រកឃើញហើយ ស៊ុបពើមែន ខែ ឧសភា 17, 2008
Posted by បូរាណ in ទស្សនៈឡប់ៗ.13 comments
រកឃើញហើយ ស៊ុបពើមែន
ដោយ៖ បូរាណ
មេឃចាប់ផ្តើមងងឹតស្លុប ខ្មៅកក្រិតតាំងពីម៉ោងបីល្ងាច ហាក់ដូចជាកំពុងតែសោកសង្រេងនឹងអ្វីមួយ។ វាយោបក់ផាត់យ៉ាងកញ្ឆក់កញ្ឆែង គួចសំរាមធូលីនៅតាមផ្លូវ ហោះឡើងខ្ញាល់ វិលវល់ ងងឹតងងុលមើលមិនយល់អ្វីសោះឡើយ…. គួចទាំងខោលីអូពីណាគេទេហ្ន៎! យកទៅហើយ ម៉េចក៏មិនសារខោអាវទុកអ៊ីចឹង? មិនដឹងធ្លាក់ទៅត្រូវសត្វលោកណាម្នាក់ក៏មិនដឹង។ សំឡេងបង្អួចនៅការិយាល័យធ្វើការរបស់ខ្ញុំ បក់បោកត្រគោះប៉ះគ្នាលាន់ប្រ៉ាវៗគួរបារម្ភក្រៃពេក។
ម៉ោងជាងបួន គូកនរបស់មេឃាបានបញ្ចេញសំឡេងគ្រឹមៗ គ្រហឹមឡើងកក្រើកអាកាសា លាន់ឮអស្ចារ្យសែនរន្ធត់ រកតក់ស្លុតអ្វីម្ល៉េះទេ។ ព្រះភិរុណបានបំពេញបំណងរបស់មេឃា និង បក្ខពួករបស់គេ ដោយបង្អុរទឹកភ្លៀងចុះមក ដូចជាកំពុងតែមានពិរោធនឹងអ្នកណាក៏មិនដឹង។ ដំណក់ទឹកភ្លៀងរាប់លានគ្រាប់ ហូរកាត់បង្អួចកញ្ចក់ខ្ញុំឡើងខ្ជាក់ៗ កញ្ជ្រោលកញ្ជ្រាយរាយប្រដេញគ្នា បង្ខាំងមនុស្សម្នាមិនឲ្យចេញទៅក្រៅបានឡើយ។
អាកាសធាតុត្រឡប់ជាត្រជាក់ស្រេប សែនរងា ស្លេកមេជើង ផ្សំនឹងខាងក្នុងបន្ទប់នេះ ម៉ាស៊ីនត្រជាក់ដាក់ថយអស់លេខផង មែ! សែនរងារញ័រញាក់សព្វសារពាង្គឥតបើថ្លែង ដួងចិត្តរឹងរឹតតែចម្បែងនឹកដល់ម្ចាស់ស្នេហ៍… អង្គុយធ្វើការទាំងស្រណោះ ការងារក៏ភ្លេចអស់ គិតចង់តែហោះទៅជួបដួងជីវិត….។ ឥយ៉ា! នាងផ្ញើសារមកហើយ នាងរងារនឹកដល់ខ្ញុំដែរមិនខានឡើយ
- អូយ ឃ្លានណាស់…. អូនចង់ញ៉ាំត្រចៀកជ្រូក!
- អុញ! អូខេចង់ញ៉ាំបងឲ្យញ៉ាំ តែត្រូវចាំញ៉ាំមួយចំហៀង មួយទៀតសូមទុកស្តាប់សៀង ម៉ុមអូនច្រៀងបំពេររៀម….
- ចង់ញ៉ាំមាត់ជ្រូកបានទេ? មាត់ហ្នឹងផ្អែមពេក….
- អូ៎! បើពៅញ៉ាំមាត់ពិតភ្លាត់កិច្ចការ បាត់អស់វោហាចចារជាមួយថ្លៃ សូមទុកមាត់នេះបាត់ថើបចរណៃ ច្រៀងលោមហរទ័យ សម្តីផ្អែមទៀតណា៎ពៅព្រលឹង….
- បើបងទុកមាត់សម្រាប់ថើប អ៊ីចឹងឲ្យអូនញ៉ាំច្រមុះជ្រូករបស់បងណា៎….
- ឱ! បើអត់ច្រមុះបងរស់ម្តេចបាន? បាត់ក្លិនកល្យាណខុសអីនឹងក្ស័យ? ច្រមុះជាគូនឹងមាត់ណា៎ថ្លៃ ពៅកុំញ៉ាំអី សុំទុកស្រង់ក្លិនកេសាពិដោរអូន….
- រងាទេបង? ឲ្យអូនត្រកងក្រសោបស្ងួន គ្រាន់បានជាគ្នា អស់រងាណានឹមនួន ម៉ោះម៉ោឲ្យជិតម៉ោ អូនក្រសោប…
- អ៊ឺមហ៊ឺមអូហូកក់ក្តៅណាស់អូន ហត្ថានឹមនួនដូចជាផាហ៊ុម បងចង់ដណ្តប់ព័ទ្ធឲ្យជិតជុំ ឱ! ដៃផាហ៊ុមគឺដៃនួនល្អង…
ដឹងថាបង្ខាំងខ្ញុំក៏ឥតប្រយោជន៍ ព្រោះខ្ញុំលែងរងា គ្រាប់ភ្លៀងទាំងឡាយក៏សុខចិត្តដកថយទៅវិញ ឥឡូវនេះខ្ញុំអាចចេញទៅសាលាបានហើយ តែនៅតែយឺតម៉ោងទីមួយដដែល។ នៅម្តុំផ្សារអូឡាំពិក ផ្លូវសាលារៀនចិន គ្រាន់តែដល់នេះភ្លាម ឃើញទឹកល្ហល្ហាចគ្រប់ច្រកល្ហក ទៅណាក៏គង់តែមិនផុតឡើយ មានតែប្រថុយជិះកាត់មហាសាគរនេះហើយ រលត់ឬមិនរលត់ពឹងលើសម្លាញ់ខ្ញុំហើយពេលនេះ។ អូ៎ហូ! មើលក្មេងស្រីនោះចុះ ស្លៀកសំពត់ខ្លីមហាខ្លី សាច់ឡើងសខ្ចីដើរកាត់ទឹក ឃើញភ្លាមស្ទើរតែភ្លឹក មនុស្សច្រើនសន្ធឹកនាងហ៊ានកង្ខើញទៀតហ្ន៎!
- នែនែ ក្មួយស្រី លេចហើយ!
- ចា៎ពូ! ឲ្យតែភ្លៀងលេចរហូតហ្នឹង កុំទៅឆ្ងល់!
- អុញ!?!
កូនទូកបណ្តែតខ្លួនគើមៗលើជលសា ក្រឡេកគ្រាប់ទិសាឃើញសុទ្ធតែទឹកបែបនេះ ដូចជាកំពុងជិះទូកនៅកំពង់សោមអ៊ីចឹង ធ្វើឲ្យនឹកដល់កោះពស់ណាស់លោកអឺយ!….។ មកដល់ផ្លូវបត់មួយ ខ្ញុំរកបត់ទៅហើយ តែ…. អីយ៉ូយ លុចស៊ីសស្លាកលេខខ.ម.មួយ ស្ទុះសង្គ្រប់យកកន្លែងបានមុនស្រេចទៅហើយ។ ពេលនេះខ្ញុំស្ថិតនៅជាប់ចំពីមុខឡានតែម្តង ខ្ញុំឃើញភ្នែកវាធំៗសែនមុត មានចង្កូមយ៉ាងវែងសស្ញាច គួរឲ្យខ្លាចមែនទែន ដល់ពេលវាលោតស្ទុះមកភ្លាមៗអ៊ីចឹងទៀត ហាក់ដូចជាសីហកំពុងគម្រាមយកជីវិតសត្វប្រើសមួយក្បាលអ៊ីចឹង ប្រើសក៏មិនហ៊ាននៅទើសដំណើរដែរ រួចប្រញាប់ប្រញាល់រត់ចេញ ក្រែងលោសីហទ្រាំមិនបាន ត្របាក់យកជីវិតទៅ។ មិនហ៊ានទេ លោកម្ចាស់អឺយ ទៅចុះទាន! សុំតែម៉ារួចខ្លួនគ្រាន់តែសរសេររឿងឲ្យគេបានសើចកំសាន្តលេងទេ ជាពិសេសគឺម្ចាស់ជីវិតរបស់ខ្ញុំ។
សីហបានពុះជ្រែកយកផ្លូវមួយចំហៀងម្នាក់ឯង រួចបោះពួយចូលព្រៃបាត់ហើយ នៅសល់តែម្រឹគីម្រឹគាតូចៗកំពុងតែចែវទូកខ្វេះៗ មិនហ៊ានលឿនឡើយ ខ្លាចសាចទឹកប៉ះគ្នា…. មានអធ្យាស្រ័យចំពោះគ្នាល្អណាស់ គួរឲ្យសរសើរមែនទែន…។ យី! ចុះអាប្រកាច់នោះម៉ោពីណាខុសគេខុសឯងអ៊ីចឹង?! វាចែវទូកឬក៏ប្រណាំងម៉ូតូ?! មើលវាៗ! ម៉ោហើយៗ! គេចទៅណាក៏មិនផុតដែរ! [ឆ្វាច់!] ទទឹកសើមមួយចំហៀងខ្លួនគ្រប់គ្នា ទាំំងអ្នកនៅមុខខ្ញុំ ទាំងខ្ញុំ និង អ្នកនៅក្រោយៗទាំងអស់ វារាស់ស្អាតម៉ាផ្លូវដាច់ ឡូយផស់វា។ “អាច្រវាក់ក! អាប្រញាប់ទៅងាប់! ហ្ហែងមេឃចឹងផងប្រយ័ត្នរន្ទះជួយបំពេញបំណងហ្ហែងទៅ អាស្លាប់យ៍!…” ខ្ញុំជេរវាក្នុងពោះ ព្រោះវាធំជាងខ្ញុំ។ អាហ្និះស្លៀកពាក់ថ្លៃថ្នូរណាស់ មើលទៅដូចបញ្ញាវ័ន្ត តែសីលធម៌វាអន់ជាងក្មេងកំព្រាដើររើសអេតចាយទៅទៀត។ ក្មេងទាំងនោះមិនបានទទួលការអប់រំខ្ពង់ខ្ពស់ផង នៅមិនដែលធ្វើឲ្យគេស្អប់ដល់ថ្នាក់ហ្នឹងដែរ ចុះអាហ្និះសំណាងវាកើតចំគ្រួសារស្តុកស្តមហើយ ម្តេចមិនថែកិត្តិយសឲ្យឪម៉ែវាវិញផង?
