ការតាំងសៀវភៅ ខែ តុលា 30, 2008
Posted by khmeryouthwriters in ដំណឹងផ្សេងៗ.3 comments

កាលពីពេលកន្លងទៅថ្មីៗនេះ យើងបានយកសៀវភៅថ្មីមួយក្បាល ដែលមានចំណងជើងថា “ ចង្កៀងនិទានរឿងខ្មោច” ទៅដាក់ក្នុងសាលពិព័ណ៌នៃមជ្ឈមណ្ឌលវប្បធម៌បារាំងនៃឱកាសបុណ្យនៃការអាន ដែលធ្វើឡើងរាល់ឆ្នាំ ។ នេះជាលើកទី១ហើយ ដែលយើងបានប្រញាប់ប្រញាល់ ព្រោះចង់បោះពុម្ពឲ្យទាន់បុណ្យនោះ ។ មានអីទាន់ដែរតើ
ការដាក់តាំងនេះផងដែរ ពុំទាន់មានលក្ខណៈឯករាជ្យនៅឡើយទេ មានន័យថាដាក់តាំងជាមួយបញ្ជររបស់សមាគមអ្នកសាបព្រោះ និងសមាគមអក្សរសិល្ប៍នូ ហាច ពីព្រោះយើងនៅក្មេងខ្ចីមែនទែន ។ ជាពិសេសសូមអរគុណដល់បង ខូ តារាឫទ្ធិ ដែលបានអនុញ្ញាតការណ៍នេះ និងបានជួយជ្រោមជ្រែងលើកទឹកចិត្ត ក៏ដូចជាទីកន្លែង (ស្ឌូឌីយ៉ូ ហេហេ) ដល់អ្នកនិពន្ធនៃក្រុមយើង បានបោះពុម្ពជាសៀវភៅឡើង ។
និយាយពីសៀវភៅវិញ មានក្របពណ៌ខ្មៅ និងមានរូបចង្កៀងមួយមានពន្លឺព្រាលៗនៅចំកណ្ដាល ។
អ្នកមានចំណាប់អារម្មណ៍នានា គ្រាន់តែឃើញភ្លាម “ យី! សៀវភៅរឿងខ្មោច! មិនហ៊ានអានទេ” ទៅជាអ៊ីចឹងទៅវិញ ។ ដោយឡែកអ្នកដែលបានអានរឿងក្នុងនោះហើយ ក៏បែរយល់ថាសាច់រឿងហាក់ដូចជាគ្មានអ្វីគួរឲ្យខ្លាចផង តែកំប្លែងទៅវិញ ហាហា សូម្បីខ្ញុំ(ណារដ្ឋ) ក៏អស់សំណើចដែរ ទោះបីបានដឹងរឿងទាំងនោះមុនអានសៀវភៅក៏ដោយ ។
រយៈពេលបីថ្ងៃចាប់ពី ២៣ដល់២៥ ខែតុលា នៃការតាំងសៀវភៅបានចប់ជាស្ថាពរ ដែលក្នុងរយៈកាលនោះ ចាន់ផលបានយកសៀវភៅទៅបោះតាមបណ្ណាគារបណ្ដើរៗ ដោយចាត់ចែងឯលិចឯកើតរកម៉ូយបានគួរសមដែរ ។ ច្នេះសូមជ្រាបថាឥឡូវនេះសៀវភៅទីមួយមានមុខលើទីផ្សារហើយ គ្រាន់តែមិនសូវសម្បូណ៌នៅឡើយទេ ព្រោះនេះគ្រាន់ជាការបោះសាកល្បងសិន ដល់សៀវភៅទីពីរប្រតិស្ឋឡើងទៀត យើងនឹងលៃលកបោះពុម្ពរឿងចាស់ជាលើកទី២ផងក៏អាច ។
ចំណុចដែលត្រូវកែលម្អ ខែ តុលា 14, 2008
Posted by khmeryouthwriters in ដំណឹងផ្សេងៗ.add a comment

ប្រហែលជាយូរក្រែលដែរហើយដែល blog នេះត្រូវបានបង្កើតឡើងដើម្បីឲ្យស្របនឹងបច្ចេកវិទ្យាសម័យថ្មី ។ ការផ្សព្វផ្សាយតាមប្រព័ន្ធអ៊ិនធើណែតគឺជាលក្ខណៈពិសេសមួយ ដែលអ្នកនិពន្ធបច្ចុប្បន្នតែងតែចូលចិត្តដាក់ប្រកាសស្នាដៃកវីនិពន្ធរបស់ខ្លួនជូនសាធារណៈជនគ្រាន់កម្សាន្ត ព្រោះបំណងធំរបស់អ្នកនិពន្ធគ្មានអ្វីធំជាង ការដែលមានប្រិយមិត្របានអានស្នាដៃនោះឡើយ ឬអាចថាជាការលើកទឹកចិត្តដល់ស្នាដៃនិពន្ធទាំងឡាយ កុំឲ្យបាត់បង់ ។ ផ្ទុយមកវិញ ប្រហែលជាស្រុកខ្មែរពុំទាន់ដើរដល់សម័យទំនើបមួយដូចគេ ទើបការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិចនៅមានកម្រិត ច្នោះហើយអ្នកនិពន្ធមួយចំនួនគិតថា មិនជាប្រយោជន៍អ្វីដែលការយកស្នាដៃរបស់ខ្លួនមកផ្សាយ ហ្វ្រ៊ីៗនោះទេ ។ អាចថាជាគំនិតសួនតួ ឬជាផលប្រយោជន៍របស់គាត់ ឬភាពលាក់លាមដោយយល់ថាស្នាដៃខ្លួននៅមានកម្រិត បើផ្សាយទៅអាចគេចំអកក៏ថាបាន ។ ពេលខ្លះគាត់ក៏ពុំបានគិតដល់បញ្ហានេះ ឬអាចមកពីគ្មានឱកាសក៏មិនដឹង ។
ពីមុនមក KYW ប្រហែលជាមិនមានអ្នកគ្រប់គ្រង blog ដ៏តូចមួយនេះបានជាប់ចួន ទើបធ្វើឲ្យរយាលដល់ការផ្សព្វផ្សាយ ។ ដូចដែលបានបង្ហាញខាងលើស្រាប់ មិនមែនបានន័យថាគ្មានអ្នកចូលមកអាននោះទេ! មានខ្លះដែរ តែមានតិចណាស់ បើទោះជាមក៍ក៏មិនមានអ្វីជាដុំកំភួនដែរ ។ ដើមខែតុលានេះ មានអ្នកចូលមកទស្សនាកើនឡើងគួរឲ្យកត់សម្គាល់ ។
យើងសម្រេចចិត្តហើយ ថានឹងចូលរួមបង្កើនវប្បធម៌អានក្នុងស្រុកខ្មែរតាមតែលទ្ធភាព ។ នៅប្រទេសយើងមិនខ្វះទេអ្នកនិពន្ធ ហើយក៏មិនខ្វះដែរអ្នកចូលចិត្តអំណាន ដូចអ្នកកំពុងអានពេលនេះអ៊ីចឹង ។ យើងនឹងបង្កើតអត្ថបទជាទម្រង់ប្លែកៗពីគ្នាតាមជំហររបស់អ្នកនិពន្ធម្នាក់ៗ ជាពិសេសសៀវភៅជាច្រើននឹងត្រូវបោះពុម្ពជាបន្តបន្ទាប់ ។
បន្ថែម យុវអ្នកនិពន្ធជំនាន់ថ្មី ដែលនៅគ្រប់ទិសទីទាំងខេត្ត ទាំងក្រុងសូមជ្រាប! សូមអភ័យទោសចំពោះការណ៍ (យឺតយ៉ាវ) មិនទាន់ទាក់ទងទៅវិញឲ្យបានឆាប់ ព្រោះបច្ចុប្បន្ននេះទម្រង់របស់ក្រុមយុវអ្នកនិពន្ធ មិននៅមួយកន្លែងឡើយ មានន័យថាពួកយើងបានយកពេលវេលាតិចតួច ឬពេលវេលាក្រៅពីការសិក្សា និងធ្វើការដោយឡែកៗពីគ្នា ដើម្បីឆ្លៀតនិងជួយលើកតម្កើងវិស័យអក្សរសិល្ប៍ និងអក្សរសាស្ត្រខ្មែរ ។ អ្វីដែលយើងធ្វើឡើងពេលនេះ អាចថាជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយសម្រាប់អនាគតដ៏វែងឆ្ងាយ…
សណរ
ទូរស័ព្ទនិម្មិត ខែ តុលា 6, 2008
Posted by ផ្កាយNovels in ដំណឹងផ្សេងៗ, រឿងខ្លី.9 comments
លោកអ្នកធ្លាប់ទទួលអារម្មណ៍ថាឯកោទេ? នៅពេលដែលជុំវិញខ្លួនអ្នក មា្នក់ៗសុទ្ធតែមានមិត្តភក្តិជជែកលេង តែខ្លួនអ្នកបែរជាត្រូវមកអង្គុយ ស្ងាត់ស្ងៀមតែម្នាក់ឯងទៅវិញ តើអ្នកនឹងទទួលអារម្មណ៍យ៉ាងណា?
