សំបុត្រសម្រាប់មិត្តអ្នកនិពន្ធ ខែ មករា 23, 2009
Posted by រចនា in ដំណឹងផ្សេងៗ.10 comments
សំបុត្របញ្ជាក់ពីទឹកចិត្តខ្ញុំចំពោះមិត្តអ្នកនិពន្ធ
តើមិត្តដឹងទេថានៅពេលខ្ញុំអានសៀវភៅ “កំណត់ហេតុស្នេហ៍” អំពី “Message លាក់ស្នេហ៍” ដែលនិពន្ធដោយមិត្តរួមថ្នាក់ដ៏ពិសេសរបស់ខ្ញុំ ធ្វើឱ្យខ្ញុំចាប់អារម្មណ៍ជាខ្លាំង ជាពិសេសនៅត្រង់ចំណុចថា “បើអូនជាផ្កាយ បងក៏សូមក្លាយជាមេឃហើយនឹងការពារផ្កាយមួយដួងនេះរហូតទៅ” ខ្ញុំពិតជាពេញចិត្តចំពោះប្រយោគនេះខ្លាំងណាស់។
ហើយជាពិសេសជាងនេះទៅទៀត គឺត្រង់ចំណុចដែលមិត្តនិយាយនៅខាងក្រោយសៀវភៅថា “រាល់ពេលដែលខ្ញុំមិនសប្បាយចិត្ត ខ្ញុំតែងតែចង់បានស្លាបមួយគូ។ បើខ្ញុំមានស្លាប ខ្ញុំនឹងអាចហោះហើរតាមចិត្តប៉ងដោយមិនចាំបាច់ទទួលទុក្ខធ្ងន់ៗនៅចំពោះមុខ។ បើខ្ញុំមានស្លាប ខ្ញុំនឹងអាចហោះទៅស្វែងរកពិភពមួយដែលពោរពេញទៅដោយសេចក្ដីស្រឡាញ់ និងការអត់ឱន។” តើមិត្តដឹងទេ ចិត្តរបស់មិត្តគឺដូចជាចិត្តរបស់ខ្ញុំបេះបិទ ហើយអ្នកដឹងទេ គ្រប់ពេលដែលខ្ញុំពិបាកចិត្ត ខ្ញុំតែងតែឡើងលើដំបូលផ្ទះ ដើម្បីបណ្ដែតអារម្មណ៍ឱ្យវាហោះហើរទៅកាន់ពិភពដែលខ្ញុំចង់ទៅ។ តែខ្ញុំក៏គិតផងដែរថា ការធ្វើនេះវាគ្រាន់តែកុហកខ្លួនឯងតែប៉ុណ្ណោះ។
ចុងបញ្ចប់ ខ្ញុំសូមជូនពរមិត្តឱ្យនិពន្ធរឿងឱ្យបានកាន់តែច្រើនហើយខ្ញុំសូមជូនពរឱ្យមិត្តជួបតែសំណាងល្អ សុខភាពល្អ កម្លាំងមាំមួន។
ពីខ្ញុំ ពុទ្ធី មិត្តរួមថ្នាក់ជាមួយអ្នក!
ប៉ុន្មានថ្ងៃមុន បងពុទ្ធីសួរខ្ញុំថា “Message លាក់ស្នេហ៍ហ្នឹង យើងនិពន្ធឬមិនមែន?” គាត់ប្រាប់ថាគាត់ចូលចិត្តរឿងនេះ ហើយពិសេសនោះគឺរឿង “បេះដូងរាបស្មើ” របស់បងចាន់ផល។ ស្រាប់តែព្រឹកនេះ គាត់បានឱ្យសំបុត្រនេះមកខ្ញុំដោយប្រាប់ថា “ទៅដល់ផ្ទះចាំបើកមើល!” ខ្ញុំទទួលដោយមិនរួញរាព្រោះគាត់ជាស្រី មិនចាំបាច់ខ្លាច “សំបុត្រលាក់ស្នេហ៍” អីទេ!
បើគិតៗទៅ មនុស្សយើងមើលត្រឹមរូបរាងខាងក្រៅមិនបានទេ។ បងពុទ្ធីលេងច្រើន តែនៅតែមានពេលមិនសប្បាយចិត្ត! ជីវិតគឺអ៊ីចឹងណ៎?
កំណត់ហេតុស្នេហ៍ចេញលក់ ខែ មករា 6, 2009
Posted by khmeryouthwriters in ដំណឹងផ្សេងៗ.17 comments
សូមអភ័យទោសដល់ប្រិយមិត្រផង ព្រោះខានអាប់ដេតអស់ពេលរយៈពេលយ៉ាងយូរដែរហើយ ។ ឆ្នាំថ្មីចូលមកហើយ happy new year!
ជូនដំណឹងមួយថា សៀវភៅ “ កំណត់ហេតុស្នេហ៍” ឥឡូវបានចេញលក់លើទីផ្សារហើយ ។ សៀវភៅនេះបោះពុម្ព និងបានចេញលក់តាំងពីមុនថ្ងៃបុណ្យណូអែលម៉្លេះ ។ សៀវភៅទី២នេះ បោះច្រើនជាងសៀវភៅមុនដល់ទៅ ៤ដង ឃើញថាចំនួនច្រើនជាងមុន ។
សម្រាប់ប្រិយមិត្រតាមអ៊ិនធើណិត ពុំទាន់បានអានរឿងទីនេះបានទេ ព្រោះក្រុមការងារពុំមានពេលគ្រប់គ្រាន់ដឹងដាក់រឿងសោះម៉ង ច្នេះទេសូមមេត្តារង់ចាំមួយរយៈសិន ។
អរគុណ