ផុតពីនេះទៅ អត់មានទឹកលេចទៀតទេ រហូតដល់ម្តុំឃ្លាំងរំសេវទើបមានទឹកល្ហល្ហាចទៀត។ ខ្ញុំមិនបានដឹងខ្លួនជាមុន បើខ្ញុំដឹងខ្ញុំវាងទៅផ្លូវពេទ្យសង្ឃហើយ នឹងបានរួចខ្លួន តែជ្រុលហើយ ទឹកលិចលើសជង្គង់ទៅទៀត រកត្រឡប់ក៏មិនកើត មនុស្សក៏ច្រើន។ កូនទូកតូចៗជាច្រើន ត្រូវម្ចាស់វាអូសបណ្តើរកាត់ទឹកទៅវិញ ហាក់ដូចគេអូសពួកអាចោរឈ្លានពានទឹកដីយើង យកទៅប្រហារអ៊ឹចឹង មុខឡើងក្រញូវ មាត់ជីពអូចៗទៀត មិនដឹងជាជេរទូករបស់គាត់ ឬក៏ជេរអ្នកណាផ្សេងទៀតដែលបង្ហូរទឹកឲ្យលេចពេញតែផ្លូវបែបនេះ។
គូប្រកួតរបស់ខ្ញុំជាច្រើនបានចុះចាញ់អស់ច្រើនហើយ តែខ្ញុំ និង សម្លាញ់ខ្ញុំ នៅតែមានអនុភាពពុះជ្រែកជលសារដ៏ល្វឹងល្វើយនេះនៅឡើយ ទោះជាពេលខ្លះត្រូវកប៉ាល់ធំៗបើកជិត ធ្វើឲ្យមានរលកដ៏មហិមា បក់បោកវឹបៗស្ទើរក្រឡាប់ម្តងៗក៏ដោយ ក៏ការសហការគ្នានឹងយល់ចិត្តគ្នាយ៉ាងស្អិតរមួតរបស់អ្នកក្លាហានទាំងពីរនេះ នៅតែធ្វើការតស៊ូរកអ្នកឈ្នះចាញ់ឲ្យខាងតែបាន។
ដំណាក់កាលដែលក្តៅគគុកបំផុត ដែលនឹងសម្រេចថាអ្នកណាជាអ្នកខ្លាំង គឺនៅត្រង់សាលាសន្ធរម៉ុកនេះឯង។ អស់មែនទែនហើយ គូប្រកួតខ្ញុំចុះចាញ់អស់ហើយ នៅសល់តែសម្លាញ់ខ្ញុំកំពុងតែពុះពារ បិទភ្នែកខាំមាត់ទធាក់ជើងខ្វេះៗ លូនបន្តិចម្តងៗ តឹងទ្រូងមែនទែន សឹងតែថប់ ដណ្តើមជំនួសវា “ប្រឹងឡើងៗ! អាសម្លាញ់ ជិតដល់ទីហើយ! ដល់ទីយើងនឹងបានរង្វាន់!”។
អស់ស្ទះ! រកឃើញហើយអ្នកខ្លាំង! អស្ចារ្យមែន ស៊ុបពើមែនគឺម៉ូតូខ្ញុំហ្នឹងហើយ! ចាប់ពី ពេលនេះទៅ ខ្ញុំលែងខ្លាចទឹកលេចទៀតហើយ ទោះជាទឹកលេចដល់ត្រឹមកក៏ខ្ញុំមិនខ្លាចដែរ! “អូខេ! អាសម្លាញ់ រង្វាន់របស់ឯងគឺប្រេងម៉ាស៊ីនមួយកំប៉ុងណា! ពេញចិត្តទេ?”៚
»»អ្នកខ្លាំងគឺខ្ញុំឯណេះទេ, អង្គុយកែទាល់តែចប់… បងបូរាណ នេះចំតែម្ម៉ងហើយ!!!
»»កែសម្រួលដោយ រចនា
មិនទាន់អស់ចង់ ខែ ឧសភា 8, 2008
Posted by បូរាណ in រឿងខ្លី.add a comment
ប្រភេទរឿង ៖ ស្រមើស្រម៉ៃខ្លី បែបឡប់ៗកថា
អ្នកអានដែលត្រូវហាមឃាត់ ៖ ក្មេងអាយុក្រោម១៨ឆ្នាំ លោកសង្ឃ យាយជី និងអ្នកកាន់សីលទាំងឡាយ
អ្នកត្រូវបានលើកទឹកចិត្តឲ្យអាន ៖ អ្នកស្នេហាសិល្បៈនៃការតែងនិពន្ធ អ្នកប្រសប់ធ្វើឡប់ ជាពិសេសគឺអ្នកមានស្នេហា
អមដោយចម្រៀងមួយបទ មានចំណងជើងថា “ក្រោមមេឃលើដី” ច្រៀងដោយអធិរាជសំឡេងមាសមានតែមួយក្នុងប្រវត្តិសិល្បៈចម្រៀងខ្មែរ
————————————–
ត្រៀមខោអាវ ស្បែកជើងរួចហើយតាំងពីមួយថ្ងៃមុន, ម៉ោង៧.៣០ នាទីព្រឹក ខ្ញុំរៀបចំខ្លួនរួចស្រេច ដើម្បីទៅតាមការណាត់ជួបដ៏ពិសេសមួយនៅម៉ោង៨។ ម្តាយរបស់ខ្ញុំមើលមុខខ្ញុំហាក់ចង់សួរថា ទៅណា មិនបាច់ឲ្យគាត់ហត់សួរឡើយ ខ្ញុំទាញម៉ូតូចេញដោយទឹកមុខញញឹមខ្ជឹប ប្រកបទៅ ដោយមោទនភាព ឆ្លើយទៅកាន់គាត់ថា
- ខ្ញុំទៅដើរលេងហើយម៉ែ!
