូនតាំងចិត្តថា យកបរិញ្ញាជូនម៉ែ។
ឱ! ក្ដីបំណង ម៉ែប៉ងក្លាយជាការពិត រនោចជីវិត ផ្លាស់ខ្នើតព្រោះមានព្រះខែ
កូនក្លាយជាគ្រូ កូនវិលទៅភូមិជួបម៉ែ វិលជាមួយស្នេហ៍ ដែលកូនថែចិត្តជាយូរ
ទៅអភិវឌ្ឍ វិស័យអប់រំស្រុកស្រែ វិលជាមួយស្នេហ៍ ទៅថែអ្នកម៉ែមានគុណ..
«ឈាមពេជ្រ» ចេញលក់ថ្ងៃនេះ! ខែ កក្កដា 4, 2009
Posted by រចនា in ដំណឹងផ្សេងៗ.23 comments
ចម្រៀងថ្មី «ឈាមពេជ្រ» ដែលទើបតែចេញលក់ក្នុងពេលថ្មីៗនេះបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តអ្នកស្ដាប់។ ចម្រៀងនេះនិពន្ធទំនុកច្រៀងដោយ លោក សុខ ចាន់ផល សម្រួលតន្ត្រីដោយលោក ម៉ម សុគន្ធា ច្រៀងដោយអ្នកចម្រៀងល្បីល្បាញប្រចាំចិត្ត (ខ្ញុំ
) គឺលោក ឆន សុវណ្ណរាជ។ បទនេះមានក្នុងស៊ីឌីរស្មីហង្សមាស វ៉ុល ៣៨៦។
«ឈាមពេជ្រ» រំលេចពីខ្សែជីវិតតស៊ូនៃស្ត្រីមេម៉ាយម្នាក់ដើម្បីឱ្យកូនបានសិក្សារៀនសូត្រ។ ពេលស្ដាប់បទនេះ គ្រប់គ្នាប្រហែលជានឹកទៅដល់អ្នកម្ដាយរបស់យើងរាល់គ្នា… ម្ដាយដែលធ្វើគ្រប់យ៉ាងដើម្បីកូន បំពេញបំណងកូន… «ឈាមពេជ្រ» ក៏បង្ហាញឱ្យឃើញផងដែរនូវទឹកចិត្តកត្តញ្ញូរបស់កូនប្រុសម្នាក់ចំពោះអ្នកម្ដាយជាទីស្រឡាញ់របស់គេ។ “ ទោះនៅឆ្ងាយពីគ្នា ក៏កូននៅតែនឹកម៉ែ ស្រឡាញ់ម៉ែ អាណិតម៉ែ។ កូននឹងខំប្រឹងដើម្បីតបស្នងនូវការលះបង់របស់ម៉ែ! កូននឹងតស៊ូយកបរិញ្ញាជូនម៉ែឱ្យបាន!”
បទនេះសម្រាប់ខ្ញុំគឺមិនដូចជាបទទូទៅទេ! បទចម្រៀងរៀបរាប់ពីជីវិតនៃការរស់នៅបែកពីអ្នកម្ដាយជាទីស្រឡាញ់របស់គេតែងតែធ្វើឱ្យខ្ញុំនឹកដល់ម៉ាក់យាយរបស់ខ្ញុំជានិច្ច។ មិនដឹងថាគ្រប់គ្នាស្ដាប់ហើយនឹងយំចេញមកដូចខ្ញុំឬអត់ណ៎??? សាកស្ដាប់មើល៍ យ៉ាងណាដែរ? នេះស្ដាប់មិនបានចប់ទេព្រោះវាគ្រាន់តែជាពាណិជ្ជកម្មប៉ុណ្ណោះ!
ខ្ញុំមិនសូវបានសរសើរអ្នកនិពន្ធបទចម្រៀងមួយបទនេះទេព្រោះអ្នកនិពន្ធនេះក៏ពូកែអួតសម្បើម! lolz គ្មានអ្នកណាលើក ក៏លើកខ្លួនឯងទៅជារឿយៗ! J/K ដោយសារតែអ្នកនិពន្ធប៉ិនជោរ ដូច្នេះហើយខ្ញុំមិនសូវហ៊ានសរសើរចំមុខទេ!
សរសើរនៅទីនេះក៏បាន! ចង់ប្រាប់ថា “ បងចាន់ផលពូកែណាស់! បទចម្រៀងមានន័យល្អ ហើយចាប់ចុងចួនត្រឹមត្រូវ! សូមឱ្យជោគជ័យ ហើយក៏ជូនពរឱ្យល្បីណា៎!”