ចិន្តនា សិស្សវិទ្យាល័យទី១១ នាងគ្មានមិត្តសូម្បីតែម្នាក់។ មិត្តរួមថ្នាក់គ្រប់រូប មានទូរស័ព្ទប្រើគ្រប់ដៃ តែនាងបែរជាបានត្រឹមអង្គុយស្រមៃ ចង់បានវាទៅវិញ។
នៅសុខៗស្រាប់តែ ទូរស័ព្ទតូចច្រឡឹងមួយ បានលេចប្រាកដឡើង នៅក្នុងមនោគតិរបស់នាង។ តើលោកអ្នកជឿទេ បើនាងអាចប្រើទូរស័ព្ទនោះ ទាក់ទងជាមួយអ្នកដទៃបាន?
ចេតសិក បុរសក្នុងអតីតកាល ជាមនុស្សទីមួយ ដែលបានទូរស័ព្ទ មកនិយាយជាមួយនាង។ ចេតនា នារីក្នុងអនាគត បានប្រាប់នាងពីអាថ៌កំបាំង នៃទូរស័ព្ទចម្លែកនេះ។
អ្នកទាំងបី នឹងនាំលោកអ្នក ទៅជួបពិភពអាថ៌កំបាំងមួយ…
ចេញផ្សាយក្នុងពេលឆាប់ៗនេះហើយ…

(សុំបើកវង់ក្រចកបន្តិចៈ នេះគឺរូបឡូហ្គូថ្មីមួយទៀត ដែលខ្ញុំទើបតែទទួលបានពីចាន់ផល)
សៀវភៅមួយនឹងអាចចេញក្នុងខែនេះ? ខែ តុលា 4, 2008
Posted by khmeryouthwriters in ដំណឹងផ្សេងៗ.2 comments
ដំណឹងក្រៅផ្លូវការមួយរបស់ក្រុមយុវអ្នកនិពន្ធ បានឲ្យដឹងថាប្រហែលជាចុងខែតុលានេះ សៀវភៅឥន្ទធនូអាចនឹងចេញរូបរាងដំបូង នៅក្នុងកម្មវិធីមួយនាថ្ងៃទី ២៣ ខែតុលា ។ តែទាំងនេះគ្រាន់តែជាការរំពឹងទុកប៉ុណ្ណោះ ព្រោះគម្រោងផលិតសៀវភៅកំពុងរៀបចំបណ្ដើរៗហើយ អ្វីដែលប្រញាប់នោះគឺ ផ្លាកសញ្ញាឥន្ទធនូ (សម្គាល់សៀវភៅឥន្ទធនូ) មិនទាន់ធ្វើហើយឬសម្រេចយកនៅឡើយ ទៀតសោតក្របសៀវភៅធ្វើមិនទាន់ហើយផង (Cover & Back) ។
ដំណឹងបន្ថែមយ៉ាងណានឹងជម្រាបជូនពេលក្រោយ ព្រោះពេលនេះពួកយើងកំពុងពិភាក្សាគ្នាសិន សូមសមាជិកគ្រប់ទិសទីជ្រាប ហេហេ ។ គួរបញ្ជាក់ផងដែរថា សៀវភៅនេះមិនទាក់ទងនឹងសៀវភៅយុវអ្នកនិពន្ធខ្មែរ (ដែលប្រើពេលយូរ) ដែលនិយាយកាលពីលើកមុននោះទេ ។