ខុសពីម្តាយគេភាគច្រើនដែលមិនសូវសប្បាយចិត្តពេលឮកូនប្រាប់ថាទៅដើរលេង ម្តាយខ្ញុំបែរជា បង្ហាញនូវភាពត្រេកអរពេលខ្ញុំនិយាយប្រាប់គាត់យ៉ាងដូច្នោះ។ ប្រហែលជាគាត់គិតថាខ្ញុំកំពុងតែ ស្វែងរកកូនប្រសារមកឲ្យគាត់ហើយមើលទៅ នោះគាត់នឹងមិនភ័យពិបាកដើររកឲ្យខ្ញុំផង។
ម៉ោង ៨ហើយ ខ្ញុំហាក់ស្តាប់ឮសំឡេងគេវាយស្គរកាន់តែខ្លាំងឡើងៗ ញាប់ឡើងៗចេញពីប្រអប់ ទ្រូងខ្ញុំ។ នៅលើមេឃ នៅខាងឆ្វេង នៅខាងស្តាំ ក្រឡេកទៅណាក៏ឃើញសុទ្ធតែរូបខ្ញុំនិងនាង កំពុងតែនៅជាមួយគ្នា ប្រឡែងលេងជាមួយគ្នាយ៉ាងស្និទស្នាល សប្បាយកាច់កកាច់ស្រង់ទាំង ពីរនាក់ ល្អនោះល្អឥតមានអាក់អ្វីបន្តិចសោះឡើយ… ខ្ញុំពិតនាងតិចៗ នាងពិតមកខ្ញុំតិចៗវិញ ស្ទើរទប់ជំហ៊រ មិននឹង។
ម៉ោងលើស ៨ទៅហើយ… ៥នាទី ១០នាទី ៣០នាទី… ខ្ញុំទាញទូរស័ព្ទមកមើលម្តងហើយម្តងទៀត យ៉ាងអន្ទះសារ រង់ចាំទូរស័ព្ទពីនាង តែមិនមានដំណឹងអ្វីបន្តិចសោះ សូម្បីតែសារក៏មិនមានដែរ
- ហ៊ឹម… ព្រលឹងបងអឺយ ហេតុអ្វីឡើយពៅធ្វើយ៉ាងហ្នឹង? បើមិនមកទេ ម្តេចឲ្យបងខឹង សារមួយ ប៉ុណ្ណឹង ហេតុអ្វីមិនបាន? អូ៎ ឬមួយពៅត្រូវជាប់សោរ ម៉ាក់អូនឆោឡោ មិនឲ្យជួបប្រាណ ដកយក ទូរស័ព្ទ ណាត់ជួបខកខាន ទើបស្រស់ភុំផាន ស្ងាត់វាចារឈឹង? ហ៊ឹម… ព្រួយណាស់ព្រួយណាស់ អាណិតណាស់ព្រលឹង ពៅមិនមកទេ រៀមក៏មិនខឹង រឿងនេះបងដឹង ពៅពិតរវល់…
មុននេះបន្តិច ខ្ញុំបានញ៉ាំអាហារពេលព្រឹករួចហើយ ហើយក៏ផឹកទឹករួចរាល់អស់ហើយដែរ គ្មានអ្វីសោះឡើយនៅស្ទះបំពង់ក តែពេលនេះ អ្វីដែលបានញ៉ាំទាំងប៉ុន្មានបានឡើងមកលើវិញ នៅស្ទះអួលណែនកណ្តាលដើមទ្រូង ឡើងដល់បំពង់កយ៉ាងទទឹងង៉ាង ខ្ញុំប្រឹងលេបដែរ តែលេប មិនចុះឡើយ។ នៅតាមផ្លូវវិញ មិនមានអ្នកណាដុតធូបអីឲ្យហុយទ្រលោមឯណា តែហេតុអ្វីបាន ជានេត្រាខ្ញុំទាំងគូឈឺផ្សា ហាក់ដូចត្រូវផ្សែងចូលពេញស៊ប់ទ្រុបយ៉ាងនេះ? ខ្ញុំព្យាយាមជម្នះបើក នេត្រា គ្រប់គ្រងចង្កូតទាំងកែវភ្នែករលីងរលោង។ នៅលើវិថីមានមនុស្សមិនចេះតិច តែខ្ញុំហាក់មិន ឃើញអ្នកណាមួយមានចលនាអ្វីឡើយ ទាំងអស់គ្នាហាក់នៅស្ងៀមឈឹងទ្រឹងមួយកន្លែង មិនព្រម ទៅមុខសោះ មេឃងងឹងស្លុប ស្លឹកឈើក៏ស្វិតអស់ ហាក់ជួយស្រណោះរូបខ្ញុំដែលត្រូវនាង បោកប្រាស់។
គិតត្រឡប់ទៅផ្ទះវិញក៏ខ្លាចខ្មាស់ម្តាយ ខ្ញុំអង្គុយលើម៉ូតូដោយគ្មានអារម្មណ៍ក្នុងខ្លួន។ ម៉ូតូបាន អណ្តែតត្រសែតតែលតោលគ្មានគោលដៅរហូតទៅដល់ម្តុំអូឡាំពិក។ ប្រទះភ្នែកនឹងហាង អ៊ិនធើណិតមួយ ទំនង គ្រាន់តែនឹងកំដរពេលវេលា ស្រួលនឹងចូលផ្ទះវិញកុំឲ្យម៉ែឆ្ងល់។ ដឹងហើយ ថាទូរស័ព្ទនឹងញ័រ ឬឮភ្លេង ឬចេញពន្លឺ បើសិនជាមានគេទូរស័ព្ទមក ប៉ុន្តែនៅតែដាក់វានៅលើតុជិត ម៉ូនីទ័រ ហើយក្រឡេកមើលវាម្តងហើយម្តងទៀត ដដែលៗគ្មានដាច់ ព្រោះនៅតែទន្ទឹងក្រែងនាង ទូរស័ព្ទមក។
ព្រះពុទ្ធបរមគ្រូទ្រង់ទតឃើញក្តីសង្វេគរបស់ខ្ញុំ ព្រះអង្គមិនព្រមព្រងើយកន្តើយឡើយ… ម៉ោង៩ ស្រាប់តែខ្ញុំឃើញមានពន្លឺចេញពីទូរស័ព្ទខ្ញុំមែន… លេខទូរស័ព្ទរបស់ម្តាយនាងបង្ហាញឡើងលើ អេក្រង់ទូរស័ព្ទខ្ញុំយ៉ាងច្បាស់ក្រឡែត។ ខ្ញុំលួចក្តិចដៃខ្លួនឯងដោយមិនឲ្យអ្នកណាមើលឃើញ ឡើយ
- អីយ៉ា ឈឺមែនត្ហើ!
អារម្មណ៍មួយគិតថាជានាង អារម្មណ៍មួយទៀតគិតថាជាម្តាយនាង ទូរស័ព្ទមកជេរខ្ញុំ។ បើសិន ជាម្តាយនាង ក៏ខ្ញុំមិនខ្លាចដែរ នឹងជាឱកាសល្អផងសម្រាប់ដោះស្រាយគ្នាឲ្យបានស្រេចបាច់ម្តង ខ្ញុំតាំងចិត្តថានឹងមិនចុះញ៉មឡើយ ខ្ញុំត្រៀមពាក្យពេជន៍សម្រាប់ប្រកួតរួចហើយ ខ្ញុំត្រូវតែបន្ទន់ កាយ សុំទោសគាត់តាមសម្រួល…។ ទេ! ដាច់ខាតត្រូវតែជានាង! ខ្ញុំជឿជាក់ ៨០ភាគរយ ព្រោះ យើងបានសន្យាថ្ពក់ដៃនឹងគ្នាតាមទូរស័ព្ទច្បាស់ណាស់ កាលពី២យប់មុន ថាមិនឲ្យខកខាន ឡើយ។ ខ្ញុំលើកទូរស័ព្ទស្តាប់
- ជីវិតអូនអឺយ ព្រលឹងចាំអូនយ៉ាងណា? អូនសុំទោសណា៎កែវជីវា នៅជាមួយមាតាធ្វើម្ហូបមិនទាន់ ហើយ
- ឱ បណ្តូលចិត្តបណ្តាច់ជីវិតបងហ្ហើយ រៀមយល់ហើយយល់ចិន្តា ថាពៅមិនកុហករៀមឡើយ ណា គង់មានហេតុការណ៍អ្វីមិនខាន។ បងខ្លាចតែម្តាយម៉ុមអូនឃាត់ ចាប់ទោសពង្រាត់បង្ខាំង ប្រាណ វាយដុំធ្វើបាបកែវកល្យាណ កើតវិប្បយោគបានខានជួបប្រុសស្នេហ៍
- ព្រលឹងអូនអឺយកុំព្រួយខ្លាំងពេក ទោះមេឃរហែកមិនអាចបង្វែរ ឥឡូវសូមបងមកកុំគេចកែរ អូនចាំប្រុសស្នេហ៍ក្បែរវត្តទួលទំពូង
ខ្ញុំស្ទុះដូចហោះ ចេញមកក្រៅទាំងអរកខិបកខុប។ ឯអាសម្លាញ់របស់ខ្ញុំក៏អស្ចារ្យណាស់ដែរ តាំងពីរាប់អានវាធ្វើជាមិត្តភក្តិមក វាមិនដែលបង្កបញ្ហាអ្វីមួយមកដល់ខ្ញុំម្តងណាឡើយ។ គ្រាន់តែ ឃើញខ្ញុំដើរសំដៅវាភ្លាម វាញញឹមស្ញេញ ញាក់ចិញ្ចើមដាក់ខ្ញុំព្រឺតៗហាក់ដឹងហេតុការណ៍ រួច រលាស់គូថខ្វាច់រង់ចាំខ្ញុំអង្គុយ។ វាបញ្ចេញថាមពលយ៉ាងក្លៀវក្លា កញ្ឆក់ស្ទើរតែខ្ញុំទប់ខ្លួនមិនជាប់ វាពុះជ្រែកវាតាសំដៅគោលដៅក្នុងរយៈពេលពីរបីនាទីប៉ុណ្ណោះ។
នារីវ័យក្មេងម្នាក់មានរូបឆោមស្រស់សោភា ក្នុងវ័យប្រហែល១៩ឆ្នាំ សក់វែងអន្លាយ ស្លូតរលោង រលើបពណ៌ខ្មៅស្រិល អត់មានហាយឡាយចងយ៉ាងមានរបៀប មើលទៅគួរឲ្យចង់ថើបបបោស ថ្នមដោយហត្ថាទាំងទ្វេរ។ នេត្រាទាំងគូភ្លឺថ្លាយង់ដូចនិលច្នៃ សាច់សរលោងម៉ត់ខៃគួរចង់អង្អែល ល្អនោះល្អឥតមានហ្មង ថ្ពាល់ទាំងសងខួចឡើងពេលនាងញញឹមធ្វើឲ្យខ្នាញ់ក្រៃលែង។ ដំណើរ ល្វត់ល្វន់សមមានលក្ខិណា ដូចទេពធីតាត្រគៀកសមទ្រូង ស្អាតណាស់ស្អាតពិតចង់ថ្នមលោម លួង ស្អាតអស់ស្ទះអស់ពីបេះដូង ពិតដូចអប្សរានាសួគ៌ាលៃ ហ៊ឺយ! គួរចង់ក្រសោបមែនទែន។
នាងដើរសំដៅខ្ញុំ ខ្ញុំទម្លាក់មុខចុះ ញីភ្នែកទាំងសងខាង រូចងើបមើលទៅវិញម្តងទៀត
- អូ ពិតជានាងមែន! ខ្ញុំមិនច្រឡំទេ!
