ព្រមចុះចាញ់មេឃដី ខែ មិថុនា 10, 2009
Posted by ផ្កាយNovels in រឿងខ្លី.1 comment so far
ស្នេហាគឺជាការលះបង់។ ស្រឡាញ់មនុស្សម្នាក់ មិនចាំបាច់បានរស់នៅក្បែរគេនោះទេ បានត្រឹមឃើញគេរស់នៅប្រកបដោយសេចក្តីសុខ ក៏គ្រប់គ្រាន់ណាស់ទៅហើយ។
«បងនភា! ម៉េចក៏បាត់ដំណឹងបងសូន្យឈឹងយ៉ាងនេះ? បងមកដល់ស្រុកខ្មែរយូរហើយ មែនទេ? ចុះម៉េចក៏បងមិនមករកខ្ញុំ? បងព្យាយាមគេចពីខ្ញុំមែនទេ? បងអស់ចិត្តនឹងអូនហើយមែនទេ?»
នភាសម្លឹងមុខសង្សារបន្តិចក៏ងាកមុខចេញ ហើយតំណក់ទឹកភ្នែកថ្លាៗក៏ហូរមកដក់ជោគពេញប្រឡង់ភ្នែក។ នរៈចង់និយាយណាស់ថា បងស្រឡាញ់អូន! បងនឹកអូន! តែគេធ្វើមិនបាន។ កំលោះក៏គេចមុខដើរចេញ តែត្រូវអាក់ដំណើរដោយសារតែសម្តីរបស់លំអងភ្លៀង៖
«ព្រោះប៉ារបស់អូនមែនទេ? ប្រាប់អូនមកមើល! គាត់ថាម៉េចឲ្យបងខ្លះ?»
នភាខាំបបូរមាត់ស្ទើរដាច់ ងាកមុខផាំងមកនិយាយនឹងតូចតន់៖
«មិនទាក់ទងនឹងគាត់ទេ! តែព្រោះស្នេហា វាស៊ីមិនកើតអូនដឹងទេ? លុយទៅវិញតើ ដែលសំខាន់បំផុតនោះ!»
លំអងភ្លៀងស្រក់ទឹកភ្នែកនឹងសម្តីសង្សារ… នាងបោះជំហានថយក្រោយយឺតៗ រកកល់នឹងដួល៖
«អូ… ព្រោះយ៉ាងនេះតើ! …អូនគួរណាស់តែជឿសម្តីប៉ាតាំងពីដំបូងម្ល៉េះ! ព្រោះស្រឡាញ់បងអូនខំជំទាស់នឹងប៉ា ប្រឆាំងនឹងប៉ា មិនគួរណាបងធ្វើបែបនេះចំពោះអូនសោះ!!!»
«ហ៊ឹស! នេះមកពីអូនល្ងង់! អូនល្ងង់ណាស់ដែលមកស្រឡាញ់បង! ប៉ារបស់អូនទើបនិយាយត្រូវ! មនុស្សសន្តានព្រៃដូចបងនេះ មិនគួរឲ្យទុកចិត្តឡើយ ដឹងទេ?!!! បានហើយ!ល្មមឲ្យរឿងរបស់យើងចប់ត្រឹមហ្នឹងចុះ…»
នភាបោះជំហានដើរគេចវឹងលែងងាកក្រោយ ទឹកភ្នែកកូនប្រុសក៏ស្រក់មកប៉ាត់ៗដូចតំណក់ឈាម។ លំអងភ្លៀងដួលព្រុសសន្លប់បាត់ស្មារតី។ មួយខែក្រោយមក… អាពាហ៍ពិពាហ៍របស់នាងនិងសមុទ្រ បុត្រាទោលរបស់ត្រកូលអភិជន ក៏ចាត់ឡើងយ៉ាងគគ្រឹកគគ្រេង។
[ ចង់តវ៉ាមេឃដីដែលឲ្យយើងជួបគ្នា
តែមិនព្រមចាប់យើងជាគូគ្នា
មេឃដីមានចេតនាចង់លេងសើចនឹងយើង... អ្នកថាបែបនេះទេ?
ហេតុអីត្រូវហាមស្រឡាញ់គ្នា
ភាពសមរម្យនោះឬដែលស្ថិតស្ថេរ ទោះបីប្រឆាំងនឹងបេះដូង
ទីបំផុតត្រូវព្រមចុះចាញ់។
មុននឹងយើងចែកផ្លូវគ្នា
មុននឹងសុបិនរបស់យើងត្រូវបញ្ចប់
គ្រាន់តែចង់ជួបអ្នកមួយគ្រា ប្រសប់ភ្នែកនឹងគ្នាម្តងទៀត
ដើម្បីឲ្យខ្ញុំបានប្រាប់អ្នកមួយពាក្យ
និយាយនៅថ្ងៃដែលត្រូវបែកគ្នា
ចង់ឲ្យអ្នកដឹងថាស្រឡាញ់ខ្លាំងណាស់... ហើយនឹងស្រឡាញ់ ស្រឡាញ់រហូតទៅ។
កើតជាតិនេះបានត្រឹមជួបគ្នា
កើតជាតិមុខចាំនាំគ្នាសុបិនជាថ្មី
ថ្ងៃនេះបេះដូងខ្ទេចខ្ទាំ ព្រមចុះចាញ់ឲ្យមេឃដីបំបែកយើងឆ្ងាយពីគ្នា
ពេញចិត្តហើយមែនទេមេឃដី ដែលបានឃើញមនុស្សព្រាត់គ្នា?
វាត្រូវតែឈឺត្រូវតែគ្រាំគ្រា... ត្រូវតែស្រក់ទឹកភ្នែក។
ភពផែនដីនេះមានមនុស្សច្រើនណាស់
ចុះហេតុអ្វីត្រូវធ្លាក់មកលើយើងទាំងពីរ
ព្រមចុះចាញ់ហើយមេឃដី សង្ឃឹមថាគង់នឹងពេញចិត្ត
មនុស្សស្រឡាញ់គ្នា មេឃដីបែរជាមិនយល់ចិត្ត។ ]
