សំបុត្រសម្រាប់មិត្តអ្នកនិពន្ធ ខែ មករា 23, 2009
Posted by रयना in ដំណឹងផ្សេងៗ.10 comments
សំបុត្របញ្ជាក់ពីទឹកចិត្តខ្ញុំចំពោះមិត្តអ្នកនិពន្ធ
តើមិត្តដឹងទេថានៅពេលខ្ញុំអានសៀវភៅ “កំណត់ហេតុស្នេហ៍” អំពី “Message លាក់ស្នេហ៍” ដែលនិពន្ធដោយមិត្តរួមថ្នាក់ដ៏ពិសេសរបស់ខ្ញុំ ធ្វើឱ្យខ្ញុំចាប់អារម្មណ៍ជាខ្លាំង ជាពិសេសនៅត្រង់ចំណុចថា “បើអូនជាផ្កាយ បងក៏សូមក្លាយជាមេឃហើយនឹងការពារផ្កាយមួយដួងនេះរហូតទៅ” ខ្ញុំពិតជាពេញចិត្តចំពោះប្រយោគនេះខ្លាំងណាស់។
ហើយជាពិសេសជាងនេះទៅទៀត គឺត្រង់ចំណុចដែលមិត្តនិយាយនៅខាងក្រោយសៀវភៅថា “រាល់ពេលដែលខ្ញុំមិនសប្បាយចិត្ត ខ្ញុំតែងតែចង់បានស្លាបមួយគូ។ បើខ្ញុំមានស្លាប ខ្ញុំនឹងអាចហោះហើរតាមចិត្តប៉ងដោយមិនចាំបាច់ទទួលទុក្ខធ្ងន់ៗនៅចំពោះមុខ។ បើខ្ញុំមានស្លាប ខ្ញុំនឹងអាចហោះទៅស្វែងរកពិភពមួយដែលពោរពេញទៅដោយសេចក្ដីស្រឡាញ់ និងការអត់ឱន។” តើមិត្តដឹងទេ ចិត្តរបស់មិត្តគឺដូចជាចិត្តរបស់ខ្ញុំបេះបិទ ហើយអ្នកដឹងទេ គ្រប់ពេលដែលខ្ញុំពិបាកចិត្ត ខ្ញុំតែងតែឡើងលើដំបូលផ្ទះ ដើម្បីបណ្ដែតអារម្មណ៍ឱ្យវាហោះហើរទៅកាន់ពិភពដែលខ្ញុំចង់ទៅ។ តែខ្ញុំក៏គិតផងដែរថា ការធ្វើនេះវាគ្រាន់តែកុហកខ្លួនឯងតែប៉ុណ្ណោះ។
ចុងបញ្ចប់ ខ្ញុំសូមជូនពរមិត្តឱ្យនិពន្ធរឿងឱ្យបានកាន់តែច្រើនហើយខ្ញុំសូមជូនពរឱ្យមិត្តជួបតែសំណាងល្អ សុខភាពល្អ កម្លាំងមាំមួន។
ពីខ្ញុំ ពុទ្ធី មិត្តរួមថ្នាក់ជាមួយអ្នក!
ប៉ុន្មានថ្ងៃមុន បងពុទ្ធីសួរខ្ញុំថា “Message លាក់ស្នេហ៍ហ្នឹង យើងនិពន្ធឬមិនមែន?” គាត់ប្រាប់ថាគាត់ចូលចិត្តរឿងនេះ ហើយពិសេសនោះគឺរឿង “បេះដូងរាបស្មើ” របស់បងចាន់ផល។ ស្រាប់តែព្រឹកនេះ គាត់បានឱ្យសំបុត្រនេះមកខ្ញុំដោយប្រាប់ថា “ទៅដល់ផ្ទះចាំបើកមើល!” ខ្ញុំទទួលដោយមិនរួញរាព្រោះគាត់ជាស្រី មិនចាំបាច់ខ្លាច “សំបុត្រលាក់ស្នេហ៍” អីទេ!
បើគិតៗទៅ មនុស្សយើងមើលត្រឹមរូបរាងខាងក្រៅមិនបានទេ។ បងពុទ្ធីលេងច្រើន តែនៅតែមានពេលមិនសប្បាយចិត្ត! ជីវិតគឺអ៊ីចឹងណ៎?