សំពត់ហូល អាវប៉ាក់ ចានស្រាក់ជាប់ដៃ ជាក់មាននិស្ស័យនឹងសាសនា សម្តីផ្អែមទន់ ហាក់មាន មន្ត ឬករាបសារ នាងស្រដីមកខ្ញុំ
- តោះមាសថ្លៃអឺយយើងចេញទៅ កុំបង្អង់នៅមាតាមកទាន់ គាត់នៅខាងក្នុងស្រីចេញរួសរាន់ ប្រាប់ថាទៅធ្វើបុណ្យជាមួយមិត្តភក្តិបន្តទៀត
- អូ៎ អញ្ជឹងពៅធ្វើបុណ្យពីរវត្តហើយក្នុងថ្ងៃនេះ តោះលឿនៗមក រៀមជូនពន្លកទៅវត្តធ្វើបុណ្យ ជាមួយគ្នាម្តង
មេឃប្រែស្រឡះ ពពកដេរដាសប្រែជាស ស្លឹកឈើប្រែពណ៌ខៀវស្រស់ល្អ ត្រូវជំនោរកំដរបក់ រវិចៗ ចាំងរំលេចពន្លឺសុរិយាភ្លឺភ្លេកៗដូចសុវណ្ណ បក្សីទាំងគូៗស្រែកច្រៀងឆ្លើយឆ្លងយ៉ាងរញៀវ ខ្ញៀវខ្ញា ហោះហើរឆ្វាត់ឆ្លែងប្រឡែងលើវេហា លើព្រឹក្សាហាក់អបអរជូនពរខ្ញុំនឹងនាងកំពុងធ្វើ ដំណើរតាមផ្លូវយ៉ាងសុខមនោរម្យ។
- បងអឺយយើងដល់ណាហើយ កុំភ្លេចឡើយប្រាប់អូនផង ដល់ស៊ីធីអិនប្រាប់អូនណាបង យូរៗ ឃើញម្តងឡូយយ៉ាងណា
- អុញ! ហួសយូរហើយត្ហើពៅព្រលឹង ម៉េចធ្វើមិនដឹងមិនស្គាល់អី មកដល់ព្រែកព្នៅពៅស្រស់ខ្ចី ហួសមិនជិតអីស្រីជីវា។ អូ៎ វានៅខាងស្តាំដៃ តែភ័ក្រ្តថ្លើមថ្លៃបែរទៅឆ្វេង អ៊ីចឹងបានដូចវង្វេង មិនអីស្រីក្មេងចាំមកវិញរៀមប្រាប់។
តាមផ្លូវមានឮភ្លេងពិណពាទ្យណិងណុងមិនសូវដាច់ឡើយ ផុតមួយកន្លែងដល់មួយកន្លែង ឃើញមាន ក្រណាត់ទង់ប្រវែងប្រមាណ០,៥ម x ១,៥ម មានពណ៌លឿង ខៀវ ហង្សបាត និងពណ៌ផ្សេងៗ ទៀតចម្រុះគ្នា ដែលជាការសម្គាល់កន្លែងធ្វើបុណ្យនៃព្រះពុទ្ធសាសនា។ យាយតា ពូមីង អុំៗកាន់ ចានស្រាក់សំដៅវត្តអារាម។ អីយ៉ា! ផ្ទះខ្លះមានចាក់បាសទាំងព្រឹកតែម្តង។ អូហូ! មើលយុវជន ប៉ុន្មាននាក់នោះចុះ ក្បាលឡើងសព្រុស ដៃកាន់ម្សៅផង ដបទឹកសុទ្ធផង ជិះលឿនទៀត ហ៊ូ! មើលគេជ្រែទៀត មិនខ្លាចគ្រោះថ្នាក់សោះ។ នោះហ្ន៎! ឃើញស្រមោលតិចៗហើយ ភ្នំទាំងពីរដែល យើងបានស្រម៉ៃថានឹងឡើងលេងជាមួយគ្នា។
- ពៅ ចូលវត្តតាមផ្លូវ ឲ្យហើយយ៉ាងណា បើចាំដល់ភ្នំ ខ្លាចតែយឺតការ លោកលាន់មាត់ថា មិនដែលប្រទះ?
- មិនយឺតទេស្ងួន ម៉ោងជាងប្រាំបួន នឹមនួនរូតរះ ដល់វត្តនៅភ្នំ ថ្វាយបង្គុំព្រះ សល់ម៉ោងច្រើនណាស់ យើងនឹងទៅទាន់
ទីបំផុតយើងបានមកដល់ផ្លូវបត់ចូលទៅភ្នំព្រះរាជទ្រព្យដូចបំណង។ ដូចជាគ្មានអ្វីសម្គាល់កន្លែង បត់ចូលភ្នំព្រះរាជទ្រព្យសោះ ខ្ញុំបត់ចូលទាំងប្រថុយប្រថាន… មិនខុសទេ ផ្លូវហ្នឹងហើយ។ មកដល់ជើងភ្នំហើយ មានផ្លូវបត់ពីរ ហើយខ្ញុំក៏បត់ទៅខាងស្តាំ។ ឃើញហើយ ដងទង់ពីរខ្ពស់សន្លឹម អាគារសុទ្ធតែថ្មីស្រឡាង វត្តនេះពិតជាទើបសាងសង់មែន… អាងទឹកដ៏ស្រស់ស្អាតមួយមានទំហំ ប្រហែល២០ម៉ែត្របួនជ្រុង មានរូបចម្លាក់នាងគង្ហីងឈរក្បែរក្រពើនៅកណ្តាលអាងទឹក ដែលនៅក្នុង ពុទ្ធប្រវត្តិបានដំណាលថា ពេលដែលព្រះពុទ្ធបរមគ្រូទ្រង់កំពុងផ្ចាញ់មា នាងគង្ហីងនេះបានមកជួយ កម្ចាត់មាជូនព្រះអង្គ ដោយនាងបានច្បូតសក់នាងធ្លាក់ក្លាយជាសត្វក្រពើជាច្រើនក្បាល ដើម្បីកម្ចាត់សត្រូវជួសព្រះអង្គ ដែលទ្រង់មិនបានប្រើកម្លាំងអ្វីទាំងអស់ ដោយគ្រាន់តែឈរចង្អុលដៃ ទៅដី បង្ហាញមាថាមេឃដីសក្តិសិទ្ធិនឹងសម្រេចហេតុការណ៌ទាំងឡាយ។
អាងទឹកនេះមានលម្អដោយផ្កាព័ទ្ធជុំវិញ មើលហាក់ដូចសួនច្បារ មនុស្សម្នាអង្គុយសម្រាកលេង លើបង់នៅមាត់អាងទឹក ខ្លះអង្គុយក្រោមរូបចម្លាក់សត្វហង្សដ៏ធំ…. ចុះទីធ្លាអីក៏ធំម្ល៉េះ?! ងាប់! សុទ្ធតែឡានមិនចេះតិច មានម៉ូតូមួយៗ មិនដឹងអង្កាលបានខ្ញុំមានឡានជូនប្រពន្ធមកធ្វើបុណ្យ ដូចគេទេហ្ន៎? ចុម! ទៅណាទៅណីទេខ្ញុំ ឆ្វេងឬក៏ស្តាំអញ្ចេះ? វិលក្បុងអស់ហើយ… អូ៎ ខាងឆ្វេង ជាកុដិ ខាងស្តាំជាសាលាធម្មសភាហើយ នុះន៎! មិនខុសទេ មានពុទ្ធបរិស័ទកំពុងចេញចូលក្នុង សាលា អាចឃើញផ្សែងធូបហុយទ្រលោមពីចម្ងាយ។
ឆ្នាំជូត សំរិទ្ធិស័ក ព.ស២៥៥២ ថ្ងៃវារៈឡើងស័ក ថ្ងៃដែលខ្ញុំនឹងនាងធ្វើបុណ្យជាមួយគ្នា ជាលើកដំបូង។ មិនមានសន្តិសុខមើលម៉ូតូទេ តែហាក់ជឿជាក់លើសាសនា នេះជាស្ថានមានបារមី ប្រែតចង្រៃនឹងមិនមកយារយីម៉ូតូខ្ញុំឡើយ ខ្ញុំនិងនាងដោះស្បែកជើង រួចចូលទៅក្នុងសាលាឆាន់។ អូ៎! ព្រះអង្គន៎ តុបតែងលម្អដោយភ្លើងស្អាតអស់ស្ទះ! ទោះជាខ្ញុំកម្រចូលអុជធូបសំពះព្រះក៏ដោយ រាល់ពេលដែលខ្ញុំឃើញព្រះពុទ្ធបដិមារធំៗបែបនេះ ខ្ញុំមានអារម្មណ៍សុខដុមត្រជាក់ត្រជុំភ្លាម ខ្ញុំហាក់ បានទទួលបារមីអ្វីមួយសម្រាប់ឃុំគ្រង តាមរយៈកែវនេត្រាព្រះអង្គដែលកំពុងសំឡឹងខ្ញុំដោយ ឫទ្ធិអំណាចតេជះ។
មិនដូចខ្ញុំឡើយ នាងជានារីដែលធ្លាប់បានចូលរួមធ្វើបុណ្យរាប់ភ្លេច ខ្ញុំមិនដឹងធ្វើអីធ្វើអីខ្លះទេ…. វេរចង្ហាន់ប្រគេនលោកជាមុនសិន នាងនិងខ្ញុំចូលទៅអង្គុយទល់មុខព្រះសង្ឃប្រមាណ៥អង្គ រួចបត់ជើងសំពះព្រះសង្ឃ៣ដង។ នាងហូតបច្ច័យមួយចំនួន ដាក់ថែមចូលក្នុងកញ្ចប់បិណ្ឌបាត្រដែលមានស្រាប់ មានដូចជាមី ទៀន ធូប និងទានប៉ុន្មានមុខទៀតទេ ខ្ញុំមើលអត់ឃើញដែរ ព្រោះនៅក្នុងថង់។ ខ្ញុំលើកកញ្ចប់បិណ្ឌបាត្រថ្វាយព្រះសង្ឃ នាងលើកចានស្រាក់។ ព្រះសង្ឃ សូត្រធម៌ប្រ៉ាវ ឡើងញាប់ស្មេរ ខ្ញុំអត់ដឹងថាលោកសូត្រអីរលីង… គ្រាន់តែដឹងថាជាការសូត្រឧទ្ទិស ផលបុណ្យជូនញាតិសន្តានដែលបានចែកឋានទៅ លើករាសី កម្ចាត់ឧបទ្រុបចង្រៃផ្សេងៗ និងជួយ ភ្ជាប់និស្ស័យនឹងពុទ្ធសាសនា ។ល។ និង ។ល។
ទៅណាទៀតអញ្ចេះ?! ព្រះសង្ឃហាក់យល់ការណ៌ ឃើញខ្ញុំធ្វើភ្នែកឡេងឡង់ លោកក៏ជួយប្រាប់ថា ឲ្យទៅរាប់បាត្រនៅខាងក្រោយជាបន្ត។ ឡូយខ្ញុំវិញ ខ្ញុំមានភ្នែកល្អជាងនាង, គួបផ្សំនឹងភាពសំឡឹង យ៉ាងវាងវៃដែលខ្ញុំបានហ្វឹកហាត់នៅរាល់ល្ងាចចុងសប្តាហ៍នៅតាមមាត់ទន្លេ, ខ្ញុំរកកន្លែងរាប់បាត្រ ឃើញមុននាង។ នៅលើតុមួយទទឹងប្រហែលកន្លះម៉ែត្រ បណ្តោយ២,៥ម៉ែត្រ មានបាត្រពីរជួរ និង ចានសម្រាប់ដាក់បច្ច័យប្រមាណ១០ចាន។ នាងរ៊ូតកាបូបយកលុយ អូ៎! លុយក្រដាស១០០នាងច្រើន ម្ល៉េះ?! ឡើងណែនកាបូបប៊ឹប! ចម្លែកអីតែខ្ញុំ មកធ្វើបុណ្យអីភ្លេចដូរលុយអ៊ីចឹង? នាងមើលមុខខ្ញុំ ខ្ញុំធ្វើមុខស្ញេញ អេះក្បាល នាងក៏ហុចលុយឲ្យខ្ញុំទៅ។
រាប់បាត្រហើយៗ នាងប្រាប់ថាទៅអុជធូបសំពះព្រះអង្គធំ ខ្ញុំចាំយូរហើយត្ហើ! នាងហូតធូប រាប់ រួចហុចឲ្យខ្ញុំយកដុត។ ខ្ញុំដុតហើយ មកអង្គុយក្បែរនាង នាងក៏ចូលបញ្ច័យហើយល្មម ខ្ញុំរំលែកធូប ឲ្យនាង។ ខ្ញុំនិងនាងកាន់ធូបប្រណមឡើងព្រមគ្នា នាងធ្វើមាត់ជីបអូចៗ រកតែលួចស្តាប់ថាម៉េច ក៏អត់ឮ។ ខ្ញុំឯណេះវិញ នឹកមិនទាន់ឃើញថាបន់ស្រន់យ៉ាងម៉េចនៅឡើយ អ៊ីចឹងមានតែ
- ដោយឫទ្ធិបារមីរបស់ព្រះអង្គ សូមមេត្តាទទួលនូវសេចក្តីប៉ងប្រាថ្នា ដែលនាងកំពុងតែបន់ស្រន់នេះ ឲ្យបានសម្រេចដូចបំណងផង សាធុ សាធុ…
យើងទាំងពីរនាក់យកធូបទៅដោតនៅខាងក្រៅសាលាឆាន់។ ឥឡូវនេះវគ្គមកធ្វើបុណ្យដែលបាន ប្រាប់ម្តាយ បានចប់ហើយ នៅតែវគ្គមកឡើងភ្នំលេងដែលអត់បានប្រាប់ម្តាយ នឹងចាប់ផ្តើម ក្នុងពេលបន្តិចទៀតនេះ។
ចេញពីសាលាឆាន់រកមើលស្បែកជើង… មែន! មានបាត់ទៅណាវា។ ខ្ញុំបន្តដំណើរទៅទៀតហើយ វាងកាត់មុខសាលាកុដិបន្តិច អើតមើលពុទ្ធបរិស័ទ្ធកំពុងធ្វើបុណ្យយ៉ាងមីដេរដាស។ បត់ស្តាំទៀត ទៅខាងក្រោយ វិលជុំវិញភ្នំមួយជុំលេងសិន ជិះខាងក្រោយអ៊ីចឹង ទើបមើលឃើញរូបសំណាក ព្រះអង្គមួយយ៉ាងធំសម្បើម លើកំពូលភ្នំ លាបពណ៌មាសឆ្អិនឆ្អៅចាំងព្រៀកៗ នៅថ្មីស្រឡាងតែម្តង តាមមើលទើបសង់ហើយថ្មីៗដែរទេ។ អូ៎ នៅមានវត្តតាមជើងភ្នំប៉ុន្មានទៀតហ្ន៎! ប៉ុន្តែសុទ្ធតែវត្តចាស់ៗ មើលទៅដូចមិនសំបូរសប្បាយឡើយ ហើយស្ងាត់ អត់សូវមានមនុស្សទេ ប្រហែលជាគេមិនបានដឹង ឬក៏ទីតាំងមិនល្អ។ វិលមួយជុំមកដល់ខាងមុខភ្នំវិញហើយ មនុស្សម្នាច្រើនណាស់លោកអឺយ! ល្មមតែប្រជ្រៀតរកផ្លូវចូលផ្ញើម៉ូតូបាន បែកញើសអស់កន្លះលីត្រទៅហើយ…
- ពៅព្រលឹង មនុស្សច្រើនអ៊ីចឹងយើងញ៉ាំឯណា?
- ញ៉ាំនៅលើភ្នំ ត្រជុំឱរ៉ា
- អ៊ីចឹងឆាប់រ៉ា យើងទិញបាយម្ហូប
គ្មានអ្វីត្រូវស្រពិចស្រពិលទៀតទេ អត់មានត្រូវអ៊ុតថានាងមកឬមិនមកអីទៀតដែរ ពេលនេះយើងទាំង ពីរកំពុងកៀកដៃគ្នាឡើងជណ្តើរយ៉ាងញញឹមប្រិមប្រិយ ទឹកចិត្តបរិសុទ្ធជ្រះថ្លាពេញដោយទាន ឆ្ពោះ ទៅកាន់កំពូលភ្នំ។ អ្នកមានជីវភាពមិនសូវប្រសើរច្រើនណាស់ អង្គុយតាមសងខាងជណ្តើរ ខ្ញុំនិងនាង ជូនលុយពួកគាត់ខ្លះ រំលងខ្លះ។ ចុម! អីមានអ៊ីចឹងដែរ?! ឆ្កែនិងស្វាសុំទាន? លោកម្ចាស់អឺយ គួរឲ្យ អាណិតម៉្លេះ ខ្ញុំនិងនាងដាក់លុយឲ្យពួកវា… មើលកូនឆ្កែនោះចុះ លុយឡើងពេញ ឯកូនស្វាវិញអត់ ឃើញលុយអ៊ីចឹង? អាហ្និះមានដៃចេះកាន់ ទើបយកលុយលាក់ក្នុងហោប៉ៅតាម៉ង បែប…។
ម៉ោងប្រហែល ១១ ញើសស្រក់តក់ៗ យើងឈប់ទិញផ្លិតមួយ រួចបន្តដំណើរទៀត។ ឥឡូវនេះខ្ញុំ និងនាងឡើងមកដល់ព្រះសក្សមុនីចេតិយហើយ… អុជធូបសិន។ ក្មេងៗលក់ផ្កាឈូក និងធូបមក រោមជុំ អីគេ កន្លែងនេះសូម្បីអុជធូបក៏អស់២០០រៀលដែរ… ថ្វាយផ្កានិងអុជធូបរួច យើងទៅទៀត ហើយ។ នៅលើកំពូលភ្នំនេះមានកន្លែងដើរឆ្ងាយវែងគ្រាន់បើ… ដៃខ្ញុំជាប់កាន់បាយម្ហូប និងឥវ៉ាន់ ផ្សេងៗ ដើរឡើងបែកញើសសស្រាក់ នាងហូតយកក្រដាសមកជូតមុខឲ្យខ្ញុំ… អីយ៉ូយ មានពីណា ឡូយជាងខ្ញុំទៀតទៅហ្ន៎? ជោរប៉ុនណេះហើយ ដើរដល់ម៉ោង ៥ល្ងាច អត់ញ៉ាំបាយក៏បានដែរ ឲ្យតែ នាងដើរជាមួយ ហើយចាំជូតមុខឲ្យយ៉ាងហ្និះចុះ ខ្ញុំពិតជាខ្យល់គរមិនខានទេ។ មួយស្របក់ធំល្មម យើងបានមកដល់តូបមួយ សមគួរនឹងសម្រាកញ៉ាំបាយល្មម។
មនុស្សម្នាដើរទៅមក ដូចមិនឃើញនរណារកកន្លែងអង្គុយញ៉ាំបាយដូចខ្ញុំនិងនាងសោះ ប្រហែល ពួកគេទាំងនោះសុទ្ធតែញ៉ាំនៅខាងក្រោមហើយមើលទៅ… អ្នកខ្លះក៏ហត់ណាស់ដែរ អង្គុយសម្រាក ក្រោមដើមឈើក្បែរៗហ្នឹង។ ញ៉ាំបាយហើយ សម្រាកមួយសន្ទុះ យើងទាំងពីរក៏ដើរទៅទៀត មិនទាន់ដល់ព្រះអង្គធំផង។ ចង់ទៅថ្វាយបង្គុំព្រះអង្គធំ ត្រូវឆ្លងកាត់កន្លែងសក្ការៈច្រើនទៀតណាស់ មានទាំងកន្លែងព្រះអង្គ២០០០ទៀតហ្ន៎! ឡូយណាស់… ខាងក្នុងសុទ្ធតែរូបចម្លាក់ព្រះអង្គតូចៗ ក្នុងទម្រង់ព្រះភ្នែនកម្ពស់ប្រហែល០,៣ម៉ែត្រ រូបច្រើនណាស់ សង្ស័យតែ២០០០អង្គដូចគេថាមែន ទេ។ ថ្វាយបង្គុំព្រះ ថ្វាយផ្កាព្រះអង្គហើយ ខ្ញុំនិងនាងយកទឹកមន្តមកលុបមុខប្រាថ្នាសេចក្តីឃុំគ្រងដោយរិទ្ធបារមីពីអំណាចនៃព្រះពុទ្ធសាសនា។
ចេញពីនេះទៅ មានកន្លែងមួយមានរូបចម្លាក់ខ្លាពីរប៉ុនណាប៉ុនណី មានបង្កាន់ដៃចូលជាខ្លួននាគ វែងអន្លាយ នៅខាងក្នុងរូងនោះមានរូបព្រះអង្គធ្វើអំពីឈើខ្មៅ មើលទៅរលោងស្រិល។ ទៅមុខទៀត មានព្រះគោ ហួសបន្តិចទៀតមានព្រះកែវ។ មិនឆ្ងាយពីហ្នឹង មានចម្លាក់សត្វស្វាស្ពាយថង់យាម របៀបអ្នកបួស ហើយកាន់កំណាត់ឈើមួយដើម ដែលតាមពុទ្ធប្រវត្តិដំណាលថា កាលដែលព្រះពុទ្ធ ទ្រង់យាងទៅព្រៃប៉ាលិឡៃ មានដំរីនិងសត្វស្វានេះជាសេនា។ ដំរីជាអ្នកថ្វាយទឹកបំពង់ដល់ព្រះអង្គ ឯសត្វស្វានេះជាអ្នករកទឹកឃ្មុំឲ្យព្រះអង្គ គឺកំណាត់ឈើដែលសត្វស្វាមានសីលរូបនេះកំពុងកាន់ ជាប់ដៃនោះអី។ នៅទីនេះ យើងទាំងពីរអុជធូប និងពូនភ្នំខ្សាច់។
នៅមានច្រើនទៀត មិនដឹងថាខ្ញុំរៀបរាប់គ្រប់ឬនៅទេ… ខ្ញុំនិងនាងចូលអុជធូប ស្ទើរតែគ្រប់កន្លែង ទាំងអស់ហ្នឹង។
នៅក្រោមដើមឈើមួយ ផុតម្ខាងពីផ្លូវ មានរូបចម្លាក់មួយទៀតអង្គុយពែនភ្នែន ដោះអាវ សាច់សដូចចិន ត្រូវហើយជាអ្នកតារបស់ចិន គាត់មានកន្សែងក្រហមរុំក្បាល មានសេនា ពីរនាក់អង្គុយអមគាត់… អ្វីដែលចាប់អារម្មណ៍ និងមើលទៅហាក់សំដែងឫទ្ធីនុភាពខ្លាំងក្លា គឺគាត់ មានកាន់ដំបងមួយប្រហែលជិតមួយម៉ែត្រ បញ្ឈរឡើង… ត្រូវហើយគឺគាត់ហ្នឹងហើយ អ្នកតាដំបង ដែកនោះអី។
ដល់មែនទែនហើយ ព្រះអង្គធំ។ នៅត្រង់នេះ យើងបានស្រង់ព្រះ និងស្រោចទឹកត្រង់ដង្ហើមនាគ ថ្វាយផ្កាព្រះអង្គ និងអុជធូប បួងសួងចំពោះព្រះអង្គ។ ដូចតែមុនៗចឹង នាងនៅតែធ្វើមាត់ជីពអូចៗ ដដែល ខ្ញុំក៏បួងសួងស្រដៀងមុនដដែល
- ព្រះអង្គធំ ខ្ញុំសូមបង្គុំថ្វាត់ថ្វាយ អំណាចបារមីមានឫទ្ធិ វត្ថុសក្តិសិទ្ធទាំងឡាយ ឃុំគ្រងឆោមឆាយ ឲ្យមានសេចក្តីសុខគ្រប់ពេល កុំបីឃ្លៀងឃ្លាតឡើយ សាធុ សាធុ…
ព្រះអង្គចេកព្រះអង្គចម នៅត្រង់នេះយើងបានចាក់គម្ពីរជាមួយគ្នា។ នាងនិងខ្ញុំចាក់ម្តងម្នាក់ ហើយ បានល្អដូចៗគ្នា អត់បារម្ភណ៍ឡើយ រឹតតែមានចិត្តរំភើបទ្វេរឡើង។ ដើររាស់អស់ហើយ ដល់ផ្លូវចុះ ម្ខាងទៀតហើយ យើងចុះទៅដល់ក្រោមទៅហើយ… ម៉ែ!
- បងអឺយ អូនមិនទាន់អស់ចិត្តឡើយ អូនចង់ឡើងទៀត ឆ្លៀតដើរឲ្យហើយ បើចាំថ្ងៃក្រោយ យូរណាស់សែនវេទនា
- ចំពោះបងអត់បញ្ហា ស្ម័គ្រជូនជីវា មិនខ្ជិលរុញរា បើពៅមិនហត់ រៀមក៏ស្ទុះស្ទារ ចាំមើលចិន្តា ដើរបានប៉ុន្មានទៀត…
ឡើងមកទៀតហើយ ពីរគ្រឿងនេះមុខដដែលៗ។ ខ្ញុំមិនជឿថានាងពូកែដើរជាងខ្ញុំទេ ស្លៀកហូល អ៊ីចឹងហ្នឹង។ មែន! ទីបំផុតនាងសុខចិត្តសម្រាកក្រោមដើមឈើមួយ។ ខ្ញុំអង្គុយផ្អែកដើមឈើ នាង អង្គុយជាប់ខាងស្តាំខ្ញុំយ៉ាងស្អិតដូចចាខ្វៃអ៊ីចឹង បេះល្មមៗអត់ចេញទេ។ ខ្ញុំយកផ្លិតពីនាង ហើយបក់ឲ្យ នាងដោយប្រើដៃឆ្វេង។ នាងទម្រេតមកកើយស្មាស្តាំរបស់ខ្ញុំ សក់នាងជាប់នឹងច្រមុះខ្ញុំស្រេច មិនបាច់ប្រឹង… ខ្ញុំយកដៃស្តាំខ្ញុំអង្អែលសក់នាង ធ្វើឲ្យក្បាលនាងធ្លាក់មកកើយលើទ្រូងខ្ញុំ រួចនាងយក ដៃឆ្វេងនាងអោបចង្កេះខ្ញុំ មិនទៅធ្ងន់អីបើខ្ញុំមានដើមឈើធ្វើទម្រហើយហ្នឹង ខ្ញុំថើបសក់នាងមួយខ្សឺត បង្អូសទាល់តែអស់មួយដង្ហើម ដូចជនជាតិភាគតិចគាត់បឺតកញ្ឆាពីបំពង់យ៉ាងវែងមួយអ៊ីចឹង
- ឱ! នាងសក់ក្រអូបអឺយ បើពេលនោះបុប្ផាសម្រស់សួគ៌ាដែលខ្ញុំកំពុងថ្នមនេះ បានកើតក្នុងសម័យនោះដែរ ម្ល៉េះសមនាងសក់ក្រអូបនឹងធ្លាក់មកលេខពីរមិនខាន…
ចាំបាច់បក់ធ្វើអីផ្លិតហ្នឹង?! បើសេចក្តីស្នេហាកំពុងជ្រួតជ្រាបពេញខ្លួន លែងដឹងខ្យល់អីនៅជុំវិញខ្លួន អស់ហើយហ្នឹង។ ខ្ញុំទម្លាក់ផ្លិតចុះពីដៃឆ្វេង ហើយកាន់ទ្រដៃស្តាំនាង រួចអង្អែលរោមដៃ ដ៏វែងៗទន់ល្មើយរបស់នាង នាងព្រឺសម្បុរខ្ញាកៗ… នាងញញឹមមកខ្ញុំដោយកែវភ្នែកយ៉ាងស្រទន់មានសេចក្តីសុខ ថ្ពាល់ដ៏ក្រពុំរលោងម៉ត់ខៃរបស់នាងហុចមកចំបបូរមាត់ខ្ញុំត្រង់ចំណុចសូន្យដឺក្រេ តែម្តង… ចុះពីណាទៅទ្រាំបានលោកអឺយ? មាត់របស់ខ្ញុំវាច្រណែននឹងច្រមុះណាស់ដែលបាន ប៉ះសក់នាង អ៊ីចឹងហើយវាទារដែរ ខ្ញុំឃាត់វាណាស់ តែវាមិនស្តាប់ឡើយ។ ក្បាលរបស់ខ្ញុំក៏ក្បត់ខ្ញុំទៀត ចូលដៃជើងជាមួយមាត់តាំងពីអង្កាលក៏មិនដឹង វាអោនឲ្យបន្តិច មាត់ក៏បានឱកាសល្មម… ទើបវាស្ងាត់ លែងរករឿងខ្ញុំទៀត។ ខ្ញុំផ្តិតបបូរមាត់នឹងថ្ពាល់ឆ្វេងរបស់នាងមួយខ្សឺតហើយ មួយខ្សឺតទៀត មិនអស់ចិត្តឡើយ
- ម៉ែអឺយ! ពេលនេះទើបខ្ញុំដឹងថា ស្ករតាំងម៉ែផ្អែមឆ្អិតដែលម៉ែកូរឲ្យខ្ញុំញ៉ាំកាលពីនៅក្មេង គឺផ្អែមចាញ់ថ្ពាល់របស់នាងឆ្ងាយណាស់… ឱ! ធម្មជាតិអឺយ ម្តេចក៏អ្នកយកមេស្ករមកលាក់ទុកនៅថ្ពាល់នារីទៅវិញ? ខ្ញុំមិនដឹងសោះ!
នាងញញឹម បិទភ្នែក ពេញចិត្តនឹងការថើបអង្អែលរបស់ខ្ញុំ មើលចុះបបូរមាត់ដ៏រលើបរលោងរបស់នាង ពិតជាធ្វើខ្ញុំទ្រាំមិនបានទេ។ ខ្ញុំភ្លេចភ្លាំងស្មារតីអស់ហើយ ខ្ញុំបង្វែរមាត់ថ្នមៗមកខាងឆ្វេងរហូត ទល់មុខចំនឹងនាង។ នាងបើកភ្នែកសំឡឹងភ្នែកខ្ញុំបន្តិច រួចក៏បិទទៅវិញ ហើយនាងក៏បង្ហើបបបូរមាត់ នាងបន្តិច សម្រួលឲ្យខ្ញុំស្ទាបស្ទង់កំដៅនៃបបូរមាត់ដ៏ខ្ចីល្វក់របស់នាងបានដោយសេរី… ខ្ញុំបិទភ្នែក ហើយក្រេបបបូរមាត់របស់នាងទាំងលើទាំងក្រោម ម្តងហើយម្តងទៀត ហាក់មិនណាយឡើយ… អូយ! ស្រៀវស្រើបណាស់លោកអឺយ…។ ខ្ញុំប្រៀបធៀបបបូរមាត់លើ និងបបូរមាត់ក្រោមរបស់នាង តើវាទន់ដូចគ្នាឬទេ ហើយមានរសជាតិយ៉ាងម៉េចវិញ
- ម៉ែកូនអឺយ! ផ្អែមជាងថ្ពាល់៨០ដងឯណោះ! ឱ! ទឹកដមសួគ៌ាអឺយ ទោះជាថែមឡាន ផ្ទះវីឡា ដីនៅទីក្រុងពីរប្លង់ឲ្យខ្ញុំទៀត ក៏ខ្ញុំមិនប្តូរនឹងបបូរមាត់ទាំងពីររបស់នាងដែរ។
ដៃស្តាំអង្អែលសក់ដ៏វែងអន្លាយ ដៃឆ្វេងអង្អែលរោមដៃដ៏ទន់ល្មើយ មាត់ភ្លក់បបូរមាត់របស់នាង… ផ្អែមណាស់លោកអឺយ។ យី ចុះអ្នកណាមិនដឹងខ្ញុំកំពុងមានសេចក្តីសុខទេអី បានជាមកឈរ សើចជិតត្រចៀកយ៉ាងនេះ? ខ្ញុំមិនទាន់លែងនាងឡើយ គ្រាន់តែបើកភ្នែកព្រឹមៗសំឡឹងរកមើល អ្នកណាកំពុងសើចហ្នឹង… អុញ! បងស្រីខ្ញុំមកឧត្តុង្គដែរ ម៉េចខ្ញុំអត់ដឹងសោះចឹង? មិនទាន់បាន និយាយស្អីទៅគាត់ផង គាត់រុញនាងមកផ្អឹបនឹងខ្ញុំថែមទៀត នាងក៏អត់ខ្មាស់បងខ្ញុំដែរ នាងជញ្ជក់ មាត់ខ្ញុំកាន់តែញាប់ឡើងៗ ទឹកមាត់ពេញមុខខ្ញុំ ខ្ញុំទ្រាំលែងបាន ក៏ចាប់នាងដកឃ្លាចេញ ហើយខំប្រឹង សំឡឹងមុខនាង
- ចុម! អាពាលហ្នឹង?! យី! ម៉េចក៏បងឯងយកអាពាលមកចូលមុងខ្ញុំឲ្យលិទមាត់ខ្ញុំអ៊ីចឹង?!!!
ខ្ញុំស្រែកដាក់បងខ្ញុំដោយក្តីសោកស្តាយ… ឱ! សក់នាង រោមដៃនាង ជារោមអាពាលសោះ…
- ចប់ដោយមិនទាន់អស់ចង់ -
ស្រឡាញ់មនុស្សម្នាក់ ខែ ឧសភា 5, 2008
Posted by ផ្កាយNovels in រឿងខ្លី.add a comment
ស្រឡាញ់មនុស្សម្នាក់
ដោយៈ សុខ ចាន់ផល
ពេលគិតថាត្រូវរស់នៅឯកា ខ្ញុំពិតជាខ្លាចណាស់។ អារម្មណ៍នោះប្រៀបដូចជាស្លឹកឈើតូចមួយធ្លាក់ចូលទៅក្នុងទឹក រួចអណ្តែតចូលទៅក្នុងមហាសមុទ្រ ដ៏សែនល្វឹងល្វើយ។ ទោះជាយ៉ាងណាស្ថិតក្នុងអារម្មណ៍ឯកោនោះ ខ្ញុំក៏អាចរកឃើញអារម្មណ៍កក់ក្តៅមួយ ដែលខ្ញុំមិនធ្លាប់ស្គាល់។ ខ្ញុំដឹងថាអារម្មណ៍នេះគឺកើតឡើងដោយសារ ស្រឡាញ់មនុស្សម្នាក់…
- តើលោកស្រឡាញ់វតីទេ?
ខ្ញុំសួរវាសនា ខណៈដែលដឹងថាស្នេហារបស់គេ និងវតីកំពុងតែប្រេះឆា។ វតីគឺជានារីដ៏ស្មោះសរមួយរូប។ នាងល្អទាំងរូបកាយ ល្អទាំងដួងចិត្ត។ នាងក៏ជាស្រីដ៏ឆ្នាស់ឆ្នើម ឆេវឆាវ តែគុណវិបត្តិរបស់នាងក្នុងកែវភ្នែកអ្នកដទៃនេះ វាក៏សុទ្ធតែជាលក្ខណៈដ៏គួរឲ្យស្រឡាញ់ របស់នាងសម្រាប់ខ្ញុំ។ ខ្ញុំស្គាល់វតីតាំងពីតូច។ នាងមិនមែនជាមនុស្សដែលពូកែយល់ចិត្តអ្នកដទៃទេ។ នាងតែងតែធ្វើឲ្យខ្ញុំខូចចិត្ត ព្រោះពាក្យសម្តីមិនបានគិតរបស់នាង។ វតីក៏ល្ងង់ណាស់ដែរ គឹនាងមើលមិនដឹងថា ខ្ញុំស្រឡាញ់នាងសោះ។ បុរសដែលនាងស្រឡាញ់ឈ្មោះវាសនា ហើយរឿងរបស់ពួកេគទាំងពីរនាក់ នាងក៏យកមកប្រាប់ឲ្យខ្ញុំដឹងទាំងអស់។ ខ្ញុំតែងតែញញឹម តែងតែសើចនៅចំពោះមុខនាង តែបេះដូងខ្ញុំស្ទើរតែរលេះរលួយខ្ទេចខ្ទីទៅហើយ។ ខ្ញុំចង់រត់ចេញឲ្យឆ្ងាយពីនាង ពីសុភមង្គលស្នេហារបស់នាង តែខ្ញុំនៅតែមិនដាច់អាល័យ។ ពេលនេះវតីអង្គុយសម្រក់ទឹកភ្នែករាល់ថ្ងៃ នៅនឹងមុខខ្ញុំ។ ខ្ញុំមិនហ៊ានតាំងខ្លួនជាតួរងទៅជូតទឹកភ្នែកឲ្យនាងទេ។ ខ្ញុំបានត្រឹមតែឈឺចាប់ ព្រោះទុក្ខរបស់នាង។ ទឹកភ្នែករបស់នាងគ្រប់តំណក់ ហាក់ស្រក់ចូលកែវភ្នែករបស់ខ្ញុំ ដើម្បីឲ្យខ្ញុំដឹងថា វាសែនល្វីងផ្សា ធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែកថ្លារបស់ខ្ញុំ ជួយលាងសម្អាត។ ទឹកភ្នែករបស់នាងក៏ស្រក់ចូលបេះដូងខ្ញុំ ធ្វើឲ្យខ្ញុំដង្ហក់ដង្ហើមក្តុកក្តួលស្ទើរទ្រាំមិនបាន។
វតីយំបណ្តើរ រៀបរាប់ប្រាប់ខ្ញុំបណ្តើរថា វាសនាបណ្តើរស្រីម្នាក់ទៅមើលកុន រួចបានយកតុក្កតាដែលនាងបានជូនគេ ទៅឲ្យស្រីម្នាក់នោះ។ ដល់ពេលនាងសួរ គេមិនបកស្រាយសោះ បែរជានិយាយថា បើនាងមានចរិតសង្ស័យច្រើនយ៉ាងនេះ សង្ស័យចុះ គ្មានអ្វីត្រូវបកស្រាយទេ។ វតីយកផ្ទាំងគំនូរទេសភាពមាត់សមុទ្រមួយផ្ទាំង ដែលវាសនាជូននាងមកមើល រួចបន្លឺថា គេបានសន្យានាំនាងទៅលេងកោះទន្សាយយូរមកហើយ តែគេមិនដែលនឹកឃើញសូម្បីបន្តិច។ នាងគិតថា ខ្លួននាងប្រហែលជាគ្មានតម្លៃគ្រប់គ្រាន់ នៅក្នុងបេះដូងវាសនាឡើយ។ ខ្ញុំមិនដឹងថារឿងរ៉ាវរបស់វាសនាយ៉ាងម៉េចនោះទេ ប៉ុន្តែខ្ញុំទ្រាំមិនបានពេលឃើញវតីឈឺចាប់យ៉ាងនេះ ទើបខ្ញុំស្កាត់មកជួបវាសនានៅកន្លែងធ្វើការរបស់គេ ដើម្បីឲ្យគេបកស្រាយ។ ពេលឃើញខ្ញុំ និងឮសំណួរខ្ញុំ គេភ្ញាក់ផ្អើលណាស់រួចសួរខ្ញុំថា លោកចាអ្នកណា?
- ខ្ញុំ ជា មិត្តភក្តិ របស់ វតី។ ខ្ញុំ តប ទៅគេ ។
គេសម្លឹងមុខខ្ញុំបន្តិចទើបនិយាយ៖
- វតីប្រាប់លោកពីខ្ញុំយ៉ាងម៉េចខ្លះ?
- នាងប្រាប់ខ្ញុំថា លោកក្បត់ចិត្តនាង។ តើពិតមែនទេ?
- ហ៊ឹះ! វតីគ្មានហេតុផលពេកហើយ! ស្រឡាញ់មនុស្សម្នាក់ នាងគួរតែផ្តល់ការទុកចិត្តជឿជាក់… ខ្ញុំមិនដែលសង្ស័យនាង មិនដែលតាមដាននាង តែនាងបែរជាតាមដានខ្ញុំ រួចចោទប្រកាន់ខ្ញុំទាំងទទឹងទិស។
- ប៉ុន្តែអ្វីគ្រប់យ៉ាងដែលនាងធ្វើ គឺព្រោះតែស្រឡាញ់មនុស្សម្នាក់ហើយ!
- ប្រហែលនាងមានត្រឹមតែក្តីស្រឡាញ់ប៉ុណ្ណោះ!
- អ៊ីចឹងតើលោកចង់ឲ្យនាងមានអ្វីខ្លះទៀត?
- ចង់ឲ្យនាងទុកចិត្តខ្ញុំ ផ្តល់សេរីភាពឲ្យខ្ញុំ។ ខ្ញុំពិតជាពុំចូលចិត្តបកស្រាយអ្វីនោះទេ បើរៀបការរួច រវល់តែបកស្រាយអ្វីគ្រប់យ៉ាង ប្រាប់នាងរាល់ថ្ងៃនោះ ខ្ញុំបែបមិនរៀបការឡើយ។
- ខ្ញុំគិតថាលោកប្រហែលមិនស្រឡាញ់វតីទេ!
- ហេតុអ្វី?
- ស្រឡាញ់មនុស្សម្នាក់ ហេតុអ្វីលោកចង់ឲ្យគេ កែប្រែខ្លួនរបស់គេ?
សូមរង់ចាំអានវគ្គបញ្ចប់បន្តទៀត!
